អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជាលោក​ដូណាល់ ត្រាំ ចង់​ឲ្យ​គេ​កាត់បន្ថយ​ការយកពន្ធ?

សំឡេង ០៦:៥៧
លោកដូណាល់ ត្រាំ លើក​បង្ហាញ​គំរូ​គម្រោង​កាត់បន្ថយ​ពន្ធ​នៅមុខ​លោកប៉ូល រ៉ាយអិន នៅ​ថ្ងៃទី ២ វិច្ឆិកា ២០១៧
លោកដូណាល់ ត្រាំ លើក​បង្ហាញ​គំរូ​គម្រោង​កាត់បន្ថយ​ពន្ធ​នៅមុខ​លោកប៉ូល រ៉ាយអិន នៅ​ថ្ងៃទី ២ វិច្ឆិកា ២០១៧ ©REUTERS/Carlos Barria

គណបក្ស​សាធារណរដ្ឋ របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បង្ហាញ​គម្រោង​ធ្វើកំណែទម្រង់​ផ្នែក​សារពើពន្ធ ដែល​ជា​ការសន្យា​ដ៏សំខាន់​មួយ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​លោកដូណាល់ ត្រាំ។ គណបក្ស​កាន់អំណាច រួម​ទាំង​លោកប្រធានាធិបតី​ត្រាំ បាន​អះអាង​ការពារ​ថា កំណែទម្រង់ សារពើពន្ធ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​អាមេរិក និង​កាត់បន្ថយ​សំពាធ​ពន្ធ​លើ​គ្រួសារ​អាមេរិកាំង ជីវភាព​មធ្យម។ ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង នឹង​អ្នកសេដ្ឋកិច្ច​មួយចំនួន​វាយតម្លៃ​ថា វា​ជាអំណោយ​សម្រាប់​តែ​ក្រុមហ៊ុន អ្នកមាន​អាមេរិកាំង។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សាធារណរដ្ឋ បាន​ដាក់​បញ្ជូន គម្រោង​ធ្វើកំណែទម្រង់​សារពើពន្ធ ទៅ​សភា​អ្នកតំណាងរាស្រ្ត អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ការធ្វើកំណែទម្រង់​ដើម្បី​កាត់បន្ថយ​ពន្ធ ជា​គំនិតប៉ង​ចង់​បាន​របស់​លោកដូណាល់ ត្រាំ ដែល​ធ្លាប់​បាន​សន្យា នៅក្នុង​យុទ្ធនាការ ឃោសនា​បោះឆ្នោត។

កំណែទម្រង់​សារពើពន្ធ ដែល​គណបក្ស​សាធារណរដ្ឋ​ដាក់​បង្ហាញ​ទៅ​សភា​ នៅថ្ងៃ​ម្សិលមិញ តាមពិត ធ្លាប់​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ និយាយ​ម្តង​ហើយ នៅខែ​មេសា​កន្លងទៅ។ លោកដូណាល់ ត្រាំ​ធ្លាប់​អះអាង​ថា លោក​នឹងជំរុញ​ឲ្យសភា​បោះឆ្នោត​លើ​ការច្បាប់​បន្ថយពន្ធ​នេះ ឲ្យ​បាន​នៅចុង​ឆ្នាំ ២០១៧ ដើម្បី​ធ្វើ​ជា​អំណោយ​សម្រាប់​ប្រជាជន​អាមេរិក ក្នុង​បុណ្យ​ណូអែល​ដំណាច់ឆ្នាំនេះ។

ដោយពិតទៅ ក្នុង​រឿង​ធ្វើកំណែទម្រង់​សារពើពន្ធ​នេះ គណបក្ស​សាធារណរដ្ឋ និង​ប្រធានាធិបតី​ត្រាំ ចុះសម្រុង​គ្នា​ខ្លាំងណាស់ គឺ​មិនដូច រឿង ចង់​លុបចោល​ច្បាប់​សុខភាព​របស់លោកអូបាម៉ា​នោះទេ។ លោក​ដូណាល់ ត្រាំ ធ្លាប់​បរាជ័យ មិនអាច​បញ្ចុះបញ្ចូល​ឲ្យ​អ្នកតំណាងរាស្រ្ត របស់​គណបក្ស​សាធារណរដ្ឋ ចូលរួម​បោះឆ្នោត​លុបចោល​ច្បាប់​សុខភាព​​អូបាម៉ា។ ប៉ុន្តែ ក្នុង​រឿងកែប្រែ​ច្បាប់​យកពន្ធនេះ លោកដូណាល់ ត្រាំ​ច្បាស់​ក្នុង​ចិត្ត​ច្រើន​ថា នឹង​អាច​សម្រេច​បាន​តាមបំណង ព្រោះថា ការធ្វើកំណែទម្រង់ សារពើពន្ធ ដែល​នឹង​ផ្តល់​ប្រយោជន៍ ដល់​អ្នកមាន​អាមេរិកាំង ជា​ក្តីប្រាថ្នា តាំងពី​ដើម​រៀងមក​របស់​គណបក្ស​សាធារណរដ្ឋ។ រាល់​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​តែងតែ​ស្នើ​ឲ្យមាន​កំណែទម្រង់ សារពើពន្ធ ប៉ុន្តែ ត្រូវ​ជួប​ឧបសគ្គ​ដោយសារ​ការជំទាស់​របស់​សភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

លើកនេះ គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភា​ទាំងពីរ​ជាន់ថ្នាក់ ហើយ​រួម​ទាំង​មាន​ប្រធានាធិបតី​មក​គណបក្ស​សាធារណរដ្ឋ​ទៀត។ ដូច្នេះ ចង់ ឬ​មិនចង់ កំណែទម្រង់​សារពើពន្ធ​នេះ​នឹង​អាច​ចេញ​ទៅរួច នៅក្នុង​អាណត្តិ​លោកដូណាល់ ត្រាំ។ បើសិន​ជាដូច្នេះ មែន នេះ​ជា​លើកទី១ ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយនេះ ដែល​អាមេរិក​អាច​ធ្វើកំណែទម្រង់​សារពើពន្ធ ក្នុង​ទ្រង់ទ្រាយ​ធំ ព្រោះថា អាមេរិក​បាន​ធ្វើ​កំណែទម្រង់​ម្តង​ប៉ុណ្ណោះ លើ​ផ្នែក​សារពើពន្ធ នេះកាល​ពី​ឆ្នាំ ១៩៨៦ ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី រូណាល់ រីហ្គែន។

គណបក្ស​សាធារណរដ្ឋ​ស្រមៃ​ចង់បាន​ការបន្ថយ​ពន្ធ លើ​ក្រុមអ្នកមាន

គម្រោង​ធ្វើ​កំណែទម្រង់​សារពើពន្ធនេះ ផ្តោត​សំខាន់​ទៅ​លើ​ការកាត់បន្ថយ​ការយកពន្ធ ពី ​ក្រុមហ៊ុន សហគ្រាស ហើយ​និង​ពី​ប្រជាជន​អាមេរិកាំង ដែល​នេះ​ជារឿង ដ៏កម្រ​កើតមាន ក្នុង​ប្រវត្តិសាស្រ្ត​សេដ្ឋកិច្ច​អាមេរិក។

លោកប៉ូល រាយអិន ប្រធាន​ក្រុមគណបក្ស​សាធារណរដ្ឋ​នៅ​សភាអ្នកតំណាងរាស្រ្ត បាន​និយាយ​ថា គម្រោង​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​គ្រួសារ​អាមេរិកាំង​ជីវភាព​មធ្យម។ ជាក់ស្តែង គ្រួសារ​អាមេរិកាំង អាច​សន្សំ​ប្រាក់​បាន​ជាង ១ពាន់​ដុល្លារ ក្នុង​មួយឆ្នាំ បើសិន​រដ្ឋ​សម្រាល កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល។

គម្រោង​ធ្វើ​កំណែទម្រង់​លើ​ផ្នែក​សារពើពន្ធ​នេះ​មាន​ទិសដៅ​ផងដែរ សម្រាល បន្ទុក ពន្ធ​របស់​ក្រុមហ៊ុន​សហគ្រាស។ មានន័យថា ចាប់តាំង​ពី​ឆ្នាំ ២០១៨ ពន្ធ​លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​នឹង​ថយចុះ ពី ៣៥ភាគរយ មក​នៅ​ត្រឹម​តែ​២០ភាគរយ ប៉ុណ្ណោះ។ លោកដូណាល់ ត្រាំ និង​គណបក្ស​សាធារណរដ្ឋ ​អះអាងថា ការសម្រាល​ពន្ធ​លើ​ក្រុមហ៊ុន​ធ្វើឡើង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ព្រោះថា វា​នឹង​ជួយ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បោះទុន​វិនិយោគ​នៅអាមេរិក បង្កើតការងារ ធ្វើ សម្រាប់​ប្រជាជន​អាមេរិក។ ទៅតាម​គម្រោង​ធ្វើ​កំណែទម្រង់​ផ្នែក​សារពើពន្ធ រដ្ឋអាមេរិក​នឹង​យក​ពន្ធ​ផងដែរ ប្រមាណ ១០ភាគរយ លើ​ទឹកប្រាក់​ដែល​ក្រុមហ៊ុន បោះទុន​ក្នុង​ទឹកដី​អាមេរិក បាន​បង្វិល បញ្ចេញ​ទៅ​បរទេស។ ទិសដៅ​គឺ​បំបាក់ទឹកចិត្ត មិន​ឲ្យ​ក្រុមហ៊ុន បោះទីតាំង ក្នុង​ទឹកដី​អាមេរិក យក​ប្រាក់ចំណេញ ទៅ​វិនិយោគ នៅ​បរទេស ក្រៅតែ​ពីអាមេរិក។

នៅក្នុង​គម្រោង​ធ្វើកំណែទម្រង់ មាន​ចែង​ផងដែរ ការលុបចោល ពន្ធ​លើកេរ្តិ៍​មរតក ដែល​នឹង​ចាប់​មាន​សុពលភាព ពី​ឆ្នាំ ២០២៤។ ចំណុច​នេះ​នឹង​ផ្តល់​ប្រយោជន៍​តែ​ទៅលើ​អ្នកមាន​អាមេរិកាំង ព្រោះថា ពន្ធ​លើ​កេរ្តិ៍មរតក មានសម្រាប់​តែ​អ្នកដែល​ត្រូវ​ទទួល​កេរ្តិ៍​មរតក​ ដែល​មាន​តម្លៃ ចាប់ពី ៥លាន​ដុល្លារ ឡើងទៅ។

កំណែទម្រង់​ផ្នែកសារពើពន្ធ​នឹង​ទៅ​បង្កើន​ប្រាក់បំណុលជាតិ

គម្រោង​កាត់បន្ថយ​ពន្ធ​របស់​លោកដូណាល់ ត្រាំ នឹង​ធ្វើឲ្យ​រដ្ឋ​អាមេរិក ខាតបង់​ចំណូល​ជាតិ​ប្រមាណ ១ ពាន់ ៥រយ ពាន់​លាន​ដុល្លារ អាមេរិក ក្នុង​រយៈពេល ១០​ឆ្នាំទៅមុខ។ នេះ​បើតាមការគណនា​របស់​គណៈកម្មការ​ពន្ធ​របស់​ព្រឹទ្ធសភា​អាមេរិក។ សំណួរ​ដែល​ចោទ​នៅត្រង់​ថា តើ​រដ្ឋបាល​លោកដូណាល់ ត្រាំ នឹង​បាន​ប្រាក់​ចំណូល​មកពីណា ដើម្បី ប៉ះប៉ូវ បញ្ចូល បង្រ្គប់​ថវិកា​ជាតិ? គម្រោង​កាត់បន្ថយ​ពន្ធ​នឹង​ធ្វើ​ឲ្យ​ឱនភាព​សេដ្ឋកិច្ច​អាមេរិក​មាន​មាន​កាន់តែខ្លាំង។ ផលវិបាក គឺ​ថា វា​នឹង​ទៅ​បង្កើន​បន្ថែម ប្រាក់បំណុល​អាមេរិក ជាង ១ពាន់ ៥រយពាន់​លាន​ដុល្លារ។ ចំនួននេះ គឺ​ច្រើនជាងគេ​កាល​គេគ្រោងទុក​ ដល់ទៅ​១ពាន់ ពាន់​លាន​ដុល្លារ អាមេរិក​ឯណោះ។

កំណែទម្រង់​ផ្នែកសារពើពន្ធ​នឹងធ្វើ​ឲ្យមាន​គម្លាត​កាន់តែធំ រវាង​អ្នកមាន និង​អ្នកក្រ

គណបក្ស​ប្រជាធិបតេយ្យ​មិនគាំទ្រ ព្រោះ​ថា គម្រោង​ធ្វើ​កំណែទម្រង់​សារពើពន្ធ​របស់លោកដូណាល់ ត្រាំ នឹង​ផ្តល់​ផល​ច្រើន​តែ​ទៅ​លើ​ក្រុមអ្នកមាន ក្រុមហ៊ុន​ធំៗ ដែល​នឹង​កេង​យក​ប្រយោជន៍ ពីការកាត់បន្ថយ​ពន្ធ ប៉ុន្តែ មិនមែន​គ្រួសារ​ជីវភាពមធ្យម និង​ក្រុមហ៊ុន​តូចៗ ដូច​ដែល​ក្រុមសាធារណរដ្ឋ​អះអាង​នោះទេ។ សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន គម្រោងកាត់បន្ថយ​ពន្ធ​របស់​លោកដូណាល់ ត្រាំ មិនត្រឹម​តែ​នឹង​មិន​ជំរុញ​កំណើន​សេដ្ឋកិច្ច​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ទៅ​បន្ថែម​គម្លាត​រវាង​អ្នកមាន ហើយ​និង​អ្នកក្រ ព្រោះ នៅពីក្រោយ​កំណែទម្រង់​នេះ រដ្ឋបាល​លោកដូណាល់ ត្រាំ គ្មាន​គោលនយោបាយ​ច្បាស់លាស់ ក្នុង​ការធានា​បង្កើត​ការងារ និង​ដំឡើង​ប្រាក់ខែ ដល់​ប្រជាជន​អាមេរិកាំង​នោះទេ។

មួយវិញទៀត គេ​មើលឃើញ​ដែរថា កំណែទម្រង់​សារពើពន្ធ​របស់លោកដូណាល់ ត្រាំ ដែល​នឹង​ទៅ​កាត់ចោល​ប្រយោជន៍ ពី​អំណោយផល​ពន្ធ​នៅ​ថ្នាក់​មូលដ្ឋាន នឹង​ទៅ​ដាក់​សម្ពាធ​កាន់​តែខ្លាំង លើ​ក្រុមប្រជាជន​នៅ​រដ្ឋធំៗ ដូចជា​រដ្ឋ​កាលីហ្វនីញ៉ា ឬ​ញូវជេស៊ី នៅទីក្រុង​ញូវយ៉ក ជាទី​ដែល​ប្រជាជន​អាមេរិកាំង​ភាគច្រើន មិន​បាន​បោះឆ្នោត​ឲ្យ​លោកដូណាល់ ត្រាំ ប៉ុន្តែ គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកអូបាម៉ា។ អាច​និយាយបាន​ថា ក្រៅតែ​ពី​កាត់បន្ថយ​ពន្ធ លើ​ក្រុមហ៊ុន អ្នកធ្វើជំនួញ​ធំៗ ដែល​ជាគ្នីគ្នា​របស់លោកហើយ នោះ លោកដូណាល់ ត្រាំ នៅ​បាន​ឆ្លៀត​ប្រើ​ច្បាប់​នេះ ដើម្បី សងសឹក​នឹង​អ្នកប្រឆាំង​នឹងលោក​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ