អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

លោកហាសាន រ៉ូហានី៖​អ៊ីរ៉ង់​នឹង​បន្ត​លក់​ប្រេង​ដោយ​មិន​ឈឺក្បាល​នឹង​ទណ្ឌកម្ម​អាមេរិក

​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ហាសាន រ៉ូហានី
​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ហាសាន រ៉ូហានី REUTERS/Brendan Mcdermid /File Photo

នៅ​ថ្ងៃ​ចន្ទ ទី៥ វិច្ឆិកា ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​ក្នុង​វិស័យ​ប្រេង និង​ធនាគារ​បាន​ចូល​ជា​ធរមាន។ ចំណែក​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ក៏​បាន​ថ្លែង​ក្នុង​ថ្ងៃ​ដែរ​ដោយ​បញ្ជាក់​ច្បាស់ៗ​តប​នឹង​អាមេរិក​ថា អ៊ីរ៉ង់​នឹង​បន្ត​នាំ​ប្រេង​ចេញ​ដោយ​មិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក​ទេ។ គួរ​រម្លឹក​ថា ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។

ផ្សាយពាណិជ្ជកម្ម

« អាមេរិក​ចង់​កាត់​បន្ថយ​ការ​លក់​ប្រេង​របស់​អ៊ីរ៉ង់ តែ​យើង​នឹង​បន្ត​លក់​ប្រេង​របស់​យើង » នេះ​ជា​ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​ហាសាន រ៉ូហានី​តប​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​តាម​កញ្ចក់​ទូរទស្សន៍ជាតិ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​បារ៉ាម កាសេមី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​នេះ​ដែរ តែ​បាន​លើក​ឡើង​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥ ក្នុង​នោះ​ក៏​មាន​ភាគី​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​ម្នាក់​ដែរ។

លោក​កាសេមី​ចង់​បញ្ជាក់​ថា ទោះ​បី​ជា​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ក៏​ដោយ ក៏​នៅ​សល់​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត រួម​មាន​អាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី និង​ចិន​ដែល​អ៊ីរ៉ង់​កំពុង​បន្ត​មាន​ទំនាក់ទំនង​ជា​អចិន្ត្រៃយ៍។ ជាមួយ​នឹង​ក្រុម​ប្រទេស​ហត្ថលេខី​នៅ​អឺរ៉ុប ទីក្រុង​តេហេរ៉ង់​ចង់​បង្កើត​នូវ​យន្តការណ៍​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។ តែ​លោក​កាសេមី​បាន​ទទួល​ស្គាល់​ថា ការ​បង្កើត​ឲ្យ​មាន​យន្តការណ៍​មួយ​នេះ​នឹង​ត្រូវ​ប្រើ​ពេល​យូរ។

សូម​ជម្រាប​ថា ការ​ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ និង​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់ គឺ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់​ឲ្យ​ឈប់​គាំទ្រ​ពួក​ឈីអ៊ីត​នៅ​ក្នុង​ជម្លោះ​នៃ​តំបន់​មជ្ឈិមបូព៌ា បញ្ឈប់​ការ​អភិវឌ្ឍ​លើ​កម្មវិធី​ថាមពល​នុយក្លេអ៊ែរ និង​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​មិន​យល់​ឃើញ​ដូច​លោក​ត្រាំ និង​បាន​បញ្ជាក់​ពី​ការ​មិន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ទេ។

គួរ​រម្លឹក​ថា​នៅ​ដើម​ឆ្នាំ ២០១៦ ពោល​ក្រោយ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ សហគមន៍​អន្តរជាតិ​បាន​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ចេញ​ពី​អ៊ីរ៉ង់។ ចំណែក​អ៊ីរ៉ង់​ក៏​បាន​យល់​ព្រម​កាត់​បន្ថយ​កម្មវីធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ដែរ។ ជាមួយ​នឹង​ការ​លើក​ទណ្ឌកម្ម​កាល​ណោះ​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ក្នុង​នាម​ជា​ប្រទេស​នាំ​ប្រេង​ចេញ​ទី៣ ក្នុង​លោក​អាច​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន​មក​ដល់​បច្ចុប្បន្ន។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ដែល​អាមេរិក​បាន​ត្រឡប់​ទៅ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​អ៊ីរ៉ង់​ជា​លក្ខណៈ​ឯកតោភាគី​ពេល​នេះ​នឹង​អាច​ជះ​ផលវិបាក​អ្វី​ខ្លះ​ដល់​អ៊ីរ៉ង់ និង​ដល់​ពិភពលោក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ