អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីរ៉ង់

អាមេរិក​បរិហារ​អ៊ីរ៉ង់​ដែល​នៅ​តែ​លួចលាក់​ជួយ​ផ្តល់​អាវុធ​ឲ្យ​ក្រុមហាម៉ាស ប៉ាឡេស្ទីន

ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី នីកគី ហាឡេ នៅថ្ងៃទី ២៩ សីហា ២០១៧
ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី នីកគី ហាឡេ នៅថ្ងៃទី ២៩ សីហា ២០១៧ ©REUTERS/Andrew Kelly

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បរិហារ រិះគន់​អ៊ីរ៉ង់ ដែល​ថ្មីៗ​នេះ​បាន​ខិត​ទៅ​ជិតស្និទ្ធ​នឹង​ក្រុមហាម៉ាស ប៉ាឡេស្ទីន ដែល​អាមេរិក​បាន​ចាត់ទុក​ជា​ក្រុមភេរវនិយម។ សម្រាប់​វ៉ាស៊ីនតោន ដោយពង្រឹង​សម្ព័ន្ធភាព លក់​អាវុធ​ទៅ​ឲ្យ​ក្រុមហាម៉ាស រដ្ឋាភិបាល​អ៊ីរ៉ង់​កំពុង​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ហាម​អ៊ីរ៉ង់​មិន​ឲ្យ​លក់ នាំចេញ​អាវុធ ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​ក្រុមប្រឹក្សា​សន្តិសុខ។

ផ្សាយពាណិជ្ជកម្ម

ដោយ​សំអាង​ទៅលើ​សំដី​អះអាង​របស់​មេក្រុមហាម៉ាស ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ចោទប្រកាន់​ចំៗ​រដ្ឋាភិបាល​អ៊ីរ៉ង់ ថា​បាន​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ក្នុង​រឿង លក់ នាំចេញ​អាវុធ​ទៅ​បរទេស។

នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ Yahya al Sinwar មេក្រុម​ហាម៉ាស ដែល​កំពុង​គ្រប់គ្រង​ចលនា​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា អ៊ីរ៉ង់ ជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់​ចលនា​ហាម៉ាស និង​ថា ទំនាក់ទំនង​រវាង​ហាម៉ាស និង​អ៊ីរ៉ង់​បាន​ត្រលប់​ទៅ​ល្អល្អូកល្អឺន ដូចមុន។ តាម​មេដឹកនាំ​ក្រុមហាម៉ាស ជំនួយ​យោធា​របស់​អ៊ីរ៉ង់ សម្រាប់​ហាម៉ាស គឺ​ជា​ជំនួយ​យុទ្ធសាស្រ្ត។ ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ អ៊ីរ៉ង់​បាន​ជួយ​ឲ្យ​ក្រុមហាម៉ាស ពង្រឹង​សមត្ថភាព​ក្រុមទាហាន​ប្រយុទ្ធ​របស់ខ្លួន ដើម្បីទប់ទល់​អ៊ីស្រាអែល។

សម្រាប់​លោកស្រី នីកគី ហាឡេ Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ ការអះអាង​របស់​មេដឹកនាំ​ហាម៉ាស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ៊ីរ៉ង់​កំពុង​រំលោភ​បម្រាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ទៅតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​បាន​ផ្តល់​សុពលភាព​លើ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៥ អ៊ីរ៉ង់​ត្រូវ​បាន​ហាម​មិន​ឲ្យ​លក់ នាំចេញ​អាវុធ ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​ក្រុមប្រឹក្សា​សន្តិសុខ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី ឯកអគ្គរដ្ឋទូត​អាមេរិក ដែល​មាន​និន្នាការ​ស្និទ្ធ​ទៅរក​អ៊ីស្រាអែល បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ ជ្រើសរើស​រវាង​សហគមន៍​អន្តរជាតិ ឬ​ក្រុមហាម៉ាស ភេរវនិយម។

អាមេរិក បាន​ចាត់ទុក​ក្រុមហាម៉ាស ជា​ក្រុម​ភេរវនិយម​ដែល​បាន​ធ្វើ​សង្រ្គាម​បីដង ប្រឆាំង​នឹង​អ៊ីស្រាអែល តាំង​ពី​ឆ្នាំ ២០០៨​មក។ ហាម៉ាស​ដែល​ចូល​គ្រប់គ្រង​ផ្តាច់មុខ​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន តាំង​ពី​ឆ្នាំ ២០០៧ បាន​ទទួល​ជំនួយ ទាំង​ហិរញ្ញវត្ថុ និង​យោធា ជាច្រើន​ឆ្នាំ ពី​អ៊ីរ៉ង់។ អ៊ីរ៉ង់ ដែល​បាន​ព្រមាន​បាញ់​កម្ទេច អ៊ីស្រាអែល ឲ្យ​រលាយ​សាបសូន្យ​ពី​ផែនទី​ពិភពលោក។ កន្លងមក ក្រុមហាម៉ាស​ធ្លាប់​បាន​ដកខ្លួន ឃ្លាតឆ្ងាយ​ពី​ក្រុង​តេហេរ៉ង់ ដែល​បាន​ចេញមុខ​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី របស់​លោក​បាស្ហា អាល់ អាសាដ។ ប៉ុន្តែ ថ្មីៗនេះ មេដឹកនាំ​ហាម៉ាស​បាន​ចាប់​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ទៅក្រុង​តេហេរ៉ង់ នៅ​បន្ទាប់​ពី​អ៊ីរ៉ង់​ចាប់ដំឡើង​សំលេង​ដាក់​អាមេរិក ដែល​បាន​សម្រេច​ដាក់ទណ្ឌកម្ម​ថ្មីៗ បន្ថែម​ប្រឆាំង​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ