អានតួអត្ថបទ

អន្តោប្រវេសន៍​ហុងឌូរ៉ាស ប្រថុយ​គ្រប់យ៉ាង​ឱ្យ​តែបានទៅដល់អាមេរិក

អន្តោប្រវេសន៍​ហុងឌូរ៉ា ឆ្លង​ទន្លេ Suchiate ដើម្បី​បាន​ទៅ​ដល់​ម៉ិចស៊ិក
អន្តោប្រវេសន៍​ហុងឌូរ៉ា ឆ្លង​ទន្លេ Suchiate ដើម្បី​បាន​ទៅ​ដល់​ម៉ិចស៊ិក REUTERS/Edgard Garrido

បន្ទាប់​ពី​គាំង​ដំណើរ​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ព្រំប្រទល់​ម៉ិចស៊ិក ពលរដ្ឋ​ហុងឌូរ៉ាស រាប់​​រយ​​នាក់ ដែល​នាំ​គ្នា​រត់​​​ជនភៀស​ខ្លួន​ជា​ក្រុម កំពុង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​ទីដៅ​ចុងក្រោយ​របស់​ខ្លួន គឺ​អាមេរិក​​ហើយ។ ​ដឹកកូន​ជញ្ជូន​ចៅ​ ចេញ​ពី​ប្រទេស​កំណើត​ ​អស់​ជា​ច្រើន​ថ្ងៃដើរ​​កាត់​តាម​ប្រទេស​ក្វាតេម៉ាឡាទាំងមូលហើយ​ និង​ត្រូវ​ឆ្លងរនាំង​ព្រំដែន​ម៉ិចស៊ិក​ដ៏​តឹង​តែង​​​ទៀត តែ​ក្រុម​ជន​ភៀស​ខ្លួន​ហុងឌូរ៉ាស មិនរាថយ​​ទេ ! ពួក​គេ​មាន​បំណង​តែ​មួយ គឺជំនះ​ទៅ​​​​អាមេរិកឱ្យ​ខាង​តែ​បាន។

ផ្សាយពាណិជ្ជកម្ម

ម៉ិចស៊ិក​មិន​អនុញ្ញាត​ឱ្យមាន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​ស្រុក និង​ចូល​ទាំង​ហិង្សា​បាន​ទេ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ម៉ិចស៊ិក​ កាលពី​ថ្ងៃ​សុក្រ។ អាជ្ញាធរ​ម៉ិចស៊ិក​ បាន​ប្រមូល​កម្លាំង​បិទ​ខ្ទប់ដំណើរ​​​ជនភៀសខ្លួន​ហុងឌូរ៉ាស ដែល​មាន​គ្នា​ប្រមាណ​បួន​ពាន់​នាក់ ឱ្យ​គាំង​កក​​នៅត្រឹម​ព្រំដែន​ជាមួយ​ប្រទេស​ក្វាតេម៉ាឡា តាំង​ពី​ថ្ងៃព្រហស្បតិ៍​មក​។ សកម្មភាព​នេះ​បាន​ទទួល​ការ​អបអរ​សរសើរ និងអរគុណ​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំផង។

ប៉ុន្តែ​រលក​អន្តោប្រវេសន៍​ហុងឌូរ៉ាសមិន​ខ្វល់​នឹង​រនាំង​ព្រំដែន​ទេ ! បើ​តាម​ប្រភព​ក្រសួង​មហាផ្ទៃ​ម៉ិចស៊ិក មាន​ពលរដ្ឋ​ហុងឌូរ៉ាស ប្រមាណ​​ជាង​៩០០នាក់ បានជំនះ​​ឆ្លងព្រំដែន​​​ដោយ​ខុស​ច្បាប់​ចូល​ដល់​ទឹក​ដី​ម៉ិចស៊ិក​ តាំង​ពី​ល្ងាច​ថ្ងៃ​សៅរ៍​មក។ ហើយ​មុន​នេះ​បន្តិច អាជ្ញាធរ​ម៉ិចស៊ិក បាន​បើក​ព្រំដែន ឱ្យ​ស្ត្រី​និង​កុមារ​ចូល និង​នាំ​ទៅ​កាន់​ទីស្នាក់​បណ្តោះអាសន្ន។ ៥០០​នាក់​ផ្សេង​ទៀត បានរុល​មក​ដល់​​ស្ពាន​ដែលជា​ព្រំដែន​​ខ័ណ្ឌ​​ម៉ិចស៊ិកពី​​​ប្រទេស​ក្វាតេម៉ាឡា ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ហុងឌូរ៉ាសផ្សេង​ទៀត ឆ្លង​ទន្លេ​មក​ ដោយ​សង្ឃឹម​ថា​នឹង​អាច​​​បន្តដំណើរ​​ឆ្ពោះ​ទៅ​អាមេរិក នៅ​ថ្ងៃ​អាទិត្យ។

អន្តោប្រវេសន៍​ហុងឌូរ៉ាស ទម្លុះ​របង​ព្រំដែន​ខណ្ឌ​ចែក​ក្វាតេម៉ាឡានិង​​ម៉ិចស៊ិក
អន្តោប្រវេសន៍​ហុងឌូរ៉ាស ទម្លុះ​របង​ព្រំដែន​ខណ្ឌ​ចែក​ក្វាតេម៉ាឡានិង​​ម៉ិចស៊ិក Pedro Pardo / AFP

ជា​សរុប​នៅ​មាន​ពលរដ្ឋ​ហុងឌូរ៉ាស​ប្រមាណ​ពី ២៥០០​នាក់ ទៅ​៥ពាន់​នាក់​ នៅ​ជាប់​កុន​ត្រង់​ព្រំដែន​នេះ ប៉ុន្តែ​បើ​តាមប្រភព​អ្នក​សារព័ត៌មាន​បារាំង​ប្រចាំ​ការ​នៅផ្ទាល់​កន្លែង ចំនួន​អន្តោប្រវេសន៍​ហុងឌូរ៉ាស​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់។ ពួក​គេ​ទាំង​នោះ​ភាគ​ច្រើន ទាំង​ក្មេង​ទាំង​ចាស់ ​បាន​នាំគ្នា​​ឆ្លង​ទន្លេ​ ដោយ​ហែល ដោយ​ជិះទូក​ ចូល​ទៅម៉ិចស៊ិក ដោយ​គ្មាន​ខ្លាច​កង​កម្លាំង​សមត្ថកិច្ច​តាមព្រំដែន​ទេ។ មានពលរដ្ឋ​ប្រមាណ​តែ​៣០០​នាក់​ប៉ុណ្ណោះដែល​សុខ​ចិត្ត​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ តាមសំណើ​របស់​រដ្ឋាភិបាលក្វាតេម៉ាឡា។

សូម​បញ្ជាក់ ក្រុម​ជនអន្តោប្រវេសន៍​នេះ​បានចេញ​ដំណើរ​ពី​​ភាគ​ខាង​ជើង​ប្រទេស​សំដៅ​​អាមេរិក ​​តាំង​ពី​ជាមួយ​សប្តាហ៍​មក ក្រោយពី​មាន​ការ​ឃោសនា​តាម​ប្រព័ន្ធ​សង្គម ពី​សំណាក់​អ្នក​តំណាង​រាស្ត្រ​ឆ្វេង​និយម​ណែនាំ​ ពួកគេ​ភៀស​ខ្លួន​ជា​ក្រុម​ ដើម្បី​មាន​សុវត្ថិភាព។

ក្នុង​មួយ​ថ្ងៃៗ​ មាន​ពលរដ្ឋ​ហុងឌូរ៉ាស ប្រមាណ​ពី ៣០០​ទៅ​៣៥០​នាក់ រត់​ទៅ​អាមេរិក។ ជាង​កន្លះ​លាន​នាក់​ ក្នុង​មួយ​ឆ្នាំៗ បាន​ឆ្លង​ទៅ​ដោយ​ខុស​ច្បាប់​ដល់ម៉ិចស៊ិក ដើម្បី​សម្រេច​បំណង​ទៅ​អាមេរិក។ ហុងឌូរ៉ាស ជា​ប្រទេស​ដ៏​មហា​ហិង្សា​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​អត្រា​មនុស្សឃាត ៤៣​ករណី​ក្នុងចំណោម​ពលរដ្ឋ​១សែន​នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ