អានតួអត្ថបទ
ស.រ.អា.

ស.រ.អ.៖ ការបង្ហោះ​សាកល្បង​យានអវកាស Orion ត្រូវ​បាន​លើក​មក​ថ្ងៃ​សុក្រ

យាន​Orion (គំរូ​ឆ្នាំ​២០១៣ ) ត្រូវ​បង្ហោះ​សាក​ល្បង​ជា​លើក​ដំបូង​នៅ​ថ្ងៃសុក្រ​ទី ៥ ធ្នូ ២០១៤
យាន​Orion (គំរូ​ឆ្នាំ​២០១៣ ) ត្រូវ​បង្ហោះ​សាក​ល្បង​ជា​លើក​ដំបូង​នៅ​ថ្ងៃសុក្រ​ទី ៥ ធ្នូ ២០១៤ Wikipedia

អរ៉ាយិន (Orion) ជាយាន​អវកាស​ដំបូង បន្ទាប់​ពី​យាន​អវកាស អាប៉ូឡូ⁣(Apollo) ដែល​អាមេរិច​បាន​បង្ហោះ​កាលពី​ជាង​សែសិប​ឆ្នាំ​មុន​ទៅ​ភពព្រះច័ន្ទ (១៩៦៩)។ ជា​យាន​ដែល​អាច​នាំ​អ្នកអវកាស ចេញ ក្រៅ​គន្លង របស់​ភពផែនដី ទៅ​ជុំវិញ​ព្រះចន្ទ និង​នៅ​ថ្ងៃ​ណា​មួយ​អាច​នាំ​ទៅ​ដល់​ភព​ព្រះអង្គារ។ ការគ្រោង​បង្ហោះ​សាកល្បង​កាលពី​ម្សិលមិញ​ត្រូវបាន​លើក​មក​ថ្ងៃ​សុក្រ​វិញ​ដោយសារ​តែ​មាន​ការរំខាន​មួយ​ចំនួន ពិសេស​បញ្ហា​អាកាសធាតុ។

ផ្សាយពាណិជ្ជកម្ម

យាន Orion ដែល​មិនមាន​មនុស្ស​បើក​នេះ មាន​ទំងន់​ដល់ទៅ​៨,៦​តោន ត្រូវបាន​គេ​គ្រោង​នឹង​បង្ហោះ ចេញ​ពីជ្រោយ កាណាវ៉ើរ៉ល (Cap Canaveral) នៃ​រដ្ឋ Florida កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ តែ​បន្ទាប់ ពី​ការពន្យារ​ពេល​ម្តង​ជា​ពីរ​ដង​ដោយសារ​អាកាសធាតុ​មិន​អំណោយ​ផល និង​តាម​ពត៌មាន​ចុង​ក្រោយ​ មាន បន្ថែម​នូវ​បញ្ហា​ផ្នែក​ឧបករណ៍​ផងនោះ អង្គការ​ណាសា (NASA) របស់​សហរដ្ឋ​អាមេរិក បាន​លើក ការបង្ហោះ​សាកល្បង​ជា​លើក​ដំបូង​នេះ មក​ថ្ងៃ​សុក្រ​វិញ នៅ​ម៉ោង​ដប់ពីរ ប្រាំ​នាទី ម៉ោង​សកល។

 
បើ​យោង​តាម​លោក William Hill អនុ​ប្រធាន​ផ្នែក​របស់​ណាសា​ទទួល​បន្ទុក​ខាង​ការអភវឌ្ឍន៍​ប្រព័ន្ធ រុករក បាន​មាន​ប្រសាសន៍​ថា ការរៀបចំ​បង្ហោះ​សាកល្បង​ជាលើក​ទីមួយ​នេះ ចំណាយ​ទឹកប្រាក់​អស់ ប្រមាណ​ជា ជាង ៣៧០ លាន​ដុល្លារ និង​ក៏​ជា​បេសកកម្ម​ដ៏​សំខាន់​ជាងគេ​របស់​ណាសា ក្នុងឆ្នាំ​២០១៤ នេះ។ លោក បន្ថែមថា នេះ​គឺពិតជា​ជំហាន​ដំបូង​បំផុត​នៃ​ការធ្វើដំណើរ​របស់​យើង​ទៅកាន់​ភព​ព្រះអង្គារ។

ការបង្ហោះ​លើកដំបូង​នេះ​មាន​គោលដៅ​ចំបង​ក្នុង​ការសាកល្បង ខែល​ការពារ​កំដៅ​របស់​យាន​អវកាស​នេះ ដែល​ត្រូវ​ធន​នឹង​កំដៅ​ដល់​ទៅ ២២០០ អង្សារ ព្រមទាំង​សាកល្បង​ឆ័ត្រយោង​របស់​យាន និង​កុំព្យូទ័រ នានា​ដែល​បញ្ជា​ក្នុង​យាន។ ហើយ​ជាសរុប​មាន​ប្រដាប់​ស្ទង់​ចំនួន​ដល់ទៅ​១២០០​សម្រាប់​វាស់​រំញ័រ កម្រិត​សំលេង និង​សីតុណ្ហភាព។

បេសកកម្ម​របស់​យានអវកាស Orion នៅថ្ងៃ​អនាគត អាស្រ័យ​នឹង​ការដំឡើង​បាន​សម្រេច​នូវ​ឧបករណ៍ បង្ហោះ​យាន​ដែល​មាន​សមត្ថភាព​ខ្ពស់​ឲ្យ​ឈ្មោះ​ថា Space Launch System ហៅ​កាត់​ថា SLS។ មកដល់ ពេលនេះ ណាសា​បាន​ចំណាយ​ទឹកប្រាក់​អស់​ជាង៩,១​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ សម្រាប់​ផ្គត់ផ្គង់ គម្រោង​បង្កើត​យាន Orion នេះ។ តែ​បើ​គិត​ទាំង ឧបករណ៍​បង្ហោះ​យាន SLS ណាសា​នឹង​ត្រូវ ចំណាយ​ពី ១៩ ទៅ២០ពាន់​លាន​ដុល្លា នេះ​បើ​តាម​ការវាយ​តម្លៃ​របស់​ណាសា។

ក្រោយពី​ការបង្ហោះ​សាកល្បង​លើកនេះ ការបង្ហោះ​ជាលើក​ទីពីរ​ដែលគ្មាន​មនុស្ស​បើក​ដដែល ដែល​គេ​នឹង ប្រើ​ជា​លើក​ដំបូង​នូវ​ឧបករណ៍​បង្ហោះ​យាន SLS នោះ គ្រោង​នឹង​ធ្វើ​នៅ ឆ្នាំ២០១៨​ខាង​មុខ។

សមត្ថភាព​របស់​យាន Orion បច្ចុប្បន្ន អាច​ដឹកនាំ​អ្នកអវកាស​ចំនួន​បួននាក់​សម្រាប់​បេសកកម្ម​ចំនួន ២១ ថ្ងៃ ហើយ​ដែល​គេគ្រោង​នឹង​ធ្វើ​ការបង្ហោះ​ដោយ​មានមនុស្ស​នៅ​ខាង​ក្នុង​ជា​លើក​ដំបូង នៅ​ឆ្នាំ​២០២១ ដែល​ជា​ការល្បង​ហោះ​ជុំវិញ​ព្រះចន្ទ ឯ​ការធ្វើដំណើរ​ទៅ​ភព​ព្រះអង្គារ​វិញ​គឺ​ប្រហែល​នឹង​អាច​ប្រព្រឹត្ត​ទៅ ក្នុង​អំឡុងឆ្នាំ​២០៣០ អាស្រ័យ​នឹង​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​ណាសា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ