អានតួអត្ថបទ
អាមេរិក-ជប៉ុន

អាមេរិក​ចាត់​ទុក​សម្ព័ន្ធ​ភាព​ជាមួយ​ជប៉ុន​ថា ជា​គ្រឹះ​នៃ​ស្ថិរភាពក្នុង​តំបន់

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅទីក្រុង​តូក្យូ រដ្ឋ​មន្ដ្រី​ការពារជាតិ​អាមេរិក លោក James Mattis ចាប់​ដៃ​លោក​ស្រី​រដ្ឋ​មន្ដ្រីការពារ​ជាតិ​ជប៉ុន Tomomi Inada នៅថ្ងៃ​សៅរ៍ ទី​៤ កុម្ភៈ ២០១៧
ក្នុង​ដំណើរ​ទស្សនកិច្ច​នៅទីក្រុង​តូក្យូ រដ្ឋ​មន្ដ្រី​ការពារជាតិ​អាមេរិក លោក James Mattis ចាប់​ដៃ​លោក​ស្រី​រដ្ឋ​មន្ដ្រីការពារ​ជាតិ​ជប៉ុន Tomomi Inada នៅថ្ងៃ​សៅរ៍ ទី​៤ កុម្ភៈ ២០១៧ REUTERS

មន្ដ្រី​ការពារ​ជាតិ​អាមេរិក លោក James Mattis បាន​ប្រាប់​សមភាគី​ជប៉ុន​​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សម្ព័ន្ធ​ភាពអាមេរិក​និង​ជប៉ុន​ គឺ​ជា​ចំណុច​ស្នូល​នៃ​ស្ថិរភាព​ក្នុង​តំបន់​។ និង​ថា សម្ព័ន្ធ​ភាព​នេះ​នឹង​បន្ត​ទៅ​មុខ​ទៀតយ៉ាង​រឹង​មាំ​​ជា​ទី​បំផុត​។ សូម​ជម្រាប​ជូន​ថា លោក James Mattis បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​។ ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋ​មន្ដ្រី​ជប៉ុន​កាល​ពី​ម្សិលមិញ ប្រមុខ​ការពារ​ជាតិ​អាមេរិក​បាន​គូស​បញ្ជាក់​ថា អាមេរិក​នឹង​ឈរ​ប្រកៀក​ស្មា​ជាមួយ​ជប៉ុន ប្រឈម​នឹង​ការ​គម្រាម​កំហែង​ពី​ប្រទេស​ដទៃ​។

ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធភាព​រវាង​អាមេរិក​និង​ជប៉ុន គឺ​ជា​គ្រឹះ​នៃ​សន្តិភាព វិបុលភាព និង​សេរីភាព នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​គឺ​ជា​អ្វី​ដែលប្រមុខ​ការពារ​ជាតិ​អាមេរិក ​លោក James Mattis លើក​ឡើង​ប្រាប់​សមភាគី​ជប៉ុន គឺ​លោកស្រី Tomomi Inada នៅ​ក្នុង​ជំនួប​ក្នុង​ទីក្រុង​តូក្យូ នា​ថ្ងៃ​សៅរ៍​នេះ​។

អាមេរិក​និង​ជប៉ុន គឺ​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ប៉ុន្តែ​ចុង​ក្រោយ​នេះ ជប៉ុន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នៅ​ពេល​លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​។ បារម្ភ​​​ព្រោះ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត លោក ត្រាំ បាន​ព្រមាន​ដក​ទ័ព​អាមេរិក​ចេញ​ពី​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង បើ​សិន​ប្រទេស​ទាំង​ពីរ​នេះ​មិន​បង់​លុយ​ឲ្យ​អាមេរិក​។ អាមេរិក​ដែល​ចំណាយ​លុយ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ សម្រាប់​កង​ទ័ព​អាមេរិក​រាប់​ម៉ឺន​នាក់ ដែល​ឈរ​ជើង​នៅ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​​ដំណើរ​ទស្សនកិច្ច​លើក​នេះ ប្រមុខ​ការពារ​ជាតិ​អាមេរិក បាន​ធានា​ថា សម្ព័ន្ធ​ភាព​រវាង​អាមេរិក​និង​ជប៉ុន ​នឹង​បន្ត​ទៅ​មុខ​ទៀតយ៉ាង​រឹង​មាំ​​ជា​ទី​បំផុត​។ បើ​តាម​លោក James Mattis អាមេរិក​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​នឹង​ការ​គម្រាម​កំហែង​ណាមួយ ទៅ​លើ​ប្រទេស​ជប៉ុន។ និង​ថា អាមេរិក​នឹង​ឈរ​ប្រកៀក​ស្មា​ជាមួយ​ជប៉ុន ប្រឈម​នឹង​ការ​គម្រាម​កំហែង​ពី​ប្រទេស​ដទៃ​។

សូម​ជម្រាប​ជូន​ថា មុន​ធ្វើ​ដំណើរ​មក​ជប៉ុន លោក James Mattis បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅ​កូរ៉េ​ខាង​ត្បូង​។ នៅ​ទីនោះ រដ្ឋមន្រ្តី​ការពារ​ជាតិអាមេរិក បាន​និយាយ​ធានា​ការពារ សម្ព័ន្ធមិត្ត​របស់ខ្លួន នៅ​ចំពោះមុខ​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ លោក​ថា រាល់​​ការវាយ​ប្រហារ​ទៅលើ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក នឹងជួប​បរាជ័យ។ ហើយ​រាល់​ការប្រើ​នុយក្លេអ៊ែរ​នឹង​ត្រូវបក​មកវិញ ដោយ​ចម្លើយ​ដ៏មាន​ប្រសិទ្ធភាព និង​លើសលុប៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ