អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយព្រឹត្តិការណ៍បាញ់រះក្នុងរដ្ឋ Florida កម្មវិធីហ្វឹកហ្វឺនទាហានអារ៉ាប៊ីសាអូឌីតនៅអាមេរិកកំពុងចោទជាបញ្ហា?

សំឡេង ០៥:១៧
មូលដ្ឋានទ័ពអាកាសនាវាចរណ៍អាមេរិកឈ្មោះ Pensacola ក្នុងរដ្ឋ Florida
មូលដ្ឋានទ័ពអាកាសនាវាចរណ៍អាមេរិកឈ្មោះ Pensacola ក្នុងរដ្ឋ Florida AFP/PATRICK NICHOLS/US NAVY

កាល​ពី​ថ្ងៃ​សុក្រ ទី៦ ធ្នូ ទាហាន​អារ៉ាប៊ីសាអូឌីត​ម្នាក់​ដែល​កំពុង​ហ្វឹកហ្វឺន​នៅ​មូលដ្ឋាន​ទ័ពអាកាសនាវាចរណ៍​អាមេរិក​ឈ្មោះ Pensacola ក្នុង​រដ្ឋ Florida បាន​បាញ់រះ​នៅ​ក្នុង​បន្ទប់​ហ្វឹកហ្វឺន​ដោយ​បណ្តាល​ស្លាប់​មនុស្ស ៣នាក់ និង​របួស ៨នាក់។ ខណៈ​នេះ ភាគី​អារ៉ាប៊ីសាអូឌីត និង​អាមេរិក​កំពុង​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​យល់ និង​ស្វែង​រក​ការ​ពិត។ គួរ​រម្លឹក​ថា អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ជា​សម្ព័នមិត្ត​ចាក់​ទឹកមិន​លេច។ តែ​ចង់ ឬ​មិន​ចង់ ព្រឹត្តិការណ៍​មួយ​នេះ​អាច​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិក​ពិចារណា​ឡើង​វិញ​លើ​កម្មវិធី​ហ្វឹកហ្វឺន​ទាហាន​បរទេស និយាយ​ជា​រួម និង​ទាហាន​អារ៉ាប៊ីសាអូឌីត និយាយ​ដោយឡែក។

ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា ព្រឹត្តិការណ៍​ដែល​កើត​មាន​នៅ​មូលដ្ឋាន​ទ័ពអាកាសនាវាចរណ៍​អាមេរិក Pensacola ក្នុង​រដ្ឋ Florida នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ស្គាល់​ភាព​រកាំរកូស​នោះ។ មិន​ទាន់​អាច​និយាយ​បាន ព្រោះ​គេ​ត្រូវ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​ពី​ភាគី​អាមេរិក​ក៏​ដូច​ជា​អារ៉ាប៊ីសាអូឌីត​ឲ្យ​បាន​ស៊ីជ្រៅ និង​ច្បាស់លាស់​ជា​មុន​សិន។ ៣ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​នេះ​មក មាន​សំណួរ​ជា​ច្រើន​ដែល​គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ៖​ហេតុអ្វី​បាន​ជា​ខ្មាន់កាំភ្លើង​ជនជាតិ​អារ៉ាប៊ីសាអូឌីត​រូប​នោះ​ធ្វើ​សកម្មភាព​យ៉ាង​នេះ អ្វី​ទៅ​ជា​គោលដៅ​របស់​រូប​គេ និង​ថា តើ​រូប​គេ​ពិត​ជា​បាន​ធ្វើ​តែ​ម្នាក់​ឯង ឬ​មួយ​ក៏​មាន​ការ​ចូលរួម ឃុបឃិត​ពី​អ្នក​ផ្សេង?។

អ្វី​ដែល​គេ​ដឹង​នៅ​ពេល​នេះ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ផ្តល់​ដោយ FBI ខ្មាន់កាំភ្លើង​មាន​ឈ្មោះ ម៉ូហាម៉េដ អាល់ស្ហាញរ៉ានី មាន​អាយុ ២១ឆ្នាំ និង​ជា​អនុសេនីយត្រី​ក្នុង​អង្គភាព​ទ័ពអាកាស​អារ៉ាប៊ីសាអូឌីត។ កាសែត New York Times ដែល​បាន​ស្រង់​សម្តី​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ម្នាក់​ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​មិន​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​ភេរវនិយម​ណា​មួយ​ទេ។ ចំណែក​ស្ថាប័ន​ឃ្លាំមើល​ចលនា​ជីហាត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ធ្វើ​សកម្មភាព ខ្មាន់កាំភ្លើង​បាន​បង្ហោះ​សារ​មួយ​ចំនួន​ប្រឆាំង​អាមេរិក​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​ខ្លួន​មាន​ដូច​ជា « ខ្ញុំ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ហើយ​អាមេរិក​បាន​ប្រែ​ខ្លួន​ជា​ប្រជាជាតិ​អាក្រក់ »។

« ខ្ញុំ​មិន​ប្រឆាំង​អស់លោក​ដោយសារ​តែ​អស់លោក​ជា​ជនជាតិ​អាមេរិកាំង​ទេ។ ខ្ញុំ​មិន​ស្អប់​អស់លោក​ដោយសារ​តែ​សេរីភាព​របស់​អស់លោក​ទេ។ តែ​ខ្ញុំ​ស្អប់​អស់លោក​ព្រោះ​ជា​រៀងរាល់​ថ្ងៃ អស់លោក​គាំទ្រ ចាយលុយ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​អ្នក​កាន់សាសនា​អ៊ីស្លាម និង​មនុស្សលោក​ទាំង​មូល »។ អ្នកស៊ើបអង្កេត​កំពុង​ស្វែង​ចង់​ដឹង​ថា តើ​សារ​ទាំង​អស់​នេះ​ជា​សារ​ដែល​ខ្មាន់កាំភ្លើង​បាន​សរសេរ​ដោយ​ដៃ​ឯង និង​បាន​បង្ហោះ​ដោយ​ខ្លួន​ឯង​មែន ឬ​យ៉ាង​ណា?។ ពិត​ណាស់​ខណៈ​នេះ គេ​នៅ​មិន​អាច​សន្និដ្ឋាន និង​និយាយ​អ្វី​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទេ។ តែ​គេ​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ព្រោងព្រាត​ខុស​គ្នា​ពី​មជ្ឈដ្ឋាន​អ្នក​នយោបាយ​អាមេរិក​គ្រប់​និន្នាការ។

តែ​អ្វី​ដែល​ក្រុម​អ្នកសាធារណរដ្ឋ និង​អ្នកប្រជាធិបតេយ្យ​បាន​ឯកភាព​គ្នា​នោះ គឺ​សុំ​ឲ្យ​មាន​ការ​ពិនិត្យមើល​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត។ គួរ​បញ្ជាក់​ថា​ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​មួយ​នេះ មាន​ទាហាន​អារ៉ាប៊ីសាអូឌីត​ជា​ច្រើន​រយនាក់​ក្នុង​១ឆ្នាំៗ​បាន​ចេញ​ទៅ​ហ្វឹកហ្វឺន​នៅ​សាលា​ទាហាន​អាមេរិកាំង។ អ្នកសាធារណរដ្ឋ​ភាគច្រើន​បាន​យល់​ឃើញ​ថា អារ៉ាប៊ីសាអូឌីត​ជា​សម្ព័ន្ធមិត្ត​ម្នាក់ តែ​អ្វី​ដែល​បាន​កើត​មាន​នៅ Florida ពេល​នេះ​ជា​រឿង​អាក្រក់​ដែល​គេ​គួរ​ព្យួរ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​មួយ​រយៈសិន។ លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​សាធារណរដ្ឋ និង​ជា​មនុស្ស​ជំនិត​ម្នាក់​លោក​ដូណាល់ ត្រាំ​បាន​យល់​ឃើញ​ថា ដរាប​ណា​គេ​មិន​ទាន់​មាន​ការ​ពិត​ជុំវិញ​ព្រឹត្តិការណ៍​បាញ់រះ​នៅ Florida ទេ ដរាប​នោះ​គេ​មិន​អាច​បន្ត​កិច្ចសហប្រតិបត្តិការ​យោធា​នោះ​បាន​ឡើយ។

ចំណែក​ទីប្រឹក្សាសន្តិសុខជាតិ​នៃ​សេតវិមាន​លោក Robert O’Brien ហ៊ាន​ទាំង​សង្ស័យ​ថា ទង្វើ​របស់​ខ្មាន់កាំភ្លើង​មាន​រូបភាព​ជា​អំពើ​ភេរវនិយម។ សម្រាប់​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​លោក Mark Esper វិញ លោក​បាន​ចេញ​មុខ​ការពារ​កម្មវិធី​ហ្វឹកហ្វឺន​ទាហាន​បរទេស​របស់​អាមេរិក តែ​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​នីតិវិធី​ត្រួតពិនិត្យ​លើ​ជនបរទេស​ដែល​ចូល​ហ្វឹកហ្វឺន​ក្នុង​ទឹកដី​អាមេរិកាំង។ លោក Esper បាន​គូសបញ្ជាក់​ថា កម្មវិធី​របស់​អាមេរិក​មួយ​នេះ​ជា​កម្មវិធី​ដែល​គូប្រជែង​អាមេរិក​គ្មាន​ទេ ដូច​យ៉ាង​រុស្ស៊ី ឬ​ចិន​ជា​ដើម។ ខុស​ពី​គណបក្ស​សាធារណរដ្ឋ គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​បាន​បរិហារ​ត្រង់​លើ​នយោបាយ​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ចំពោះ​អារ៉ាប៊ីសាអូឌីត។« ទំនាក់ទំនង​ដែល​យើង​កំពុង​មាន​ជាមួយ​អារ៉ាប៊ីសាអូឌីត​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Cory Booker បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០។

ពិត​ណាស់ អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត​ដែល​គ្មាន​នរណា​អាច​បំបែក​បាន​ទេ។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា មិត្ត​មួយ​គូ​នេះ​ក៏​ធ្លាប់​ថ្នាំងថ្នាក់ អាក់អន់​ស្រពន់ចិត្ត​នឹង​គ្នា​មិន​តិច​ដែរ​នៅ​ក្នុង​សំណុំរឿង​ទ្វេភាគី​ក៏​ដូច​ជា​សំណុំរឿង​អន្តរជាតិ​មួយ​ចំនួន។ តែ​រឿងរ៉ាវ​ដែល​បាន និង​កំពុង​បន្ត​ដក់​ជាប់​ក្នុង​អារម្មណ៍​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១។ កាល​ណោះ ភេរវជនអត្តឃាត​ទំាង ១៩នាក់​ដែល​បាន​បើក​យន្តហោះ​ទៅ​ទម្លាក់​ខ្លួន​កម្ទេច​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ទៅ​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក « World Trade Center » ទាំង​ពីរ​ក្នុង​ទីក្រុង​ញូយ៉ក មាន ១៥នាក់​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត។

ដូច្នេះ​វា​ជា​រឿង​មួយ​ធម្មតា​ដែល​ព្រឹត្តិការណ៍​បាញ់ប្រហារ​បង្ក​ឡើង​ដោយ​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ពេល​នេះ ជា​រឿង​មួយ​ដ៏​រសើប​ខ្លាំង​ណាស់​នៅ​ក្នុង​មជ្ឈដ្ឋាន​នយោបាយ និង​មហាជន​អាមេរិកាំង​ទូទៅ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ