អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

ឧត្តមស្នងការ​សិទ្ធិមនុស្ស​ថ្កោលទោស​ការបង្រ្កាប​ហិង្សា​ទៅ​លើ​បាតុករ​អ៊ីរ៉ង់

ហាងសាំង​នៅទីក្រុង​តេហេរ៉ង់ ​រងការដុតបំផ្លាញ​នៅក្នុងបាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​ដំឡើងថ្លៃប្រេង​នៅអ៊ីរ៉ង់ កាលពី​ខែ​វិច្ឆិកា
ហាងសាំង​នៅទីក្រុង​តេហេរ៉ង់ ​រងការដុតបំផ្លាញ​នៅក្នុងបាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​ដំឡើងថ្លៃប្រេង​នៅអ៊ីរ៉ង់ កាលពី​ខែ​វិច្ឆិកា AFP

ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស អំពើហិង្សា ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់ ទៅលើ​បាតុករ នៅក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង នឹង​ការដំឡើងថ្លៃប្រេង នៅអ៊ីរ៉ង់ កាលពី​ពាក់កណ្តាល ខែ​វិច្ឆិកា។ នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​អំពាវនាវ​ផងដែរ ឲ្យ​អាជ្ញាធរ​អ៊ីរ៉ង់ ដោះលែង​មនុស្ស ជាង ៧ពាន់ នាក់ ដែលត្រូវ​បាន​ចាប់ខ្លួន នៅពេល​ចាប់ផ្តើម​ដំបូង នៃ​បាតុកម្ម នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់។ 

ផ្សាយពាណិជ្ជកម្ម

តាមព័ត៌មាន​ដែល​ឧត្តមស្នងការសិទ្ធិមនុស្ស​អន្តរជាតិ​ទទួល​បាន ការបង្រ្កាប​ដ៏ហិង្សា​របស់​កងកម្លាំង​អ៊ីរ៉ង់ បាន​សម្លាប់មនុស្ស​យ៉ាងហោច ២០៨នាក់ ដែលនៅក្នុង​នោះ ១៣នាក់​ជា​ស្រ្តី និង​១២​នាក់ផ្សេងទៀត ជា​កុមារ។ ចំណែក មនុស្ស​៧ពាន់នាក់ ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់ឃុំ​ខ្លួន តាំង​ពីថ្ងៃ​ចាប់ផ្តើមដំបូង បាតុកម្ម ប្រឆាំង​នឹង​ការដំឡើងថ្លៃប្រេង នៅ​អ៊ីរ៉ង់ នៅថ្ងៃទី ១៥​វិច្ឆិកា។

តួលេខនៃ​មនុស្ស​ដែល​ត្រូវ​ចាប់ឃុំខ្លួន ផ្តល់ដោយ ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ដូចគ្នា នឹង​តួលេខ ដែល​មន្រ្តី​អាមេរិកាំង បាន​លើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ តាម​ប្រេសិត​អាមេរិក ទទួល​បន្ទុក​អ៊ីរ៉ង់ យ៉ាងហោច បាតុករ ៧ពាន់នាក់​ត្រូវ​ចាប់ឃុំខ្លួន ចំណែក មនុស្ស​ជាង ១ពាន់នាក់ បាន​ស្លាប់បាត់បង់​នៅក្នុង​ការបង្រ្កាប​ដ៏ព្រៃផ្សៃ​របស់​របប​អ៊ីរ៉ង់។ ការអះអាង​របស់​មន្រ្តី​អាមេរិក ធ្វើឡើង​ដោយ​សំអាង​ទៅលើ​សារ រូបភាព​វីដេអូ​ដែល​អាមេរិក​ទទួល​បាន​ពី​ប្រជាជន​អ៊ីរ៉ង់ ដែលនៅក្នុង​នោះ គេឃើញ ឆ្មាំបដិវត្ត​អ៊ីរ៉ង់ បាញ់​រះ​សម្លាប់​ក្រុមបាតុករ ដោយ​ឈាម​ត្រជាក់។

តាម​លោកស្រី Michelle Bachelet ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ រូបភាព​វីដេអូ​ខ្លះ​បាន​បង្ហាញថា កងកម្លាំង​រក្សា​សន្តិសុខ អ៊ីរ៉ង់ បាន​បាញ់​រះ​ទៅលើ​ហ្វូងបាតុករ តាំង​ពី​ដំបូល​អគារ​ក្រសួង​យុត្តិធម៌ និង​តាំង​ពីលើ​ឧទ្ធម្ភាគចក្រ។

ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស បាន​សំដែង​ក្តីបារម្ភ​ផងដែរ​ពី​កម្រិត​ហិង្សា នៅ​ពេល កងកម្លាំង​ទាហាន​អ៊ីរ៉ង់ បាញ់​បាតុករ ពីក្រោយ​ខ្នង ឬ​បាញ់តម្រង់​ចំ​ចំណុច​ស្លាប់ របស់​បាតុករ​ដែល​លួចរត់​ចេញពី​កន្លែងឡោមព័ទ្ធ​បាតុកម្ម។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International វិញ បាន​លើកឡើង​ចំនួន​មនុស្ស​ស្លាប់​យ៉ាងតិច  ២០៨​នាក់​ នៅក្នុង​ការបាញ់បង្រ្កាប​របស់​អាជ្ញាធរ​អ៊ីរ៉ង់។ តាម​អង្គការ Amnesty International ដោយសារ​តែ​ខ្វះព័ត៌មាន និង ការបិទបាំង​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ តួលេខ​ជន​រងគ្រោះ អាច​មាន​ច្រើនជាងនេះ។ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ទាត់ចោល ការចោទប្រកាន់ បែប​កុហក បំភ្លើស​ពីការពិត។ តាមអាជ្ញាធរ​អ៊ីរ៉ង់ មនុស្ស​៥ នាក់ បាន​ស្លាប់​នៅក្នុង​បាតុកម្ម ដោយក្នុង​នោះ ៤នាក់ ជា​កងកម្លាំង​រក្សា​សន្តិសុខ និង​១នាក់ ជា​ប្រជាជន​ស៊ីវិល។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រូហានី បាន​ចោទប្រកាន់​បរទេស ដូចជា​អាមេរិក អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត ថា ជាអ្នកនៅពីក្រោយ​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅអ៊ីរ៉ង់។ ប៉ុន្តែ នៅថ្ងៃ​ពុធ​កន្លងទៅ លោក​ទទួល​ស្គាល់​ថា មាន​ប្រជាជន​ស៊ីវិល ដែលគ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម ត្រូវ​បាន​គេ​ចាប់ខ្លួន​ផងដែរ នៅ​ក្នុង​យុទ្ធនាការ​បង្រ្កាប កាលពី​ខែ​វិច្ឆិកា​កន្លងទៅ។ ប្រធានាធិបតី អ៊ីរ៉ង់​បាន​អំពាវនាវ​ឲ្យ​មានការដោះលែង អ្នកដែល​គ្មានទោស ចំណែក​ប្រមុខ​ដឹកនាំ​កំពូល​នៃ​សាសនា​អ៊ីស្លាម អ៊ីរ៉ង់ អាលី ខាមេណី​បញ្ជា​ប្រាប់​ឲ្យ​គេ​សងជម្ងឺចិត្ត​ដល់​ប្រជាជន​ស៊ីវិល ដែល​បាន​បាត់បង់​ជីវិត ដោយ​ប្រការ​ណាមួយ នៅក្នុង​អំឡុង​បាតុកម្ម​កន្លងទៅ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ