អានតួអត្ថបទ
អ៊ុយរូហ្កាយ-អាមេរិកឡាទីន

ក្រុម​ប្រទេស​អាមេរិកឡាទីន​បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ចាត់​វិធានការ​រួមគ្នា​ប្រឆាំង​មេរោគ​ហ្ស៊ីកា

យុទ្ធនាការ​បាញ់​ផ្សែង​សម្លាប់​សត្វមូស​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា
យុទ្ធនាការ​បាញ់​ផ្សែង​សម្លាប់​សត្វមូស​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា REUTERS/Marco Bello

ក្តីបារម្ភ​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង​ទាក់ទង​នឹង​មេរោគ​ហ្ស៊ីកា​ដែល​កំពុង​ឆ្លង​រាតត្បាត​សឹង​តែ​នៅ​គ្រប់ទ្វីប​ទាំងអស់ ពិសេស​គឺ​នៅ​ទ្វីបអាមេរិកឡាទីន។ ប្រេស៊ីល​ជា​ប្រទេស​ដែល​កំពុង​មាន​វត្តមាន​មេរោគ​ហ្ស៊ីកា​ច្រើន​ជាង​គេ។ នៅ​ថ្ងៃ​ពុធ ទី៣ កុម្ភៈ​នេះ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៃ​ក្រុម​ប្រទេស​ទីផ្សាររួម​ខាង​ត្បូង​ហៅ​កាត់​ថា Mercosur បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ុងតេវីដេអូ ប្រទេស​អ៊ុយរូហ្កាយ។ កិច្ចប្រជុំ​របស់​ប្រទេស​សមាជិក Mercosur បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​ជា​លើកទី៤ ស្តីពី​មេរោគ​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ និង​អាច​ឆ្លង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រទេស​ទីផ្សាររួម​ខាង​ត្បូង​ហៅ​កាត់​ថា Mercosur មាន ៥ប្រទេស​សមាជិក គឺ​អាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្កាយ អ៊ុយរូហ្កាយ និង​ប្រទេស​វ៉េណែស៊ុយអេឡា។ ក្រៅ​ពី​ប្រទេស​សមាជិក Mercosur កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថ្ងៃ​ពុធ ទី៣ កុម្ភៈ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ប្រទេស​បូលីវី ឈីលី កូឡុំប៊ី អេក្វាទ័រ ប៉េរូ និង​ប្រទេស​ស៊ូរីណាម។ អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​ពេល​នេះ​ឡើង គឺ​ប្រទេស​ប្រេស៊ីល​ដែល​កំពុង​មាន​ករណី​មេរោគ​ហ្ស៊ីកា​ច្រើន​ជាង​គេ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក ករណី​មេរោគ​ហ្ស៊ីកា​នៅ​ក្នុង​ទ្វីបអាមេរិក​អាច​នឹង​មាន​ពី ៣លាន ទៅ ៤លាន​នាក់​ក្នុង​ឆ្នាំ ២០១៦។ ជំហាន​ទី១ នៃ​កិច្ចប្រជុំ​ថ្ងៃ​នេះ គឺ​ដើម្បី​វាយតម្លៃ និង​ពិនិត្យមើល​​ស្ថានការណ៍​រួម​នៃ​ការ​វិវត្តន៍​របស់​មេរោគ​ហ្ស៊ីកា​នៅ​ក្នុង​ប្រទេស​នីមួយៗ និង​នៅ​ក្នុង​តំបន់​ទាំង​មូល ហើយ​នៅ​ក្នុង​ជំហានទី២ នៃ​កិច្ចប្រជុំ គឺ​ស្វែង​រក​វិធានការ​រួម​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ហ្ស៊ីកា។

វិធានការ​នៅ​ចំពោះ​មុខ និង​អាទិភាព គឺ​កំចាត់​មូសខ្លា

គេ​មិន​បាន​រង់ចាំ​អ្វី​ធំដុំ​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រទេស​អាមេរិកឡាទីន​ថ្ងៃ​នេះ​ទេ។ តែ​គេ​អាច​និយាយ​បាន​ថា ការ​ដែល​ក្រុម​ទេស​ក្នុង​តំបន់​បាន​រួម​ប្រជុំ​គ្នា​ពេល​នេះ ពិត​ជា​សក្ខីកម្ម​មួយ​ដែល​ពួក​គេ​ចង់​បង្ហាញ​ពី​ជំហរ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​ប្រឈម​ទប់​នឹង​មេរោគ​ហ្ស៊ីកា។ សូម​ជម្រាប​ជូនថា តាំង​ពី​មេរោគ​ហ្ស៊ីកា​មាន​វត្តមាន​នៅ​ក្នុង​តំបន់​មក ប្រទេស​នីមួយៗ​បាន​ចាត់​វិធានការ​ទប់ស្កាត់​តែ​រៀងៗខ្លួន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន តែ​ដូច​ជា​មិនសូវ​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ។

នៅ​ក្នុង​ជំហាន​ដំបូង​នៃ​ការ​ប្រឈម​ទប់​នៃ​ការ​ឆ្លង​រាតត្បាត​មេរោគ​ហ្ស៊ីកា កិច្ចប្រជុំ​អាច​នឹង​ចាត់​វិធានការ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​នីមួយៗ ពិសេស​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​របស់​មនុស្ស​ពី​ប្រទេស​មួយ​ចូល​ទៅ​ប្រទេស​មួយ​ទៀត។ តែ​វិធានការ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​វិធានការ​ពិបាក​នឹង​អនុវត្តន៍​ព្រោះ​នៅ​អាមេរិកឡាទីន រដូវ​នេះ​ជា​រដូវ​វិស្សមកាល​ដែល​មាន​ចំនួន​អ្នកទេសចរណ៍​ដ៏​ច្រើន​សម្បើម។

មួយ​វិញ​ទៀត មេរោគ​ហ្ស៊ីកា​ជា​មេរោគ​ដែល​គេ​មិន​អាច​មើល​នឹង​ភ្នែក​ទទេ​បាន ហើយ​ក៏​ជា​មេរោគ​ដែល​គេ​ពិបាក​ចាប់​បាន​នៅ​លើ​មនុស្ស​ខ្លះ​ដែរ។ ដូច្នេះ​វិធានការ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ និង​មាន​ប្រសិទ្ធិភាព​ដែល​កិច្ចប្រជុំ​អាច​ជម្រុញ​ឲ្យ​ប្រទេស​នីមួយៗ​ផ្តើម​ពង្រឹង​បន្ថែម​នោះ គឺ​យុទ្ធនាការ​កំចាត់​សត្វមូស ពិសេស​មូសខ្លា​ដែល​ជា​អ្នកចម្លង​មេរោគ​ហ្ស៊ីកា។

រក​ឃើញ​មេរោគ​ហ្ស៊ីការ​ឆ្លង​តាម​ការ​រួមភេទ

ព័ត៌មាន​ពី​អាមេរិក​ទើប​ឲ្យ​ដឹង​ពី​ករណី​ឆ្លងមេរោគ​ហ្ស៊ីកា​តាមរយៈ​ការ​រួមភេទ។ ករណី​នេះ​បាន​កើត​មាន​នៅ​លើ​ប្តីប្រពន្ធ​អាមរិកាំង​មួយ​រស់​ក្នុង​រដ្ឋ​តិចសាស់។ ដើមរឿង​ដំបូង​គឺ​ថា រូប​ស្វាមី​បាន​ត្រឡប់​ពី​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ដោយ​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន។ ទៅ​ដល់​ផ្ទះ​បាន​មួយ​រយៈពេល ភរិយា​របស់​គាត់​ដែល​នៅ​អាមេរិក​គ្មាន​ធ្វើ​ដំណើរ​ទៅ​ណា​ក៏​មាន​មេរោគ​ហ្ស៊ីកា​ដែរ។

ដំណើរ​រឿង​របៀប​នេះ​នាំ​ឲ្យ​ក្រសួង​សុខាភិបាល​អាមេរិក​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ចម្លង​មេរោគ​តាម​ការ​រួមភេទ តែ​មិន​ទាន់​ហ៊ាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ចម្លង​មេរោគ​ហ្ស៊ីកា​ពី​មនុស្ស​ទៅ​មនុស្ស​ទេ។ ក៏​ប៉ុន្តែ ករណី​មួយ​នេះ​អាច​ជា​សញ្ញា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ព្រោះ​រហូត​មក​ដល់​ពេល​នេះ មេរោគ​ហ្ស៊ីកា​បាន​ឆ្លង​តែ​ពី​មូសខ្លាខាំ​ប៉ុណ្ណោះ។ បើ​មេរោគ​មួយ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​មែន នោះ​អាច​ជា​រឿង​គ្រោះថ្នាក់ និង​អាសន្ន​ខ្លាំង​ដែល​ពិភពលោក​ត្រូវ​រួម​គ្នា​ចាត់​វិធានការ។

ថ្ងៃ​នេះ មេរោគ​ហ្ស៊ី​ការ​ឆ្លង​តាម​ការ​រួមភេទ ដូច្នេះ​នៅ​ពេល​ខាង​មុខ មេរោគ​ហ្ស៊ីកា​អាច​ឆ្លង​តាម​ឈាម តាម​ការ​ប៉ះ​គ្នា​រវាង​អ្នក​ផ្ទុក​មេរោគ និង​អ្នក​គ្មាន​មេរោគ ឬ​មួយ​ក៏​តាម​ផ្លូវ​ផ្សេង​ទៀត។ ដូច្នេះ​ការ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អាសន្ន​ជា​លើកទី៤ ស្តីពី​មេរោគ​ហ្ស៊ីកា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ និង​អាច​ឆ្លង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ រហូត​មក​ដល់​ថ្ងៃ​នេះ មេរោគ​បាន​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ពោល​អាច​ធ្វើ​ឲ្យ​ទារក​​ក្នុង​​ផ្ទៃ​ស្លាប់  ឬ​កើត​​មក​មាន​ទម្រង់​ក្បាល​មិន​ធម្មតា។

នៅ​មិន​ទាន់​មាន​ថ្នាំវ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ ហើយ​ក្រុមអ្នកស្រាវជ្រាវ និង​ក្រុមវេជ្ជបណ្ឌិត​កំពុង​ស្វះស្វែង​ស្រាវជ្រាវ​រក​ថ្នាំ។ តែ​វិធានការ​បន្ទាន់​នៅ​ចំពោះ​មុខ​ថ្ងៃ​នេះ គឺ​កំចាត់​មូសខ្លា និង​កុំ​រួមភេទ​ជាមួយ​មនុស្ស​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ