អានតួអត្ថបទ
សហរដ្ឋអាមេរិក

របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ២០១៥៖ ករណី​អាស៊ី​អាគ្នេយ៍

ផាត់ចុបាន អង់ចូទីផានជនសង្ស័យ​ជាមេបណ្តាញ​ជួញដូរ​មនុស្ស​នៅ​ថៃ ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន កាលពីថ្ងៃទី ១៨​ឧសភា​២០១៥
ផាត់ចុបាន អង់ចូទីផានជនសង្ស័យ​ជាមេបណ្តាញ​ជួញដូរ​មនុស្ស​នៅ​ថៃ ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន កាលពីថ្ងៃទី ១៨​ឧសភា​២០១៥ ©REUTERS/Stringer

ក្រោយ​ពី​ពន្យារ​ពេល​ជាង​មួយខែ នៅថ្ងៃចន្ទទី ២៧ កក្កដា ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​ផ្សាយ របាយការណ៍​ស្តីពីការជួញដូរ​មនុស្ស​ឆ្នាំ ២០១៥ (TIP)។ ចំណោម​សមាជិក​អាស៊ាន​ទាំងដប់ ប្រទេសថៃ​ទទួលបាន​ចំណាត់​ថ្នាក់ទី៣ ជា​ចំណាត់ថ្នាក់​ទាប​ជាង​គេ។ 

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ប្រចាំ​ឆ្នាំស្តីពី​ការជួញដូរ​មនុស្ស(TIP) វិភាគ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បណ្តាប្រទេស ចំនួន១៨៨ នៅ​ទូទាំង​ពិភពលោក ក្នុង​ការអនុវត្ត​តាមបទដ្ឋាន​អប្បបរិមា ដែលតម្រូវ​ឱ្យលុបបំបាត់ ការជួញដូរ មនុស្ស​ទាំង​បុរស​ស្ត្រី និង​កុមារ ដើម្បី​ការកេងប្រវ័ញ្ច​ផ្លូវភេទ ឬ​បង្ខំ​អោយ​ធ្វើ​ពលកម្ម។ របាយការណ៍​នេះ ចាត់​ចំណាត់​ថ្នាក់​ប្រទេស​នីមួយៗ ទៅតាម​កម្រិត​នៃ​ខិតខំប្រឹងប្រែង​របស់គេ ដោយ​មាន​បី​ថ្នាក់៖ ពី​ថ្នាក់​ទី ១ ជា​ប្រភេទ​នៃ​ប្រទេស​ដែល​គោរព​បានខ្ជាប់ខ្ជួន​ជាងគេ រហូត​ដល់​ថ្នាក់ទីបី ជា​ប្រភេទ​ប្រទេស​ដែលល្មើស​ច្រើន​ជាងគេ​លើ​បទដ្ឋាន​អប្បបរិមា​នោះ និង​ដែល​អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​ឆន្ទានុសិទ្ធិ​របស់ ប្រធានាធិបតី​អាមេរិក មានដូចជា ការរឹតបន្តឹង​លើ​ការផ្តល់​ជំនួយ​មិនមែន​មនុស្សធម៌ និង​ការផ្តល់​ថវិកា។

 
ចំណែក ឯ​ថ្នាក់ទី២​វិញ ជា​ប្រភេទ ប្រទេស​ដែល​អាច​ឋិត​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដោយសារ មិនទាន់​បាន​ប្រឹងប្រែង​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស។

កាលពី​របាយការណ៍​ឆ្នាំ២០១៤​កន្លងទៅ ប្រទេស នៅអាស៊ី​អាគ្នេយ៍ ដែល​ជាប់​ចំណាត់ថា្នក់​ទី៣​មាន៖ ប្រទេស​ថៃ​និង​ម៉ាឡេស៊ី។ ចំណែក ក្នុង​របាយការណ៍​ឆ្នាំ២០១៥​នេះ​វិញ ប្រទេស​ថៃ នៅរក្សា​ចំណាត់ថ្នាក់ ទី៣​ទាបជាង​គេ​ដដែល ខណៈ​ដែល​ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ថ្នាក់ទី២​ប្រសើរ​ជាងមុន។

ប្រទេសថៃ​ត្រូវ​បាន​ទម្លាក់​ពី​ចំណាត់ថ្នាក់​ទី២ មកទី៣ កាលពី​ឆ្នាំ២០១៤ ដោយសារ តែ​ការបរាជ័យ មិនបាន​ប្រឹងប្រែង​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ការជួញដូរ​ស្ត្រី និងកុមារ​ដើម្បី​ការកេងប្រវ័ញ្ច ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ផ្លូវភេទ និង​ដើម្បី​បញ្ឈប់​ការជួញដូរ​បុរសៗ ដែល​ត្រូវ​បាន​គេលក់​ឱ្យធ្វើជា​ទាសករ នៅលើ​ទូក​នេសាទ។ ហើយបើទោះ​ជា​នៅ​ក្នុង​ប៉ុន្មានខែ​ចុងក្រោយ​នេះ​រដ្ឋាភិបាល​យោធាថៃ​បាន​បង្ហាញ​ពីការខិតខំ​ព្យាយាម ដើម្បី​ដោះស្រាយ​បញ្ហានេះ កាលពី​ពេល​ថ្មីៗនេះទៀត​ក៏ដោយ។ កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​កន្លងទៅនេះ អាជ្ញាធរ​ថៃបាន​ប្រកាស​ថា បានចោទ​ប្រកាន់​ចំពោះ​បុគ្គល ៧២រូប ដោយរួម​ទាំងមន្រ្តី​រដ្ឋាភិបាល និងមន្ត្រី​យោធាពី​បទ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ​ប៉ុន្តែ វា​ក៏​មិនបាន​ធ្វើឲ្យមាន​ការប្រែប្រួល​ពីចំណាត់​ថ្នាក់​ដ៏​ទាប​ជាងគេ​នោះដែរ នៅឆ្នាំ២០១៥​នេះ។

ឯ​ប្រទេសម៉ាឡេស៊ី​វិញ​របាយការណ៍ ឆ្នាំ២០១៥​បាន​គូសបញ្ជាក់​ថា បើទោះជា​រដ្ឋាភិបាល​ម៉ាឡេស៊ី​មិនគោរព​បានពេញលេញ​តាមបទដ្ឋាន​អប្បបរមា​សម្រាប់​ការបំបាត់​ការជួញដូរ​មនុស្សក៏ពិតមែន​តែ ម៉ាឡេស៊ី​បានធ្វើការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ដើម្បី​ដោះស្រាយ​បញ្ហានេះ។

ចំណែក ប្រទេសសមាជិក​អាស៊ាន​ផ្សេងទៀត​មាន ប្រទេសឥណ្ឌូនេស៊ី ព្រុយណេ ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម ឡាវ និង​កម្ពុជា ស្ថិតក្នុង​ចំណាត់​ថា្នក់ទី២ ដោយ​ក្នុងនោះ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ឋិតក្នុងបញ្ជី​ឃ្លាំមើល​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ដូចប្រទេស​ម៉ាឡេស៊ីដែរ។

ប្រទេសកម្ពុជា​បាន​ទទួល​ការលើកលែង​ពី​ការទម្លាក់​មកចំណាត់​ថ្នាក់ទី៣ ដោយសារ​តែ​រដ្ឋាភិបាលកម្ពុជា មាន​ផែនការ​សរសេរ​ជាក់លាក់ បញ្ជាក់ពី​កិច្ចខិតខំប្រឹងប្រែង​ដើម្បីបំពេញ​តាម​បទដ្ឋាន​អប្បបរមាសម្រាប់​ការបំបាត់​ការជួញដូរ​មនុស្ស ហើយនិង​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​អនុវត្ត​ផែនការនោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ