អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង់ជញ្ជាំងព្រំដែន៖ តើ​លោកដូណាល់ ត្រាំ កំពុង​ទ័ល​គំនិត?

សំឡេង ០៧:១៤
លោកដូណាល់ ត្រាំ​នៅ​សេតវិមាន​ថ្ងៃ​ទី ១៩​មករា ២០១៩
លោកដូណាល់ ត្រាំ​នៅ​សេតវិមាន​ថ្ងៃ​ទី ១៩​មករា ២០១៩ ©REUTERS/Yuri Gripas

នៅ​សេតវិមាន នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ប្រកាស​ធ្វើ​សម្បទាន​ដើម្បី​បិទបញ្ចប់​វិបត្តិ​ថវិកា ដែល​បាន​ធ្វើ​ឲ្យ​ស្ថាប័ន និង​ក្រសួង​មួយផ្នែក របស់​រដ្ឋសហព័ន្ធ​ត្រូវ​បិទ​ទ្វារ មិន​ដំណើរការ ៤សប្តាហ៍មកហើយ។ តើ​លោកដូណាល់ ត្រាំ បាន​ប្រកាស​ធ្វើ​សម្បទាន​អ្វីខ្លះ? តើ​Shutdown ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​បុគ្គលិក​រដ្ឋ​អាមេរិកាំង ៨សែន​នាក់ នឹង​ត្រូវ​បិទបញ្ចប់ទៅ​មែន ដោយសារ​ដំណោះស្រាយ​របស់​លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ?

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ បាន​លើកសំណើ​ជាច្រើន ដើម្បី​បិទបញ្ចប់​វិបត្តិ​ថវិកា ដែល​មាន​រយៈពេល ១ខែគត់ គិត​មក​ដល់​ថ្ងៃអាទិត្យនេះ។ នៅ​ក្នុង​សុន្ទរកថា ថ្លែង ដែល​លោក​ចាត់ទុក​ថា ជា​ការប្រកាស​ដ៏ធំសម្បើម និង​សំខាន់​សម្រាប់​ដោះស្រាយ​វិបត្តិ​ថវិកា ឬ Shutdown លើក​នេះ លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ធ្វើ​សម្បទាន​ជាច្រើន ជាពិសេស នៅ​ក្នុង​រឿង ជនអន្តោប្រវេសន៍ ខុសច្បាប់ ប្រមាណ ១លាននាក់ ដែល​ក្រុមគណបក្ស​ប្រជាធិបតេយ្យ​កំពុង​ការពារ កុំ​ឲ្យ​រដ្ឋបាល​លោកដូណាល់ ត្រាំ ចាប់បណ្តេញ​ចេញពី​ទឹកដី​អាមេរិក។

នៅក្នុង​សំណើ​របស់​លោក នៅថ្ងៃ​សៅរ៍ លោកដូណាល់ ត្រាំ បាន​និយាយ​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​ជនអន្តោប្រវេសន៍ Dreamer ដែល​បាន​ចូល​មក​ដល់​ទឹកដី​អាមេរិក ដោយ​ខុសច្បាប់ តាំង​ពី​ក្នុង​វ័យ​កុមារ ជាមួយឪពុកម្តាយ​របស់​ពួកគេ​នោះ នឹង​អាច​មាន​សិទ្ធិ​បន្ត​ធ្វើការ នៅទឹកដី​អាមេរិក​៣ឆ្នាំទៀត។ ចំណែក ជនអន្តោប្រវេសន៍ ៣សែននាក់ផ្សេងទៀត ដែល​បាន​ទទួល​សិទ្ធិជ្រកកោន​បណ្តោះអាសន្ន នៅ​អាមេរិក ​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ ឬជម្លោះ​ប្រដាប់អាវុធ នៅ​ក្នុង​ប្រទេស​របស់ពួកគ ប៉ុន្តែ ដែល​ត្រូវ​ប្រឈម​នឹង​ការចាប់បណ្តេញ​ចេញ ពី​អាមេរិក នោះ ក៏នឹង​ត្រូវ​លោក​ដូណាល់ ត្រាំ អនុញ្ញាត​ឲ្យ​ពន្យារ​ពេល​រស់នៅ ធ្វើការ នៅ​អាមេរិក​៣ឆ្នាំ​ទៀត​ដែរ។

ដោយ​បន្ទន់​ជំហរ មិន​បណ្តេញ ជនអន្តោប្រវេសន៍ ដែល​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ ចេញមុខ​ការពារខ្លាំង លោកដូណាល់ ត្រាំ​ចង់​បង្ហាញ​ថា លោក​បាន​ធ្វើ​សម្បទាន​ច្រើនណាស់។ ក្រៅតែ​ធ្វើ​សម្បទាន ក្នុង​រឿងជនអន្តោប្រវេសន៍ លោកដូណាល់ ត្រាំ នៅ​បាន​យកគាប់ យកគួរ ក្រុមប្រជាធិបតេយ្យ ដែល​ជាអ្នកមានសំលេង​អារកាត់ នៅ​សភា​តំណាងរាស្រ្ត ថា លោក​នឹង​សុំ​ឲ្យ​បង្កើន​ថវិកា​សម្រាប់​ជំនួយ​មនុស្សធម៌ ប្រមាណ ៨០០​លាន​ដុល្លារ។ បង្កើន​ភ្នាក់ងារ ត្រួតពិនិត្យ​តាម​ព្រំដែន​ដល់​ទៅ​ជិត ៣ពាន់​នាក់ ហើយ​និង​បង្កើន​ចំនួន​ក្រុម​ចៅក្រម​សម្រាប់​បញ្ហា​អន្តោប្រវេសន៍ ៧៥ក្រុមទៀត ដែល​ជា​ការទាមទារ​ចង់​បាន​កន្លងមក របស់​ក្រុមគណបក្ស​ប្រជាធិបតេយ្យ។

ទីភ្នាក់ងារ Standard & Poor’s៖ Shutdown​ធ្វើឲ្យ​អាមេរិក​ខាតបង់ ០,៣%​នៃGDP

នៅ​ថ្ងៃម្សិលមិញនេះ លោកដូណាល់ ត្រាំ លើកសំណើ ដើម្បី​ចរចា តថ្លៃ ជាមួយ​ក្រុមគណបក្ស​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ប៉ុន្តែ មិន​បាន​ប្រកាស​យល់ព្រម ទទួល​យក​ច្បាប់​ថវិកា របស់​សភា ដើម្បី​បិទបញ្ចប់​វិបត្តិ​ថវិកា​លើកនេះ​ទេ។ សូមរំលឹក​បន្តិចថា លោក​ដូណាល់ ត្រាំ មិនព្រម​ទទួល​យក​ច្បាប់​ថវិកា​របស់​សភា ដោយសារ​តែ​នៅក្នុង​ច្បាប់​ថវិកា នោះ គ្មាន​បូកបញ្ចូល ទឹកប្រាក់​៥ពាន់ ៧០០​លាន​ដុល្លារ ដែល​លោកដូណាល់ ត្រាំ ចង់​បាន​សម្រាប់​សង់ជញ្ជាំង​នៅព្រំដែន​ម៉ិចស៊ិក។

នៅក្នុង​ការប្រកាស នៅថ្ងៃ​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក ហាក់​បង្ហាញថា លោក​បាន​បន្ទន់​ជំហរ ជាពិសេស នៅក្នុង​រឿងជនអន្តោប្រវេសន៍ ដែលលោក​ប្រឆាំង​ស្អប់​រហូត។ ប៉ុន្តែ តាម​ការពិត គឺ​ជា​ការតថ្លៃ​ជាមួយ គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​គ្រប់គ្រង​សំលេង​ភាគច្រើន​នៅ​សភា​អ្នកតំណាងរាស្រ្ត​ទៅវិញទេ ពី​ព្រោះថា នៅពេល​លោកដូណាល់ ត្រាំ ប្រកាស យល់​សណ្តោសប្រណី ដល់​កូនៗ​របស់​ជនអន្តោប្រវេសន៍​ខុសច្បាប់ នៅ​អាមេរិក លោកដូណាល់ ត្រាំ​នៅតែ​ទាមទារ​ឲ្យ​សភា ដាក់បញ្ចូល ថវិកា​ជាង ៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ដដែល។

វិបត្តិ​ថវិកា​បាន​ផ្ទុះឡើង​លើកនេះ ដោយសារ​តែ លោកដូណាល់ ត្រាំ មិនព្រម​ចុះ​ហត្ថលេខា លើ​ច្បាប់​ថវិកា របស់​រដ្ឋសភា​ដែល​គ្មាន​បូកបញ្ចូល ថវិកា​សម្រាប់​សង់ជញ្ជាំង​របស់​លោក។ ដោយសារ​តែ​លោកដូណាល់ ត្រាំ មិន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា បាន​ជា​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយផ្នែក​ត្រូវ​បិទទ្វារ។ បុគ្គលិក​រដ្ឋអាមេរិកាំង ប្រមាណ ៨សែននាក់ ត្រូវ​រងប៉ះពាល់ ដែលនៅក្នុង​នោះ មនុស្ស​ជាង ៤សែននាក់ ដូចជា​មន្រ្តីអន្តោប្រវេសន៍ បុគ្គលិក​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ មន្រ្តីសន្តិសុខ ត្រូវ​ធ្វើការ មួយ​ខែ​មកហើយ ដោយ​គ្មាន​បាន​ទទួល​ប្រាក់ខែ។

Shutdown ដែល​មាន​រយៈពេលវែង មិនធ្លាប់​មាន​ក្នុង​ប្រវត្តិអាមេរិក នឹង​អាច​បន្ត​ពន្យារពេលត​ទៅ​ទៀត ព្រោះថា ក្រុមប្រជាធិបតេយ្យ​បាន​បង្ហាញ​ហើយ​ថា គេនឹង​មិន​ទទួល​យក​សំណើ​របស់​លោកដូណាល់ ត្រាំ​នោះទេ។

Shutdown ដែល​កើតចេញ​មកពី​ជម្លោះ​រវាង​ប្រធានាធិបតី ហើយ​និង​អំណាច​និតិបញ្ញតិ​នៅអាមេរិក ពេលនេះ កំពុង​ចាប់ផ្តើម​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​អាមេរិក។ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ Standard and Poor ដែល​រកឃើញថា ដោយសារ​តែ​Shutdown លើកនេះ អាមេរិក ខាតបង់​ប្រាក់ ជាង ៣ពាន់​លាន​ដុល្លារ នៅ​រៀងរាល់​២សប្តាហ៍​ម្តង។

សម្បទាន​ដើម្បី​ទម្លាក់​កំហុស​លើ​ក្រុមប្រជាធិបតយ្យ

នៅ​មុន​លោកដូណាល់ ត្រាំ ប្រកាស​ទៅទៀត ប្រធាន​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភាអ្នកតំណាងរាស្រ្ត​បាន​បដិសេធ មិន​ទទួល​យក​សំណើ​របស់​លោកដូណាល់ ត្រាំ ពោល​គឺ​គេ​នៅតែ​មិនព្រម​ផ្តល់​ថវិកា​ជាង ៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង​នៅ​ព្រំដែន ម៉ិចស៊ិក ដែល​ពួកគេ វាយតម្លៃ​ថា គ្មាន​ប្រសិទ្ធិភាព និង​ជាជញ្ជាំង អសីលធម៌ ដែល​ប្រជាជន​អាមេរិកាំង​មិនអាច​ទទួល​យកបាន។ ដោយ​ប្រកាស​យោគយល់​ដល់​ជនអន្តោប្រវេសន៍ខុសច្បាប់ ទៅតាម​ការចង់​បាន​របស់ក្រុមប្រជាធិបតេយ្យ លោកដូណាល់ ត្រាំ ចង់​បង្ហាញថា លោក​បាន​ផ្តល់​ឱកាស ធ្វើ​សម្បទាន​ច្រើនណាស់ ដើម្បី​រកច្រកចេញ ឲ្យ​វិបត្តិ​ថវិកា​លើកនេះ។ ប៉ុន្តែ គឺ​ខាង​ក្រុមប្រជាធិបតេយ្យ​នៅ​សភាទេ ដែល​មិនព្រម​សហការ​ចង់ដោះស្រាយ​វិបត្តិលើកនេះ។ តាមរយៈ វិធីសាស្រ្ត​មួយគ្រានេះ លោកដូណាល់ ត្រាំ កំពុង​ចង់​ទម្លាក់​កំហុស ទៅលើ​ក្រុមប្រជាធិបតេយ្យ ព្រោះថា រហូតមកដល់​ពេលនេះ ការស្ទង់​មតិ​ជាច្រើន​បាន​បង្ហាញថា មាន​ពលរដ្ឋ​អាមេរិកាំង កាន់តែ​ច្រើន ដែល​បាន​ស្តីបន្ទោសគណបក្ស​សាធារណរដ្ឋ ហើយ​និង​​លោក​ដូណាល់ ត្រាំ ដែល​មិន​ព្រមចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា រហូត​ធ្វើ​ឲ្យ​មាន​Shutdown។

ក្រុមប្រជាធិបតេយ្យ​វិញ មិនងាយ​ចាញ់​កល​របស់​លោកដូណាល់ ត្រាំ​នោះទេ។ នៅក្រោយ​ការប្រកាស​របស់លោកដូណាល់ តែបន្តិច មន្រ្តីជាន់ខ្ពស់​របស់គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភាអ្នកតំណាងរាស្រ្ត​បាន​និយាយ​ថា លោកដូណាល់ ត្រាំ គិត​តែ​រឿង​ចង់​បានលុយ សង់ជញ្ជាំង ប៉ុន្តែ មិន​បាន​និយាយ​មួយម៉ាត់​ដល់​បុគ្គលិក​អាមេរិក ដែល​ខ្លះ​ធ្វើការ​ទាំង​គ្មាន​ប្រាក់ខែ និង​ខ្លះទៀត ត្រូវ បញ្ឈប់ ពីការងារ គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃផ្ទះ ឬ​ទិញអាហារ បង់ថ្លៃ​សាលារៀន​របស់កូន។ ដើម្បី​បាន​ប្រាក់​៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង លោកដូណាល់ ត្រាំ គ្មាន​រារែកដើម្បី ចាប់​យក​បុគ្គលិករដ្ឋ​អាមេរិកាំង​ធ្វើជា​ចំណាប់ខ្មាំង ជំរិត ទារ​ថ្នូរ​ពី​សភា។ អាច​ថា ដើម្បី​ចង់គោរព​តាមការសន្យា លោកដូណាល់ ត្រាំ​កំពុង​ប្រថុយ​នឹង​បាត់បង់​មុខមាត់ ដែលមិនងាយ​នឹង​ស្តាររួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ