អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Make America Great Again៖ អាមេរិកអំឡុងជិតបីឆ្នាំក្រោមលោកត្រាំ

សំឡេង ០៣:៣៩
ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​
ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ REUTERS/Loren Elliott

Make America Great Again” ឬ “ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត” គឺជាប្រយោគមួយឃ្លា ដែល​លោកត្រាំ ប្រើប្រាស់​ក្នុង​យុទ្ធនាការបោះឆ្នោត រហូតទទួលបាន​ជ័យជំនះ។ តើ​លោក​ត្រាំពិតជាបាន​ធ្វើឱ្យ​អាមេរិក​អស្ចារ្យម្ដងទៀត ដែរឬយ៉ាងណា រហូតមកដល់​ពេល​នេះ?

ផ្សាយពាណិជ្ជកម្ម

តាំងតែពី​អំឡុង​ពេល​ធ្វើយុទ្ធនាការបោះឆ្នោត រហូត​ដល់​បាន​ជាប់​ធ្វើ​​ជាប្រធានាធិបតីទី៤៥ របស់​សហរដ្ឋអាមេរិក, លោក​ដូណាល់ ត្រាំ បាន​បន្តប្រើប្រាស់​ពាក្យ “Make America Great Again” ឬមានន័យជាភាសាខ្មែរ “ធ្វើ​ឱ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត”។

អំឡុងរយៈពេល​ជិតបីឆ្នាំ ក្រោមការដឹកនាំរបស់ខ្លួន, តើ​លោក​ត្រាំពិតជាបាន​ធ្វើឱ្យ​អាមេរិក​អស្ចារ្យម្ដងទៀតដែរឬយ៉ាងណា?

ប្រាកដណាស់ វាពិតជាមិន​ងាយស្រួល​នោះទេក្នុង​ការ​ឆ្លើយសំនួរនេះ ព្រោះ​គេត្រូវសង្កត់ធ្ងន់ថា តើអស្ចារ្យប្រៀបធៀប​ជាមួយ​នឹង​អ្វី? ខណៈ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​ ជាប្រទេស​មហាអំណាចលេខមួយរួចទៅហើយ លើពិភពលោក ទាំងក្របខ័ណ្ឌសេដ្ឋកិច្ច យោធា និង​នយោបាយ។

ទោះជាយ៉ាងណា គេ​អាច​កំណត់បរិបទ​នៃការប្រៀបធៀប ឧទាហរណ៍ ដូចជា ការប្រៀបធៀប​លើកត្តាសេដ្ឋកិច្ច​ចម្បងៗ ដែល​អាចជះឥទ្ធិពល​ដល់​ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋអាមេរិក ទៅនឹងអ្វី​ដែល​ប្រធានាធិបតីអាមេរិកក្នុង​​អាណត្តិមុនៗ បានបន្សល់​ទុក។

ផ្អែក​តាមរបាយការណ៍របស់ Yahoo Finance ដែល​បាន​កត់ត្រាលទ្ធផល​សេដ្ឋកិច្ច​ ក្រោមការដឹកនាំរបស់ លោក​ដូណាល់ ត្រាំ ប្រៀបធៀបជាមួយ​នឹង​ប្រធានាធិបតីអាមេរិក​ប្រាំមួយនាក់មុន ពោល​គឺតាំងពីជំនាក់​ លោក Jimmy Carter និង​ប្រើប្រាស់​អាំងឌីកាទ័រសេដ្ឋកិច្ច​ចំនួន​ប្រាំមួយផងដែរ, របាយការណ៍បានបង្ហាញនូវលទ្ធផល​ដូចខាងក្រោម។

ពាក់ព័ន្ធទៅនឹង ​ការបង្កើតការងារ អាណត្តិលោកត្រាំ ហាក់​មាន​ភាពល្អប្រសើរជាងគេបន្តិច។ លោកត្រាំ បានឡើងកាន់តំណែង នៅពេលសេដ្ឋកិច្ចបន្តងើបឡើងវិញ។ អត្រាអ្នក​អត់ការងារធ្វើ​បច្ចុប្បន្នមានត្រឹម ៣,៧ភាគប៉ុណ្ណោះ គិតត្រឹមខែសីហា ឆ្នាំ២០១៩ ពោលវាជាអត្រា​ដ៏​ទាបបំផុត អំឡុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយ។

ចំណែក​ឯ ការបង្កើតការងារក្នុងវិស័យ​ឧស្សាហកម្មផលិត លោក​ត្រាំ​សម្រេចបាននូវលទ្ធផល​កាន់តែប្រសើរជាងគេ ហើយបើយើងមើលទៅលើ លទ្ធផល​នៃ​ចំណូល​ប្រចាំម៉ោងជាមធ្យមរបស់ពលរដ្ឋអាមេរិកវិញ បង្ហាញថា លោកត្រាំ​ទទួល​​បានការវាយតម្លៃ​ខ្ពស់​ដាច់គេ សឹងមិន​គួរឱ្យ​ជឿ។

ផ្ទុយទៅវិញ សម្រាប់​តួលេខនៃការ​នាំចេញ បើមើលជារួម វាហាក់​ស្ថិត​នៅ​ក្រោម​មធ្យម ប្រៀបធៀប​ជាមួយប្រធានាធីបតីផ្សេងទៀត។ ពាណិជ្ជកម្ម ជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏រសើប សម្រាប់​លោក​ត្រាំ។ ទោះបីជាមានការដាក់ចេញនូវវិធានការដ៏តឹងរ៉ឹង ជាពិសេស​ ការ​ដំឡើងពន្ធលើការនាំចូល ក៏​ឱនភាពជញ្ជឹង​ពាណិជ្ជកម្មរបស់អាមេរិក​ នៅតែបន្តមាន ហើយ​វា​មានទំហំកាន់តែធំបន្ថែមទៀត អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ងាកទៅមើល តារាងចំណាត់ថ្នាក់ហានិភ័យ​ S&P 500 វិញ លទ្ធផល​អាចផ្ទឹមគ្នាបាន។ ទោះបីជានៅពេល​ដំបូងនៃ​ការ​ឡើង​កាន់ដំណែងរបស់លោកត្រាំ គេអង្កេតឃើញ ពី​ការប្រែប្រួលតម្លៃទីផ្សារហិរញ្ញវត្ថុខ្លាំង និងការកើន​ឡើងភាពមិន​ច្បាស់លាស់ ក៏ស្ថានភាពហាក់​ប្រែមក​រកភាពធម្មតាវិញ នៅពេល​បន្ទាប់​។

សម្រាប់​កត្តាចុងក្រោយ ពាក់ព័ន្ធទៅនឹង ចំណូលពិតសម្រាប់​មនុស្ស​ម្នាក់។ លទ្ធផលរបស់លោកត្រាំ​ហាក់ល្អប្រសើរជាងគេបន្តិច។ គេអង្កេតឃើញថា អត្រាចំណូលពិតរបស់​ពលរដ្ឋអាមេរិក​ ធៀបនឹង​តម្លៃទំនិញទូទៅ បាន​កើន​ឡើង ក្នុងរង្វង់​ចន្លោះ ២ ឬ៣ភាគរយ ជាមធ្យមប្រចាំឆ្នាំ។

សរុបជារួម ប្រសិន​បើ​គេផ្អែក​លើ​លទ្ធផល​នៃ​​អាំងឌីកាទ័រសេដ្ឋកិច្ចចម្បងៗទាំងនេះ គេ​អាចវាយ​តម្លៃជារួមថា លោក​ត្រាំ​ ហាក់​សម្រេចបាន​លទ្ធផល​ល្អប្រសើរជាង​ប្រធានាធិបតីមុនៗ។

ទោះជាយ៉ាងណា គេ​មិន​ត្រូវភ្លេចទេថា លោក​ត្រាំ​ បាន​ឡើង​មកកាន់ដំណែង ក្នុងស្ថានភាព​ដែល​ សេដ្ឋកិច្ចអាមេរិក ​បាន​ងើបចាកផុតរួចទៅហើយ ពីគ្រោះវិបត្តិហិរញ្ញវត្ថុសកល ដែល​កើតមានឡើង តាំងពីមុន​​អាណត្តិដឹកនាំរបស់ លោក​ បារ៉ាក់ អូបាម៉ា។

ដូច្នេះ អ្វីៗវាគួរ​តែមានភាពងាយស្រួល និង​អំណោយ​ផល​ជាងសម្រាប់​លោក​ត្រាំ។ លើសពីនេះ គេក៏មិន​គួរមើល​រំលងផងដែរ អំពីការបន្តកើន​ឡើង បំណុលជាតិ និង​ឱនភាពថវិកា ​របស់​សហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់​លោក​ត្រាំ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ