អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

លោកស៊ី ជីនពីង​ ក្រើន​រំលឹក​អំពី​ផល​អាក្រក់ នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​បិទទ្វារ ​បែប​អត្មានិយម

លោកស៊ី ជីនពីង ថ្លែងទៅកាន់តំណាងក្រុម​ហ៊ុន​អន្តរជាតិធំៗ ដោយ​សន្យា​​បើក​ចំហរ​ទីផ្សារ​ចិន​​ឲ្យ​កាន់តែ​ធំ។ ប៉េកាំង ថ្ងៃទី២១ មិថុនា ២០១៨
លោកស៊ី ជីនពីង ថ្លែងទៅកាន់តំណាងក្រុម​ហ៊ុន​អន្តរជាតិធំៗ ដោយ​សន្យា​​បើក​ចំហរ​ទីផ្សារ​ចិន​​ឲ្យ​កាន់តែ​ធំ។ ប៉េកាំង ថ្ងៃទី២១ មិថុនា ២០១៨ Andy Wong/Pool via REUTERS

កាលពីថ្ងៃព្រហស្បតិ៍ ទី២១ មិថុនា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងចំពោះមុខ អគ្គនាយកក្រុមហ៊ុនអន្តរជាតិធំៗ នៅ​ឯទីក្រុងប៉េកាំង ដោយបានក្រើនរំលឹក អំពីផលអាក្រក់ នៃទ្រឹស្តីសេដ្ឋកិច្ច បែបអត្មានិយម បិទទ្វារជិត ការពារប្រយោជន៍តែម្នាក់ឯង។ សម្តីរបស់លោក ប្រធានាធិបតីចិននេះ បើទោះបី​ជា​មិន​បាន​បញ្ចេញ​ឈ្មោះឲ្យចំ ក៏អ្នកស្តាប់អាចកាត់យល់បាន ថាលោកស៊ី ជីនពីង ចង់សំដៅទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែរ ខណៈដែរ អាមេរិកនិងចិន កំពុងតែសង្រ្គឺតធ្មេញដាក់គ្នា ក្នុងវិស័យដោះដូរពាណិជ្ជកម្ម។

ផ្សាយពាណិជ្ជកម្ម

ថ្វីបើសេដ្ឋកិច្ចសកល​ក្នុងឆ្នាំ២០១៧ មានលំនឹងល្អ តែយើងគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារ​ ក្នុងកំឡុងពេលនេះ ទ្រឹស្តីគំនិតសេដ្ឋកិច្ចបិទទ្វារ បែបអត្មានិយម របស់អ្នកដឹកនាំមួយចំនួន អាចនឹងមកបង្កការលំបាកដល់សេដ្ឋកិច្ចពិភពលោក។ នេះគឺជាប្រសាសន៍របស់ លោក ស៊ី ជីនពីង ថ្លែងក្នុងពិធីជួបជុំជាមួយអគ្គនាយក និងតំណាងក្រុមហ៊ុនអន្តរជាតិធំៗ។ បើផ្អែកតាមរូបភាពផ្សាយដោយបណ្តាញ​ព័ត៌មាន​ចិន ក្នុងចំណោមតំណាងក្រុមហ៊ុនធំៗដែលចូលរួម មានដូចជាអគ្គនាយកក្រុមហ៊ុនរ៉ែដ៏ធំ ឈ្មោះ BHP Billiton តំណាងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen និងតំណាងសហជីវកម្មអង់គ្លេស Swire ជាដើម។

លោក ស៊ី ជីនពីង បានលើកឡើងថា សន្តិភាព ព្រមទាំងការរីកចំរើនសេដ្ឋកិច្ចនៃពិភពលោកយើង កំពុងប្រឈមមុខនឹងឧបសគ្គ គួរឲ្យព្រួយបារម្ភ។ ឧបសគ្គទាំងនោះ គឺជាគំនិតយល់ឃើញបែបអត្មានិយម គំនិតចាស់គំរិល ដូចក្នុងសម័យសង្រ្គាមត្រជាក់។ វាជាការយល់ច្រឡំធំណាស់ ដែលគិតថា ឲ្យតែអ្នកដែលនាំចូលច្រើន ហើយនាំចេញតិច គឺជាអ្នកខាតបង់។

លោក ប្រធានាធិបតីចិន បន្តថា មានថ្នាក់ដឹកនាំប្រទេសខ្លះ ត្អូញត្អែរ ថាខ្លួនបានចំណែកតិច អំពីការបែងចែកភោគផល នៃការដោះដូរពាណិជ្ជកម្មសេរី។ វាមិនខុសអ្វីពីការពុះច្រៀកនំចែកគ្នាទេ។ បើម្នាក់ៗ ចង់បានចំណែកខ្លួនឲ្យកាន់តែធំ គឺត្រូវតែរួមគ្នាធ្វើនំឲ្យកាន់តែធំដែរ មិនត្រូវមកទាមទារពុះច្រៀកលើចំណែកដែលមានស្រាប់នោះទេ។ បើដណ្តើមគ្នារបៀបនេះ កុំថាឡើយចំណែកតូច គឺនំទាំងមូលនឹងបាត់រូបរាងតែម្តង។

ជាការពិត ទោះលោក ស៊ី ជីនពីង មិនបញ្ចេញឈ្មោះឲ្យចំ ក៏គេអាចស្មានដឹងបាន ថាលោកសំដៅ ទៅដល់គោលនយោបាយសេដ្ឋកិច្ចបែបបិទទ្វារ របស់លោកដូណាល់ ត្រាំ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកដូណាល់ ត្រាំ បានបញ្ឆេះភ្លើងសង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេសធំៗនានា ដោយបានតំឡើងពន្ធនាំចូលកប់ពពក។ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានប្រទេសផ្សេងៗចាត់ទុកថា ជាការបំពាន លើច្បាប់ដោះដូរពាណិជ្ជកម្មសេរី។

យ៉ាងណាក៏ដោយ ការក្រើនរំលឹករបស់លោកប្រធានាធិបតីចិន អំពីគំនិតអត្មានិយមរបស់លោកដូណាល់ ត្រាំនេះ ត្រូវបានតំណាងក្រុមហ៊ុនអន្តរជាតិខ្លះលួចញញឹមហួសចិត្ត ព្រោះធាតុពិត គឺរដ្ឋាភិបាលចិនខ្លួនឯងនេះហើយ ក៏អនុវត្តយន្តការ ការពារតែក្រុមហ៊ុនចិនដែរ។ សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំទីក្រុងប៉េកាំង បានលើកឡើងថា ពាក់កណ្តាលនៃក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីនៅចិន នៅតែមានការលំបាក មិនអាចជ្រៀតចូលទីផ្សារចិនបានទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រមាណ១១% ត្រូវបង្ខំចិត្តបិទទ្វារថែមទៀតផង។ ក្រៅពីបទដ្ឋានច្បាប់តឹងតែង ដាក់សំពាធលើក្រុមហ៊ុនបរទេស បរិយាកាសទីផ្សារសេដ្ឋកិច្ចចិននៅតែតូចចង្អៀត សម្រាប់ក្រុមហ៊ុនបរទេស បង្កឡើងដោយការត្រួតពិនិត្យ ដាក់រនាំងលើបណ្តាញអ៊ីនធ័រណិត ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ