អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

សំឡេង ០៧:២០
សភាអ្នកតំណាងរាស្រ្ត​អាមេរិក​បោះឆ្នោត​អនុម័ត​លើ​សេចក្តីសម្រេច​បើក​នីតិវិធីទម្លាក់លោកដូណាល់ ត្រាំ ជាផ្លូវការ នៅថ្ងៃទី ៣១​តុលា ២០១៩
សភាអ្នកតំណាងរាស្រ្ត​អាមេរិក​បោះឆ្នោត​អនុម័ត​លើ​សេចក្តីសម្រេច​បើក​នីតិវិធីទម្លាក់លោកដូណាល់ ត្រាំ ជាផ្លូវការ នៅថ្ងៃទី ៣១​តុលា ២០១៩ ©REUTERS/Tom Brenner

នីតិវិធី​ឈាន​ទៅ​ទម្លាក់តំណែង​ប្រធានាធិបតី​អាមេរិក​បាន​ឆ្លងចូលដល់​ដំណាក់កាលមួយថ្មី។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សភាអ្នកតំណាងរាស្រ្ត​អាមេរិក បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​មួយ​ដើម្បី​បើក​ជា​ផ្លូវការ នីតិវិធី​ទម្លាក់តំណែង របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ។ ភ្លាមៗ លោកដូណាល់ ត្រាំ បាន​សរសេរ​សារ​Twitter ចោទប្រកាន់​ចំណាត់ការ​របស់​សភា​អាមេរិក​ថា ជា​ការតាមប្រមាញ់ មេធ្មប់ ក្នុង​ទ្រង់ទ្រាយ​ដ៏ធំមួយ មិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

សភាអ្នកតំណាងរាស្រ្ត​អាមេរិក បាន​ប្រកាស​បើក​នីតិវិធី ឈាន​ទៅ​ទម្លាក់​លោកដូណាល់ ត្រាំ តាំង​ពី​ថ្ងៃទី ២៩​កញ្ញា​មកម្ល៉េះប៉ុន្តែ នៅមិនទាន់​បាន​បោះឆ្នោត សម្រេច​ជា​ផ្លូវការ​នោះទេ។ ទើប​តែ​នៅ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​សភា​អ្នកតំណាងរាស្រ្ត បោះឆ្នោត សម្រេច​ជា​ផ្លូវការ បើក​នីតិវិធី​ដើម្បី​ទម្លាក់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ដែល​គណបក្ស​ប្រឆាំង​បាន​ចោទប្រកាន់​ថា បាន​រំលោភអំណាច ដោយ​បាន​ដាក់សម្ពាធ ទៅ​លើ​ប្រធានាធិបតី​អ៊ុយក្រែន ដើម្បី ផលប្រយោជន៍សំឡេងឆ្នោត ផលប្រយោជន៍​ខ្លួន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ខាងមុខ។

សូមរំលឹកថា រហូត​មក គណៈកម្មការ​របស់សភា​អ្នកតំណាងរាស្រ្ត ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង បាន​បើក​សវនាការ សួរដេញដោល សាក្សី​ជាង​១០រូប ដែល​ជា​មន្រ្តីទូត និង​ទីប្រឹក្សា​សន្តិសុខ របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​បាន​ដឹង​រឿង​ទូរស័ព្ទ ឆ្លើយឆ្លង​រវាង​លោកដូណាល់ ត្រាំ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន។ សវនាការ​កន្លងមក ធ្វើឡើង​ដោយ​សម្ងាត់ បិទទ្វារ នៅ​គណៈកម្មការ​ស៊ើបអង្កេត​របស់​សភា។ ប៉ុន្តែ ជាមួយ​នឹង​សេចក្តីសម្រេច ដែល​សភាអ្នកតំណាងរាស្រ្ត​បាន​បោះឆ្នោត​អនុម័ត កាលពី​ថ្ងៃ​ម្សិលមិញ រាល់​សវនាការ​សួរដេញដោល​ទៅ​ថ្ងៃមុខ​គឺ​ធ្វើឡើង​ជា​សាធារណៈ អាច​ចាក់ផ្សាយ​តាមទូរទស្សន៍ គឺ​លែង​ជា​រឿង​សម្ងាត់ ដែល​ធ្វើឡើង​នៅក្នុង​បន្ទប់​បិទជិត របស់​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​ដូចមុន​ទៀតហើយ។

សម្រាប់​ប្រធាន​សភា​អ្នកតំណាងរាស្រ្ត​អាមេរិក ដោយ​បើកចំហរ​ជា​សាធារណៈ សវនាការ​សាកសួរ​សាក្សី ដែលដឹង​រឿង​ទូរស័ព្ទ លោក​ដូណាល់ ត្រាំ ប្រជាជន​អាមេរិកាំង​នឹង​អាច​ មាន​គំនិត​យល់ឃើញ​ផ្ទាល់ខ្លួន។

ដោយស្តាប់​សក្ខីកម្ម​របស់​អ្នកដែល​ដឹងរឿង​ទូរស័ព្ទ​ឆ្លើយឆ្លង​របស់​លោកដូណាល់ ត្រាំ ជាមួយ ប្រធានាធិបតី អ៊ុយក្រែន ប្រជាជនអាមេរិកាំង នឹង​អាច​ពិចារណា​វិនិច្ឆ័យ​បានហើយ​ពី​ទង្វើ​របស់​លោកដូណាល់ ត្រាំ។ សវនាការ​ជា​សាធារណៈ​យ៉ាងដូច្នេះ គឺ​មិនមែន​ជា​ដំណឹងល្អ​សម្រាប់​លោកដូណាល់ ត្រាំ នោះទេ ព្រោះថា ការផ្តល់​សក្ខីកម្ម​របស់​មន្រ្តី​អាមេរិក រហូតមក គឺ​ហាក់​ដាក់បន្ទុក លើ​លោកដូណាល់ ត្រាំ ព្រោះថា គ្រប់​មន្រ្តីអាមេរិក ដែល​បាន​ឡើង​ទៅ​ឆ្លើយ​នៅក្នុង​គណៈកម្មការ​ស៊ើបអង្កេត សុទ្ធ​តែ​វាយតម្លៃ​ពី​ភាពមិន​សមស្រប ឬ​ការរំលោភអំណាច ដែល​លោកដូណាល់ ត្រាំ ទាមទារ​ភាគី​អ៊ុយក្រែន ឲ្យ​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​របស់លោក ជា​ថ្នូរ​នឹងជំនួយយោធា​អាមេរិក។

សេតវិមាន៖ នីតិវិធី​បែប​ឆបោក

ក្រុម​បក្សសាធារណរដ្ឋ ដែល​ជា​បក្ស​របស់​លោកដូណាល់ ត្រាំ ធ្លាប់​បាន​រិះគន់​គណបក្ស​ប្រឆាំង ថា បាន​ផ្តើម​នីតិវិធី ទម្លាក់លោកដូណាល់ ត្រាំ ដោយ​គ្មាន​ឆ្លងការបោះឆ្នោត និង​បាន​បើក​សវនាការ​សម្ងាត់បិទទ្វារ។ ទោះជា​គណបក្សប្រជាធិបតេយ្យ​ធ្វើតាមអ្វី​ដែល​ខ្លួន ទាមទារ ចង់បាន ប៉ុន្តែ គណបក្ស​សាធារណរដ្ឋ​នៅតែមិនពេញចិត្ត។ មិនពេញចិត្ត​ទី១ នៅត្រង់ថា ជាមួយ នឹង​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​លោក​ដូណាល់ ត្រាំ ជា​ផ្លូវការ និង​បើកសវនាការ ជា​សាធារណៈ ក្រុម​បក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឲ្យ​ក្រុមសាធារណរដ្ឋ​បិទមាត់​ដូចគេ​ចុក គឺ​លែង​អាច​តវ៉ា​រករឿង​ដូចមុន។ ទី២ នៅក្នុង​សេចក្តីសម្រេច​ដែល​សភា​បាន​បោះឆ្នោត កាលពីថ្ងៃ​ម្សិលមិញ មាន​ចែង​ពី​ការចូលរួម​របស់​អ្នកតំណាងរាស្រ្ត​បក្សសាធារណរដ្ឋ ពោល​គឺ​ក្រុមសាធារណរដ្ឋ​អាច​នាំ​យក​សាក្សី​ដែល​ខ្លួនមាន ឲ្យ​មក​ឆ្លើយ​នៅក្នុង​ការស៊ើបអង្កេត​របស់​គណៈកម្មការ​ស៊ើបការណ៍សម្ងាត់។

សេចក្តីសម្រេច​ចែងដែរថា រាល់ភស្តុតាង​ទាំងឡាយ នឹង​ត្រូវ​បញ្ជូន​ទៅ​គណៈកម្មការ​យុត្តិធម៌ ដែល​ជាអ្នកមាននាទី សរសេរ​អត្ថបទ​ចោទប្រកាន់​ជា​ផ្លូវការ លោកដូណាល់ ត្រាំ។ គឺ​នៅពេល​នោះហើយ​ដែល​លោកដូណាល់ ត្រាំ អាច​មានសិទ្ធិ ដាក់​ឯកសារ នាំ​យក​សាក្សី​ការពារ​ខ្លួន សម្រាប់​ប្រឆាំង​នឹង​ការចោទប្រកាន់។ ត្រង់ចំណុច​នេះ​ហើយ​ដែលក្រុមសាធារណរដ្ឋ​មិនពេញចិត្ត និង​បរិហារ​រិះគន់​នីតិវិធី​អនុម័ត​ដោយ​សភា ថា មិន​យុត្តិធម៌។ ទៅតាម​បទបញ្ជា​ដែលចងក្រង​ឡើង​ដោយ​ក្រុមអ្នកតំណាងរាស្រ្ត បក្ស​ប្រជាធិបតេយ្យ លោកដូណាល់ ត្រាំ អាច​ដាក់​ឯកសារ ឬ​នាំយក​សាក្សី​មក​ការពារ​ខ្លួន បាន ដរាប សេតវិមាន លោកដូណាល់ ត្រាំ យល់ព្រម សហការ ជាមួយ​ក្រុមស៊ើបអង្កេត​របស់​គណៈកម្មការ​របស់​សភាអ្នកតំណាងរាស្រ្ត។ សម្រាប់សេតវិមាន វា​ជាការឆបោក​សុទ្ធសាធ ប៉ុន្តែ សម្រាប់​លោកស្រី Nancy Pelosy ដែល​ជា​ប្រធាន​សភាអ្នកតំណាងរាស្រ្ត​មកពី​បក្ស​ប្រឆាំង វា​ជា​ច្បាប់​ដ៏ត្រឹមត្រូវ យុត្តិធម៌​បំផុត។

ការប៉ុនប៉ងគណបក្ស​ប្រជាធិបតេយ្យ​នឹង​មិន​សម្រេច​ជោគជ័យ

នៅក្នុង​សវនាការ​ជា​សាធារណៈ នៅ​ប៉ុន្មាន​សប្តាហ៍ខាងមុខ គេ​នឹង​អាច​ដឹង​ច្រើន ពី​ស្តីពី​សំណុំរឿង​ទូរស័ព្ទ លោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន ជាពិសេស នៅពេល​អតីត ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​ចន បុលតុន ដែល​លោកដូណាល់ ត្រាំ ទើប​តែ​បណ្តេញចេញពីតំណែង​កាលពី​ពីពេលថ្មីៗនេះ។ តាម​គម្រោង លោក​ចន បុលតុនអាច​នឹង​បង្ហាញមុខ​នៅក្នុង​សវនាការ​សួរដេញដោល​របស់​គណៈកម្មការ​សភា​នៅថ្ងៃទី ៧​វិច្ឆិកាខាងមុខ។ បន្ទាប់ពី​សវនាការ​ដេញដោល ដែល​នឹង​ពន្យារពេល​រហូត​ដល់​ដំណាច់ឆ្នាំនេះ គណៈកម្មការ​ស៊ើបអង្កេត​នឹង​អាច​ចងក្រង​ច្បាប់ ដើម្បីឲ្យ សភា​នឹង​អាច​បោះឆ្នោត ជាផ្លូវការ។ ប៉ុន្តែ សួរថា តើអាច​ទៅរួចទេ ដែលលោកដូណាល់ ត្រាំ នឹង​អាចត្រូវ​គេ​បោះឆ្នោត ទម្លាក់​ចេញពីតំណែងនោះ? សភាអ្នកតំណាងរាស្រ្ត​អាច​បោះឆ្នោត ទម្លាក់លោកដូណាល់ ត្រាំ មែន ប៉ុន្តែ ការសម្រេច​ចុងក្រោយ ពីជោគវាសនា​របស់​លោកដូណាល់ ត្រាំ គឺ នៅ​ក្នុង​ព្រឹទ្ធសភា​ទៅវិញទេ។ ដើម្បី ឲ្យ​ព្រឹទ្ធសភា​បោះឆ្នោត សម្រេច​ទម្លាក់​លោកដូណាល់ ត្រាំ គេត្រូវការ​សំឡេង ២ភាគ៣  ឬ​អាចនិយាយ​ថា បន្ថែម​ពីលើ​សំឡេង​របស់​អ្នកតំណាងរាស្រ្ត​បក្ស​ប្រជាធិបតេយ្យ ៤៥​ហើយ​នោះ គេ​ត្រូវការ សំឡេង​គាំទ្រ​ពី​បក្ស​សាធារណៈរដ្ឋ​ដល់​ទៅ ២០សំឡេង​បន្ថែមទៀតឯណោះ។

បក្ស​សាធារណរដ្ឋ​ប្រាកដជា​នឹង​បោះឆ្នោត​ប្រឆាំង មិន​ឲ្យ​គេ​ទម្លាក់​លោកដូណាល់ ត្រាំនោះទេ។ គណបក្ស​ប្រជាធិបតេយ្យ ក៏ដឹង មើលឃើញ​ពី ឧបសគ្គនេះដែរ។ ប៉ុន្តែ ដោយ​ចាប់ផ្តើម​នីតិវិធី​ផ្លូវការ​ទម្លាក់​លោកដូណាល់ ត្រាំ និង​បើក​សវនាការ​ជាសាធារណៈ ដើម្បី​ប្រជាជន​បាន​ស្តាប់​ពី​សាក្ខីកម្ម​របស់​អ្នកដែល​ដឹងរឿង​ទូរស័ព្ទ របស់​លោកដូណាល់ ត្រាំ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន គណបក្ស​ប្រជាធិបតេយ្យ តាម​ពិត មាន​យុទ្ធសាស្រ្ត ចង់​បំបាក់​មុខ បំបាក់​ប្រជាប្រិយភាព​របស់​លោកដូណាល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ ២០២០​ខាងមុខ៕

 

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ