អានតួអត្ថបទ
ស៊ីរី-តូកគី

ចារកិច្ចអាមេរិក៖​ក្នុង​មួយខែៗ មាន​ជនបរទេស​ប្រមាណ​១ពាន់​នាក់​ចូល​ប្រយុទ្ធ​នៅ​ស៊ីរី

អាមេរិក​ដឹកនាំ​ការទម្លាក់​គ្រាប់បែក​លើ​ក្រុមជីហាត​ក្នុង​ទីក្រុង​កូបាណេ នៅថ្ងៃ​ទី ១៨​តុលា ២០១៤
អាមេរិក​ដឹកនាំ​ការទម្លាក់​គ្រាប់បែក​លើ​ក្រុមជីហាត​ក្នុង​ទីក្រុង​កូបាណេ នៅថ្ងៃ​ទី ១៨​តុលា ២០១៤ ©REUTERS/Kai Pfaffenbach

ការវាយប្រហារ​យោធា​តាម​ជើងអាកាស​មិនបាន​បង្អាក់​ដំណើរ​ហូរចូល​របស់​សកម្មជន​បរទេស​ចូល​ក្នុង​ទឹកដី​ស៊ីរី។ តាម​ការវាយតម្លៃ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ដែល​ដកស្រង់ ចុះផ្សាយ កាលពី​ថ្ងៃ​សុក្រ ដោយ​កាសែត​អាមេរិក The Washington Post មាន​យុទ្ធជន​បរទេស​ច្រើន​ជាង ១ពាន់ នាក់ ធ្វើ​ដំណើរ​ជារៀងរាល់​ខែ ចូល​ទៅ​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ីរី។  

ផ្សាយពាណិជ្ជកម្ម

កងទ័ព​សម្ព័ន្ធអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​បាន​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ជញ្រ្ជុំ ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម​អាច​​វាយដណ្តើម​យក​បាន​ទីក្រុង​កូបាណេ ក្នុង​ទឹកដី​ស៊ីរី។ តាំងពី​មាន​ការផ្តើម​វាយប្រហារ​តាម​ជើង​អាកាស​ទៅលើ​ក្រុមជីហាត កាលពី​ខែ​សីហា យន្តហោះ អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ធ្វើ​បេសកកម្ម​ជាង ៦០០​លើក​ដើម្បី​តាម​កម្ទេច​ក្រុមជីហាត នៅ​ក្នុង​ប្រទេស​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។

 
តួលេច​ចុងក្រោយ​បាន​បង្ហាញ​ដែរ​ថា ប្រតិបត្តិការ​របស់​អាមេរិក និង​សម្ព័ន្ធ​មិត្ត នៅ​ក្នុង​ប្រទេស​ស៊ីរី​តែ​មួយ បាន​សម្លាប់​សកម្មជន​ប្រយុទ្ធ​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម ជាង ៤៦០​នាក់ និង​សមាជិក​របស់​ក្រុម​អាល់នូស្រា​ដែល​ជា​បណ្តាញ​របស់​អាល់កៃដា ប្រមាណ ៦០​នាក់។

បើទោះបី​ជា​អាមេរិក និង​សម្ព័ន្ធមិត្ត​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់ មិន​លោះថ្ងៃ​ និង​បាន​សម្លាប់​សមាជិក​របស់​ក្រុមជីហាត​រាប់រយនាក់ ប៉ុន្តែ វា​មិន​បាន​ជួយ​បន្ទុចបង្អាក់​កុំ​ឲ្យ​ចំនួន​ជន​បរទេស​ហូរ​ចូល​ទៅប្រយុទ្ធ​នៅក្នុង​ប្រទេស​ស៊ីរីទេ។

តាម​អ្នកទទួល​ខុសត្រូវ​ម្នាក់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ដែល​ដកស្រង់​សំដី​ដោយកាសែត The Washington Post ដោយសារ​តែ​ចំនួន​ យុទ្ធជន​បរទេស ហូរចូល​ទៅ​ប្រទេស​ស៊ីរី មាន​លក្ខណៈ​ថេរ គឺ​ប្រមាណ​១ពាន់​នាក់ ក្នុង​មួយខែ នោះ​ទីភ្នាក់ងារ​ប៉ាន់​ប្រមាណ​ថា មាន​ជន​បរទេស​សរុប ប្រមាណ ១៦ ០០០​នាក់​កំពុង​ចូលរួម​ប្រយុទ្ធ ក្នុង​ក្រុមជីហាត នៅ​ស៊ីរី។

តាម​អ្នកជំនាញ ចំនួន​ជនបរទេស​ឆ្លង​ចូល​ប្រយុទ្ធ​នៅក្នុង​សង្រ្គាម ​នៅ​ប្រទេស​ស៊ីរី​មាន​ចំនួន​ច្រើន បើប្រៀបធៀប​នឹង​សង្រ្គាម​នៅ​អ៊ីរ៉ាក់ ឬ​អាហ្វហ្កានីស្ថាន។ ជនបរទេស​ទាំងនោះ ដែល​ទាក់ទាញ​ដោយ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី បាន​ធ្វើដំណើរ​មកពី​អាហ្វ្រិក ពីតំបន់​ដើមបូព៌ា ផ្ទាល់ និង​ពី​អឺរ៉ុប។ ពួកគេ​ភាគច្រើន​ដែល​ចេញ​ដំណើរ​មក​ពី​ប្រទេស​ទុយនីស៊ី បាន​ឆ្លងចូល​ទៅ​ស៊ីរី​តាមរយៈ​ទឹកដី​តួកគី ដើម្បី​ចូល​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត ឬ​ជាមួយ​ក្រុមអាល់នូស្រា ដែល​ជា​បណ្តាញ​មួយ​ទៀត របស់​អាល់កៃដា។ តួកគី​ដែល​រងការរិះគន់​ពី​ភាពអសកម្ម​ដើម្បីទប់ទល់​នឹង​ការរីករាល​របស់​ក្រុមជីហាត ទើប​បាន​ចាត់វិធានការ​រឹតបន្តឹង​ច្រក​ព្រំដែន ដើម្បី​ទប់ស្កាត់ ​កុំ​ឲ្យ​យុទ្ធជន​បរទេស​ឆ្លងចូល​ទៅក្នុង​ស៊ីរី​បាន។

រដ្ឋាភិបាល​តួកគី ចាប់រឹតបន្តឹង​តាម​ព្រំដែន ទៅតាម​ការទាមទារ​របស់​សហគមន៍​អន្តរជាតិ ប៉ុន្តែ ក៏​មិន​ភ្លេច​បន្ទោស​ប្រតិបត្តិការ​យោធា​របស់​អាមេរិក និង​សម្ព័ន្ធ​អន្តរជាតិដែរ។ នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង កាលពី​ល្ងាច​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​តួកគី​បាន​បន្ទោស​ជា​ថ្មី​កងទ័ព​សម្ព័ន្ធអន្តរជាតិ ថា មិន​គិតគូរ​វាយប្រហារ​ទៅលើ​ក្រុមភេរវករ​នៅកន្លែង​ផ្សេងទៀត នៅ​ក្នុង​ទឹកដី​ស៊ីរី។ ទីក្រុង​អង់ការ៉ា​មិន​សប្បាយចិត្ត​ព្រោះថា ការវាយប្រហារ របស់​សម្ព័ន្ធ​អន្តរជាតិ តែ​ទៅលើ​ទីក្រុង​កូបាណេ ដែល​ស្ថិតនៅ​តាម​ព្រំដែន​ជាមួយ​តួកគី អាច​នឹង​ធ្វើ​ឲ្យ​ភ្នក់ភ្លើង​សង្រ្គាម​នៅ​ស៊ីរី ឆ្លងរាលដាល​ចូល​ក្នុង​ទឹកដី​តួកគី៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ