អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ដូណាល់ ត្រាំ ចោទ​បណ្តាញសង្គម​ថា លំអៀង បិទសំឡេង​ក្រុមអភិរក្សនិយម

មនុស្ស​កាន់​ទូរស័ព្ទ​នៅមុខ​ស្លាកសញ្ញា​បណ្តាញ​សង្គម​Twitter ថតនៅថ្ងៃទី ២៣​កញ្ញា ២០១៣
មនុស្ស​កាន់​ទូរស័ព្ទ​នៅមុខ​ស្លាកសញ្ញា​បណ្តាញ​សង្គម​Twitter ថតនៅថ្ងៃទី ២៣​កញ្ញា ២០១៣ © REUTERS/Kacper Pempel

មាន​អ្នកតាមជាវ ដល់​៥៤​លាន​នាក់ នៅលើ​បណ្តាញសង្គម​Twitter ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ​បាន​សរសេរ​សារ រិះគន់​ក្រុមហ៊ុន​បណ្តាញសង្គម​ ថា លំអៀង បិទខ្ទប់​មិន​ឲ្យ​មាន​សំឡេង​ក្រុមអភិរក្សនិយម​អាមេរិកាំង។ សម្រាប់​អ្នកជំនាញ គេ​រកឃើញ​ភស្តុតាង តិចតួច​បំផុត ដែល​ថា បណ្តាញ​សង្គម​លំអៀង ប៉ុន្តែ យ៉ាងណាក៏ដោយ ការលើកឡើង របស់​លោកដូណាល់ ត្រាំ ត្រូវ​បាន​មនុស្ស​ជាច្រើន ជា​ពិសេស​ក្រុមអភិរក្សនិយម អាមេរិកាំង​កំពុង​ជឿ​លង់ស៊ុប ងើបមុខ​មិនរួច។ 

ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ​ជឿជាក់​ក្នុង​ចិត្ត​ថា បណ្តាញ​សង្គម​បាន​បំបិទ​សំឡេង​របស់​ក្រុមអភិរក្សនិយម​អាមេរិកាំង។ នៅ​ក្នុង​សារ​Twitter របស់​លោក ដែលមាន​អ្នកតាមដាន​អាន ជាង​៥៤​លាន​នាក់ លោកដូណាល់​ត្រាំ កាលពី​ថ្ងៃ​សុក្រ បាន​សរសេរ​រិះគន់​សា​ជាថ្មី​ថា ក្រុមហ៊ុន បណ្តាញ​សង្គម​បាន​បិទខ្ទប់​សំឡេង​មនុស្ស​រាប់លាន​នាក់។ “ដោយ​គ្មាន​ការត្រួតពិនិត្យ ហាមឃាត់ មនុស្ស​មាន​សិទ្ធិ​ដឹង ថា អ្វី​ពិត និង​អ្វី​ដែល​មិន​ពិត។” នេះ​ជា​សារ​Twitter របស់លោក​ដូណាល់ ត្រាំ។

នេះ​ជា​លើកទី២ ដែល​ប្រធានាធិបតី​អាមេរិក​រិះគន់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ថា លំអៀង។ នៅប៉ុន្មាន​ថ្ងៃមុននេះ លោក​បាន​សរសេរ​សារ​Twitterថា បណ្តាញ​សង្គម​រើសអើង​ប្រឆាំង​ខ្លាំង​នឹង​សំលេង​របស់​ក្រុមសាធារណរដ្ឋ ក្រុមអភិរក្សនិយម​អាមេរិកាំង។

ក្រុមហ៊ុនហ្វេសប៊ុក ដែល​មាន​អ្នកប្រើប្រាស់ ជាង ២ពាន់ លាននាក់ (២,២៣​ពាន់លាននាក់) និង​Twitter ដែល​មាន​សមាជិក​៣៣៥លាននាក់ បាន​បដិសេធ​ការចោទប្រកាន់​របស់ប្រធានាធិបតី​អាមេរិក និង​បាន​អះអាង​ថា ក្រុមហ៊ុន​គ្មាន​នយោបាយ​លំអៀង ទៅរក​បក្ស​ណា​មួយ​នោះ​ទេ។

ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ផ្ទុយពីការលើកឡើង​របស់​លោកដូណាល់ ត្រាំ ក្រុមអភិរក្ស​និយម គឺ​បាន​បញ្ចេញ​សំឡេង​ច្រើន នៅលើ​បណ្តាញ​សង្គម។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អាមេរិក​មួយ Pew research Center កាលពី​ខែ​មិថុនា​កន្លងទៅ​បាន​បង្ហាញ​ថា ជនជាតិ​អាមេរិកាំង ៤៣ភាគរយ​ជឿថា ក្រុមហ៊ុន​បណ្តាញ​សង្គម​អាមេរិកាំង​គាំទ្រ​ក្រុមសេរី ច្រើន​ជាង​ក្រុមអភិរក្សនិយម។ មួយវិញទៀត ៧២ភាគរយ​នៃ​មនុស្ស​ដែល​គេ​បាន​សម្ភាសន៍ បាននិយាយ​យល់ស្រប​នឹង​គំនិត​ដែលថា នៅ​លើ​បណ្តាញ​សង្គម រាល់គំនិត ទស្សនៈ ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណាមួយ ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​មានចេញផ្សាយ។ ការសម្រេច ថ្មីៗនេះ របស់​ ហ្វេសប៊ុក Twitter ហើយ​និង​Apple ក្នុង​ការបិទ មិន​ឲ្យ​លោក​Alex Jones ដែល​ជាម្ចាស់​វិបសៃតិ៍ និយាយ​ច្រើន​ពី​ទ្រឹស្តី​ផែនការ​ក្បត់ ចូលប្រើ​បណ្តាញ​សង្គម គឺ បាន​ជំរុញ​ឲ្យ​គេ​ជឿ​កាន់​តែ​ខ្លាំង​ថា ពិត​ជា​មាន​ការបិទខ្ទប់​ហាមឃាត់​ពី​ខាង​ក្រុមហ៊ុន​បណ្តាញ​សង្គម។

ប្រតិកម្ម​វាយបក​របស់​Alex Jones បាន​ធ្វើ​ឲ្យ​សភា​អាមេរិក សម្រេច​បើក​ការសួរដេញដោល​មួយ​ដើម្បី និយាយ​ពី​ភាពមិនលំអៀង​របស់​បណ្តាញ​សង្គម។ នៅថ្ងៃ​សុក្រ គណៈកម្មការ​ស៊ើបអង្កេត​របស់​សភាអ្នកតំណាងរាស្រ្ត​បានប្រកាស​ថា នឹង​កោះហៅ អគ្គនាយក​របស់​ក្រុមហ៊ុនTwitter និង​ក្រុមហ៊ុន​ផ្សេងទៀត ឲ្យ​ចូល​ឆ្លើយបំភ្លឺ នៅថ្ងៃទី ៩​កញ្ញា​ខាងមុខ។ ប្រធាន​របស់​Twitter លោក​Jack Dorsey ធ្លាប់​បាន​ផ្តល់​បទសម្ភាសន៍​ដល់ទូរទស្សន៍ CNN ថា ក្រុមហ៊ុនរបស់​លោក​មាន​ជំហរ​គាំទ្រ​ទៅរក​ក្រុមឆ្វេងនិយម ប៉ុន្តែ នៅលើ​បណ្តាញ​សង្គម ក្រុមហ៊ុន​ប្រកាន់​ជំហរ​អព្យាក្រិត្យ គឺ​មិន​បាន​អនុវត្ត​តាម​មនោគមវិជ្ជា ឬ​ទស្សនៈ​ផ្ទាល់​ខ្លួន​នោះទេ។

សម្រាប់​អ្នកជំនាញ គេ​រកបាន​ភស្តុតាង​តិចតួចណាស់​ដែល​បង្ហាញ​ថា បណ្តាញ​សង្គម​មាន​លក្ខណៈ​លំអៀង ប្រកាន់​បក្សពួក​ទៅតាម​ការចោទប្រកាន់​របស់​ ក្រុមអភិរក្ស​និយម។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ការបញ្ចេញ​សំលេង តវ៉ា ជា​ញឹកញាប់​របស់​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ចង់ ឬ​មិន​ចង់ នឹង​ជះឥទ្ធិពល​ទៅ​លើ​មតិសាធារណៈ​ដែល​នឹង​អាច​ជឿ​ថា ក្រុមហ៊ុន​បណ្តាញ​សង្គម​លំអៀង​ទៅរកក្រុម​ឆ្វេងនិយម។ ម្យ៉ាងទៀត ការតវ៉ា​ជាញឹកញយ​ពី​ប្រធានាធិបតី និង​ក្រុមអ្នកគាំទ្រ​របស់លោក នឹង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បណ្តាញសង្គម​ដែល​នឹង​អាច​អនុវត្ត​គោលការណ៍ រឹតបន្តឹង​ខ្លាំងជាង​មុន លើ​ខ្លឹមសារ​ផ្សព្វផ្សាយ របស់​អ្នកប្រើប្រាស់​បណ្តាញសង្គម។

កន្លងមក ក្រុម​អភិរក្សនិយម មក​ពីគណបក្ស​សាធារណរដ្ឋ ធ្លាប់​បាន​តវ៉ាចោទប្រកាន់​រួចហើយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក​ភាគច្រើន គឺ​កាន់ជើង​ក្រុមសេរី។ ពេលនេះ គឺ​ដល់​វេន​បណ្តាញ​សង្គម​ម្តង ដែល​ក្រុមអភិរក្សនិយម ទម្លាក់​កំហុស ថា លំអៀង និង​ជាឧបករណ៍​ផ្សព្វផ្សាយ​របស់​ក្រុមឆ្វេងនិយម៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ