អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត នៅចន្លោះ​ការ​លំបាក​នៃការ​ឡើងនិងធ្លាក់​​ថ្លៃ​ប្រេង

សំឡេង ០៥:១៨
រដ្ឋមន្ត្រី​ផ្នែ​កថាមពល Khalid al-Falih  ចូលរួម​ប្រជុំ នៅក្រុងវីយ៉ែន ប្រទេសអូទ្រីស។
រដ្ឋមន្ត្រី​ផ្នែ​កថាមពល Khalid al-Falih ចូលរួម​ប្រជុំ នៅក្រុងវីយ៉ែន ប្រទេសអូទ្រីស។ REUTERS/Heinz-Peter Bader

សប្តាហ៍​មុន ក្រុមប្រទេសអ្នកនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ហៅកាត់ថា OPEP+ បាន​សម្រេច​កាត់​បន្ថយ​ការ​បូម​​ប្រេង ដើម្បី​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​មកវិញ។ ការ​ប្រកាស​ដូច្នេះ ធ្វើ​ឱ្យ​តម្លៃ​ប្រេង​បាន​ហក់​ឡើង​ជាងមុន​បន្តិច ពិត​មែន​។​ ប៉ុន្តែ​រឿង​នេះគឺធ្វើ​ឱ្យ​អាមេរិក​ខឹង​ខ្ញាល់ខ្លាំង​។ ចំពោះ​មុខ​ការ​លំបាកដូច្នេះ គឺ​គេ​ឃើញ​មាន អារ៉ាប៊ីសាអូឌីត ដែល​ត្រូវ​ឈឺក្បាល​ខ្លាំង និងត្រូវ​រង​សម្ពាធ​ច្រើន​ជាងគេ។​ 

ផ្សាយពាណិជ្ជកម្ម

បញ្ហា​តម្លៃប្រេងធ្លាក់​ចុះ ព្រោះរឿងអ្វី?

ជាដំបូង​ ត្រូវ​យល់ថា ​ប្រេង​ធ្លាក់​ថ្លៃដោយសារអ្វី ? ហើយតើ​ហេតុអ្វី​បាន​ជា​ អារ៉ាប៊ីសាអូឌីត និង​អង្គការ OPEP+ ចង់ឱ្យ​ស្រុះស្រួល​គ្នា​បន្ថយ​ការ​បូមប្រេង? បើ​តាម​អ្នក​ជំនាញ​ គឺ​មាន​ហេតុ​ផល​ យ៉ាង​តិច​ចំនួនបីដែល​អាច​ពន្យល់​ពី​រឿង​នេះ។

ទី១ ដំបូង​បំផុត ​ដោយសារតែ​ប្រទេស​ផលិត​ប្រេង ​ប្រឹង​បូម​ចម្រាញ់​ប្រេង​ច្រើន​ពេក នាំឱ្យ​លើស​កំណត់ និង​លើសពី​សេចក្តីត្រូវការ​របស់​ទីផ្សារ​។ ឧទាហរណ៍ អាមេរិក រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​បាន​ក្លាយ​ជា​ប្រទេស​ផលិតប្រេង​លំដាប់​ទី​១​​ពិភពលោក ហើយអាមេរិកបូមប្រេង​ដោយ​គ្មាន​ខ្វល់​នឹងកូតា​ OPEP+​ ឡើយ។  បន្ទាប់មក​គឺ​ រុស្ស៊ី ។ ​រុស្ស៊ី​នេះហើយ ដែល​គេ​ច្រើន​អង្អុរមុខ​ថាធ្លាប់​បាន​​លាក់លួច​បូមប្រេង​លើសចំណុះ។ ចំណែក​ប្រទេស​បូមប្រេងច្រើន​ លំដាប់​ទី៣ គឺអារ៉ាប៊ីសាអូឌីត​។ បន្ថែមពីនេះ គឺ​មាន ប្រទេស​ អ៊ីរ៉ាក់ និង​ នីហ្សេរីយ៉ា ដែល​ជាប់​ឈ្មោះ ថា​បាន​បូប​ប្រេង​ច្រើន​លើស​ហួស​កម្រិតកំណត់​។ ពីព្រោះថា​ ប្រទេស​ទាំងពីរ​នេះ កំពុង​ជួប​ប្រទះ​វិបត្តិ​សង្គម នយោ​បាយនិង​សេដ្ឋកិច្ច​ជា​ខ្លាំង ហើយ​ចាំបាច់​ត្រូវការ​បូមប្រេង​លក់​យក​ប្រាក់ ទៅដោះស្រាយ​បញ្ហា​របស់​ខ្លួន។ នេះបើ​ទោះបី​ជា​ដឹងហើយថា ការ​បូម​ប្រេងហួស​កម្រិត​កំណត់ និង ច្រើន​ជ្រុល នាំ​ឱ្យ​តម្លៃ​ប្រេង​ ធ្លាក់​ចុះ​ថោក​ក៏ដោយ​ចុះ ក៏ប្រទេស​ទាំងនេះ មិន​ញញើត​នឹង​ប្រព្រឹត្ត​ដែរ ដើម្បីបាន​លុយផ្ទាល់ខ្លួន និង​សម្រាប់​ដោះស្រាយ​ពេល​ជួប​វិបត្តិ​។​ ទង្វើ​របស់​ប្រទេស​ខាងលើទាំងអស់​នេះ គឺ​បង្កឱ្យ​ការ​ផលិត​ប្រេង​លើស​សេចក្តី​ត្រូវការ​នៅ​លើ​ទីផ្សារ​ ដែលដើមហេតុ​មួយ​នាំ​​ឱ្យ​ប្រេង​​ធ្លាក់​ថ្លៃប្រេង​​ជា​គំហុក។

កត្តា​ទី២​ដែល​ធ្វើ​ឱ្យ​ប្រេង​ធ្លាក់​ចុះ​ថ្លៃ​ដែរនោះ គឺ​មកពី​ចំហាយ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​អាមេរិក​និង​ចិន។ ចិន​ដែល​ជាប្រទេសនាំចូល​ប្រេង​ និង​បញ្ជាទិញ​ប្រេង​ច្រើនធំ​ជាងគេ​ នៅ​លើ​ពិភព​លោក។ មហា​ម៉ាស៊ីនយក្ស​​សេដ្ឋកិច្ច​របស់​ចិន ស៊ី​ប្រេង​ខ្លាំងនិងច្រើន​ ហើយ​ការ​កុម្ម៉ង់​ទិញ​ប្រេង​របស់​ចិន ភាគច្រើន​គឺ​មាន​ប្រភព​មកពី​តំបន់​​មជ្ឈិម​បូព៌ា​។​ នៅពេ​លដែល​ផ្សារ​សេដ្ឋកិច្ច​ចិនត្រូវ​ប៉ះពាល់ដោយរលក​​ជម្លោះ​ពាណិជ្ជកម្ម, ការ​បញ្ជាទិញ​និង​នាំចូល​ប្រេងរបស់​ចិន​ ទៅបំប៉ន​សេដ្ឋកិច្ចនោះ ក៏​ថមថយ​ចុះ​ជាងមុន​ដែរ។

មួយ​វិញទៀត ជា​កត្តា​គម្រប់ទី៣​ គឺ​ការ​ធ្លាក់​ថយ​ចុះ ឬ​កំណើន​សេដ្ឋកិច្ចដើរ​យឺត​ របស់ប្រទេស​ក្នុង​​រង្វង់​សហភាព​អឺរ៉ុប ក៏​ជាផ្នែ​កមួយ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ផងដែរ។

OPEP+ កាត់​បន្ថយ​ការបូមប្រេង ៥ សែន​បារិល​ក្នុង​មួយ​ថ្ងៃៗ​

ហេតុ​ដូច្នេះហើយ​ ទើប​ក្រុមប្រទេសអ្នកនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ហៅកាត់ថា OPEP+ ប្រឹង​រក​មធ្យោបាយ​ ដើម្បី​ជំរុញ​ឱ្យ​ប្រេង​ឡើង​ថ្លៃ​វិញ ហើយ​ក៏​​ជាហេតុ​ផល ដែល​ក្រុម​ប្រទេស​ទាំង​នោះ ជួប​ប្រជុំ​គ្នា​ កាលពី​ថ្ងៃព្រហស្បតិ៍និង​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅ​ក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស។ ​ក្នុង​ជំនួបនេះ សមាជិក​១៤​ប្រទេសខាងផលិតប្រេង​ ដឹកនាំ​ដោយ​ អារ៉ាប៊ីសាអូឌីត​ ហើយ​១០ប្រទេស​ទៀត នាំមុខ​ដោយ​ រុស្ស៊ី បាន​សម្រេច​កម្រិត​ចំនួន​កូតា​ កាត់​បន្ថយ​ការ​ផលិត​ប្រេង ចំនួន​៥សែន​​បារិលក្នុង​មួយ​ថ្ងៃៗ នៅ​ត្រីមាស​ទី១ ដើមឆ្នាំ​២០២០។ ហើយ​បន្ថែមពីលើ​កា​រកាត់​បន្ថយនេះ អារ៉ាប៊ីសាអូឌីត ខ្លួន​ឯង​បាន​សន្យា​ដោយ​ស្មគ្រ​ចិត្ត កាត់​បន្ថយ​ចំនួន ៤សែន​បារិល​បន្ថែមទៀត។​ គ្រាន់តែ​ប្រកាសដំណឹង​​ដូច្នេះ តម្លៃ​ប្រេង​បា​នងើប​ក្បាល​ឡើង​ ក្រឺ​ត​ បន្តិចដែរ​។

អាមេរិក​ខឹង​ និង​ចង់​ឱ្យមានការ​បូមប្រេង​ស្រេច​នឹងចិត្ត

សហរដ្ឋ​អាមេរិក ជាប្រទេស​បូម​ប្រេង​លំដាប់​ទី១ និង​បូមដោយមិនខ្វល់​ឈឺក្បាល​ហាលថ្ងៃ​នឹងការ​កំណត់​ចំនួន​កូតា របស់​ OPEP+ បានចេញមុខ​​ប្រតិកម្ម។ ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ស្រែក​គំរាមបណ្តាញ​សង្គមធ្វីតធ័ររបស់​លោក ដោយបង្ហើរ​ថា លោកសង្ឃឹមថា​ អង្គការ​ OPEP មិនត្រូវ​​កម្រិត​ចំនួន​ ត្បិតត្បៀត​ក្នុង​ការ​បូម​ប្រេង​នោះទេ ហើយ​​គួរ​ទុក​ឱ្យ​លំហូរ​នៃការ​បូមប្រេង​ប្រព្រឹត្តិទៅ​ធម្មតា​ទៅចុះ​។ ពីព្រោះ​ថា​​ ពិភពលោក​មិន​ត្រូវការឱ្យ​​ប្រេង​ឡើងថ្លៃអ្វីនោះ​ទេ​។

សមាជិក អង្គការ​ OPEP គ្រប់​គ្នា ហាក់​សភ្នែក ​នឹង​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋ​អាមេរិក ហើយ​រង់ចាំ​តែ​តាម​ដាន​ស្ថានការ​ណ៍​តាម​សារធ្វីតធ័ររបស់​លោក ​ ដូណាល់ ត្រាំ ​។

អារ៉ាប៊ីសាអូឌីត រងសម្ពាធខ្លាំងជាងគេ

នៅ​ក្នុង​បរិបទ​នេះ អារ៉ាប៊ីសាអូឌីត​ គឺត្រូវ​រង​សម្ពាធ​ច្រើន​ជាងគេ។ នៅ​ម្ខាង អារ៉ាប៊ីសាអូឌីត​ ប្រឹង​ធ្វើ​យ៉ាងណា ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​ ហើយ​ម្ខាងទៀត​ អារ៉ាប៊ីសាអូឌីត​ ខំ​ខាំមាត់​សង្កត់​ចិត្ត​ ទ​ប់កុំ​ឱ្យ​អាមេរិក​ខឹង។ ពីព្រោះ អារ៉ាប៊ីសាអូឌីត គឺ​ជាសម្ព័ន្ធ​របស់​អាមេរិក  ហើយ អារ៉ាប៊ីសាអូឌីត ចាំបាច់​ត្រូវ​ការ​អាមេរិក​ជា​ខ្នង​បង្អែក​ ដើម្បី​ប្រឈម​មុខ​ជាមួយ​សត្រូវ​នៅ​មជ្ឈិមបូព៌ា ពិសេស​បញ្ហា​សង្គ្រាម​នៅ​យ៉េមែន​ជាដើម។

ទោះ​ជា​យ៉ាងណា​ក្តី អារ៉ាប៊ីសាអូឌីត ត្រូវ​តែ​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ គឺជា​ជម្រើស​មួយ​ត្រូវធ្វើ​ ទោះបី​លំបាក​ក្តី។ តើ​ហេតុអ្វី? ពីព្រោះថា សេដ្ឋកិច្ច​របស់​រាជាណាចក្រ​មួយ​នេះ គឺ​អាស្រ័យ​លើ​មាស​ខ្មៅនេះ ជាចាំបាច់​។ បើ​តម្លៃ​មាស​ខ្មៅ ធ្លាក់​ចុះ គឺ​ប៉ះពាល់​ជាទម្ងន់​ ទៅដល់​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត។ ​ហេតុផលមួយទៀតដែល​បញ្ជាក់ដោយ​រដ្ឋបាលក្រុង​រីយ៉ាដ​ខ្លួន​ឯង​ គឺប្រទេសនេះ​​កំពុងតែ​ជួបប្រទះ​ឱនភាព​ថវិកាជាតិ​​។ ហើយ​បើ​តាម​របាយការណ៍​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ  អារ៉ាប៊ីសាអូឌីត ក៏​កំពុង​តែ​ជួប​ប្រទះ​ កំណើន​​វិបត្តិ​អត់​ការ​ងារ​ធ្វើ​ដែរ គឺ​ស្មើ​នឹង​ចំនួន១២,៥ភាគរយ​​ ដែល​ចំបាច់​បំផុត​ ត្រូវ​ជំរុញ​ថ្លៃប្រេងឱ្យ​ឡើង ដើម្បី​ប្រមូល​យក​លុយ​ ផលិត​ការងារ​ថ្មី ឱ្យ​បាន​យ៉ាង​ហោច​១លាន​កន្លែង ក្នុង​រយៈ​៥ឆ្នាំទៅមុខ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ