អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បាល់ទាត់​ពិភពលោក​ឆ្នាំ២០២៦៖​តើ​បេក្ខភាព​អាមេរិក​ខាងជើង​អាច​ប្រឈម​នឹង​ឧបសគ្គ​ដោយសារ​តែ​លោក​ដូណាល់ ត្រាំ?

សំឡេង ០៤:២៥
ប្រធាន FIFA លោក Gianni Infantino
ប្រធាន FIFA លោក Gianni Infantino REUTERS/Rupak De Chowdhuri

ការ​ទទួល​បេក្ខភាព​ផ្លូវ​ការ​សំរាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦​ បាន​បិទ​បញ្ចប់​ហើយ​កាលពី​​ថ្ងៃ​សុក្រ​ ទី​១៦ ខែ​មិនា​ សបា្តហ៍​មុន។​ ជា​សរុប​ សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​ ហៅកាត់​ថា​ FIFA បាន​ទទួល​បេក្ខភាព​ចំនួន​ពីរ។​ បេក្ខភាព​ទីមួយ​គឺ​ ប្រទេស​ម៉ារុក តំណាង​ឲ្យ​ទ្វីប​អាហ្វ្រិក​។ បេក្ខភាព​ទីពីរ គឺ​​ការ​រៀបចំ​រួម​គ្នា​រវាង​​កាណាដា សហរដ្ឋ​អាមេរិក​ និង​ម៉ិចសិក តំណាង​ឲ្យ​ទ្វីប​អាមេរិក​ខាង​ជើង​ ។ ​គេ​នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ជ្រើស​រើស​បេក្ខភាព​ ​នា​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ខាង​មុខ​នេះ។​ ​បរិបថ​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក​ ជាពិសេស​សេចក្តី​ប្រកាស​ដ៏​ចម្រូប​ចម្រាស​កន្លង​មក​របស់​លោក​ ដូណាល់​ ត្រាំ​ អាច​នឹង​ធ្វើ​ឲ្យ​បេក្ខភាព​បី​ប្រទេស​រួម​គ្នា​តំណាង​ឲ្យ​ទ្វីប​អាមេរិក​ខាង​ជើង​ជួប​បរាជ័យ។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ស្ថានីយ៍​ទូរទស្សន៍កីឡា​​ ESPN កាលពី​ថ្ងៃ​ពុធ​ ទី​១៤ ខែ​មិនា​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​ទ្វីប​អាមេរិក​ខាង​ជើង​អាច​នឹង​ជួប​បញ្ហា​។ ប្រសិន​បើ​បេក្ខភាព​រួម​គ្នា​បី​ប្រទេស​ ដែល​រួម​មាន​៖ កាណាដា សហរដ្ឋអាមេរិក​ និង​ម៉ិច​សិក​ ទទួល​បរាជ័យ​ នោះ​ គឺ​ប្រហែល​ជា​ដោយសារ​តែ​នយោបាយ​បច្ចុប្បន្ន​ និង​ជា​ពិសេស​សំដី​ប្រកាន់​ពូជសាសន៍​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ។​ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ លោក​ ដូណាល់​ ត្រាំ បាន​និយាយ​នៅ​ក្នុង​អង្គប្រជុំ​មួយ​នា​សេតវិមាន​ ដោយ​បាន​ចាត់​ទុក​ប្រទេស​ហៃទី​ និង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ជា​«ប្រទេស​លាមក»។

សំដី​បែប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​ (FIFA) មិន​សប្បាយ​ចិត្ត​ឡើយ។​ ហើយសំដី​បែប​រើស​អើង​ពូជសាសន៍​នេះ​ក៏​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​មិន​គាំទ្រ​បេក្ខភាព​អាមេរិក​ខាង​ជើង​ឡើយ។ ម៉្យាង​ទៀត​ វិធានការណ៍​រឹត​បណ្តឹង​ព្រំដែនកន្លង​មក​​ និងជាពិសេស​​ការ​ហាម​ឃាត់​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ប្រជាជន​មកពី​​ប្រទេស​កាន់​សាសនា​ឥស្លាម​មួយ​ចំនួន​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក​ក៏​អាច​ក្លាយ​ជា​ឧបសគ្គ​ដល់​ការ​ជ្រើស​រើស​យក​បេក្ខភាព​ទ្វីប​អាមេរិក​ខាង​ជើង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០២៦​ ផង​ដែរ។

សូម​បញ្ជាក់​ថា​ ​លទ្ធផល​នៃ​ការ​ជ្រើស​រើស​ម្ចាស់​ផ្ទះ​រៀបចំ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០២៦​​ នឹងត្រូវ​ប្រកាស​ឡើង​នា​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ខាង​មុខ​នេះ​នៅ​ទីក្រុង​ម៉ូស្គូ។ ពោល​ គឺ​មួយ​ថ្ងៃ​មុន​ការ​បើក​ឆាក​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្សី។ សំរាប់​ការ​រៀបចំ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦ ការ​​ជ្រើស​រើស​ប្រទេស​ម្ចាស់​​ផ្ទះ​ គឺ​ត្រូវ​​ធ្វើ​តាម​និតិ​វិធីថ្មីតាម​រយៈ​ការ​បោះ​ឆ្នោត​ពីសំណាក់​ប្រធាន​សហព័ន្ធ​បាល់​ទាត់​តំណាង​ឲ្យ​ប្រទេស​និមួយៗ​។​ សព្វ​ថ្ងៃ​នេះ​ សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​ ហៅ​កាត់​ FIFA មាន​ប្រទេស​សមាជិក​ចំនួន​ ២១១។​ តាម​រយៈ​និតិ​វិធី​ថ្មី​នេះ​ ដើម្បី​អាច​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក​ គេ​ត្រូវ​ការ​គាំទ្រ​ចំនួន​ ១០៤ សំលេង​ពី​ប្រទេសសមាជិក។

ដោយ​ផ្អែក​លើទិដ្ឋភាព​​នយោបាយបច្ចុប្បន្ន​​ ជាពិសេស​សំដី​ចម្រូង​ចម្រាស​កន្លង​មក​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​ប្រទេស​សមាជិក​ FIFA មួយ​ចំនួន​អាច​នឹង​រារែក​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ប្រទេស​បី​រួម​គ្នា​តំណាង​ឲ្យ​ទ្វីប​អាមេរិក​ខាង​ជើង។ ប្រទេស​សមាជិក​ទាំង​នោះ​អាច​នឹង​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​បេក្ខភាព​ប្រទេស​ម៉ារ៉ុក​ តំណាង​ឲ្យ​ទ្វីប​អាហ្វ្រិក។ លោក​ Sunil Gulati​ អតីតៈ​ប្រធាន​សហព័ន្ធ​បាល់​ទាត់​សហរដ្ឋ​អាមេរិក​ និង​ជា​ប្រធាន​ក្រុមការងារ​រួម​តំណាង​ឲ្យ​ប្រទេស​ទាំងបី​បាន​សំណូម​ពរ​ឲ្យ​ប្រទេស​សមាជិក​ទាំង​អស់​បោះឆ្នោត​ដោយ​ផ្អែក​លើ​មូលដ្ឋាន​គុណភាព​​ និង​សមត្ថភាព​នៃ​បេក្ខភាព ជាជាង​ផ្អែក​លើ​ហេតុផល​នយោបាយ​ដែល​កំពុង​តែ​កើត​ឡើង​សព្វ​ថ្ងៃ។ បើ​តាម​តំណាង​បេក្ខភាព​បី​ប្រទេស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ម្ចាស់​ផ្ទះ​រួម​គ្នា​ចំនួន​បី​ប្រទេស​ គឺ​ជា​រឿង​សាក​សមបំផុត។

សាក​សម​ក៏​ព្រោះ​ផ្ទះ​ សហព័ន្ធ​បាល់​អន្តរជាតិ​នឹង​បង្កើន​ចំនួន​ប្រទេស​ចូល​រួម។​ គួរ​ដឹង​ផង​ដែរ​ថា​ ចាប់​ពី​​ឆ្នាំ​២០២៦​ ចំនួន​ប្រទេស​ចូលរួម​នឹង​ត្រូវ​បង្កើន​ពី​ចំនួន​ ៣២​ ទៅ​ដល់​ ៤៨ ប្រទេស។​ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​នឹង​មាន​ប្រទេស​ចូលរួមដ៏​​ច្រើន​បែបនេះ។​ ចំណែក​ចំនួន​នៃ​ការ​ប្រកួត​នឹង​កើន​ឡើងដល់​ចំនួន​​ ៨០ ផ្ទុយ​ពី​ចំនួន​ ៦៤ ប្រកួត​ដូច​សព្វ​ថ្ងៃ​នេះ។ សំរាប់​បេក្ខភាព​ប្រទេស​ទ្វីប​អាមេរិក​ខាង​ជើង​ (កាណាដា​ សហរដ្ឋ​អាមេរិក​ និង​ម៉ិចសិក​)​ លោក​ Sunil Gulati បាន​អះអាង​ថា​ ការ​រៀបចំ​បី​ប្រទេស​រួម​គ្នា​ជា​លក្ខណៈ​ប្រវត្តិសាស្រ្ត​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​រៀបចំ​ប្រកប​ដោយ​គុណភាព​គោរព​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ទាម​ទារ​ថ្មី​របស់​ FIFA។ ហើយ​ម៉្យាង​ទៀត​ ការ​រៀបចំ​បី​ប្រទេស​រួម​គ្នា​នេះ​នឹង​អាច​បញ្ជៀស​ហានិភ័យ​ណា​មួយ។ លើស​ពីនេះ​ ទ្វីប​អាមេរិក​ខាង​ជើង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​រួច​ជា​ស្រេច​ទៅ​ហើយ។ កីឡា​ដ្ឋាន​បាល់​ទាត់​​មាន​ស្រាប់​រួច​ទៅ​ហើយ។

កីឡា​ដ្ឋាន​និមួយ​ៗ​មាន​បច្ចេកវិទ្យា​ទំនើប​ ហើយ​មាន​ចំណុះ​អាច​ផ្ទុក​មនុស្ស​បាន​ជា​មធ្យម​ចំនួន​ ៦៨ ០០០​ ពាន់​នាក់។ លោក​ Sunil Gulati ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ សក្តានុពល​នេះ​នឹង​ធ្វើ​ឲ្យ​ FIFA អាច​ទទួល​បាន​ប្រាក់​ចំណូល​ជាង ២​​ ពាន់​លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា។ ​ដោយ​ឡែក​ លោក​ Gianna Infantino ប្រធាន​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​បាន​​វិភាគ​ថា​ ការ​បង្កើន​ចំនួន​ប្រទេស​ចូល​រួម​នឹង​ធ្វើ​ឲ្យ​ FIFA រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទៀត​ប្រមាណ​ជាង ៧០០ លាន​ដុល្លារ។ ចំណែក​បេក្ខភាព​ប្រទេស​ម៉ារ៉ុក​វិញ​ តាមពិត​ទៅ នេះ​មិន​មែន​ជា​លើក​ទីមួយ​ដែល​ប្រទេសអាហ្វ្រិក​មួយ​នេះ​បាន​ស្រមៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក។​ ប្រទេស​នេះ​បាន​បរាជ័យ​ចំនួន​បួន​លើក​មក​ហើយ​ ពោល​កាលពី​​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៤, ១៩៩៨, ២០០៦ និង​២០១០។ សំរាប់​លើក​នេះ​ ម៉ារុក​ចង់តំណាង​ឲ្យទ្វីប​អាហ្វ្រិក​ទាំង​មូល​តែ​ម្តង។​ ម៉ារ៉ុក​​ស្រម័យ​ចង់​ក្លាយ​ជា​ប្រទេស​អាហ្វ្រិក​ទីពីរ​ ដែល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមរំលឹក​ជូន​​ថា​ កាលពី​ឆ្នាំ​២០១០ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ជា​ប្រទេស​តំបូង​គេ​បំផុត​​ ដែល​បាន​រៀបចំ​មហាព្រឹត្តិការណ៍​កីឡា​​មាន​មនុស្ស​តាមដាន​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក។ តាមពិត​ទៅ​ ​សហព័ន្ធ​បាល់​ទាត់​នៅ​តាម​ប្រទេស​អឺរ៉ុប​ជា​ច្រើន​មាន​និន្នាការ​គាំទ្រ​បេក្ខភាព​ប្រទេស​ម៉ារុក។​ ម៉្យាង​ទៀត​ ​ម៉ារុក​សង្ឃឹម​ទទួល​បាន​ការ​គាំទ្រ​ពីសហព័ន្ធ​បាល់​ទាត់​នៅ​តាម​​ប្រទេស​នានា​ក្នុង​ទ្វីប​អាហ្វ្រិក។​ បើ​ដូចនោះ​មែន​ ម៉ារ៉ុក​នឹង​មាន​សំលេង​គាំទ្រ​ក្នុង​ដៃ​ចំនួន​ ៥៤​ មក​ពី​បណ្តា​ប្រទេស​អាហ្វ្រិក។​ លោក​ Noël Graët ប្រធាន​សហ័ពន្ធ​បាល់​ទាត់​បារាំង​បាន​ប្រកាស​ជា​ចំហរ​ថា​ លោក​នឹង​បោះឆ្នោត​គាំទ្រ​ប្រទេស​ម៉ារុក។​ ការ​សំរេចចិត្ត​ជា​មុន​បែប​នេះ​ក៏ដោយសារ​តែ​ហេតុផល​ប្រវត្តិសាស្រ្ត​ នយោបាយ​ និង​សេដ្ឋកិច្ច​ ដែល​ប្រទេស​បារាំង​មាន​ចំណង​ជាមួយ​ប្រទេស​ម៉ារ៉ុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ