អានតួអត្ថបទ

កូរ៉េខាងជើង ​ទំនងជាបាន​បាញ់​សាក​មីស៊ីល​ ២គ្រាប់​​​ថែមទៀត

រូបភាព​ផ្កាយ​រណប​ វិភាគដោយ​វិទ្យាស្ថាន​ Middlebury Institute of International Studies បង្ហាញ​ថា​កូរ៉េខាងជើង​បានសាក​​មីស៊ីល​ចំងាយ​មធ្យម។ ថ្ងៃទី​៤ ឧសភា ២០១៩
រូបភាព​ផ្កាយ​រណប​ វិភាគដោយ​វិទ្យាស្ថាន​ Middlebury Institute of International Studies បង្ហាញ​ថា​កូរ៉េខាងជើង​បានសាក​​មីស៊ីល​ចំងាយ​មធ្យម។ ថ្ងៃទី​៤ ឧសភា ២០១៩ Reuters

បើតាមការលើកឡើង របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងទំនងជាបានបាញ់សាកគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ហើយការបាញ់នេះ គឺបានធ្វើ នៅប៉ុ​ន្មានម៉ោង ក្រោយពេលលោក​ប្រេសិតអាមេរិកទទួលបន្ទុកសំណុំរឿងកូរ៉េខាងជើង បានទៅដល់ក្រុងសេអ៊ូល។ កាលពីសប្តាហ៍មុន កូរ៉េខាងជើង​ ក៏បានបាញ់សាកល្បងកាណុងបាញ់បង្ហោះគ្រាប់ ផងដែរ ដែលបញ្ហានេះ កំពុងតែធ្វើឲ្យការចរចា ជាមួយអាមេរិក ជួបការលំបាកបន្ថែមទៀត។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើង បានបាញ់គ្រាប់ ដែលទំនង ប្រហែលជាគ្រាប់មីស៊ីល ចម្ងាយមធ្យមចំនួន២គ្រាប់។ នេះបើតាមការបញ្ជាក់ ពីកងទ័ពកូរ៉េខាងត្បូង។ ប្រភពដដែល អះអាងថា មីស៊ីលទាំង២ ត្រូវបានបាញ់បង្ហោះ ឆ្ពោះទៅទិសខាងកើត ហើយ​ហោះ​បាន​ចម្ងាយ ២៧០គីឡូម៉ែត្រ និង៤២០គីឡូម៉ែត្រ។ អ្នកជំនាញ​កូរ៉េខាងត្បូង និងអាមេរិក កំពុងតែពិនិត្យទិន្នន័យលំអិត ទាក់ទិននឹងគ្រាប់មីស៊ីលទាំងនេះ។

គួរកត់សម្គាល់ថា ជាផ្លូវការ កូរ៉េខាងជើង បានផ្អាកមិនបាញ់សាកល្បងមីស៊ីល តាំងតែពីឆ្នាំ២០១៧ម្លេះ។ ក៏ប៉ុន្តែ កាលពីថ្ងៃសៅរ៍ទី៤ឧសភា កូរ៉េខាងជើង បានធ្វើការសាកល្បង កាណុងបាញ់បង្ហោះប្រភេទថ្មី ជាមួយនឹងគ្រាប់ជាច្រើន។ តែកូរ៉េខាងជើង មិនបានបង្ហើបឲ្យដឹង ថាជាគ្រាប់ប្រភេទអ្វីទេ។ ប៉ុន្តែ បើផ្អែកតាមអ្នកជំនាញ ក្នុងចំណោមគ្រាប់ដែលកូរ៉េខាងជើង​ បានបាញ់សាក កាលពីថ្ងៃទី​៤ឧសភា មានយ៉ាងហោច មីស៊ីលចំងាយជិត ចំនួន​១គ្រាប់។

គួរកត់សំគាល់ថា នៅថ្ងៃព្រហស្បតិ៍ទី៩ឧសភា ២ម៉ោងមុនការបាញ់មីស៊ីលរបស់កូរ៉េខាងជើង លោក Stephen Biegun ប្រេសិតអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ទើបតែបានទៅដល់ក្រុងសេអ៊ូល។ ដំណើរទៅក្រុងសេអ៊ូលនេះ គឺលោក Stephen Biegun ត្រូវជួបជាមួយរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំង២ ដើម្បីរកវិធី បើកការចរចាជាមួយកូរ៉េខាងជើងឡើងវិញ ព្រមទាំងដោះស្រាយបញ្ហានៃការបញ្ជូនជំនួយ​មនុស្សធម៌ ទៅជួយប្រជាជនកូរ៉េខាងជើង។

ក្រោយដំណឹងពីការបាញ់គ្រាប់មីស៊ីលថ្មីបន្ថែម ដូចនេះ លោកមូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា រឿងនេះ មិនមានរឿងល្អសម្រាប់ការចរចា កសាងសន្តិភាពនោះទេ។ លោកបន្ថែមថា​ ការដែលកូរ៉េខាងជើងបន្តបាញ់មីស៊ីល ខណៈដែលការចរចាកំពុងតែជាប់គាំង គឺវារឹតតែធ្វើឲ្យការចរចនេះ  មិន​​អាចដើរទៅមុខបាន។

លោក Harry Kazianis សមាជិកក្រុមវិភាគអភិរក្សនិយម Center for National Interest បានលើកឡើងថា គីម ជុងអ៊ុនបាញ់មីស៊ីល ផ្គើមបែបនេះ គឺដើម្បីបង្ហាញថា កូរ៉េខាងជើង គ្មានចេតនារំសាយកម្មវិធីនុយក្លេអ៊ែរចោលទេ។ ដោយឡែក លោក Hong Ming អ្នកវិភាគនៅ វិទ្យាស្ថានដើម្បីបង្រួបបង្រួមជាតិ ក្រុងសេអ៊ូល បានលើកឡើងថា កូរ៉េខាងជើងគ្មានបំណងសុំត្រឹមតែជំនួយមនុស្សធម៌ទេ។ តែកូរ៉េខាងជើង ចង់បានការធានាសន្តិសុខ ជាថ្នូរនឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ