អានតួអត្ថបទ

ប្រល័យ​ពូជសាសន៍​រ៉ូហ៊ីងយ៉ា៖ លោកស្រី​អ៊ុងសាន ស៊ូជី ​ប្រកែក​នៅ​មុខ​តុលាការ​ក្រុង​ឡាអេ

លោកស្រីអ៊ុងសាន ស៊ូជី កំពុងថ្លែងការពារភូមា នៅចំពោះមុខ​ចៅក្រម​​តុលាការ​ព្រហ្មទណ្​ឌអន្តរជាតិ​ទីក្រុង​ឡាអេ ថ្ងៃទី​​១១​ ធ្នូ​ ២០១៩​
លោកស្រីអ៊ុងសាន ស៊ូជី កំពុងថ្លែងការពារភូមា នៅចំពោះមុខ​ចៅក្រម​​តុលាការ​ព្រហ្មទណ្​ឌអន្តរជាតិ​ទីក្រុង​ឡាអេ ថ្ងៃទី​​១១​ ធ្នូ​ ២០១៩​ REUTERS/Yves Herman

ថ្ងៃពុធទី១១ធ្នូនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានបើកសវនាការ ដើម្បីជំនុំជំរះទៅលើពាក្យបណ្តឹងរបស់ប្រទេសហ្កំប៊ី ដែលចោទកងទ័ពភូមា ថាបានធ្វើសកម្មភាពឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ លោកស្រីអ៊ុងសាន ស៊ូជី តំណាងឲ្យភូមា បាន​ថ្លែងនៅចំពោះមុខចៅក្រមតុលាការក្រុងឡាអេ ថាមិនមានសកម្មភាពប្រល័យពូជសាសន៍ណាមួយ ធ្វើឡើងដោយកងទ័ពភូមា ទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាទេ។

ផ្សាយពាណិជ្ជកម្ម

វត្តមានរបស់លោកស្រីអ៊ុងសាន ស៊ូជី នៅតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ទាក់ទិននឹងសំណុំរឿងរ៉ូហ៊ីងយ៉ា ត្រូវបានគេទន្ទឹងរងចាំបំផុត។ នៅមុខចៅក្រម ក្នុងសវនាកា លោកស្រីបានថ្លែងថា៖ “យើងអាចចាត់ទុកថា ចំណាត់ការរបស់កងទ័ពភូមា អាចមានលក្ខណៈខ្លាំង ឬ ជ្រុលដៃ តែយើងមិនអាចនិយាយថា កងទ័ពភូមា មានបំណង​បោសសំអាត ប្រល័យពូជសាសន៍ លើជនជាតិ រ៉ូហ៊ីងយ៉ា នោះទេ”។ លោកស្រីបន្ថែមថា៖ “នៅក្នុងស្ថានការណ៍នេះ គេមិនអាចសន្និដ្ឋាន ឬចោទលើកឡើង តែទៅលើពាក្យ​ថា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ នោះឡើយ”

ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រទេសហ្កំប៊ី ដែលជាដើមបណ្តឹង លោកស្រី អ៊ុងសាន ស៊ូជី បានអះអាងថា៖ “ប្រទេសហ្កំប៊ី បានធ្វើការបូកសរុបស្ថានការណ៍នៅភូមា ដោយសម្លឹងមើលតែមួយជ្រុង ហើយវាមិនឆ្លើយតប ទៅនឹងតថៈភាពជាក់ស្តែង នៅឯរដ្ឋរ៉ាឃីនទេ”។

សូមបញ្ជាក់ថា ប្រទេសហ្កំប៊ី ត្រូវបាន​ប្រទេសសមាជិកសហប្រតិបត្តិការអ៊ីស្លាម ទាំង​៥៧​ប្រទេស ចាត់តាំងឲ្យធ្វើជាតំណាង ដើម្បីដាក់ពាក្យប្តឹងទៅកាន់​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ យោងតាមពាក្យបណ្តឹង ហ្កំប៊ី បានចោទថា ភូមាបានធ្វើបំពានលើសន្ធិសញ្ញាអន្តរជាតិ​ប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ចុះហត្ថលេខានៅឆ្នាំ១៩៤៨។

សូមរំលឹកថា នៅរវាងខែសីហា ឆ្នាំ២០១៧ ប្រជាជនរ៉ូហ៊ីងយ៉ា យ៉ាងហោច​៧៤០០០០​នាក់ បានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន ទៅកាន់ទឹកដីបង់ក្លាដែស បន្ទាប់ពីកងទ័ពភូមា និងកម្លាំងមនុស្សជ្រុលនិយមពុទ្ធសាសនា​ បានធ្វើសកម្មភាពចាប់ចង វាយដំ សម្លាប់ ដុតផ្ទះទាំងភូមិៗ របស់ប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ យោងតាមអ្នកអង្កេតការណ៍អង្គការសហប្រជាជាតិ​ ក៏ដូចជាអង្គការសិទ្ធិមនុស្ស គឺប្រជាជនរ៉ូហ៊ីងយ៉ា ស្លូតត្រង់ យ៉ាង​ហោច​១០០០០​នាក់ បានស្លាប់ក្នុងប្រតិបត្តិការនេះ។ អ្នកជំនាញសន្និដ្ឋានថា ប្រតិបត្តិការនេះ មានទំរង់ជាអំពើប្រល័យពូជសាសន៍។

កាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្កំប៊ី បានលើកឡើងថា បើលោកស្រីអ៊ុងសាន ស៊ូជី នៅតែប្រកែក ហើយឆ្លើយការពារកងទ័ពភូមា នោះគឺជារឿងមួយគួរឲ្យសោកស្តាយណាស់ ក្នុងនាមលោកស្រីជាអតីតអ្នកតស៊ូ ដើម្បីសិទ្ធិសេរីភាពមួយរូបដែរ។ លោក Paul Reichler មេធាវីតំណាងឲ្យហ្កំប៊ី បានលើកឡើងថា៖ “នៅតាមផ្លូវនៅភូមា គេមានតាំងផ្ទាំងបដាធំៗ ដែលមានរូបលោកស្រីអ៊ុងសាន ស៊ូជី ថតជាមួយមេទ័ពធំៗភូមា៣នាក់ ក្នុងទឹកមុខញញឹមពព្រាយ។ រូបភាពបដាទាំងនេះ បង្ហាញថា វាគ្មានថ្ងៃទេ ដែលលោកស្រីអ៊ុងសាន ស៊ូជី សុខចិត្តឲ្យគេកាត់ទោសមេទ័ពភូមា ដែលជាអ្នកទទួលខុសត្រូវលើអំពើឧក្រិដ្ឋ ធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ា”

ដោយឡែក សហរដ្ឋអាមេរិក ទើបតែបានសម្រេចបន្ថែមទណ្ឌកម្ម លើមេទ័ពភូមាមួយចំនួន ក្នុងនោះ មានលោកអគ្គមេបញ្ជាការកងទ័ពជាតិភូមា មីន អ៊ុងលាំង លោកមេបញ្ជាការ សឺ វីន លោកមេបញ្ជាការ ថាន់ អ៊ូ និង លោកមេបញ្ជាការ អ៊ុង អ៊ុង ពីបទបោសសំអាតជាតិសាសន៍ សម្លាប់រង្គាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ