អានតួអត្ថបទ
អ៊ីស្រាអែល-សហរដ្ឋអាមេរិក

អ៊ីស្រាអែល-អាមេរិក៖​លោកនេតាន់យ៉ាហ៊ូ​អរគុណ​លោកត្រាំ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​តំបន់​ហ្គូឡាន​ជា​ដែនដី​អ៊ីស្រាអែល

ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ
ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ Reuters

សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​បង្ហាញ​ជំហរ​គាំទ្រ​កាន់​តែ​ខ្លាំង​ចំពោះ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល។ បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល​មក លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញសង្គម Tweeter របស់​លោក​ដោយ​សម្រេច​ទទួល​ស្គាល់​តំបន់​ហ្គូឡាន​ជា​អធិបតេយ្យ​របស់​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា ដែនដី​ហ្គូឡាន​ត្រូវ​បាន​អ៊ីស្រាអែល​វាយ​ដណ្តើម​យក​បាន​ពី​ស៊ីរី​នៅ​ក្នុង​សង្រ្គាម​ទល់​នឹង​ស៊ីរី​កាល​ពី​ឆ្នាំ ១៩៦៧។ តែ​ក្រោម​ភ្នែក​ច្រមុះ​សហគមន៍​អន្តរជាតិ ដែនដី​ហ្គូឡាន​ជា​តំបន់​ដែល​អ៊ីស្រាអែល​កាន់កាប់​ដោយ​ខុស​ច្បាប់។ រដ្ឋាភិបាល​ស៊ីរី​បាន​បរិហារ​លើ​ទង្វើ​របស់​លោក​ត្រាំ។ យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ត្រាំ​ដោយ​បញ្ជាក់​ថា លោក​ត្រាំ​ទើប​បាន​ចារ​ទំព័រ​ប្រវត្តិសាស្រ្ត​មួយ។

ផ្សាយពាណិជ្ជកម្ម

« ប្រធានាធិបតី​ត្រាំ​ទើប​បាន​សរសេរ​ទំព័រ​ប្រវត្តិសាស្រ្ត​មួយ។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​តាម​ទូរស័ព្ទ ហើយ​ខ្ញុំ​បាន​អរគុណ​គាត់​ជំនួស​មុខ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល។ គាត់​បាន​ធ្វើ​ម្តង​ទៀត​ចំពោះ​អ៊ីស្រាអែល។ មុន​ដំបូង គាត់​បាន​ទទួល​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​របស់​អ៊ីស្រាអែល និង​បាន​រើ​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​តេឡាវី​ទៅ​ដាក់​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិម។ បន្ទាប់​មក គាត់​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។

ឥឡូវ​នេះ គាត់​ទើប​បាន​ធ្វើ​រឿង​ថ្មី​មួយ​ទៀត​ដែល​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្រ្ត។ រឿង​ថ្មី​នោះ គឺ​ការ​ទទួល​ស្គាល់​តំបន់​ខ្ពង់រាប​ហ្គូឡាន​ជា​ដែនដី​អធិបតេយ្យ​របស់​អ៊ីស្រាអែល។ កាយវិការ​ថ្មី​មួយ​នេះ​ជា​សារ​មួយ​ដែល​ប្រធានាធិបតី​ត្រាំ​ចង់​បញ្ជាក់​ប្រាប់​ពិភពលោក​ថា អាមេរិក​មិន​បោះបង់ និង​ស្ថិត​ក្បែរ​អ៊ីស្រាអែល។ យើង​ដឹង​គុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ​របស់​អាមេរិក។

យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​មិន​អាច​នឹកស្មាន​ដល់ និង​គ្មាន​អ្វី​ប្រៀប​បាន​សម្រាប់​សន្តិសុខ​របស់​យើង សិទ្ធិ​ក្នុង​ការការពារ​ខ្លួន​យើង រួម​ទាំង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាមេរិក​បាន​ធ្វើ​សម្រាប់​ប្រទេសអ៊ីស្រាអែល​នៅ​ក្នុង​វេទិកា​ជា​ច្រើន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ