អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីត ៖ អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ការវាយប្រហារ​លើ​ទីតាំង​ផលិតប្រេង

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​​អារ៉ាប៊ីសាអូឌីត Turki al-Maliki បង្ហាញ​បំបែក​គ្រាប់​បាញ់​លើ​ទីតាំង​ផលិត​ប្រ
អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​​អារ៉ាប៊ីសាអូឌីត Turki al-Maliki បង្ហាញ​បំបែក​គ្រាប់​បាញ់​លើ​ទីតាំង​ផលិត​ប្រ REUTERS/Hamad I Mohammed

បួន​ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​លើ​ទី​តាំង​ផលិតប្រេង​ពីរ​កន្លែង អារ៉ាប៊ីសាអ៊ូឌីត​​បាន​បង្ហាញ​ភស្តុតាង​ថា ​អ៊ីរ៉ង់​ជា​អ្នក​នៅពីក្រោយ​ការ​វាយប្រហារ​នោះ។ ជា​ស្នាដៃ​​របស់អ៊ីរ៉ង់ មិនមែន​ជា​ទង្វើ​របស់​ពួក​ឧទ្ទាម​យេម៉ែន​ទេ ! នេះ​ជា​ទស្សនៈ​របស់​លោក​​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​វិញ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអ៊ូឌីត។  សម្រាប់​លោក Pompeo  ទង្វើ​របស់​អ៊ីរ៉ង់នេះ ​គឺ​ស្មើ​នឹង​ការ​ធ្វើ​សង្រ្គាម។

ផ្សាយពាណិជ្ជកម្ម

ពួក​ឧទ្ទាម​ហ៊ូទីដែល​គាំទ្រ​នយោបាយ​ដោយ​អ៊ីរ៉ង់ បាន​បញ្ជាក់​ជា​ថ្មី ថា​ពិត​ជា​អ្នក​វាយប្រហារ​​លើ​ទីតាំង​ផលិតប្រេង​របស់​អារ៉ាប៊ីសាអូឌីត និង​គំរាម​ធ្វើការ​វាយប្រហារ​ទីតាំង​​ជាច្រើន​កន្លែង​ផ្សេង​ទៀតរបស់អេមីរ៉ាត់អារ៉ាប់​រួម ​សម្ព័ន្ធមិត្ត​របស់​​អារ៉ាប៊ីសាអូឌីត ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​យេម៉ែន​តាំង​ពី​ឆ្នាំ​២០១៥​មក។

ប៉ុន្តែ ដ្រូន​១៨​គ្រឿង មីស៊ីល​បណ្តែត​៧គ្រាប់ ដែល​គេ​​ប្រើ​ក្នុង​ការ​វាយប្រហារ​លើ​ទីតាំង​ផលិត​ប្រេង​ពីរ​កន្លែង​របស់​អារ៉ាប៊ីសាអូឌីត ​បាន​បាញ់​ចេញពី​ភាគ​ខាង​ជើង មិន​មែន​មក​ពី​យេម៉ែន​ដែល​នៅភាគ​ខាង​ត្បូង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទេ ! នេះ​បើ​តាមលទ្ធផល​អង្កេត ​ដែល​ក្រុង​រីយ៉ាដ​បាន​លាត​ត្រដាង​ឱ្យ​ដឹងជា​​​ផ្លូវការ។ សម្រាប់​អ្នកទទួល​ខុ​ស​ត្រូវ​អារ៉ាប៊ីសាអូឌីត​ ច្បាស់​ណាស់​ដែល​ថា​​អ៊ីរ៉ង់​ជា​អ្នក​​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

អារ៉ាប៊ីសាអូឌីត​​មិន​ប្រើ​ពាក្យ​​ចោទ​ប្រកាន់ដោយ​ចំៗ​​​ថា​អ៊ីរ៉ង់ជា​អ្នក​​​បាញ់​មែន តែ​ចំពោះ​លោក​​រដ្ឋមន្ត្រីការបរទេស​អាមេរិក មាឃ ប៊ុមប៉េអូ ការ​វាយប្រហារ​នោះ​ជា​ស្នាដៃ​អ៊ីរ៉ង់ មិនមែន​មក​ពី​ខាង​ហ៊ូទីទេ។ មធ្យោបាយ​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ គ្មាន​ប្រើ​ជា​អាវុធក្នុង​ជួរ​កងទ័ព​​​របស់​ពួក​ឧទ្ទាម​ហ៊ូទីឡើយ។ គ្រាន់តែ​ទៅ​ដល់​ទឹក​ដី​​អារ៉ាប៊ីសាអូឌីត​ភ្លាម ប្រមុខ​ការ​ទូត​អាមេរិក​ដែលរួសរាន់​​ទៅ​ក្រុង​រីយ៉ាដ ដើម្បី​ជួប​រាជបុត្រ​ស្នង​រាង​ បេនសាល់ម៉ាន បាន​លើក​ឡើង​ថា​ទង្វើ​របស់​អ៊ីរ៉ង់​គឺ​ស្មើ​នឹង​ធ្វើ​សង្គ្រាម។

ក្នុង​សំនៀង​មិន​ដាច់​ខាត​ដូច​រដ្ឋមន្ត្រី​ការបរទេស លោកដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ ប្រកាស​ពង្រឹង​ទណ្ឌកម្ម​បន្ថែម​ពីលើ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ ដាក់​លើ​អ៊ីរ៉ង់។ មិន​ដឹង​ថា​ជា​ការ​សងសឹក​ឬ​ការ​ប្រើ​កម្លាំង​យោធា​ឡើយ។ ប្រភេទ​ទណ្ឌកម្ម​នឹង​ត្រូវ​លម្អិត​ឱ្យ​ដឹង​នៅ​រវាង​៤៨​ម៉ោង​ទៀត​។ ប្រឈម​នឹង​ស្ថានការណ៍​នេះ កូវ៉ែត​ជិត​ខាង​បាន​ប្រមូល និង​ពង្រឹង​កងទ័ព​ ត្រៀម​ប្រយុទ្ធ​ជា​ស្រេច​ហើយ។

ជា​ប្រតិកម្ម​តបនឹង​សេចក្តី​ប្រកាស​អាមេរិក អ៊ីរ៉ង់​បាន​បន្ទោស​វ៉ាស៊ីនតោន​ថា​ចង់​ធ្វើ​បាប​ពលរដ្ឋ​ស៊ីវិល។ ចំណែក​រុស្ស៊ី​វិញ ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​បុរស​ខ្លាំង​របស់​អារ៉ាប៊ីសាអូឌីត លោកពូទីន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​​អង្កេត​ស៊ីជម្រៅ។ ប្រធានាធិបតី​បារាំង​ សម្រេច​បញ្ជូន​អ្នក​ជំនាញ​ទៅ​ជួយ​ធ្វើ​អង្កេត។​ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ ក្រុម​អង្កេត​អង្គការ​សហប្រជាជាតិ​បាន​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​លើ​សំណុំ​រឿង​នេះ​ហើយ

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ