អានតួអត្ថបទ
តំបន់អាម៉ាហ្សូន

ប្រទេស​៧​ចុះកិច្ចព្រមព្រៀង​រួម​ដើម្បី​ការពារ​ព្រៃ​អាម៉ាហ្សូន

ប្រធានាធិបតី​កូឡុំប៊ី លោក Ivan Duque និយាយ​ទៅកាន់​ប្រធានាធិបតី បូលីវី អេក្វាទ័រ ពេរូ នៅក្នុង​ជំនួបកំពូល​ស្តីពីការការពារព្រៃអាម៉ាហ្សូន នៅ​Leticia ថ្ងៃសុក្រទី ៦​កញ្ញា ២០១៩
ប្រធានាធិបតី​កូឡុំប៊ី លោក Ivan Duque និយាយ​ទៅកាន់​ប្រធានាធិបតី បូលីវី អេក្វាទ័រ ពេរូ នៅក្នុង​ជំនួបកំពូល​ស្តីពីការការពារព្រៃអាម៉ាហ្សូន នៅ​Leticia ថ្ងៃសុក្រទី ៦​កញ្ញា ២០១៩ ©Courtesy of Colombian Presidency/Handout via REUTERS

ប្រទេសចំនួន ៧ នៃ​តំបន់​អាម៉ាហ្សូន នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​រួម​មួយ ដែល​មាន​ទិសដៅ ការពារ អភិរក្ស​ព្រៃអាម៉ាហ្សូន ដែល​កំពុង​រងបំផ្លាញ​ដោយ​ភ្លើងឆេះព្រៃ។ នៅក្នុង​ជំនួបកំពូល​ថ្នាក់​ប្រធានាធិបតី ដែលរៀបចំ​ធ្វើ​នៅ​ទីក្រុង Leticia ក្រុមប្រទេស​ដែល​មាន​ព្រៃអាម៉ាហ្សូន​បាន​ព្រមព្រៀងគ្នា​ផងដែរ ពីការគោរព ដែនអធិបតេយ្យភាព​របស់​ប្រទេស​ដែលមាន​ព្រៃអាម៉ាហ្សូន ទៅតាម​ការទាមទារ​ចង់បាន​របស់​ប្រធានាធិបតី​ប្រេស៊ីល។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួបកំពូល​ថ្នាក់ប្រធានាធិបតី ដែល​រៀបចំ​ធ្វើ នៅកណ្តាលភូមិ​របស់​ជនជាតិ​ភាគតិច ក្នុង​ទឹកដី​កូឡុំប៊ី មេដឹកនាំ​របស់​ប្រទេស​ទាំង ៧ ប៉េរូ បូលីវី កូឡុំប៊ី អេក្វាទ័រ ប្រេស៊ីល ហ្គុយ៉ាណា និង​ស៊ូរីណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​ជាក់ស្តែង ដែល​គេ​ត្រូវ​អនុវត្ត ដើម្បី បង្ការ ការពារ​ព្រៃអាម៉ាហ្សូន។

អត្ថបទ​នៃ​កិច្ចព្រមព្រៀង​មាន​ចែង​ផងដែរ​ពី​ការតាមដាន ត្រួតពិនិត្យ​ព្រៃ​អាម៉ាហ្សូន ដោយ​ផ្កាយរណប ហើយ​និង​ការសហការគ្នា​រវាង​ប្រទេស​ជុំវិញ ព្រៃអាម៉ាហ្សូន ដើម្បី អន្តរាគម ក្នុង​ករណី​មាន​គ្រោះមហន្តរាយ​ធម្មជាតិ ដូចជា​ភ្លើងឆេះព្រៃ ដែល​កំពុង​ដុតបំផ្លាញ ព្រៃអាម៉ាហ្សូន អស់​រាប់លាន​ហិចតា។

ការកាប់ព្រៃ​ខុសច្បាប់ ​ការធ្វើ​អាជីវកម្ម​រ៉ែ ក្នុង​តំបន់​ព្រៃអាម៉ាហ្សូន ហើយ​និង​ការដុតព្រៃ កាប់ឆ្ការ ពង្រីកដី​ខុសច្បាប់ ដើម្បី​ធ្វើ​កសិកម្ម។ រដ្ឋាភិបាល​របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង Leticia បាន​យល់ស្រប​ថា នឹង​សហការ​គ្នា​ជាធ្លុងមួយ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ដើមហេតុ ដែល​ធ្វើ​ឲ្យ​មាន​បទល្មើស​បំផ្លាញព្រៃអាម៉ាហ្សូន។

សម្រាប់​ប្រធានាធិបតី​ប៉េរូ លោក​Martin Vizcarra ការមានឆន្ទៈ​តែមួយមុខ​មិន​គ្រប់គ្រាន់នោះទេ។ គេ​ត្រូវការ​ប្រមូលផ្តុំ​វិធានការ ជាក់ស្តែង ដើម្បី​ការពារ​ព្រៃអាម៉ាហ្សូន ទ្រព្យសម្បត្តិ​របស់​មនុស្សជាតិ។

គិត​ចាប់តាំង​ពី​ខែ មករា រហូត​ដល់​ថ្ងៃ ទី ៥​ខែ​កញ្ញានេះ គេ​រកឃើញ​មាន​ភ្លើងឆេះព្រៃ ជាង ៩ម៉ឺន​កន្លែង (៩៦ ៥៩៦) ក្នុង​ប្រទេស​ប្រេស៊ីល ដែលនៅក្នុង​នោះ ជាង ពាក់កណ្តាល ស្ថិតនៅ​ក្នុង​តំបន់​ព្រៃអាម៉ាហ្សូន។ តាម​វិទ្យាស្ថាន​តាមដាន អវកាស​ប្រេស៊ីល បើបៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​មុន ចំនួនភ្លើង​ឆេះព្រៃ បាន​កើនឡើង ទ្វេដង នៅ​ប្រទេស​ប្រេស៊ីល។

លោកប្រធានាធិបតី ប្រេស៊ីល​មកពីគណបក្ស​ស្តាំនិយមជ្រុល បាន​រងការរិះគន់ ពី​អន្តរជាតិ និង​អង្គការ​ការពារ​បរិស្ថាន ក្នុងរឿង​យឺតយ៉ាវ ទុក​ឲ្យ​ភ្លើងឆេះព្រៃ បំផ្លាញ ព្រៃ​អាម៉ាហ្សូន។ សម្រាប់​សកម្មជន​ការពារ​បរិស្ថាន ប្រេស៊ីល លោកប្រធានាធិបតី បុលសូណារ៉ូ គ្មាន​ចេតនា​ទប់ស្កាត់ ពន្លត់ភ្លើងឆេះព្រៃ​នោះទេ ព្រោះ​កន្លងមក លោកធ្លាប់​បាន​សំដែង​ការគាំទ្រ​ដល់​ការធ្វើ​អាជីវកម្ម រ៉ែ ហើយ​និង​សកម្មភាព ដុត កាប់ឆ្ការ​ព្រៃ ដើម្បី​យកដី​ធ្វើកសិកម្ម នៅ​ប្រេស៊ីល។

កិច្ចព្រមព្រៀង ស្តីពី​ការការពារ​ព្រៃអាម៉ាហ្សូន​មាន​ចែងផងដែរ​ពី​ដែនអធិបតេយ្យ​របស់​ប្រទេស​នីមួយៗ​ដែលជា​ម្ចាស់ព្រៃ​អាម៉ាហ្សូន។ ការបញ្ជាក់​ច្បាស់ៗ​ពី​សិទ្ធិ និង​ដែនអធិបតេយ្យភាព​របស់​ប្រទេស​ក្នុង​តំបន់អាម៉ាហ្សូន នៅក្នុង​កិច្ចព្រមព្រៀង នេះ ជា​ការទាមទារ​របស់ប្រធានាធិបតី​ប្រេស៊ីល ដែល​កំពុង​បង្ក​សង្រ្គាម​ពាក្យសំដី​ជាមួយ​ប្រធានាធិបតី​បារាំង។ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង ដែល​រិះគន់​នយោបាយ អសកម្ម​របស់​រដ្ឋាភិបាល​ប្រេស៊ីល ក្នុង​រឿង​ភ្លើងឆេះព្រៃ​អាម៉ាហ្សូន ធ្លាប់​បាន​លើកឡើង​ពី​គំនិត ចង់​ឲ្យ​គេ​បង្កើត​លក្ខន្តិកៈអន្តរជាតិ សម្រាប់​ព្រៃអាម៉ាហ្សូន ដែលដើរតួនាទី​សំខាន់ សម្រាប់​ស្រូបយក​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភប​នៃ​ការឡើងកំដៅ​របស់​ផែនដី។ សម្រាប់​លោក​ម៉ាក្រុង ការបង្កើត​លក្ខន្តិកៈ អន្តរជាតិ​សម្រាប់ ព្រៃអាម៉ាហ្សូន គឺ​ជា​សំណួរ​ដែល​គេ​ត្រូវ​ចោទសួរ​បន្ទាន់ ប្រសិន​បើ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​មួយ ធ្វើ​នយោបាយ ដែល​ប្រឆាំងផ្ទុយ នឹង​ផលប្រយោជន៍​រួម​របស់​មនុស្ស​ទូទៅ នៅ​លើ​ផែនដីនោះ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ