អានតួអត្ថបទ

តួកគី ប្រកាស​បើក​ប្រតិបត្តិការ​យោធា​នៅលើ​ទឹកដ៏​​ស៊ីរី ក្នុង​ពេលដ៏​ឆាប់ៗ

ទាហាន​តួកគី​បញ្ជូន​រថក្រោះ រថពាសដែក ទៅ​ឈរ​ជើង​នៅ​ក្រុង Akcakaleខេត្ត​ជាប់​ព្រំដែន​ស៊ីរី
ទាហាន​តួកគី​បញ្ជូន​រថក្រោះ រថពាសដែក ទៅ​ឈរ​ជើង​នៅ​ក្រុង Akcakaleខេត្ត​ជាប់​ព្រំដែន​ស៊ីរី Reuters

ភាព​ស្រពិចស្រពិល​កំពុង​កើត​មាន​នៅ​តាម​ព្រំដែនខាង​ជើង​ប្រទេស​ស៊ីរីជាមួយ​​តួកគី។ តួកគី​បាន​ប្រកាស​ត្រៀម​ចេញ​ធ្វើ​ប្រតិបត្តិការយោធា​​ថ្មី នៅ​លើ​ទឹក​ដី​​ស៊ីរី ​ប្រឆាំង​នឹងកង​ប្រដាប់​អាវុធ​ប្រជាធិបតេយ្យ​ស៊ីរី ដែល​ភាគ​ច្រើន​ជា​គួដឌីស្ថាន។ សេចក្តីប្រកាស​នេះ ធ្វើ​ឡើង​បើ​ទោះ​បី​ជា​​ប្រធានាធិបតីអាមេរិក ប្រាប់​ថាអាមេរិក​​មិន​បោះបង់​ក្រុមគូដឌីស្ថាន​យ៉ាងណា​ក៏​ដោយ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ចន្ទ​មក យោធា​តួកគី បាន​បញ្ជូន​កង​កម្លាំង​ដូច​ជា​រថក្រោះ​ទៅ ព្រំដែន​ស៊ីរី រថពាស​ដែកថ្មីៗ​បាន​ទៅ​ដល់​តាម​ក្រោយ​នៅ​ថ្ងៃ​អង្គារ​ ក្បួន​យោធា​រាប់​សិប​ឡាន បាន​ទៅ​ផ្តុំ​កម្លាំង​នៅក្រុង Akçakale ​ជាប់​ព្រំដែន​។ បន្ថែម​ពី​លើ​ទិដ្ឋភាព​ថា​នឹង​អាច​មាន​ការ​វាយប្រហារ​​លើ​ក្រុម​ប្រដាប់អាវុធ​គូដឌីស្ថាន​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តួកគី​បាន​គូសបញ្ជាក់​ថា ការ​រៀប​ចំ​បើក​ប្រតិបត្តិការ​បានត្រៀម​រួច​ស្រេច​បាច់​ហើយ !

ទាហាន​តួកគី​នឹង​ឆ្លង​ព្រំ​ដែន​ទៅ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​កង​ប្រដាប់​អាវុធ​ប្រជាធិបតេយ្យស៊ីរី ដឹកនាំ​ដោយ​ចលនា​គួដឌីស្ថាន នឹង ចាប់​ផ្តើម​ក្នុង​ពេល​ដ៏ឆាប់ៗ​ ! ទាហាន​គួដឌីស្ថាន​អាច​ចុះ​ចូល​ជាមួយ​តួកគី​ ឬ​មិន​ដូច្នោះ​ទេ តួកគី​គ្មាន​ជម្រើស​អ្វី​នឹង​ត្រូវវាយ​បំបែក​ក្រុម​ដែល​រំខាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​តួកគី​ចុះ​ផ្សាយ​ក្នុង​ក្នុង​​កាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍។

ប៉ុន្តែ​បើ​តាម​ប្រភព​កងកម្លាំង​គួដឌីស្ថាន យោធា​តួកគី​បាន​បើក​ផ្តើម​ទម្លាក់​គ្រាប់​បែក​លើមូលដ្ឋាន​ទ័ព​​របស់​​គួដឌីស្ថាន​ តាំង​ពី​ល្ងាច​ថ្ងៃ​អង្គារ​មក​ម្ល៉េះ។ ជា​មូលដ្ឋាន​ដែលទាហាន​អាមេរិក​ទើប​ដក​ចេញ​កាលពី​ចន្ទ។

​​តើ​តួកគី​ពិត​ជា​នឹង​បើក​ប្រតិបត្តិការ​លើ​ទឹក​ដី​ស៊ីរី​មែនឬ​យ៉ាងណា ? ពេល​នេះ ភាព​សង្ស័យ​និង​ច្របូល​ច្របល់​ មាន​កាន់​តែ​ខ្លាំង ព្រោះ​សូម​បញ្ជាក់​ថា​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ៦​តុលា សេតវិមាន​​បាន​ប្រកាស​ដកកងទ័ព​អាមេរិក​​ដែល​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ីរី-តួកគី ដើម្បី​ឱ្យ​​តួកគីអាច​បើក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​នៅភាគ​ខាងជើង​ប្រទេស​ តាមផែនការ​គ្រោង​ទុកតាំង​ពី​យូរ​មក។ សេចក្តី​សម្រេច​នេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ថា​អាមេរិក​បោះបង់​សម្ព័ន្ធមិត្ត​គួដឌីស្ថាន។ នៅ​ទី​បំផុត​ លោក​ដូណាល់ ត្រាំ បាន​កែ​តម្រូវ​សុន្ទរកថា​របស់​ខ្លួន ដោយ​អះអាង​ “សេដ្ឋកិច្ចប្រទេស​នឹង​ត្រូវ​ខ្ទេច​ខ្ទាំទាំងស្រុង​ បើ​​​តួកគីហ៊ាន​កន្លង​បន្ទាត់​ហាមឃាត់។ អាមេរិក​កំពុង​ចាក​ចេញ​ពី​ស៊ីរី មែន តែ​មិន​បោះបង់​ទាហាន​គួដឌីស្ថាន​ឡើយ អាមេរិក​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​និង​អាវុធ​ដល់​ពួក​គេ​ដដែល”។ តែ​លោក​ត្រាំ​ក៏​បាន​ប្រកាស​ទទួល​លោក​អ៊ែរដូហ្កាន​​ប្រធានាធិបតី​ នៅ​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី ១៣​វិច្ឆកា​ខាង​មុខ។

អាមេរិក​ធ្លាប់​ឃាត់​តួកគីបាន​នៅ​នាទី​ចុងក្រោយ​​​មិន​ឱ្យ​វាយប្រហារ​លើ​ស៊ីរី​ម្តងហើយ​ កាលពី​ខែ​សីហា​​កន្លងទៅ ដោយ​ស្នើ​ចាប់​ដៃ​គ្នា​បង្កើត​ តំបន់​សន្តិសុខ តាំង​ពីពេល​នោះ​មក​​អង់ការ៉ា​តែង​បរិហារ​សកម្មភាព​យឺតយ៉ាវ​​​ និង​គំរាម​បើក​យុទ្ធនាការ​ជា​ឯកតោ​ភាគី​រហូត។

ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ សហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុបបាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​​ខ្លាច​មាន​វិបត្តិ​មនុស្សធម៌​​កើត​ឡើង​ជា​ថ្មី​នៅ​ស៊ីរី។ សង្គ្រាម​ស៊ីរី​ តាំង​ពី​ឆ្នាំ​២០១១​មក​បាន​សម្លាប់​ជីវិតមនុស្ស​អស់​ជាង​៣សែន ៧​ម៉ឺន​នាក់ និង​ជន​ផ្លាស់​ទី​រាប់​លាន​នាក់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ