អានតួអត្ថបទ
ចិន-FMI

លោកស្រីគ្រីស្ទីន ឡាហ្កាដ៖​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ស្តីពី​នយោបាយ​សេដ្ឋកិច្ច​ខ្លួន

លោកស្រីគ្រីស្ទីន ឡាហ្កាដថា ​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ស្តីពី​នយោបាយ​សេដ្ឋកិច្ច​ខ្លួន
លោកស្រីគ្រីស្ទីន ឡាហ្កាដថា ​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ស្តីពី​នយោបាយ​សេដ្ឋកិច្ច​ខ្លួន REUTERS/Ruben Sprich

នៅ​ក្នុង​ថ្ងៃ​ទី២ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មករា​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស លោកស្រី​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​គ្រីស្ទីន ឡាហ្កាដ​បាន​ថ្លែង​ថា រដ្ឋអំណាច​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ទាក់ទង​នឹង​នយោបាយ​សេដ្ឋកិច្ច និង​នយោបាយ​រូបិយវត្ថុ ពិសេស​យុទ្ធសាស្រ្ត​នៃ​អត្រាប្តូរប្រាក់​របស់​ខ្លួន​ទេ។ យោង​តាម​លោកស្រី​គ្រីស្ទីន ឡាហ្កាដ គឺ​ការ​ផ្តល់​ព័ត៌មាន​មិន​គ្រប់គ្រាន់ និង​គ្មាន​តម្លាភាព​ច្បាស់លាស់​របស់​ចិន​នេះ​ហើយ​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់​នៅ​លើ​ទីផ្សារ​ភាគហ៊ុន និង​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​នៅ​ក្នុង​ចំណោម​អ្នកវិនិយោគ។

ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​ការ​រិះគន់ វាយប្រហារ​ទេ តែ​គ្រាន់​ជា​ការ​យល់​ឃើញ​របស់​លោកស្រី​ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​គ្រីស្ទីន ឡាហ្កាដ។ លោកស្រី​បាន​ប្រកាស​ទទួល​ស្គាល់​ពី​មហា​កំណែទម្រង់​នយោបាយ​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្តូរ​ពី​សេដ្ឋកិច្ច​ពឹង​លើ​ការ​នាំ​ចេញ​សុទ្ធសាធ​ទៅ​ជា​សេដ្ឋកិច្ច​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ទៅ​វិញ។ តែ​បញ្ហា​នៅ​ត្រង់​ថា ទីក្រុង​ប៉េកាំង​មិន​បាន ឬ​មួយ​ក៏​គ្មាន​បំណង​ក្នុង​ការ​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់ និង​តម្លាភាព​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​នយោបាយ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើយ។

គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​បាន​យល់​ឃើញ​ថា ជា​កត្តា​ដែល​នាំ​ឲ្យ​មាន​ភាព​ចលាចល​នៅ​លើ​ទីផ្សារ​ភាគហ៊ុន និង​ក្តីបារម្ភ​របស់​ក្រុមអ្នកវិនិយោគ​នា​ពេល​កន្លង​មក។ កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ ការ​បញ្ចុះ​តម្លៃប្រាក់យ័ន​ភ្លាមៗ​ពី​រដ្ឋអំណាច និង​ការ​ធ្លាក់​ថ្លៃ​តម្លៃ​ភាគហ៊ុន​យ៉ាង​គំហុក​បាន​បង្ក​ឲ្យ​មាន​ភាព​សង្ស័យ​លើ​សមត្ថភាព និង​លទ្ធភាព​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​នាម​ជា​ប្រទេស​មហា​សេដ្ឋកិច្ច​ទី២ ក្នុង​លោក។ សម្រាប់​លោកស្រី​គ្រីស្ទីន ឡាហ្កាដ ការ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ប្រកប​ដោយ​តម្លាភាព​ពី​រដ្ឋអំណាច​ចិន​ប្រហែល​អាច​ជួយ​រំងាប់​ភាព​រំជើបរំជួល​នៅ​លើ​ទីផ្សារ​ភាគហ៊ុន និង​កាត់បន្ថយ​ភាពកង្វល់​របស់​ក្រុមអ្នកវិនិយោគ។

យ៉ាង​ណា​ក៏​ដោយ លោកស្រី​ប្រមុខ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​បដិសេធ​មិន​ដាក់ទោស​ចិន​ដែល​បាន​លូកដៃ​អន្តរាគមន៍​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​តាំង​ពី​រដូវក្តៅ​ឆ្នាំ ២០១៥ ដោយ​លោកស្រី​យល់​ឃើញ​ថា ដើម្បី​រំងាប់​ភាព​ច្រួលច្របល់​ខ្លាំង អន្តរាគមន៍​ពី​រដ្ឋអំណាច​ជា​រឿង​ត្រឹមត្រូវ និង​ចាំបាច់។ ជា​ការ​ឆ្លើយ​តប​វិញ លោក​ហ្វាង ស៊ីងហាយ អនុប្រធាន​ទទួល​បន្ទុក​ទីផ្សារ​ភាគហ៊ុន​ចិន​ដែល​ស្ថិត​ក្បែរ​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​បាន​ថ្លែង​ទទួល​ស្គាល់​ដូច​លោកស្រី​ឡាហ្កាដ​បាន​លើកឡើង និង​អះអាង​ថា ចិន​អាច​នឹង​​ធ្វើ​ការងារ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

ចំណាប់​អារម្មណ៍​របស់​ប្រមុខ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៥ ដែល​មាន​តែ ៦,៩%។ គឺ​ជា​កម្រិត​មួយ​ទាប​គិត​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ