អានតួអត្ថបទ

ស្លាប់​៨​នាក់ នៅ​តិចសាស់ ​ក្នុង​ឡាន​កាមីញ៉ុង​រត់​ពន្ធ​មនុស្ស

របង​ព្រំដែន​ខណ្ឌ​ចែក​អាមេរិក​ពី​​ម៉ិចស៊ិក​ នៅ​ Brownsville រដ្ឋ​តិចសាស់
របង​ព្រំដែន​ខណ្ឌ​ចែក​អាមេរិក​ពី​​ម៉ិចស៊ិក​ នៅ​ Brownsville រដ្ឋ​តិចសាស់ REUTERS/Shannon Stapleton

ជា​ព័ត៌មាន​​គួរ​ឱ្យ​រន្ធត់ ! ប៉ូលិស​អាមេរិក​បាន​រក​ឃើញ​ មាន​មនុស្ស​៨​នាក់​ស្លាប់​ ជាង​ម្ភៃ​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ​នៅ​ក្នុង​ឡាន​កាមីញ៉ុង​មួយ​ថត​ចោល​នៅ​​ទី​វាល​មុខ​ផ្សារ​ នា​ក្រុង​ San Antonio រដ្ឋ​តិចសាស់។ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន ជន​រងគ្រោះ​ទាំង​នោះ​ទំនង​ជា​មាន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជួញ​ដូរ​មនុស្ស។

ផ្សាយពាណិជ្ជកម្ម

គឺ​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​ផ្សារ​ទំនើប​ម្នាក់​ ដែល​បាន​ផ្តល់​ដំណឹងសង្ស័យ​​​​ដល់​ប៉ូលិស​មូលដ្ឋាន ក្រោយ​ពី​បាន​ឱ្យ​ទឹក​អ្នក​ដំណើរ​ជិះក្នុងឡាន​កាមីញ៉ុង​ម្នាក់​ផឹក។ ជា​ការពិត​ ពេល​ប៉ូលិស​មក​ដល់ និង​ធ្វើ​ការ​ឆែក​ឆេរ ស្រាប់​តែ​ឃើញ​ សាកសព​មនុស្ស​៨​នាក់ និង​មនុស្ស​ជាង​ម្ភៃនាក់​ទៀត កំពុង​ត្រដរ​ខ្យល់ខ្សោះ​ជាតិ​ទឹក​ ខ្លះ​ធ្ងន់​ធ្ងរ​ខ្លាំង ខ្លះ​គួរ​ឱ្យ​ព្រួយ​បារម្ភ ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​បំផុត។ នៅក្នុង​ចំណោម​អ្នក​រួច​ពី​ស្លាប់មួយ​ចំនួន​ផ្សេង​ទៀត មាន​ពីរ​នាក់​ជា​កុមារ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ព្រោះ​ប្រព័ន្ធ​ខ្សល់​ម៉ាស៊ីន​ត្រជាក់​ឡាន​ខូច។ នេះ​បើ​តាម​ការ​រៀប​រាប់​លម្អិត​របស់​ក្រុម​អ្នក​សង្គ្រោះ។

បើ​តាម​រូបភាព​វីដេអូ​សុវត្ថិភាព​នៅ​ចំណត​រថយន្ត​របស់​ផ្សារ មាន​ឡាន​ជា​ច្រើន​បានមក​ទទួល​​ទំនិញ​​ (យក​មនុស្ស​) ពី​កាមីញ៉ុង​នេះ នៅ​ពេល​យប់។ ​ហេតុដូច្នេះ​ហើយ​បាន​ជា​​ប៉ូលិស​សង្ស័យ​ថា នេះ​ជា​សកម្មភាព​ជួញ​ដូរ​មនុស្ស​ដ៏​រន្ធត់​មួយ​។ អ្នក​បើក​ឡាន​នោះ​ត្រូវ​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់​ទោស។

ក្រុង​ San Antonio នៃ​រដ្ឋ​តិចសាស់ ​ស្ថិត​នៅ​ជិត​ព្រំដែន​ជាប់​ប្រទេស​ម៉ិចស៊ិក និង​មាន​ច្រក​ចេញ​ចូល​ខុស​ច្បាប់​ច្រើន​ណាស់។ បើ​តាម​មេ​ប៉ូលិស​ នេះ​មិន​មែន​ជា​ឧប្បត្តិហេតុ​​ដំបូង ដាច់ដោយ​ឡែកទេ ! ករណី​រត់​ពន្ធ​មនុស្ស​បែប​នេះ​ធ្លាប់​មាន​ច្រើន​មក​ហើយ គ្រាន់​តែ​នៅ លើក​នេះ ប៉ូលិស​ចាប់​បាន​ដោយ​ចៃដន្យ និង​មាន​​អ្នក​រួច​ជីវិត។

គ្មាន​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ជាតិ​សាសន៍​របស់​ក្រុម​ជន​រងគ្រោះ​ក្នុង​ឡាន​កាមីញ៉ុង​នោះ​ទេ ប៉ុន្តែ​ភ្នាក់ងារ​អន្តោប្រវេសន៍​បាន​​ទទួល​ដំណឹង​និង​ទទួល​បន្ទុក​ការងារ​ហើយ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ