អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អ៊ីរ៉ង់​ផ្តើម​វាយប្រហារ​​អាមេរិក​វិញ​ដោយ​គំរាម​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិនសាយភាយ​អាវុធនុយក្លេអ៊ែរ

ប្រមុខការទូត​អ៊ីរ៉ង់​លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ
ប្រមុខការទូត​អ៊ីរ៉ង់​លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ AFP

អ៊ីរ៉ង់​តាម​រយៈ​ប្រមុខ​ការទូត​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ទី២៨ មេសា​ថា អ៊ីរ៉ង់​អាច​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​ដែល​អាមេរិក​បាន​ដាក់​លើ​អ៊ីរ៉ង់​ជា​បន្តបន្ទាប់។ តាម​លោក​ហ្សារីហ្វ វិធានការ​នេះ​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ផ្សេង​ទៀត​ដែល​អ៊ីរ៉ង់​មាន​ក្នុង​ដៃ។ ដោយឡែក មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​ម៉ូហាម៉ាដ បាកឺរី​បាន​ព្រមាន​អាមេរិក​កុំ​ឲ្យ​លូកដៃ​នៅ​ក្នុង​ច្រក​សមុទ្រ Ormuz និង​ថា បើ​អ៊ីរ៉ង់​មិន​អាច​ដឹកប្រេង​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ Ormuz នោះ​បាន​ទេ ក៏​គ្មាន​ប្រទេស​មួយ​អាច​ធ្វើ​បាន​ដែរ។

ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​ធ្លាប់​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ម្តង​ហើយ ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ តែ​ការ​គំរាម​ដក​ជា​ថ្មី​ពេល​នេះ គឺ​មក​ពី​ទីក្រុង​តេហេរ៉ង់​ឆ្អែត​ដល់ ក មិន​អាច​ទ្រាំទ្រ​បាន​នឹង​គំនាប​កាន់​តែ​ខ្លាំង​របស់​ទីក្រុង​វ៉ាស៊ីតោន។ បន្ទាប់​ពី​បាន​សម្រេច​ដាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​អង្គការ​ភេរវនិយម​កាល​ពី​ថ្ងៃទី៨ មេសា​មក សេតវិមាន​បាន​បញ្ជាក់​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី២៤ មេសា​ថា ក្រុម​ប្រទេស​ទាំង ៨ប្រទេស​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ទិញ​ប្រេងឆៅ​ពី​អ៊ីរ៉ង់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នឹង​លែង​មាន​សិទ្ធិ​ទិញ​ចាប់​ពី​ថ្ងៃ​ទី២ ឧសភា​ទៅ។

ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ទី២៨ មេសា​ថា អ៊ីរ៉ង់​កំពុង​ពិនិត្យមើល​លើ​វិធានការ​ផ្សេង​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​អាមេរិក​វិញ ហើយ​ការ​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​គ្រាន់​ជា​ជម្រើស​មួយ​នៅ​ក្នុង​វិធានការ​ទាំង​នោះ។ គួរ​បញ្ជាក់​ថា​ក្នុង​ថ្ងៃ​ដែល​រដ្ឋបាល​អាមេរិក​សម្រេច​ដាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​អង្គការ​ភេរវនិយម ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ​អ៊ីរ៉ង់​ក៏​ប្រកាស​ចាត់​ទុក​កម្លាំងទ័ព​អាមេរិក​ប្រចាំ​នៅ​តំបន់​មជ្ឈិមបូព៌ា នៅ​អាហ្រ្វិក និង​នៅ​អាស៊ីកណ្តាល​ជា​ក្រុម​ភេរវជន​វិញ​ដែរ។

ដោយឡែក​ក្នុង​ថ្ងៃ​អាទិត្យ ទី២៧ មេសា​ដដែល មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​ម៉ូហាម៉ាដ បាកឺរី​បាន​សម្គាល់​ឃើញ​ពី​ឥរិយាបទ​មិន​ផ្លាស់ប្តូរ​របស់​កងទ័ព​អាមេរិក​នៅ​ក្នុង​តំបន់។ ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​បាន​ព្រមាន​ត្រង់ៗ​ថា នាវាសង្រ្គាម​អាមេរិក​ដែល​បើក​ឆ្លងកាត់​ដែនទឹក​នៅ​ឈូងសមុទ្រពែក្ស និង​ច្រកសមុទ្រ Ormuz ត្រូវ​តែ​ជូន​ដំណឹង​ដល់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ដែល​ជា​អ្នក​ធានា​សន្តិសុខ​នៅ​ទី​នោះ។ គួរ​រម្លឹក​ថា ប្រមុខ​ការទូត​អ៊ីរ៉ង់​ធ្លាប់​បាន​ព្រមាន​អាមេរិក​ពី​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើ​អាមេរិក​ព្យាយាម​រារាំង​មិន​ឲ្យ​អ៊ីរ៉ង់​ប្រើ​ច្រកសមុទ្រ Ormuz នោះ។

ចំណែក​ឧត្តមសេនីយ​អ៊ីរ៉ង់​បាកឺរី​បាន​ថ្លែង​ថា អ៊ីរ៉ង់​មិន​ព្យាយាម​បិទ​ច្រក​សមុទ្រ Ormuz ទេ តែ​បើ​អាមេរិក​នៅ​តែ​ផ្គើន អ៊ីរ៉ង់​មាន​សមត្ថភាព​នឹង​បិទ និង​ព្រមាន​បន្ថែម​ថា បើ​អ៊ីរ៉ង់​មិន​អាច​ដឹកប្រេង​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ Ormuz នោះ​បាន​ទេ ក៏​គ្មាន​ប្រទេស​មួយ​អាច​ធ្វើ​បាន​ដែរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ