អានតួអត្ថបទ

Bloomberg ផ្សាយថា​ ចិន​លួចដាក់​ធាតុផ្សំ​សំងាត់ ក្នុង​ឧបករណ៍​អេឡិចត្រូនិក ដែល​លក់​នៅ​អាមេរិក

ធាតុផ្សំម៉ាស៊ីនកុំព្យូទ័រ Made in China
ធាតុផ្សំម៉ាស៊ីនកុំព្យូទ័រ Made in China AFP

គេហទំព័រ Bloomberg បានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៤តុលាថា អង្គភាពចារកិច្ចចិន ប្រហែលជាបានលួចដាក់ធាតុផ្សំតូចមួយ នៅក្នុង​ឧបករណ៍​អេសឡិចត្រូនិក ដូចជាកុំព្យូទ័រ ឬប្រព័ន្ធ​ម៉ាស៊ីនព័ត៌មានវិទ្យា ដែល​ផលិត​នៅ​ចិន ដើម្បី​ងាយស្រួល ក្នុង​ការបូមស្រង់យក​ទិន្ន័យ​ពីអាមេរិក។ គេហទំព័រ​Bloomber បាន​ស្រង់ការអះអាងរបស់មនុស្សមួយចំនួន តែយ៉ាងណា​រហូតមកទល់ពេលនេះ គេនៅមិនទាន់ច្បាស់​ថា វាមានការពិតកម្រិតណានោះទេ។ ក្រុមហ៊ុន Amazon និង Apple ជាដើម សុទ្ធតែត្រូវបានគេលើកឡើងថា ត្រូវបានចិនលួចដាក់ធាតុផ្សំសំងាត់នោះ នៅក្នុងម៉ាស៊ីនអេឡិចត្រូនិករបស់ពួកគេ។

ផ្សាយពាណិជ្ជកម្ម

តើចិន បាននិងកំពុងលបលួចប្រមូលទិន្ន័យស៊ើបការណ៍ពីអាមេរិក តាមរយៈការដាក់បន្លំធាតុផ្សំតូចមួយ ទៅក្នុងឧបករណ៍អេឡិចត្រូនិក ដែលផលិតនៅប្រទេសខ្លួន មុននឹងនាំយកទៅលក់នៅអាមេរិក ពិតមែនឬយ៉ាងណា?

គេហទំព័រសារព័ត៌មានអាមេរិកឈ្មោះ Bloomberg BusinessWeek បានចុះផ្សាយ ដោយស្រង់ប្រភពពីមន្ត្រីអាមេរិក មួយចំនួន ដោយសុំមិនបញ្ចេញឈ្មោះ ដែលថា អង្គភាពកងទ័ពចិនមួយ បានបន្លំដាក់ធាតុផ្សំតូចមួយ ទៅក្នុងឧបករណ៍អេឡិចត្រូនិក របស់ក្រុមហ៊ុន SuperMicro ដែលក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិករបស់អាមេរិក តែផលិតផលសឹងទាំងអស់ ផលិតនៅចិន។

បើតាមប្រភពដដែល ក្រុមហ៊ុន SuperMicro នេះ គឺជាអ្នកផ្គត់ផ្គង់ប្រព័ន្ធកុំព្យូរទ័រ ឲ្យក្រុមហ៊ុនធំៗរបស់អាមេរិក ចំនួនជាង៣០ ក្នុងនោះមានAmazon Apple ជាដើម។ ក្រៅពីនេះ គឺក្រុមហ៊ុននេះ ក៍ជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រ ឲ្យមជ្ឈមណ្ឌលស្តុកទិន្ន័យ របស់ក្រសួងការពារជាតិអាមេរិក និងអង្គភាពគ្រប់គ្រង់ប្រតិបត្តិការDrone របស់CIA ព្រមទាំងបណ្តាញផលិតឧបករណ៍អេឡិចត្រូនិក របស់នាវាចម្រាំងអាមេរិក ថែមទៀតផង។

ក្រោយការលេចចេញដំណឹងនេះ ភាគីរដ្ឋាភិបាលទាំងសងខាង មិនទាន់មានប្រតិកម្មអ្វីទាំងអស់។ ការពិតកម្រិតណា ក៏មិនទាន់អាចស្មានបានដែរ។ ចំណែក ក្រុមហ៊ុន SuperMicro បានត្រឹមតែឆ្លើយថា​ មិនអាចផ្តល់​ការបំភ្លឺអ្វីទាំងអស់ក្នុងពេលនេះ។ ដោយឡែក ក្រុមហ៊ុន Apple និង Amazon បានចេញលិខិតប្រកាសរៀងៗខ្លួន ថាក្រុមហ៊ុនគេ មិនដែលបានរកឃើញធាតុផ្សំមិនប្រក្រតីណាមួយ ដែលអាចជាការដាក់បន្លំរបស់ក្រុមចារកិច្ចចិន នៅក្នុងផលិតផល​អេឡិចត្រូនិក របស់គេនោះទេ។

បើតាមការចុះផ្សាយរបស់ Bloomberg ប្រតិបត្តិការរបស់ចារកិច្ចចិននេះ អាចជាប្រតិបត្តិការ សំដៅស៊ើបការណ៍ ប្រមូលទិន្នន័យក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម របស់អាមេរិក ព្រមទាំងស្ថាប័នរដ្ឋអាមេរិកផងដែរ។ នេះអាចជាចំនុចចាប់ផ្តើមថ្មីមួយទៀត នៃភាពតានតឹង រវាងចិន និងអាមេរិក ​បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម។

គួរកត់សម្គាល់ថា ជិត២ទសវត្សកន្លងមកនេះ ចិន បានក្លាយជាអ្នកផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិក និងធាតុផ្សំព័ត៌មានវិទ្យារបស់ពិភពលោក។ ដំណឹងលេចឮថ្មីនេះ ទោះពិត ឬមិនពិត អាចត្រូវរដ្ឋាភិបាលអាមេរិក យកទៅប្រើ ដើម្បីប្រកាសសង្រា្គមពាណិជ្ជកម្ម ក្នុងវិស័យផលិតផលព័ត៌មានវិទ្យា ជាមួយចិន។ យ៉ាងណាមិញ ក្រោយការចុះផ្សាយនេះ ក្រុមហ៊ុនផលិតធាតុផ្សំកុំព្យូទ័រដ៏ធំរបស់ចិន ឈ្មោះ Lenovo និង ZTE បានធ្លាក់តម្លៃភាគហ៊ុន យ៉ាងគំហ៊ុក។ ផលិតផលអេឡិកត្រូនិក និងធាតុផ្សំបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែល​ផលិតនៅចិនទាំងអស់ អាចត្រូវគេគិតថា គ្មានសុវត្ថិភាព មិនអាចទុកចិត្តបានទៀតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ