អានតួអត្ថបទ
ភូុុមា-ជនជាតិរ៉ូហ៊ីងយ៉ា

វិបត្តិ​រ៉ូហ៊ីងយ៉ា៖ ពលរដ្ឋ​ភូមា​អ្នក​កាន់​ពុទ្ធ​សាសនា​ខ្លះ ​អះអាង​ថា​ពិភពលោក​កំពុង​មួល​បង្កាច់​​ បង្ខូច​កិត្តិយស​គេ​

ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទាំងចាស់​ទាំងក្មេង ​កំពុងឆ្លង​ទៅ​​កាន់​ជំរំ Cox's Bazar​ ក្នុង​ទឺកដី​​បង់ក្លាដែស ថ្ងៃទី​១៨ កញ្ញា ២០១៧​
ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទាំងចាស់​ទាំងក្មេង ​កំពុងឆ្លង​ទៅ​​កាន់​ជំរំ Cox's Bazar​ ក្នុង​ទឺកដី​​បង់ក្លាដែស ថ្ងៃទី​១៨ កញ្ញា ២០១៧​ REUTERS/Danish Siddiqui

ជាមួយ​នឹង​អំពើ​ហិង្សា ​ដែល​អាជ្ញធរ​ភូមា​ បាន​ធ្វើ​ទៅ​លើ​ប្រជាជន​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ ​ប្រទេស​ភូមា ​កំពុង​តែ​ត្រូវ​សហគម​អន្តរជាតិ​ បណ្តាញ​ព័ត៌មាន ​ទូរទស្សន៍ ​វិទ្យុ​ និង​ អ៊ីនធើនែត ​នាំគ្នា​ចង្អុរ​មុខ​ចោទ​ប្រកាន់​ប្រទេស​ភូមា ​ថា​ជា​ប្រទេស​គ្មាន​មេត្តាធម៌ ​និង​រើសអើង​ប្រកាន់​សាសនា។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ភូមា ​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​យ៉ាង​ខ្ជាប់​ខ្ជួន​មួយ​ចំនួន​វិញ​ បាន​អះអាង​ថា ​ការ​លើកឡើង​ទាំង​អម្បាលម៉ាន ​ដែល​ចោទ​​ថា​អាជ្ញាធរ​ភូមា ​ធ្វើបាប​ប្រជាជន​រ៉ូហ៊ីងយ៉ា​នោះ ​គឺ​គ្រាន់តែ​ជា​ការ​ផ្សាយ​ព័ត៌មាន​មួល​បង្កាច់ ​បង្ខូច​កិត្តិយស​ភូមា​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

តើ​ប្រជាជន​ភូមា​ទូទៅ ​យល់​យ៉ាងណា​ដែរ ​ចំពោះ​ការ​ចោទ​ប្រកាន់​ យ៉ាង​ទូលំ​ទូលាយ ​ពី​សំណាក់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ ​ ថា​អាជ្ញាធរ​ភូមា​កំពុង​ធ្វើការ​បោស​សំអាត​ សំលាប់ ​និង​បណ្តេញ​ជនជាតិ​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា​ ឲ្យអស់​ពី​ភូមានោះ?

លោក រ៉េមី ហ្វាបរ៍ ​​(Rémi Fabre) អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ ប្រចាំ​នៅ​ភូមា ​បាន​ធ្វើ​ការ​សាកសួរ ​ទៅកាន់​ពលរដ្ឋ​ភូមា ​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ជា​ច្រើន​នាក់ ហើយ​ចំលើយ ​ជារួម​គឺ​ថា ​ព័ត៌មាន​ដែលគេ​ផ្សព្វផ្សាយ​ ថា​អាជ្ញាធរ​ភូមា ​ធ្វើបាប​ជនជាតិ​រ៉ូហ៊ីងយ៉ា ​គឺ​សុទ្ធតែ​ជា​ព័ត៌មាន​មួល​បង្កាច់​​ទាំង​អស់។ ប្រជាជន​ភូមា ​ មិន​សុខ​ចិត្ត​ទេ ​ដែល​កិត្តិយស​ដ៏ផូរផង់​របស់​ប្រទេស​ខ្លួន ​ត្រូវ​គេ​បង្កាច់​​បង្ខូច​ នៅលើ​ឆាក​អន្តរជាតិ​បែប​នេះ។

​ទោះ​ជា​អ្នក​កាសែត​បរទេស​សួរ​សំណួរ​បែប​ណា​ក៏​ដោយ ​ ចំលើយ​តែមួយ​គត់​ របស់​អ្នក​ស្រុក​ភូមា​ទូទៅ​ គឺថា ​“មកពី​ពួក​រ៉ូហ៊ីងយ៉ា ​មក​សម្លាប់​ពួក​យើង ​មក​រំលោភ​ស្រីៗ​ភូមា​យើង”។ ប្រជាជន​អ្នកកាន់​សាសនា​ព្រះពុទ្ធ​នៅ​ភូមា ​ ចោទ ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ថា​កំពុង​បំផ្លើស​បំភ្លៃ​ការពិត ​ថា​ពួកគេ​វេទនា​ និង​ត្រូវ​នគរបាល​ ឬ​ទាហាន​ភូមា​ធ្វើ​បាប។

បុរស​វ័យ​ជាង​៣០​ឆ្នាំ​ពីរនាក់​ ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ​រស់នៅ​ក្រុង​រ៉ង់ហ្គូន ​បាន​លើក​ឡើង​ជា​អាទិ៍​ថា ​ ចំនួន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ​រត់​ទៅ​បង់ក្លាដែស ​ដែល​គេ​ផ្សាយ​ថា​ដល់​ទៅ​ជាង​៤សែន​នាក់​នោះ ​ គឺ​ជា​តួលេខ​បំផ្លើស​ទាំងអស់។ ពួក​គេ​យល់ថា​ តួលេខ​នេះ​ គឺ​អង្គការ​នានា ​បាន​មក​ពី​ពួក​រ៉ូហ៊ីងយ៉ា ​តែ​ប៉ុណ្ណោះ ​មិនមែន​ជា​តួលេខ​ជាក់​ស្តែងទេ។ បុរស​ទាំងពីរ​នេះ​លើក​ឡើង​ថា ​ប្រជាជន​ភូមា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ​កំពុង​តែ​រងគ្រោះ ​ដោយ​អកុសល ​ពី​ការ​ចោទ​ប្រកាន់​បំភ្លៃ​ការពិត​ របស់​អង្គការ​អន្តរជាតិ ​និង​បណ្តាញ​ព័ត៌មាន​នានា។

សូម​បញ្ជាក់​ថា ​ចាប់តាំង​ពី​ថ្ងៃទី​ ២៥ ​សីហា ​មក​ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​វិញ​​​នៅ​តំបន់​ក្បែរ​ព្រំដែន​បង់ក្លាដែស ​ក្នុង​រដ្ឋ​អារ៉ាខាន់។ យោង​តាម​រូបភាព​ផ្កាយ​រណប ​ ភូមិ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ចំនួន​ជាង​៦០​ភូមិ​ ត្រូវ​បាន​ដុត​បំផ្លាញ​ទាំង​ស្រុង​។ អង្គការ​ Humans Right Watch​ បាន​អះអាង​ថា ​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា ​យ៉ាង​ហោច​ណាស់ ​៤សែន​ ២ម៉ឺន​២ពាន់​នាក់ ​ដែល​​បាន​​រត់​​ភៀស​ខ្លួន​ទៅ​​​បង់ក្លាដែស ​​បើ​គិត​ចាប់​​ពី​ថ្ងៃ​​២៥​​សី​ហា​​មក។ ​ការ​ដែល​ប្រជាជន​ភូមា​ទូទៅ ​ប្រកែក​មិន​ទទួល​យក​ការពិត ​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នេះ​ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ​ពី​នយោបាយ​ប្រជាភិថុត​ ដឹកនាំ​ដោយ​កងទ័ព​ភូមា ​និង​ក្រុម​ពុទ្ធ​សាសនា​ជ្រុល​និយម​ភូមា ​ដែល​តែងតែ​ឃោសនា ​​ពន្យុះ​ឲ្យ​ប្រជាជន​ពុទ្ធ​សាសនា​​ភូមា ​ស្អប់​​ គុំគួន​ទៅ​លើ​ជនជាតិ​អ៊ីស្លាម​​រ៉ូហ៊ីងយ៉ា។

អង្គការ​សិទ្ធិ​មនុស្ស​ នានា​បាន​អំពាវ​នាវ ​ឲ្យមាន​ការ​ថ្កោលទោស​ ទៅលើ​រដ្ឋាភិបាល​និង​កងទ័ព​ភូមា ​ ដែល​កំពុង​តែ​ធ្វើ​សកម្មភា​ពប្រល័យ​ពូជសាសន៍។ យ៉ាង​ណាមិញ ​ តាម​ការ​ស្មាន​​ លោកស្រី​អ៊ុងសាន ស៊ូជី ​នឹង​ពុំមាន​វត្ត​មាន​នៅ​មហាសន្និបាត​ពេញ​អង្គ​ នៃ​អង្គការ​សហ​ប្រជាជាតិ​​ ក្នុង​សប្តាហ៍​នេះ​ទេ ​ ដោយសារ​តែ​​លោកស្រី​​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​រិះគន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ