អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកបារ៉ាក់ អូបាម៉ា៖ទំព័រថ្មី​មួយ​បាន​បើក​ឡើង​ហើយ​សម្រាប់​ប្រទេស និង​ពលរដ្ឋ​អាមេរិក

សំឡេង ០៦:២៣
លោក​អូបាម៉ា​ថ្លែង​សុន្ទរកថាជាតិ​នៅចំពោះ​មុខ​សភាពេញ​អង្គ
លោក​អូបាម៉ា​ថ្លែង​សុន្ទរកថាជាតិ​នៅចំពោះ​មុខ​សភាពេញ​អង្គ REUTERS/Mandel Ngan/Pool

នៅ​ថ្ងៃ​អង្គារ ទី២០ មករា លោក​ប្រធនាធិបតី​អាមេរិក​អូបាម៉ា​បាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា​ពេញ​អង្គ។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ពី​ការ​ដែល​អាមេរិក​បាន​បិទបញ្ចប់​វិបត្តិ សេដ្ឋកិច្ច​ទំាង​ស្រុង និង​ថា លោក​ចង់​ឲ្យ​មាន​ការ​យក​ផ្លៃផ្កា​ដែល​ទទួល​បាន​ពី​កំណើន​សេដ្ឋកិច្ច​ទៅ​ចែកចាយ​ដល់​ពលរដ្ឋ​អាមេរិកំាង​គ្រប់រូប ពិសេស​អ្នក​ដែល​មាន​ជីវភាព​យ៉ាប់យឺន​ខ្លំាង។ គឺ​ជា​សុន្ទរកថា​មួយ​ដែល​មាន​លក្ខណៈ​ស្វាហាប់ និង​ពោរពេញ​ដោយ​សុទិដ្ឋិនិយម​យ៉ាង​ខ្លំាង។ អ្វី​ជា​ការ​កត់សម្គាល់ សុន្ទរកថា​របស់​លោក​អូបាម៉ា​ពេល​នេះ​បាន​ធ្វើ​ឡើង ២ឆ្នំា​មុន​នឹង​អាណត្តិ​របស់​លោក​ឈាន​ដល់​ទីបញ្ចប់ និង​ដែល​លោក​គ្មាន​សិទ្ធិ​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ទេ។

ផ្សាយពាណិជ្ជកម្ម

២ឆ្នំា មុន​នឹង​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី លោក​អូបាម៉ា​ហាក់​ដូច​ជា​មិន​បន្ធូរ ដៃ​ទេ​នៅ​ចំពោះ​មុខ​គណបក្សសាធារណរដ្ឋ​ដែល​មាន​សម្លេង​ភាគច្រើន​នៅ​សភា​ទំាង​ពីរ។ លោក​អូបាម៉ា​បាន​បញ្ជាក់​ច្បាស់ៗ​ថា លោក​មិនមែន​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ដើម្បី​ស្រវ៉ាអោប​តំណែង​ថ្មី​ទេ តែ​ក្នុង​នាម​ជា​ប្រធានាធិបតី​ដែល​កំពុង​កាន់អំណាច។ នៅ​ក្នុង​សុន្ទកថា​ដ៏​វែងអន្លាយ​នោះ លោក​អូបាម៉ា​បាន​លើក​យក​ចំណុច​ជា​ច្រើន​ទៅ​និយាយ​ទាក់ទង​នឹង​នយោបាយ​ផ្ទៃក្នុង ក៏​ដូច​ជា​នយោបាយ​ការ​បរទេស។ តែ​សុន្ទកថា​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​ដែល​លោក​ហាក់​ដូច​ជា​មាន​សុទិដ្ឋនិយម​ខ្លំាង​នោះ គឺ​ស្តីពី​វិបត្តិសេដ្ឋកិច្ច​នៅ​អាមេរិក​ដែល​លោក​អូបាម៉ា​បាន​ប្រកាស​ថា បន្ទាប់​ពី​ជួប​ការ​លំបាក​អស់​រយៈពេល ១៥ឆ្នំា​មក អាមេរិក​បាន​ងើប​រួច​ពី​វិបត្តិ​ហើយ និង​ថា អាមេរិក​កំពុង​មាន​កម្លំាង​ខ្លំាង។

ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា

« តំាង​ពី ១៥ឆ្នំា​មក​ហើយ​ដែល​យើង​បាន​ស្ថិត​ក្នុង​សតវត្ស​ថ្មី។ ១៥ឆ្នំា​ដែល​ទឹកដី​របស់​យើង​បាន​រង​ការ​គំរាមកំហែង​ភេរវនិយម និង ១៥ឆ្នំា ដែល​ទឹកដី​របស់​យើង​បាន​ស្គាល់​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ។ គឺ​ជា​ពេលវេលា​ដ៏​លំបាកលំបិន​ក្រៃលែង និង​ដែល​នៅ​មាន​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​លោក​កំពុង​បន្ត​ជួប​ប្រទះ។ តែ​ថ្ងៃ​នេះ​សម្រាប់​សហរដ្ឋអាមេរិក យើង​បាន​បើក​ទំព័រ​ថ្មី​មួយ​ហើយ។ យើង​បាន​រួច​ផុត​ពី​វិបត្តិ ហើយ​ប្រទេស​របស់​យើង​កំពុង​មាន​កម្លំាង​ខ្លំាង »

ពលរដ្ឋ​អាមេរិក​ជាង ៥០% បាន​ផ្តល់​ទំនុកចិត្ត​លើ​លោក​អូបាម៉ា

មាន​កត្តា​វិជ្ជមាន​ជា​ច្រើន​ដែល​បាន​បញ្ជាក់​ពី​សេដ្ឋកិច្ច​អាមេរិកំាង​កំពុង​មាន​ដំណើរ​ទៅ​មុខ ពិសេស​អត្រាកំណើន​សេដ្ឋកិច្ច ៥% នៅ​ត្រីមាស​ចុង​ក្រោយ និង​ចំនួន​អ្នកអត់ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ រីឯ​លទ្ធផល​ស្ទង់​មតិ​ផ្តល់​ដោយ​វិទ្យាស្ថាន​ស្ទង់មតិ​ជា​ច្រើន​បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​អាមេរិកំាង​ជាង ៥០% បាន​ផ្តល់​ទំនុកចិត្ត​លើ​រូប​លោក​អូបាម៉ា ពោល​គឺ​ច្រើន​ជាង​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​ឆ្នំា​ទៅ​មិញ។ ទន្ទឹម​គ្នា​នេះ វិធានការ​សង្គម​ជា​ច្រើន​ដែល​លោក​អូបាម៉ា​បាន​ប្រកាស​នៅ​ពេល​នេះ​ក៏​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​កាន់​តែ​កើន​ឡើង​ថែម​ទៀត​ដែរ។

វិធានការ​សង្គម​ដែល​សំខាន់​ជាង​គេ​មាន ៣ ទី១ បង្កើត​ឲ្យ​មាន​ច្បាប់​ទទួល​បាន​ប្រាក់ឈ្នួល​សម្រាប់​អ្នក​ឈប់​សម្រាក​ពេល​ឈឺ ឬ​មួយ​ក៏​ឈប់​សម្រាក​ពេល​ប្រពន្ធ​កើត​កូន​ជាដើម។ សូម​ជម្រាប​ជូន​ថា អាមេរិក ជា​ប្រទេស​អភិវឌ្ឍន៍​តែ​មួយ​គត់​ក្នុង​លោក​ដែល​គ្មាន​ច្បាប់សង្គម​​នេះ​ទេ។ ទី២ លោក​អូបាម៉ា​បាន​ស្នើ​សភា​ឲ្យ​តម្លើង​កម្រិតប្រាក់ខែ​អប្បបរមា និង​វិធានការ​សង្គម​ទី៣ លោក​អូបាម៉ា​ចង់​ឲ្យ​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​មិន​បាច់​បង់ប្រាក់។ ទំាង​នេះ​មិន​ភ្លេច​ទេ ពី​ការ​យក​ផ្លៃផ្កា​ដែល​ទទួល​បាន​ពី​កំណើន​សេដ្ឋកិច្ច​ទៅ​ចែកចាយ​ដល់​ពលរដ្ឋ​អាមេរិកំាង​គ្រប់រូប ពិសេស​អ្នក​ដែល​មាន​ជីវភាព​យ៉ាប់យឺន​ខ្លំាង។

សួរ​ថា តើ​លោក​អូបាម៉ា​យក​លុយ​ពី​ណា​សម្រាប់​ចំណាយ​លើ​វិធានការ​សង្គម​ទំាង​នេះ?។ ចម្លើយ គឺ​យក​លុយ​ពី​អ្នកមាន ពោល​គឺ​ការ​តម្លើង​ពន្ធដារ​លើ​ប្រាក់ចំណូល​របស់​ពលរដ្ឋអាមេរិកំាង​ណា​ដែល​មាន​ប្រាក់ចំណូល​ប្រចំា​ឆ្នំា​លើស​ពី ២លានដុល្លារ​ក្នុង​មួយ​ឆ្នំា។

ឃើញ​ថា លោក​អូបាម៉ា​ហាក់​ដូច​ជា​កំពុង​ដើរ​តួ​ជា​ប្រធានាធិបតី​ម្នាក់​ដែល​បាន​ចុះ​ប្រឡូក​ក្នុង​សមរភូមិ​ដោយ​គ្មាន​ខ្លាច​ឧបសគ្គ​អ្វី​ទំាង​អស់ ពិសេស​មិន​ញញើត​នឹង​ពួក​ប្រឆំាង គឺ​ពួក​សាធារណរដ្ឋ​ដែល​កំពុង​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​ទំាង​ពីរ។ ចូរ​កុំ​ភ្លេច​ថា ពិត​មែន​តែ​គណបក្សប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​មាន​សម្លេង​ភាគ​តិច​មែន តែ​លោក​អូបាម៉ា​ត្រៀម​ខ្លួន​នឹង​ប្រើ​សិទ្ធិវ៉េតូ ប្រសិន​បើ​ចំា​បាច់។

សំណុំរឿង​អន្តរជាតិ​ផ្សេងៗ​ដែល​លើកឡើង​ដោយ​លោក​អូបាម៉ា

មាន​ច្រើន រួម​មាន វិបត្តិ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ វិបត្តិ​នៅ​អ៊ុយក្រែន រឿង​ភេរវនិយម ពិសេស​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម រឿង​ពន្ធនាគារ Guantanamo ក្នុង​ប្រទេស​គុយបា និង​ទំនាក់ទំនង​រវាង​គុយបា និង​អាមេរិក។ ទាក់ទង​នឹង​ប្រទេស​គុយបា លោក​អូបាម៉ា​បាន​រម្លឹក​សារ​ឡើង​វិញ​ជាមួយ​នឹង​ឃ្លា​ដែល​លោក​បាន​និយាយ​កាល​ពី​ចុង​ឆ្នំា ២០១៤ ថា នៅ​ពេល​ដែល​នយោបាយ​មួយ​គ្មាន​ប្រសិទ្ធិភាព​អស់​ជាង ៥០ឆ្នំា​ហើយ វា​ល្មម​ដល់​ពេល​ដែល​គេ​ត្រូវ​ផ្លាស់ប្តូរ​នយោបាយ​នោះ។ អ្វី​ដែល​លោក​អូបាម៉ា​បាន​សង្កត់​ធ្ងន់​នោះ គឺ​សុំ​ឲ្យ​សភា​លើក​ទ័ណ្ឌកម្ម​ទំាង​ស្រុង​ចេញ​ពី​គុយបា។ គួរ​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក គណៈប្រតិភូអាមេរិក និង​គុយបា​បាន​ផ្តើម​ពិភាក្សា​ការងារ​រួម​គ្នា​ដោយ​ផ្តើម​ជជែក​លើ​ប្រធានបទ​អាទិភាព​មួយ​ចំនួន រួម​មាន ការ​បើក​ស្ថានទូត​រវាង​គ្នា​ឡើង​វិញ នយោបាយ​អន្តោប្រវេសន៍ ឬមួយ​ក៏​ការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច។

ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​អូបាម៉ា​បាន​ស្នើ​ឲ្យ​សភា​អាមេរិក​ផ្អាក​ការ​ស្វែង​រក​ទ័ណ្ឌកម្ម​ថ្មី​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់​ដោយ​លោក​អូបាម៉ា​បាន​យល់​ឃើញ​ថា ទ័ណ្ឌកម្ម​ថ្មី​ប្រឆំាង​អ៊ីរ៉ង់​មាន​ន័យ​ស្មើ​នឹង​បរាជ័យ​ផ្លូវទូត។ លោក​អូបាម៉ា​បាន​ស្នើ​ឲ្យ​ទុក​​ពេល​ជូន​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រឹងប្រែង​ស្វែង​រក​កិច្ចព្រមព្រៀង​ចុងក្រោយ​ជាមួយ​អ៊ីរ៉ង់។ ទាក់ទង​នឹង​រឿង​ភេរវនិយម លោក​អូបាម៉ា​បាន​បញ្ជាក់​ថា អាមេរិក និង​ដៃគូ​របស់​អាមេរិក​នឹង​ឈ្នះ​លើ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម តែ​លោក​បាន​ទទួល​ស្គាល់​ថា គេ​ត្រូវ​ការ​ពេល​វេលា​យូរ។ លោក​អូបាម៉ា​បាន​បន្ថែម​ថា អាមេរិក​នឹង​បន្ត​កម្ទេច​ពួក​ភេរវជន និង​បំផ្លាញ​រាល់​បណ្តាញ​របស់​ពួក​នេះ និង​ថា អាមេរិក​ត្រៀម​ខ្លួន​នឹង​ធ្វើ​តែ​ឯង ដូច​ដែល​អាមេរិក​ធ្លាប់​បាន​ធ្វើ​កន្លង​មក។

ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​សម្តែង​សាមគ្គីភាព​ជាមួយ​ប្រទេស​បារំាង​ដែល​ទើប​រង​ការវាយប្រហារ​ពី​ពួក​ភេរវជន។ សមាជិក​សភា​អាមេរិក​ទំាង​អស់​បាន​ក្រោក​ឈរ​ឡើង​ជាមួយ​នឹង​ខ្មៅដៃ​ក្នុង​ដៃ​ដើម្បី​ចូលរួម​គោរពវិញ្ញាក្ខន្ធ​ចំពោះ​អ្នកកាសែត​របស់​ទស្សនាវដ្តី​បារំាង Charlie Hebdo ដែល​បាន​ស្លាប់​ដោយ​គ្រាប់កំាភ្លើង​របស់​ពួក​ភេរវជន​កាល​ពី​ថ្ងៃទី៧ មករា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ