អានតួអត្ថបទ
ចិន

លោក​ស៊ី ជីនពីនថា ​កងទ័ព​ចិន​នឹង​មិន​ចុះញ៉ម​ជា​ដាច់ខាត ​ក្នុង​​ការ​ការ​ពារ​បូរណភាព​ដែនដី​ចិន

លោកប្រធានាធិបតី​ចិន ក្នុង​ឱកាស​​សន្ទរកថា​ថ្ងៃបុណ្យ​ខួប​គំរប់​៩០ឆ្នាំ នៃ​កងទ័ព​​រំដោះ​​ប្រជាមានិត​ចិន ​ថ្ងៃទី​១ សីហា​ ២០១៧
លោកប្រធានាធិបតី​ចិន ក្នុង​ឱកាស​​សន្ទរកថា​ថ្ងៃបុណ្យ​ខួប​គំរប់​៩០ឆ្នាំ នៃ​កងទ័ព​​រំដោះ​​ប្រជាមានិត​ចិន ​ថ្ងៃទី​១ សីហា​ ២០១៧ REUTERS/Damir Sagolj

នៅ​​ក្នុង​ឱកាស​បុណ្យ​ខួប​គំរប់​៩០ឆ្នាំ ​នៃការ​បង្កើត​កងទ័ព​រំដោះ​ប្រជាមានិត​ចិន ​ ថ្ងៃទី​១ ​សីហា​នេះ ​ លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង ​ បាន​ថ្លែង​ប្រកាស​ថា ​កងទ័ព​ចិន ​នឹង​មិន​រា​ថយ ​ មិន​ចុះ​ញ៉ម​នឹង​អ្នក​ណា​ទាំងអស់ ​ក្នុង​ការ​ការពារ​បូរណភាព​ដែនដី ​របស់​ចិន។ សម្តី​ប៉ុន្មាន​ម៉ាត់​នេះ ​ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​ជម្លោះ​អធិបតេយ្យ​មួយ​ចំនួន​​ ដែល​ចិន​កំពុង​មាន​ជាមួយ​ប្រទេស​ក្បែរ​ខាង​​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ព្រម​ទាំង​បញ្ហា​កោះ​តៃវ៉ាន់ ​និង​តំបន់​ហុងកុង។

ផ្សាយពាណិជ្ជកម្ម

សន្ទរកថា​ ដ៏​មោះមុត​របស់​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ​នៅ​មហាវិមាន​ប្រជាជន ​ក្នុង​ថ្ងៃ​ខួប​៩០ឆ្នាំ ​នៃ​ការ​បង្កើត​កងទ័ព​រំដោះ​ប្រជាមានិត​ចិន​ បាន​ធ្វើ​ឲ្យ​សមាជិក​បក្ស​កុម្មុយនីស្តិ​ចិន ​មាន​ភាព​កក់​ក្តៅ ​ចិត្ត​​ជាខ្លាំង។ លោក​ស៊ី ជីនពីង ​ពោលថា​ “ប្រទេស​ចិន​ ប្រជាជន​ចិន​ស្រលាញ់​សន្តិភាព​ណាស់ ​ក៏​​ប៉ុន្តែ​ចិន​ នឹង​មិន​ចុះ​ញ៉ម ​បណ្តោយ​ឲ្យ​បូរណភាព​ដែន​ដី​ខ្លួន​ ត្រូវ​គេ​មក​រំលោភ​បំពាន​ឡើយ។ កងទ័ព​ចិន ​នឹង​ឈរ​យ៉ាង​អង់​អាច​ក្លាហាន​ ដើម្បី​ការពារ​ដែនទឹក​ និង​ដែន​ដី​របស់​ចិន”។ លោក ​ស៊ី ជីនពីង​ បន្តថា​ “យើង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ ក្រុម​បក្ស ​ឬ​ចលនា​នយោបាយ​ណាមួយ​ មក​កាត់​ច្រៀក​ដែនដី​ចិន​ឡើយ​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ”។

នៅ​ក្នុង​សន្ទរក​ថា​នេះ ​លោក​ប្រធានាធិបតី​ចិន​ មិន​បាន​លើក​ឡើង​ឲ្យ​ចំៗ​ អំពី​សំណុំ​រឿង​ជម្លោះ​អធិបតេយ្យ​ណា​មួយទេ។ តែគេ​អាច​យល់​បាន​យ៉ាង​ច្បាស់ ​ថា​នេះ​គឺ​​ជា​សារ ​ផ្ញើរទៅ​ដល់​ភាគី​ទាំង​អស់ ​ដែល​កំពុង​ជាប់​ជម្លោះ ​ជាមួយ​ចិន​ ឬ​ក៏មាន​ចេតនា ​ចង់​បាន​អធិបតេយ្យភាព​ ផ្តាច់ខ្លួន​ពី​ប៉េកាំង។

តៃវ៉ាន់​ ​ដែល​ចិន​តែងតែ​ចាត់​ទុក​ថា ​ជា​ខេត្ត​មួយ​របស់​ខ្លួន​នោះ ​ត្រូវ​បាន​កងទ័ព ​និង​រដ្ឋាភិបាល​ប៉េកាំង ​សម្លឹង​សម្លក់​ជាប់​ជា​ប្រចាំ ​មិន​ឲ្យ​កោះ​នេះ​ ក្លាយ​ជា​ប្រទេស​ឯករាជ្យ​បាន​ទេ។ ដូច​គ្នា​ដែរ ​តំបន់​ស្វ័យ័ត​ហុងកុង ​ស្ថិត​ក្នុង​បរិបទ​មួយ​យ៉ាង​តាន​តឹង ​ដោយសារ​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ ​បាន​ទាមទារ ​ឲ្យ​រដ្ឋាភិបាល​ប៉េកាំង ​គោរព​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង។ សម្តី​ប៉ុន្មាន​ម៉ាត់​ខាង​លើ ​របស់​លោក​ស៊ី​ ជីនពីង​ ​ក៏​ជា​សារ​ផ្ញើរ​ទៅកាន់ ​ប្រទេស​អាស៊ី​អាគ្នេយ៏​មួយ​ចំនួន​ ដែល​កំពុង​ជាប់​ជម្លោះ ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ជាមួយ​នឹង​ចិន ​ដែរ។

ក្រៅ​ពីនេះ ​លោកស៊ី ជិនពីង ​ក៏បាន​សរុប​នូវ​ជោគជ័យ ​នៃ​យុទ្ធនាការ​បោស​សំអាត​អំពើ​ពុករលួយ ​ក្នុង​ជួរ​កងទ័ព​ចិន ​ព្រមទាំង​ការ​រៀបចំ​ធ្វើ​ទំនើបកម្ម ​ឲ្យ​កងទ័ព​ចិន​ មាន​សមត្ថភាព​រឹងមាំ។ លោក​បាន​ឆ្លៀត​បន្ថែម​ថា ​ដើម្បី​កសាង​កងទ័ព​ ឲ្យ​រឹងមាំ​ល្អ ​គឺ​យើង​ត្រូវតែ​ធ្វើ​យ៉ាងណា ​បញ្ចូល​ទ្រឹស្តី​នយោបាយ​របស់​បក្ស​ ទៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​របស់​កងទ័ព ​ហើយ​ធានា​ធ្វើ​ឲ្យបាន ​ថា​កងទ័ព​ ត្រូវតែ​ដើរ​ឲ្យ​ស្រប ​និង​ស្មោះស្ម័គ្រ​​ជាមួយ​គោល​នយោបាយ​របស់​បក្ស​ជានិច្ច។

សូម​បញ្ជាក់​ថា ​៥ឆ្នាំ​ចុង​ក្រោយ​នេះ ​លោក​ស៊ី ជីនពីង​ បាន​ប្រើ​កណ្តាប់ដៃ​ដែក ​អូស​មនុស្ស​សំខាន់ៗ​ក្នុង​ជួរ​កងទ័ព​ទម្លាក់​ចោល ​និង​រុញ​ចូល​គុក​ ​ អស់​ជាច្រើន​នាក់​ ដោយ​ចោទ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ។ ជា​ការពិត ​អំពើ​ពុក​រលួយ​ក្នុង​ជួរ​កងទ័ព​ចិន​ គឺ​ជា​រឿង​មួយ​ដែល​គ្រប់​គ្នា​ដឹង​យ៉ាងច្បាស់ ​តែ​យ៉ាងណា ​គេ​ជឿថា​នៅ​ពីក្រោយ​លេស​នេះ ​គឺ​លោក​ស៊ី ជីនពីង ​មាន​បំណង​កំចាយ​មនុស្ស​ណា ​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​ខ្លួន​ ច្រើន​ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ