អានតួអត្ថបទ
ចិន-ដើមបូព៌ា

ចិន-ដើមបូព៌ា៖​ទស្សនកិច្ច​បង្កប់​ដោយ​សេដ្ឋកិច្ច​ច្រើនជាង​នយោបាយ​របស់​លោក​ស៊ី ជីនពីង

លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង
លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង Reuters

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំតំបន់​ដើមបូព៌ា។ បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប លោក​ប្រមុខ​រដ្ឋ​ចិន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នា​ថ្ងៃ​សុក្រ ទី២២ មករា​នេះ។ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មករា លោក​ស៊ី ជីនពីង​បាន​ប្រកាស​សន្យា​ផ្តល់​ប្រាក់កម្ចី​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​ចំនួន ៥៥ ០០០លានដុល្លារ។ ទង្វើ​របស់​លោក​ស៊ី ជីនពីង​ពេល​នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ចិន​មាន​បំណង​ពង្រីក និង​ពង្រឹង​បន្ថែម​នូវ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មួយ​ដែល​ជា​ប្រភព​ថាមពល​យ៉ាង​សំខាន់​សម្រាប់​ចិន។

ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទឹកប្រាក់​កម្ចី​ចំនួន ៥៥ ០០០លាន​ដុល្លារ​នៅ​ពេល​ដែល​លោក​បាន​ថ្លែង​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សម្ព័ន្ធ​អារ៉ាប់​ស្ថិត​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ អេហ្ស៊ីប​ដែល​ជា​ប្រទេស​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​ក្នុង​តំបន់ បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោក​ស៊ី ជីនពីង​មិន​បាន​លំអិត​ពី​ឈ្មោះ​ប្រទេស​អារ៉ាប់​ណា​មួយ​ទេ តែ​ប្រាក់កម្ចី​ទាំង ៥៥ ០០០លានដុល្លារ​នោះ​ត្រូវ​បាន​លោក​ស៊ី ជីនពីង​បែង​ចែក​ជា ៤បែប៖

 
ទី១ ទឹកប្រាក់ ១៥ ០០០លានដុល្លារ​ជា​ប្រាក់កម្ចី​ពិសេស​សម្រាប់​អភិវឌ្ឍន៍​គម្រោង​ឧស្សាហកម្ម​នៅ​មជ្ឈិមបូព៌ា។

ទី២ ទឹកប្រាក់ ១០ ០០០លានដុល្លារ​ជា​ប្រាក់កម្ចី​ពាណិជ្ជកម្ម​សម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ថាមពល។

ទី៣ ទឹកប្រាក់ ១០ ០០០លានដុល្លារ​ជា​ប្រាក់កម្ចី​សម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ផ្សេងៗ។

ទី៤ ទឹកប្រាក់ ២០ ០០០លានដុល្លារ​ជា​ប្រាក់វិនិយោគ​រួម​រវាង​ចិន​ជាមួយ​ប្រទេស​កាតា និង​អេមីរ៉ាអារ៉ាប់រួម​ដែល​ជា​ជង្រុកប្រេងកាត​ដ៏​សំខាន់​នៅ​ឈូង​សមុទ្រពែក្ស។

និយាយ​ពី​ទំនាក់ទំនង​រវាង​ចិន និង​អេហ្ស៊ីប មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ឱកាស​ជំនួប​រវាង​លោក​ស៊ី ជីនពីង និង​សមភាគី​អេហ្ស៊ីប​លោក​អាល់ ស៊ីស៊ី។ កិច្ចព្រមព្រៀង​ទាំង​នោះ​បាន​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អគ្គិសនី ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប ១៥ ០០០លានដុល្លារ។

ចិន​ចេះ​ប្រើ​នយោបាយ​ការបរទេស​បត់បែន​តាម​កាលៈទេសៈ

នៅ​ថ្ងៃ​នេះ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បន្ត​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់។ អ៊ីរ៉ង់​ដែល​កំពុង​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ផ្តើម​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ជា​បណ្តើរៗ ហើយ​ក្រុមអ្នកវិនយោគ​បរទេស​ក៏​ត្រៀម​ខ្លួន​ចូល​ទៅ​រក​ស៊ី​នៅ​អ៊ីរ៉ង់​ដែរ។ ដូច្នេះ វត្តមាន​របស់​លោក​ស៊ី ជីនពីង​នៅ​អ៊ីរ៉ង់​ពេល​នេះ គឺ​ជា​ឱកាស​មួយ​ល្អ​ប្រសើរ​ខ្លាំង​ណាស់​សម្រាប់​ចិន។ លោក​ស៊ី ជីនពីង​យល់​ច្បាស់ណាស់​ថា រឿង​រកស៊ី បើ​ចាំ​ឡាន​ក្រោយ​ប្រាកដ​ជា​ចង្អៀត​ជាង​ឡាន​មុខ។ អ៊ីរ៉ង់​ជា​ប្រទេស​ជង្រុក​ប្រេង​ឆៅទី៤ និង​ជង្រុក​ឧស្ម័ន​ទី២ ក្នុង​លោក​ដែល​សុទ្ធសឹង​ជា​ថាមពល​​ចំាបាច់​​ដើម្បី​យក​ទៅ​ចិញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ចិន។

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ចិន​ជា​ប្រទេស​ដែល​មាន​អាទិភាព​ជាង​ប្រទេស​ផ្សេង។ ការ​​អះអាង​រៀប​នេះ​មិន​មែន​ដោយសារ​តែ​ចិន​មាន​លុយ និង​ហ៊ាន​ចាយ​លុយ​តាម​រយៈ​ប្រាក់​ជំនួយ ឬ​ប្រាក់កម្ចី​គ្មាន​ការ​ប្រាក់​ទេ តែ​គឺ​នយោបាយ​ការបរទេស​ឆ្លាតវៃ​របស់​ចិន។ នយោបាយ​ការបរទេស​ឆ្លាតវៃ​របស់​ចិន​ដែល​ផ្តោត​លើ​គោលការណ៍​សំខាន់ ៣ ទី១ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទី២ ការ​គោរព​អធិបតេយ្យភាព​ដែនដី និង​ការ​មិន​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នក​ដទៃ។

ចិន​ចេះ​ប្រើ​នយោបាយ​បត់បែន និង​សម្របសម្រួល​ទៅ​តាម​កាលៈទេសៈ​ជាក់ស្តែង។ ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ក្រោយ​បដិវត្តន៍​ផ្តួល​រំលំ​របប​លោក​មូបារ៉ាក់ ចិន​បាន​ចេញ​មុខ​គាំទ្រ​លោក​ប្រធានាធិបតី​ថ្មី​ម័រស៊ី តែ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ម័រស៊ី​ដោយ​មេទ័ព​អាល់ ស៊ីស៊ី ចិន​បាន​ត្រឡប់​ទៅ​គាំទ្រ​លោក​អាល់ ស៊ីស៊ី​ភ្លាមៗ ដោយ​មិន​បាច់​ពិចារណា​ច្រើន។ ការ​ប្រកាន់​យក​នយោបាយ​ការបរទេស​របៀប​នេះ​បាន​ធ្វើ​ឲ្យ​ចិន​រក​ស៊ី​កាក់កប​ជាមួយ​សឹង​តែ​គ្រប់​ប្រទេស រាប់​ទាំង​ប្រទេស​ដែល​ជាប់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ផង។

លោក​ស៊ី ជីនពីង​នៅ​កណ្តាល​ដើម្បី​ទាញ​ប្រយោជន៍​ទាំង​សង​ខាង

វត្តមាន​របស់​ប្រមុខ​រដ្ឋ​ចិន​នៅ​អ៊ីរ៉ង់​នៅ​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​កំពុង​មាន​វិបត្តិការទូត​តានតឹង​ដល់​កំពូល។ តាំង​ពី​លោក​ស៊ី ជីនពីង​បាន​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នា​ដើម​សប្តាហ៍ គ្រប់​គ្នា​សង្ឃឹម​ថា លោក​ស៊ី ជីនពីង​អាច​នឹង​ជួយ​ដោះស្រាយ ឬ​យ៉ាង​ហោច​ណាស់​ជួយ​កាត​បន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត។ តែ​នេះ​ជា​ការ​យល់​ច្រឡំ​ធំ​ណាស់ ព្រោះ​ថា ចិន​ដែល​ទទួល​បាន​ប្រយោជន៍​ទាំង​សង​ខាង ទាំង​ពី​អ៊ីរ៉ង់ និង​ពី​អារ៉ាប៊ីសាអូឌីត​មិន​ជា​ល្ងង់​ទៅ​កាន់​ជើង​អ៊ីរ៉ង់ រួច​ជាន់​ពន្លិច​អារ៉ាប៊ីសាអូឌីទ ឬ​មួយ​ក៏​កាន់​ជើង​អារ៉ាប៊ីសាអូឌីត រួច​ជាន់​ពន្លិច​អ៊ីរ៉ង់​នោះ​ទេ។

តែ​ទន្ទឹម​គ្នា​នេះ ចិន​ក៏​មិន​បាន​បិទ ភ្នែក​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​រឿង​នេះ​ដែរ គ្រាន់​តែ​ថា និង​ដូច​ជា​សព្វ​មួយ​ដង ចិន​បាន​ត្រឹម​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​ចេះ​អត់ធ្មត់ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ យុទ្ធសាស្រ្ត​របស់​ចិន​គឺ​ច្បាស់​ណាស់ មិន​ធ្វើ​ឲ្យ​ភាគី​ណា​មួយ​អាក់អន់ចិត្ត ក្តៅក្រហាយ​នឹង​ខ្លួន​ឡើយ។

នៅ​ក្នុង​ជំនួប​ជាមួយ​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាណ​នា​ដើម​សប្តាហ៍ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​មិន​បាន​និយាយ​អ្វី​ធំដុំ​ទាក់ទង​នឹង​រឿង​ជាមួយ​អ៊ីរ៉ង់​ទេ ហើយ​លោក​ស៊ី ជីនពីង​ក៏​យល់​ច្បាស់​ថា ស្តេច​សាលម៉ាន​ក៏​ប្រហែល​ជា​មិន​ត្រូវ​ការ​ចង់​ដឹង ចង់​ឮ និង​ចង់​ទទួល​មេរៀន​ពី​ប្រទេស​ណា​មួយ​ដែរ។ ដូច្នេះ​នៅ​អ៊ីរ៉ង់ លោក​ស៊ី ជីនពីង​ក៏​ប្រហែល​នឹង​រក្សា​ជំហរ​ដដែល​ដើម្បី​ធ្វើ​យ៉ាង​ណា បន្ត​រក្សា និង​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​តេហេរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ