អានតួអត្ថបទ
ភូមា-រ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលភូមា ​ចោទ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ថា​បាន​ប្រើកុមារ ​ឲ្យ​ធ្វើ​សកម្មភាព​ហិង្សា ​បង្ក​ចលាចល

ស្រ្តីរ៉ូហ៊ីងយ៉ា ព្យាយាមអង្វរ​ឆ្មាំ​ព្រំដែន​បង់ក្លាដែស កុំបណ្តេញ​ពួកគេ​ឲ្យ​ត្រលប់​ទៅ​ភូមា​វិញ។ ថ្ងៃទី ២៧ សីហា ២០១៧
ស្រ្តីរ៉ូហ៊ីងយ៉ា ព្យាយាមអង្វរ​ឆ្មាំ​ព្រំដែន​បង់ក្លាដែស កុំបណ្តេញ​ពួកគេ​ឲ្យ​ត្រលប់​ទៅ​ភូមា​វិញ។ ថ្ងៃទី ២៧ សីហា ២០១៧ REUTERS/Mohammad Ponir Hossain

រដ្ឋាភិបាល​​​ភូមា ​តាម​រយៈ​សេចក្តី​ប្រកាស​របស់​ខុទ្ទកាល័យ​លោកស្រី​ទីប្រឹក្សា​រដ្ឋ​ អ៊ុងសាន សូជី ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ ទៅ​លើ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ថា​បាន​ប្រើប្រាស់ ​កុមារ ​​ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ហិង្សា ​និង​បង្ក​ភាព​ចលាចល ​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន​ភាគ​ខាង​លិច​ ភូមា។ តែ​យ៉ាងណា​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​បាន​លើក​ឡើង​ថា ​ការ​ចោទ​ប្រកាន់​នេះ ​អាច​មិន​ឆ្លុះ​ពី​ការពិត​ទាំង​ស្រុង​ទេ​ ព្រោះ​កងទ័ព ​និង​នគរបាល​ភូមា ​ក៏បាន​ធ្វើ​ការ​ដុត​បំផ្លាញ​ភូមិ​អ្នក​ស្រុក ​ជាច្រើន​កន្លែងដែរ។

ផ្សាយពាណិជ្ជកម្ម

ខុទ្ទកាល័យ​របស់​លោកស្រី ​អ៊ុងសាន ស៊ូជី ​ទី​ប្រឹក្សា​រដ្ឋ​របស់​ភូមា ​ ទើប​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ នៅ​លើ​ទំព័រ​ Facebook ​របស់​ខ្លួន ​ដោយ​បាន​ធ្វើការ​ចោទ​ប្រកាន់​ថា “​ ក្រុម​ភេរវកម្ម​រ៉ូហ៊ីងយ៉ា​ ​បាន​បញ្ជារ​ឲ្យ​កុមារ​ មក​ធ្វើ​សកម្មភាព​វាយ​ប្រហារ​លើ​កងកម្លាំង​សមត្ថកិច្ច។ ពួកគេ​សុទ្ធ​តែ​​ ជា​ក្មេងៗ​ ក្នុង​ភូមិ ​ប្រដាប់​ដោយ​កាំបិត ​ដែល​បាន​ចេញ​ធ្វើ​សកម្មភាព​ហិង្សា ​តាំង​តែ​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ”។ សេចក្តី​ប្រកាស​នោះ​បន្ថែម​ថា ​“ភូមិ​ស្រុក​របស់​ជន​ជាតិ​ភាគ​តិច​ផ្សេង​ទៀត ​ក៏ត្រូវ​បាន​ក្រុម​ជន​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ ដុត​បំផ្លាញ​ដែរ”។

តែយ៉ាង​ណា ​បទ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ភូមា​នេះ ​ ត្រូវ​បាន​ក្រុម​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​ លើក​ឡើង​ថា​មិន​ត្រូវ​ស្តាប់​ហើយ ​ជឿ​ទាំង​ស្រុង​នោះ​ទេ។ វា​អាច​ជា​ការ​ពិត​ខ្លះ​ ​ក៏​ប៉ុន្តែ​ វា​មិន​ស្តែង​ពីការពិត​ទាំង​ស្រុង​នោះ​ទេ។​ អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​ បាន​លើក​ឡើង ​ពី​សកម្មភាព​ហិង្សា​កន្លង​មក ​​ដែល​អាជ្ញាធរ​ភូមា ​បាន​ធ្វើ​ទៅ​លើ​សហគម​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ដូច​ជា​ការ​ដុត​កម្ទេច​ផ្ទះ​ទាំងភូមិៗ​ ព្រម​ទាំង​សកម្មភាព​អមនុស្សធម៌​ជា​ច្រើន​ផ្សេង​ទៀត។

ដោយឡែក ​ទំព័រ​Twitter ​របស់​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​បាន​សរសេរ​ថា ​នៅ​ក្នុង​ពេល​ចុះ​ទៅ​បង្រ្កាប​ក្រុម​បះបោរ​រ៉ូហ៊ីងយ៉ា ​អាជ្ញាធរ​ភូមា ​បាន​នាំ​យក​ទៅ​ជាមួយ​ នូវ​ក្រុម​មនុស្ស ​ដែល​ជា​ពួក​ព្រះពុទ្ធ​សាសនា​ជ្រុល​និយម។ គឺ​ក្រុម​នេះ​ហើយ ​ដែល​បាន​ដុត​ផ្ទះ​សំបែង​ របស់​អ្នក​ភូមិ​កាន់​សាសនា​អ៊ីស្លាម។

គួររំលឹក​ថា​ អំពើ​ហិង្សា ​បាន​ផ្ទុះឡើង​សា​ជាថ្មី ​នៅ​តំបន់​មួងដាវ ​ក្នុង​រដ្ឋ​រ៉ាឃីន ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ក្នុង​រយៈពេល​បី​ថ្ងៃ ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ​៩២នាក់ ​ ៨០​នាក់​ជាជន​រ៉ូហ៊ីងយ៉ា​ និង​១២​នាក់​ជា​កង​កម្លាំង​សមត្ថកិច្ច​ភូមា។ ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​មាន​ស្ត្រី​និង​កុមារ​ រាប់​ពាន់​នាក់​ បាន​នាំគ្នា​រត់​ទៅ​សុំ​ជ្រក​ នៅ​ប្រទេស​បង់ក្លាដែស។ តែ​កាល​ពី​ថ្ងៃ​អាទិត្យ ​ម្សិលមិញ​នេះ ​អាជ្ញាធរ​បង់ក្លាដែស ​បាន​បិទ​ព្រំដែន ​ហើយ​បាន​ចាប់​បញ្ជូន​ពួក​គេ​ត្រលប់​​មក​វិញ។

សូម​បញ្ជាក់​ថា ​ស្ថានភាព​ហិង្សា ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​សមត្ថកិច្ច​ភូមា ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​នៅ​រដ្ឋរ៉ាឃីន​ បាន​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​ព្រួយ​បារម្ភ​ជាខ្លាំង។​ គណៈកម្មការ​អន្តរជាតិ​ពិសេស​មួយ ​ផ្តួច​ផ្តើម​ឡើង​ដោយ​លោក ​កូហ្វ៊ី ​អាណាន់ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ភូមា ​ផ្តល់​សិទ្ធិ​សេរី​ភាព ​និង​ការពារ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ​ព្រោះ​អំពើ​ហិង្សា​ទាំងនេះ ​នឹង​រុញ​ច្រាន​ពួក​គេ ​ឲ្យធ្លាក់​ទៅ​ក្នុង​ទ្រឹស្តី​ជ្រុល​និយម​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ