អានតួអត្ថបទ

រ៉ូហ៊ីងយ៉ា៖ ប្រជាជន​ភូមា​លើកគ្នា​គាំទ្រ​លោកស្រី អ៊ុងសាន ស៊ូជី ​មុន​ពេល​ចេញដំណើរ​ទៅ​តុលាការ​ឡាអេ

ប្រជាជនភូមា​ជួបជុំគាំទ្រ​លើកទឹកចិត្ត​លោកស្រី​អ៊ុងសាន​ ស៊ូជី ដែល​ត្រូវធ្វើ​ដំណើរ​​ទៅកាន់​តុលាការក្រុងឡាអេ ដើម្បីការពារភូមា ទាក់ទិននឹងសំណុំរឿងប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា
ប្រជាជនភូមា​ជួបជុំគាំទ្រ​លើកទឹកចិត្ត​លោកស្រី​អ៊ុងសាន​ ស៊ូជី ដែល​ត្រូវធ្វើ​ដំណើរ​​ទៅកាន់​តុលាការក្រុងឡាអេ ដើម្បីការពារភូមា ទាក់ទិននឹងសំណុំរឿងប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា REUTERS/Myat Thu Kyaw

កាលពី​ថ្ងៃសៅរ៍ទី៧ធ្នូ នៅរដ្ឋធានីណៃពិដាវ របស់ភូមា ប្រជាជនភូមាជាច្រើនពាន់នាក់ បានជួបជុំគ្នា លើកបដាស្រែកជ័យឃោស ដើម្បីសម្តែងការគាំទ្រ ដល់លោកស្រី អ៊ុងសាន ស៊ូជី ដែលលោកស្រី នឹងត្រូវចេញដំណើរទៅកាន់ទីក្រុងឡាអេ ដើម្បីចូលរួមសវនាកា តុលាការអន្តរជាតិ។ តុលាការក្រុងឡាអេ នឹងបើកសវនាការ នៅថ្ងៃទី១០ធ្នូ ទៅលើពាក្យបណ្តឹង ដែលគេចោទភូមា ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ា។

ផ្សាយពាណិជ្ជកម្ម

នៅលើបដារបស់ប្រជាជនភូមា មានសរសេរជាអាថទិថា “ពួកយើងគាំទ្រ ថ្នាក់ដឹកនាំយើងជានិច្ច”។ លោក ទិន លីនអ៊ូ អ្នកនិពន្ធភូមាម្នាក់ ដែលមានវត្តមានក្នុងពេលជួបជុំនោះដែរ បានស្រែកក្តែងក្តែង តាមឧឃោសនសព្ទ័ ថា៖ "ប្រជាជនភូមាមានមោទនភាពណាស់ ដែលលោកស្រីអ៊ុងសាន ស៊ូជី ទទួលភារៈកិច្ចការពារ​កិត្តិយសរបស់ភូមា នៅមុខតុលាការអន្តរជាតិទីក្រុងឡាអេ"។ ចំណែក លោក វិន ស្វេ ប្រជាជនភូមាម្នាក់រស់នៅក្នុងក្រុងណៃពិដាវ បានប្រាប់អ្នកយកព័ត៌មាន​បារាំង AFP ក្នុងទឹកមុខចងកំហឹង​ថា៖ "គេមិនមែនចោទបុគ្គលណាឲ្យចំទេ តែគឺគេបានចោទប្រជាជនភូមាទាំងមូលតែម្តង"

សូមបញ្ជាក់ថា ប្រទេសហ្កំប៊ីជាតំណាឲ្យប្រទេសចំនួន​៥៧ នៃក្រុមប្រទេសសហប្រតិបត្តិការអ៊ីស្លាម បានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ ដោយបានចោទរដ្ឋាភិបាល និងកងទ័ពភូមា ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិ​រ៉ូហ៊ីងយ៉ា​។​ លោកស្រីអ៊ុងសាន ស៊ូជី ត្រូវធ្វើដំណើរទៅចូលរួមសវនាកាដើម្បីឆ្លើយ​ការពារ​ភូមា ដែលសវនាកានេះ នឹងចាប់ផ្តើមបើកពីថ្ងៃទី១០ ដល់ថ្ងៃទី​១២ធ្នូ។

សូមរំលឹកថា នៅរវាងខែសីហា ឆ្នាំ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋរ៉ាឃីនភាគខាងលិចភូមា ចំនួនប្រមាណ​៧សែន៤ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់បង់ក្លាដែស បន្ទាប់ពីកងទ័ពភូមា សហការជាមួយកម្លាំងប្រជាជន ចេញប្រតិបត្តិការ​បណ្តេញ​ វាយ ចាប់ចង សម្លាប់ និង ដុតផ្ទះទាំងភូមិៗ។ យ៉ាងហោចណាស់ មានជនជាតិរ៉ូហ៊ីងយ៉ា ១ម៉ឺននាក់ត្រូវបានគេសម្លាប់ក្នុងប្រតិបត្តិការនេះ។ យោងតាមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញនៃអង្គការសហប្រជាជាតិ សកម្មភាពហិង្សា ​រៀបចំដោយកងទ័ពភូមានេះ វាមានទ្រង់ទ្រាយជាការបោសសំអាតពូជសាសន៍ សម្លាប់ ឬបណ្តេញជនជាតិរ៉ូហ៊ីងយ៉ា ដែលជាអ្នកកាន់សាសនាអ៊ីស្លាម ឲ្យអស់ពីដីភូមា។

ដោយឡែកលោកស្រីអ៊ុងសាន ស៊ូជី បានចេញមុខការពាររដ្ឋាភិបាលនិងកងទ័ពភូមា ថាពុំមាន​សកម្មភាពប្រល័យពូជសាសន៍នោះទេ។ គោលជំហរនេះ បានធ្វើឲ្យ​កិត្តិនាម នៃអតីតនិមិត្តរូបអ្នកតស៊ូដើម្បីប្រជាធិបតេយ្យរូបនេះ ធ្លាក់ចុះជាខ្លាំង នៅលើឆាកអន្តរជាតិ។

គួរកត់សំគាល់ផងដែរថា ការជួបជុំគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី របស់ប្រជាជនភូមា នៅក្រុងណៃពិដា​វ មុននឹងលោកស្រីធ្វើដំណើរទៅកាន់ទីក្រុងឡាអេនេះ គឺធ្វើឡើងនៅចំពេលដែលលោកស្រី ទទួលជួប លោករដ្ឋមន្ត្រីការបរទេសចិន។ បើតាមការវិភាគ លោកស្រីសង្ឃឹមបញ្ចុះបញ្ចូលចិន ឲ្យបោះឆ្នោតវ៉េតូ កាពារភូមា នៅឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងករណីមានគម្រោង​ដាក់ទណ្ឌកម្មណាមួយ លើភូមា៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ