អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្វែងយល់​ពី​ព្រះរាជ​បំណង​ពិត​ របស់​ព្រះចៅ​អធិរាជ​ជប៉ុន ​ដែល​ស្នើ​សុំ​ដាក់​រាជ​សម្បត្តិ

សំឡេង ០៥:១១
ព្រះចៅអធិរាជ អាគីហ៊ីតូ របស់​ជប៉ុន
ព្រះចៅអធិរាជ អាគីហ៊ីតូ របស់​ជប៉ុន Reuters

រដ្ឋាភិបាល​​ជប៉ុន​ បាន​សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ទី១៩​ ឧសភា ​លើ​សេចក្តី​ព្រៀងច្បាប់​ពិសេស​មួយ​ ដើម្បី​អនុញ្ញាត ​ឲ្យព្រះចៅ​អធិរាជ​ជប៉ុន ​ធ្វើការ​ដាក់​រាជ​សម្បត្តិ។ ច្បាប់នេះ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​ជប៉ុន ​អនុម័ត។​ ការ​ដាក់​រាជ​សម្បតិ្ត​នៃ​អធិរាជ​ជប៉ុន ​គឺ​ជា​រឿង​មួយ​កំរ​បំផុត​ ហើយ​មិន​មាន​ចែង​ ក្នុង​ច្បាប់​ណា​ទាំងអស់។ ​គឺ​ព្រះចៅ​អធិរាជ​ អាគីហ៊ីតូ ​ព្រះអង្គ​ឯង​តែម្តង​ ដែល​បាន​លើក​សំណើ​សុំ​ដាក់​រាជ​សម្បត្តិ​នេះ។ តើ​ព្រះចៅ​អធិរាជ​ ដែល​មាន​ព្រះជន្ន ​៨៣​ព្រះវស្សា ​និង​ជា​ទី​គោរព​ស្រលាញ់​ របស់​ប្រជាជន​ជប៉ុន​នេះ ​មាន​ព្រះរាជ​បំណង​យ៉ាងណា ​ទើប​បាន​ជា​ប្រាថ្នា​ចុះ​ពី​រាជបល្ល័ង្ក​ ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

គណរដ្ឋមន្ត្រី​ជប៉ុន ​បាន​សរសេរ​ក្នុង​សេចក្តី​ព្រៀងច្បាប់​ពិសេស ​នេះថា​ ដោយ​គោរព​តាម​ព្រះរាជ​បំណង ​នៃ​ព្រះចៅ​អធិរាជ ​រដ្ឋាភិបាល​ជប៉ុន ​សូម​ធ្វើការ​ស្នើ​ច្បាប់​ថ្មីមួយ​ ដាក់​ជូន​រដ្ឋសភា​ជប៉ុន ​ដើម្បី​កំណត់ ​ពី​ការ​ដាក់​រាជ​សម្បត្តិ​របស់​ព្រះចៅ​អធិរាជ។ បើ​អ្វីៗ​ប្រព្រឹត្តិ​ទៅ​តាម​ការ​រំពឹង​ទុក ​ ច្បាប់​ពិសេស​នេះ ​និង​ត្រូវ​អនុម័ត​ជា​ផ្លូវការ​នៅ​រវាង​ចុងឆ្នាំ​២០១៨​​នេះ ​ហើយ​ព្រះចៅ​អធិរាជ​ អាគីហ៊ីតូ ​នឹង​ចុះពី​រាជ​បល្ល័ង្ក ​ភ្លាម ​ ទុក​ឲ្យ​ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះអង្គ​ ឡើង​គ្រង​រាជ​ គឺ​ព្រះ​អង្គម្ចាស់ ​ណារូហ៊ីតូ នៅដើមឆ្នាំ​​២០១៩។

 
រដ្ឋាភិបាលជប៉ុន មិនព្រម​ធ្វើ​កំណែ​ទម្រង់​ច្បាប់គ្រប់​គ្រង​រាជបល្ល័ង្ក
 
ជាការពិត ​ ព្រះចៅ​អធិរាជ​ជប៉ុន​ អាគីហ៊ីតូ​ មាន​ព្រះ​រាជ​បំណង​ចុះ​ពី​រាជ​បល្ល័ង្ក ​ តែ​មិនមែន​គ្រាន់​តែ​ចុះចេញ ​ទុក​រាជ​បល្ល័ង្ក​ ឲ្យ​បុត្រ​ព្រះ​អង្គ​ទេ​ គឺ​ព្រះអង្គ ​ប្រាកដ​ជា​មាន​បំណង​ណាមួយ​ផ្សេង​ទៀត​ពី​នេះ។ លោក ​ម៉ូតូស៊ូគូ ​អាកាហ្ស៊ី ​មិត្ត​ដ៏ស្និទ​របស់​ព្រះចៅ​អធិរាជ​ អាគីហ៊ីតូ ​បាន​មាន​ប្រសាសន៍​ថា ​ព្រះចៅ​អាគីហ៊ីតូ​ មាន​បំណង​ដាក់​រាជ​សម្បតិ្ត​មែន​ តែបំណង​ពិត​របស់​ព្រះអង្គ ​គឺ​ដើម្បី​ឲ្យ​មាន​ការ​សើររើ ​ទៅលើ​ក្រម​ច្បាប់​គ្រប់គ្រង​កិច្ចការ​ព្រះរាជ​វង្ស​ជប៉ុន​ ទៅ​វិញ​ទេ។

ព្រះអង្គ​ដឹង​ថា ​ដើម្បី​ដាក់​រាជ ​គឺ​គេ​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់ ​លើ​ច្បាប់​គ្រប់គ្រង​ព្រះរាជ​វង្ស ​និង​រាជ​បល្ល័ង្គ​ ដោយ​ចៀស​មិនរួច។ ក៏​ប៉ុន្តែ ​ទី​បំផុត​ រដ្ឋាភិបាល​ជប៉ុន​ មិន​បាន​ជ្រើសរើស​យក​វិធី​នេះ​ទេ។ រដ្ឋាភិបាល​លោក ​ស៊ិន ហ្សូអាបេ ​បាន​សុខចិត្ត​​ ធ្វើច្បាប់​ពិសេស​មួយ​បន្ថែម​ទៅវិញ ​ដើម្បី​រៀបចំ​នីតិវិធី​ដាក់​រាជ​សម្បតិ្ត​នេះ។ ត្រង់​ចំណុច​នេះ ​គឺ​រដ្ឋាភិបាល​ជប៉ុន​ បាន​បដិសេធ ​មិន​បាន​គោរព​ទៅតាម​ការ​ចង់បាន​ របស់​ព្រះចៅ​អធិរាជ​អាគីហ៊ីតូ​ ឡើយ។

បើតាម​ការ​ពន្យល់​ខ្លះៗ ​ពី​លោក​ ម៉ូតូស៊ូគូ ​អាកាហ្ស៊ី ​ខាង​លើ ​បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​ជប៉ុន ​បាន​ជ្រើស​យក​ជំរើស​នេះ ​ក៏ដោយសារ​តែ​ រដ្ឋាភិបាល​ជប៉ុន​ មិន​ចង់​សើររើ​អត្ថបទ​ច្បាប់​ដែល​គ្រប់គ្រង​រាជបល្ល័ង្ក ​និង​គ្រួសារ​ព្រះរាជ​វង្ស​ទេ។ បើ​ធ្វើការ​កែប្រែ ​លើ​មាត្រា​ខ្លះ ​វា​នឹង​រុញ​ច្រាន ​ឲ្យ​ពាក់ព័ន្ធ​ដល់​មាត្រា ​ដ៏ទៃ ​ដែល​បង្ករ​ឲ្យ​មាន​ភាព​ចាក់ស្រេស ​ជា​ពិសេស ​ដល់​នីតិវិធី​នៃ​ការ​តែងតាំង​អ្នក​ស្នងរាជ​ជាដើម។ ហើយ​មួយ​វិញ​ទៀត ​បើ​កែប្រែ​ច្បាប់​គ្រប់គ្រង​រាជបល្ល័ង្ក ​វា​នឹង​ចំណាយ​ពេល​យូរ​អង្វែង ​ហើយ​អាច​ប៉ះពាល់ ​ធ្វើ​ឲ្យ​ខកខាន​ផែនការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ ដែល​លោក​ស៊ិនហ្សូ ​អាបេ ​ប្រាថ្នា​សម្រេច​ឲ្យ​បាន​ក្នុង​ឆ្នាំ​នេះ។

ព្រះចៅ​អាគីហ៊ីតូ​ ជាអ្នក​ប្រឆាំង​ដោយ​សំងាត់​ ទៅនឹង​លោក ​ស៊ិនហ្សូ អាបេ
 
ជាការពិត​ ​បើ​ពិនិត្យ​វិភាគ​ ឲ្យ​មែនទែន​ទៅ ​ព្រះចៅ​អធិរាជ​អាគីហ៊ីតូ ​ប្រាកដ​ជា​មាន​ហេតុផល​ផ្សេង ​នៅ​ពីក្រោយ​ការ​ដាក់រាជ​សម្បតិ្ត​នេះ។ គួរ​រំលឹក​ថា ​ព្រះរាជវង្ស​ជប៉ុន​ ក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ ​ ត្រូវ​បាន​ចាត់ទុក​ឲ្យ​នៅ​ត្រឹម​ ​តែ​ជា​និម្មិតរូប​តំណាង​ ការ​បង្រួបបង្រួម​ជាតិ​ជប៉ុន​តែ​ប៉ុណ្ណោះ។ ព្រះចៅ​អធិរាជ​ ពុំមាន​សិទ្ធិ​អំណាច​អ្វី​ទាំងអស់ ​កុំថា​ឡើយ ​ដល់​ទៅ​សិទ្ធិ​បញ្ចេញមតិ​យោបល់ ​ក្នុង​ន័យ​នយោបាយ ​សូម្បី​តែ​សិទ្ធិ​ដាក់​រាជ​សម្បត្តិ ​ក៏​ព្រះអង្គ​ពុំមាន​ផង​ទេ។

កន្លង​មក​គេ​បាន​សង្កេត​ឃើញ​ថា ​ព្រះចៅ​អាគីហ៊ីតូ​ បាន​អត់​ទ្រាំ​ខាំមាត់​សង្កត់ចិត្ត​ មិន​ដែល​មាន​ព្រះរាជ​ឱង្ការ ​ទាក់ទិន​នឹង​បញ្ហា​នយោបាយ​ទេ។ ក៏​ប៉ុន្តែ ​មួយ​រយៈ​ចុងក្រោយ​នេះ ​ព្រះចៅ​អាគីហ៊ីតូ ​ហាក់​បាន​ព្យាយាម ​សកសៀត​ពាក្យ​សម្តីខ្លះ​ ក្នុង​សន្ទរកថា​របស់​ព្រះអង្គ ​ដើម្បី​ដាស់តឿន ​រដ្ឋាភិបាល​អភិរក្ស​និយម​ របស់​លោក ​ស៊ិនហ្សូ អាបេ ​ដែល​មាន​បំណង ​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់​ជប៉ុន។

ព្រះចៅ​អធិរាជ​ជប៉ុន ​បាន​ថ្លែង​កន្លង​មក​ថា ​សូម​ប្រជាជាតិ​ជប៉ុន​កុំភ្លេច​អតីតកាល ​ពី​មហិច្ឆិតា​យោធា​នៃ​ចក្រព័ត្រ​ជប៉ុន​ឲ្យ​សោះ។ ជប៉ុន​ត្រូវ​យក​មេ​រៀន​ប្រវត្តិសាស្ត្រ ​មក​ដាក់​ខាងមុខ​ ដើម្បី​កុំឲ្យ​ដើរ​ជាន់​ដាន​ចាស់​តទៅ​ទៀត។ ក្នុង​ន័យ​នេះ ​ព្រះចៅ​អាគីហ៊ីតូ ​បាន​សំដៅ​ដោយ​ចំ ​ទៅ​លើ​គំរោង​ចង់​បង្កើត​កងទ័ព ​ដែល​រដ្ឋាភិបាល​លោក​ អាបេ ​ចង់​ធ្វើ​នោះ។ គ្រប់គ្នា​បាន​សង្កេត​ឃើញ​ថា ​ព្រះចៅ​អធិរាជ​ អាគីហ៊ីតូ​ បាន​ប្រឆាំង​ដោយ​ប្រយោល ​ទៅនឹង​គំរោង​របស់​លោក ​ស៊ិនហ្សូ អាបេ​​​នេះ។ បើ​ព្រះ​អង្គ​ចុះចេញ​ពី​រាជបល្ល័ង្ក ​នោះ​ព្រះអង្គ​ អាច​នឹង​មាន​លទ្ធភាព ​និយាយ​ប្រឆាំង​ បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។

បង្កើតជា​សំណួរ ​ដើម្បីឈាន​ទៅ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​គ្រប់គ្រង​រាជបល្ល័ង្ក

ម្យ៉ាងវិញទៀត ​ការ​ដាក់​រាជ​ ដែល​ពុំធ្លាប់​មាន​បែប​នេះ ​ក្នុង​រយៈពេល​ជាង​២០០​ឆ្នាំ​ចុងក្រោយ​នេះ ​ ​គឺ ព្រះចៅ​អាគីហ៊ីតូ ​ចង់​បិទ​បញ្ចប់​ទ្រឹស្តី​ ដែល​តែងតែ​លើក​ឡើង​ថា ​ព្រះចៅ​អធិរាជ​ គឺ​ជា​អទិទេព​ គ្រង​រាជ​អស់​មួយ​ជីវិត។ ក្នុង​ន័យ​នេះ ​ព្រះចៅ​អាគីហ៊ីតូ ​ដែល​ប្រជាជន​ជប៉ុន​គោរព​ស្រលាញ់​បំផុត​នោះ ​ចង់​បង្ហាញ​ថា​ ព្រះអង្គ​គឺ​ជា​មនុស្ស​ធម្មតា ​ហើយ​ព្រះអង្គ​ចង់​ ឲ្យមាន​ការ​ផ្លាស់ប្តូរ​ខ្លះ ​នៅក្នុង​ការ​គ្រប់គ្រង​គ្រួសារ​ព្រះរាជ​វង្ស​ជប៉ុន ​ដើម្បី​បត់បែន ​ឲ្យ​ទាន់​សម័យ​កាល​បច្ចុប្បន្ន។ ជប៉ុន​មិនមែន​ជា​អាណាចក្រ ​ដូច​ក្នុង​សម័យ​ព្រចៅ​អធិរាជ​មុយជី​ ទៀត​ឡើយ។

តាម​រយៈ​ការ​សម្រេច​ចុះ​ពី​រាជ​បល្ល័ង្ក ​ព្រះចៅ​អធិរាជ​ជប៉ុន ​សង្ឃឹម​ថា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ចរន្ត​ថ្មី​ ដែល​គិតគូរ​ ដល់​ការ​ធ្វើ​កំណែទំរង់​ ច្បាប់​គ្រប់គ្រង​រាជបល្ល័ង្ក​ទាំង​មូល​តែម្តង។ តួយ៉ាង​ដូចជា​ការ​សើររើ ​នូវ​នីតិវិធី​ ជ្រើសរើស​រាជ​ទាយាទ​ជាដើម។ ព្រះរាជវង្ស​ជប៉ុន​ គ្រប់គ្រង​ដោយ​ច្បាប់​ ដែល​មាន​លក្ខណៈ​រើសអើស​បំផុត ​ចំពោះ​មនុស្ស​ស្រី។ អ្នក​ស្នងរាជ ​ត្រូវ​តែជា​បុត្រ​ប្រុស ​រឺ​ជា​បងប្អូន​បង្កើត​​ភេទ​ប្រុស ​របស់​ព្រចៅ​អធិរាជ។ បច្ចុប្បន្ន​នេះ ​ព្រះចៅ​អាគីហ៊ីតូ ​មាន​បុត្រា​តែ​ម្នាក់​គត់គឺ​ ព្រះអង្គ ​ណារូហ៊ីតូ​ ដែល​នឹង​ត្រូវ​ឡើង​សោយរាជ្យ។ ក៏ប៉ុន្តែ​ ព្រះអង្គ​ម្ចាស់ ​ណារូហ៊ីរូ ​មាន​បុត្រី​តែ​មួយ​អង្គ​គត់​។ ដូច្នេះ​ តើ​អ្នក​ណា​នឹង​ត្រូវ​ឡើង​សោយរាជ​សម្បតិ្ត​បន្ត? ចំណុច​ទាំងនេះ ​ហើយ​អាច​ចោទ​ជា​គំនិត​ ដើម្បី​រៀបចំ​សើររើ ​ឲ្យ​មនុស្ស​ស្រី​អាច​ឡើង​គ្រងរាជ​បាន។ តាម​ពិត​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន ​ក៏​ធ្លាប់​មាន​ព្រចៅ​អធិរាជ​ជា​ស្រីដែ​រ។ បន្ថែម​ពី​នេះទៀត ​គេអាច​ពិចារណា ​បើក​ពង្រីក​ផ្លូវ​ ឲ្យ​បងប្អូន​ជីដូន​មួយ ​អាច​ឡើង​គ្រង​រាជ​ក៏​បាន។

រដ្ឋាភិបាល​អភិរក្ស​និយម​បច្ចុប្បន្ន ​​មិន​ចង់​ប៉ះពាល់​ដល់​ប្រពៃណី​ចាស់​បុរាណ​នេះ ​នៅ​ក្នុង​ពេល​នេះ ​នៅឡើយ​ទេ ។ បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ជប៉ុន​ នៅ​ក្នុង​គំរោង​ច្បាប់​ពិសេស ​ស្តីពី​ការ​ដាក់​រាជ​សម្បតិ្ត ​គឺ​ពុំមាន​កំណត់​ពីការ​កែប្រែ​មាត្រា​ច្បាប់ ​នៃ​ក្រម​រាជវង្ស​ឡើយ។ តែ​យ៉ាងណា ​ជម្រើស​របស់​រដ្ឋាភិបាល​ជប៉ុន ​គឺ​វា​គ្រាន់តែ​ជា​ការ​ពន្យា​ពេល​មួយ​រយៈ​ប៉ុណ្ណោះ។ ចង់មិន​ចង់​ រាជវង្ស​ជប៉ុន​ បាន​ដើរ​ដល់​ដំណាក់​កាល​មួយ​ ដែល​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ជាចាំបាច់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ