អានតួអត្ថបទ

អាមេរិក​អំពាវនាវ​ឱ្យក្រុមហ៊ុន​អ៊ីនធ័រនែតព្យួរ​គណនី​​ប្រព័ន្ធ​សង្គម​​របស់​មេដឹកនាំ​អ៊ីរ៉ង់

អ៊ីនធ័រនែត​ចល័ត​ត្រូវ​បាន​កាត់​ផ្តាច់​​នៅ​អ៊ីរ៉ង់
អ៊ីនធ័រនែត​ចល័ត​ត្រូវ​បាន​កាត់​ផ្តាច់​​នៅ​អ៊ីរ៉ង់ ATTA KENARE / AFP

បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ការឡើង​ថ្លែ​ប្រេង​​យ៉ាង​គំហុក បាន​បិទ​បញ្ចប់​ហើយ ប៉ុន្តែពល​រដ្ឋ​ អ៊ីរ៉ង់​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ពិភពលោក​ខាង​ក្រៅ តាំង​ពី​ជាង​មួយ​សប្តាហ៍​មក​ហើយ​។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ​ សហរដ្ឋ​អាមេរិក​បាន​​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក អាំងស្តាក្រាម ព្យួរ​​គណនី​របស់​មេដឹកនាំ​អ៊ីរ៉ាក់​ដែរ រហូត​ទាល់តែ​​ប្រទេស​ព្រម​ភ្ជាប់​បណ្តាញ​អ៊ីនធ័រនែត​ជូន​ប្រជាជន​ត្រឹម​ត្រូវ​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​ភ្ជាប់​បណ្តាញ​អ៊ីនធ័រនែតតាម​ផ្ទះ​​​ខ្លះៗ​វិញ​ហើយ​ តែ​នៅ​មានការ​បិទ​ខ្ទប់​វិបសៃត៍​មួយ​ចំនួន។ ចំណែក​ប្រព័ន្ធ​ទូរស័ព្ទ​និង​អ៊ីនធ័រនែត​ចល័ត​​ នឹង​ចាប់​​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​តាម​ការ​សន្យា​របស់​រដ្ឋាភិបាល។​​

សូម​បញ្ជាក់​ថា បណ្តាញ​អ៊ីនធ័រនែតអ៊ីរ៉ង់​​​​ត្រូវ​បាន​កាត់​ផ្តាច់ស្ទើរ​ទាំង​ស្រុង​​​តាំង​ពី​ជាងមួយ​សប្តាហ៍​មក​ហើយ​។ ពលរដ្ឋ​អ៊ីរ៉ង់​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ពិភពលោក​ខាង​ក្រៅ​ តែ​រដ្ឋាភិបាលវិញ​ នៅ​តែអាច​បន្ត​ប្រើប្រព័ន្ធ​សង្គម​នេះ​បាន​​ទៀត។ ពិត​ជា​របប​អាត្មានិយម​ណាស់ ! នេះ​ជា​ការ​បរិហារ​របស់​អន្តរការី​អាមេរិក​ទទួលបន្ទុកកិច្ចការ​អ៊ីរ៉ង់​លោក Brian Hook នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្តាញ​Bloomberg ដោយបាន​ជំរុញ​​ នៅ​ល្ងាច​មិញ​ឱ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត​អាមេរិក ដូច​ជា​ ហ្វេសប៊ុក អាំងស្តាក្រាម និង​ទ្វីតទ័រ ព្យួរ​គណនី​​របស់​អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ ខាមេណី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក ហ្សាវ៉ាដ ហ្សារីហ្វ និង​ប្រធានាធិបតី​​ ហាសាន់​ រ៉ូហានី មួយ​រយៈ​ រហូត​ទាល់​តែ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ផ្នែក​អ៊ីនធ័រនែត​ពេញលេញ។

ក្រុមហ៊ុន​ហ្វេសប៊ុក​ និង​អាំងស្តារក្រាម បាន​គូស​បញ្ជាក់​ថា​មិន​អាច​ផ្តល់​ចម្លើយ​នឹង​សំណួរ​​ក្រុម​អ្នក​សារព័ត៌មាន​បារាំង​បាន​ទេ។ រីឯ ទ្វីតទ័រវិញ​ ប្រាប់​ថា​គ្មានអ្វី​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ទេ។

អ៊ីរ៉ង់​បាន​ធ្លាក់​ក្នុង​វិបត្តិ​នៅ​ថ្ងៃទី ១៥​វិច្ឆិកា ពីរបី​ម៉ោង​ក្រោយ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​កំណែទម្រង់​វិធី​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ប្រេង​ ដើម្បី​ជួយ​គ្រួសារ​យ៉ាប់យឺន ប៉ុន្តែ​កំណែទម្រង់​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ទៅ​វិញ។ មួយ​ថ្ងៃ​ក្រោយ​មក រដ្ឋាភិបាល​បាន​ចាត់វិធានការ​ហាមឃាត់​ និង​បិទ​ខ្ទប់​មិនឱ្យ​មានកា​រផ្សព្វផ្សាយ​រូបភាព​​បង្ក្រាប​បាតុករ​ ដោយ​បាន​កាត់​ផ្តាច់ប្រព័ន្ធ​អ៊ីនធ័រនែត។ ​ពលរដ្ឋ​អ៊ីរ៉ង់​ ​ត្រូវ​កាត់​ផ្តាច់​ពីពិភពលោក​។

សម្រាប់​អន្តរការី​អាមេរិក​ប្រចាំ​អ៊ីរ៉ង់ រដ្ឋាភិបាល​ផ្តាច់​អ៊ីនធ័រនែត​ ដើម្បី​បិទ​បាំង​ចំនួន​បាតុករ​ស្លាប់ និង​សោកនាដកម្ម​លើ​​បាតុករ​រាប់​សិបពាន់​នាក់​នៅទូទាំង​ប្រទេស​ ពី​ក្រសែ​ភ្នែកអន្តរជាតិ​។ បាតុកម្ម​ដែល​បាន​បង្ក​ឱ្យ​ស្លាប់​ពលរដ្ឋ​ស៊ីវិល​៥​នាក់ បើ​តាម​តួលេខ​ផ្លូវការ​ តែ​ជាង​១០០​នាក់​បើ​តាម​អង្គការ​Amnesty International។

កាលពី​ថ្ងៃ​សុក្រ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​​ ដែល​បាន​ចេញ​បញ្ជា​ឱ្យ​បិទ​អ៊ីនធ័រនែត​ក្នុង​ប្រទេស​។ នៅ​ក្នុង​សារ​ទ្វីត ជា​ភាសា​ពែក្ស​ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ប្រាប់​បាតុករ​អ៊ីរ៉ង់​ឱ្យ​បញ្ជូន​មក​អាមេរិកនូវ​រាល់​ភស្តុតាង​បញ្ជាក់​អំពី​សកម្មភាព​របស់​តេអេរ៉ង់ ដើម្បី​ឱ្យ​ពួក​គេ​បាន​ទទួលទណ្ឌកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ