អានតួអត្ថបទ
ភូមា-រ៉ូហ៊ីងយ៉ា

វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​កំពុង​ធ្វើឲ្យ​ប្រទេសអ៊ីស្លាម​​ថ្កោល​ទោស​រដ្ឋាភិបាល​ភូមា

បាតុកម្មនៅក្រុង Grozny ប្រទេសឆេឆិននី ទាមទារ​ឲ្យឈប់បង្ហូរឈាម ធ្វើបាប​ប្រជាជន​រ៉ូហ៊ីងយ៉ា។ ថ្ងៃទី​៤ កញ្ញា ២០១៧
បាតុកម្មនៅក្រុង Grozny ប្រទេសឆេឆិននី ទាមទារ​ឲ្យឈប់បង្ហូរឈាម ធ្វើបាប​ប្រជាជន​រ៉ូហ៊ីងយ៉ា។ ថ្ងៃទី​៤ កញ្ញា ២០១៧ REUTERS/Said Tsarnayev

ជាង​១សប្តាហ៍​នេះ អំពើ​ហិង្សា​​បាន​ផ្ទុះឡើង​កាន់​តែ​ធំ ​នៅ​ភាគ​ខាង​លិច​ភូមា ​ដែល​សំបូរ​ទៅដោយ​ប្រជាជន​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា​រស់​នៅ។ យោង​តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​រយៈពេល​១០​ថ្ងៃ​ចុង​ក្រោយ​នេះ ​មាន​ប្រជាជន​រ៉ូហ៊ីងយ៉ា ​យ៉ាងហោច​ណាស់​ជិត​៩ម៉ឺន​នាក់​ ដែល​បាន​ភៀសខ្លួន​ ទៅ​កាន់​ប្រទេស​បង់ក្លាដែស។ សកម្មភាព​បង្រ្កាប ​ដោយ​ហិង្សា ​ពី​សំណាក់​អាជ្ញាធរ​ភូមា ​ ទៅលើ​ប្រជាជន​​រ៉ូហ៊ីងយ៉ា ​បាន​ធ្វើ​ឲ្យ​ប្រទេស​អ៊ីស្លាម ​មួយ​ចំនួន ​ចេញ​មក​រិះគន់​លើ​រដ្ឋាភិបាល​ភូមា។

ផ្សាយពាណិជ្ជកម្ម

បន្តិចម្តងៗ​ ប្រជាជន​នៅ​តាម​ប្រទេស​ដ៏ទៃ ​ជា​ពិសេស​អ្នក​កាន់​សាសនា​អ៊ីស្លាម​ បាន​នាំគ្នា​ចេញ​មុខ​មក​តវ៉ា ​ឈឺឆ្អាល​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ របស់​អាជ្ញាធរភូមា ​ទៅ​លើ​ប្រជាជន​រ៉ូហ៊ីងយ៉ា។ បញ្ហា​នេះ ​កំពុង​តែ​រុញ​ច្រាន​ភូមា ​ឲ្យត្រូវ​ប្រទេស​អ៊ីស្លាម​ផ្សេងៗ ​ប្រកាន់​ចិត្ត​ស្អប់​ភូមា។

កាលពីថ្ងៃ​អាទិត្យទី​ ៣កញ្ញា ​សហគម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​នៅ​រុស្ស៊ី ​មាន​មនុស្ស​ជិត​១ពាន់​នាក់ ​បាន​មក​ជួបជុំ​គ្នា ​នៅខាង​មុខ​ស្ថានទូត​ភូមា ​ក្នុង​ក្រុង​ម៉ូស្គូ។ ហើយ​នៅ​ថ្ងៃ​ចន្ទ ​ទី៤​ កញ្ញា ​នៅ​ឯទី​ក្រុង ​Grozny​ រដ្ឋធានី​ឆេឆិននី ​ដែល​ជា​ប្រទេស​អ៊ីស្លាម​មួយ ​ក្នុង​តំបន់​កូកាស ​ក៏មាន​បាតុកម្ម​មួយ​ដ៏ធំ​ ក្រោមការ​ដឹកនាំ​ដោយ​ផ្ទាល់ ​របស់​មេដឹកនាំ​ឆេឆិននី​ ឈ្មោះ ​Ramzan Kadyrov។ មេដឹកនាំ​ឆេឆិននី ​រូបនេះ​បាន​ស្រែក​បរិហារ​ថ្កោលទោស​រដ្ឋាភិបាល​ភូមា ​ថាបាន​ធ្វើ​អំពើ​ប្រល័យ​ពូជសាសន៍ ​ទៅលើ​ក្រុម​ជនជាតិ​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ​ហើយ​បាន​ទាមទារ​ឲ្យ​តុលាការ​អន្តរជាតិ ​ចាប់​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ជួរ​កងទ័ព​ និង​រដ្ឋាភិបាល​ភូមា ​មក​ទទួល​ទោស​ ឲ្យបាន។

ជាការពិត ​ការ​ដែល​មេដឹកនាំ​ឆេឆិននី ​ចេញ​មុខ​មក​ឈឺឆ្អាល ​រឿង​ជនជាតិ​រ៉ូហ៊ីងយ៉ា ​នេះ ​ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ក៏ព្រោះ​តែ​មេដឹកនាំ​ឆេឆិននី ​ចង់​ឆក់​ឱកាស ​ដើម្បី​បាន​ចេញ​មុខ​ នៅ​លើ​ឆាក​អន្តរជាតិ​តែ​ប៉ុណ្ណោះ។ តែ​យ៉ាងណា ​ការនេះ ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ដែល​ភូមា​ កំពុង​តែ​បង្ក​ឡើង ​ត្រូវបាន​ប្រទេស​ដ៏ទៃ​តាម​ដាន ​ជា​ពិសេស​ប្រទេស​អ៊ីស្លាម ​ ហើយ​ថា​មិន​ត្រូវ​ គេ​អាច​នឹង​​ចងគ្នា​​ជាក្រុម ​ដើម្បី​ជួយ​ផ្តល់​ប្រាក់​ និង​អាវុធ​ ឲ្យ​ក្រុម​រ៉ូហ៊ីងយ៉ា ​ដើម្បី​តដៃ​នឹង​ភូមា​ ​ក៏​ថា​បាន។

យ៉ាងណាមិញ ​នាយករដ្ឋ​មន្ត្រី​ប្រទេស​កួដហ្ស៊ីស្ថាន ​ដែល​ជា​ប្រទេស​អ៊ីស្លាម​មួយ​ដែរ ​ ក៏​ទើបតែ​បាន​សម្រេច​ លប់​ចោល​ការ​ប្រកួត​បាល់ទាត់ ​រវាង​ក្រុម​កីឡាករ​ប្រទេស​ខ្លួន​ និង​ក្រុម​កីឡាករ​ភូមា ​ក្នុង​ក្របខណ្ឌ​ជំរុះពាន​រង្វាន់​បាល់ទាត់​អាស៊ី។

ដោយឡែក ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ប្រទេស​ម៉ាល់ត៍ ​ឈ្មោះ ​MAOS ​ ដែល​កន្លង​មក​ តែងតែ​ជួយ​សង្រ្គោះ​ជនភៀស​ខ្លួន ​មក​ពី​ទ្វីប​អាហ្វ្រិក ​នៅក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ​នោះ ​ បាន​ប្រកាស​ថា ​ពួកគេ​នឹង​បញ្ជូន​កប៉ាល់ ​ទៅកាន់​ភូមា ​ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​បន្ទាន់។ បើ​តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​រយៈពេល​១០ថ្ងៃ​ ដែល​មាន​ផ្ទុះ​អំពើ​ហិង្សា​នៅ​រដ្ឋ​រ៉ាឃីន​របស់​ភូមា​នេះ ​ មាន​ប្រជាជន​រ៉ូហ៊ីងយ៉ា ​យ៉ាងហោច​ណាស់​ ៨ម៉ឺន​៧ពាន់​នាក់ ​ ដែល​បាន​ព្យាយាម​ភៀសខ្លួន​ តាម​ទូក​ឆ្លង​ទៅ​បង់ក្លាដែស។ មនុស្ស​២ម៉ឺននាក់ ​ភាគ​ច្រើន​ជា​ស្ត្រី​និង​កុមារ ​ កំពុង​ជាប់​គាំង​នៅ​តាម​ព្រំដែន​ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ជា​ទី​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ