អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

ប្រាក់យ័ន​​របស់ចិន ត្រូវ​បាន​ចាត់​បញ្ចូល​ទៅក្នុង​រូបិយបណ្ណ​គោល​នៃ​IMF

ក្រដាសប្រាក់ ១០០​យ័ន របស់ចិន
ក្រដាសប្រាក់ ១០០​យ័ន របស់ចិន Reuters/路透社

ក្រដាស​ប្រាក់​យ័ន​របស់​ចិន ​ បាន​ចូល​ជា​ស្ថាពរទៅ​ក្នុង​ចំណោម​រូបិយបណ្ណ​គោល​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​នៅ​ថ្ងៃ​សៅរ៍​ទី​ ១​តុលា​នេះ។ រូបិយបណ្ណ​ចិន ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់ជា​អន្តរជាតិ​នេះ ​ មាន​ន័យ​ថា ​ចិន​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ពេញ​លក្ខណៈ។ តែ​យ៉ាង​ណា ​ កាលៈទេសៈ​ថ្មី​នេះ ​គឺចិន​ត្រូវ​មាន​កាតព្វកិច្ច​ ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ធនាគារ ​និង​ហិរញ្ញវត្ថុ​របស់​ខ្លួន ​ឲ្យ​មាន​តម្លាភាព​ និង​ច្បាស់លាស់​ ដើម្បី​ធានា​ទំនុកចិត្ត​ពី​សំណាក់​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

ប្រាក់យ័ន ​ “CN¥”រឺហៅ​ថា​ក្រដាស​ប្រាក់​នៃ​ប្រជាជន​ប្រជាមាណិត្យ​ចិន ​បាន​ក្លាយជា​រូបិយបណ្ណ​អន្តរជាតិ ​ក្នុង​ចំណោម​រូបិយបណ្ណ​គោល​ធំៗ ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​មាន​ដូច​ជា ​ប្រាក់​ដុល្លារ​អាមេរិក​ ប្រាក់​អឺរ៉ូ​របស់​អឺរ៉ុប ​ប្រាក់លីវ្រ​ស្ទែរលីង ​របស់​អង់គ្លេស ​និង​ប្រាក់​យ៉េន​របស់​ជប៉ុន។ ការ​ចាត់​បញ្ចូល​ជា​ក្រដាស​ប្រាក់​គោល​អន្តរជាតិ​នេះ ​មានន័យ​ថា ​ ចាប់​ពី​ពេល​នេះ​ទៅ ​ គេ​អាច​ធ្វើ​ការ​បោះពុម្ព​ពិសេស​នូវ​ក្រដាស​ប្រាក់​យ័ន​នេះ ​ដើម្បី​ផ្តល់​ជំនួយ ​រឺ​កម្ចី ​ទៅ​ឲ្យ​ប្រទេស​ណា​មួយ ​ ដែល​ផ្តល់ឲ្យ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ បន្ថែម​ពី​នេះទៀត ​ ធនាគារ​ធំៗ​ទាំងអស់ ​ត្រូវ​មាន​តំកល់​សាច់​ប្រាក់​យ័ន ​នៅ​ក្នុង​រតនាគារ​របស់​ខ្លួន។

 
សូម​បញ្ជាក់​ថា ​ ការ​បញ្ចូល​ប្រាក់​យ័ន​ជា​រូបិយបណ្ណ​គោល​អន្តរជាតិ​នេះ ​ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ តុលា ​ដែល​ជា​ថ្ងៃ​បុណ្យ​ខួប​នៃ​ការ​កសាង​របប​សាធារណរដ្ឋ​ប្រជាមាណិត្យ​ចិន។ ធនាគារ​មជ្ឈឹម​ប្រជាមាណិត្យ​ចិន​បាន​ចេញ​សេចក្តី​ប្រកាស​អបអរ​ដំណឹង​នេះ ​ ហើយ​បាន​បញ្ជាក់​ថា ​ដំណឹង​នេះ​មាន​ន័យ​ថា​ ​វា​​គឺ​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​ ព្រមទាំង​លទ្ធផល​នៃ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទីផ្សារ​សេរី ​របស់​ចិន។ ធនាគារ​កណ្តាល​ចិន​បន្ថែម​ថា ​ ​វា​ក៏​​ជា​ឱកាស​ដែល​ចិន​ត្រូវធ្វើ​កំណែ​ទម្រង់ ​ ឲ្យបាន​ស៊ី​ជំរៅ​ថែម​ទៀត។

យោងតាម​អ្នក​វិភាគ​ ការ​ដែល​ប្រាក់យ័ន​ចិន​ ត្រូវ​ចាត់​បញ្ចូល​ទៅ​ក្នុង​រូបិយបណ្ណ​គោល​នៃ​IMF ​ ​គឺគ្មាន​ផល​វិបាក​អ្វី​ធំដុំ​ទៅ​លើ​ទីផ្សារ​ទេ​ តែ​ទន្ទឹមគ្នា​នេះ​ចិន​ត្រូវ​មាន​កាតព្វកិច្ច​ជា​ច្រើន ​ក្នុងការ​បង្ហាញ​តម្លាភាព ​ក្នុង​ការ​គ្រប់គ្រង​រូបិយបណ្ណ​របស់​ខ្លួន ​ ព្រោះ​ពី​ពេល​នេះ​ទៅ​ ប្រាក់​យ័ន ​នឹង​ត្រូវ​តំកល់​ទុក​ ​រឺ​ប្រើប្រាស់​នៅ​តាម​ធនាគារ​ធំៗ​នានា។ ដូច្នេះ ​ប្រាក់យ័ន ​នឹង​ត្រូវ​គេ​តាមដាន​យ៉ាង​ជាប់​ស្អិត។

យ៉ាង​ណាមិញ ​ អ្នក​វិភាគ​ទីផ្សារ​មួយ​ចំនួន​ទៀត​បន្ថែម​ថា ​ IMF​ ចាត់​បញ្ចូល​ប្រាក់​យ័ន​ទៅ​ក្នុង​រូបិយបណ្ណ​​គោល​នេះ ​គឺ​​វា​គ្រាន់តែ​ជា​និម្មិតរូប​ ធ្វើឲ្យ​គ្រាន់​តែ​ល្អមើល​ប៉ុណ្ណោះ។ ធាតុពិត ​ ប្រាក់យ័ន​របស់​ចិន ​ ​នៅ​មិន​ទាន់​គោរព​ទៅ​តាម​លក្ខខណ្ឌ​អន្តរជាតិ​ទេ ​ ដោយសារ​គេ​មិន​អាច​ចាយ​វាយ​ប្រាក់​យ័ន ​ដោយ​សេរី​នៅ​ឡើយ ​ហើយ​មួយទៀត ​នៅក្នុង​ជំនួញ​ទិញដូរ​អន្តរជាតិ ​រឺ​ក៏​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ​ ក៏​គេ​នៅ​មិន​ទាន់​ប្រើប្រាស់​យ័ន​របស់​ចិន​ដែរ។

ដូចគ្នា​ដែរ ​ លោក ​Jack Lew ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​បាន​មាន​ប្រសាសន៍​ថា ​ ប្រាក់​យ័ន​ចិន ​មាន​ចំណុច​ខ្សោយ​ច្រើន​ណាស់ ​តែ​ការ​ផ្តល់​កិត្តិយស​ឲ្យ​ចិន​នា​ពេល​នេះ ​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​របស់​ចិន​ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ។

គួររំលឹក​ផងដែរ​ថា ​ប្រព័ន្ធ​ធនាគារ ​និង​ហិរញ្ញវត្ថុ​ចិន ​តែងតែ​ត្រូវ​បាន​គេ​រិះគន់​ជានិច្ច​ជាកាល។ រដ្ឋាភិបាល​ចិន ​ត្រូវគេ​ចោទ​ថា​បាន​លូកដៃ​ទាញ​តម្លៃ​ប្រាក់​យ័ន​ឲ្យ​ចុះឡើង​ ទៅ​តាម​តែ​ចិត្ត​ចង់បាន ​ ដើម្បី​កេង​ចំណេញ​សេដ្ឋកិច្ច។ ជាក់ស្តែង ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​ រដ្ឋាភិបាល​ចិន​បាន​បង្ក​ការ​ភ្ញាក់ផ្អើស ​ដោយ​បាន​បញ្ជា​ឲ្យ​ធនាគារ​កណ្តាល​របស់​ខ្លួន ​តម្លើង​ថ្លៃ​ប្រាក់យ័ន​មួយ​ប៉ព្រិច​ភ្នែក ​ តែ​ម្នាក់​ឯង ​ បន្ទាប់​ពី​ប្រាក់​យ័ន ​បាន​ដាំក្បាល​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន ​ ក្នុង​រយៈពេល​៦ឆ្នាំ​កន្លង​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ