អានតួអត្ថបទ
នេប៉ាល់

គណបក្ស​ធំៗ​យល់ព្រម​គ្នា​ពន្យារ​អណត្តិ​សភា

នាយក​រដ្ឋមន្ត្រី​នេប៉ាល់ លោក Madhav Kumar ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅមុខ​សភា ថ្ងៃ​ទី ២៨​ឧសភា ២០១០
នាយក​រដ្ឋមន្ត្រី​នេប៉ាល់ លោក Madhav Kumar ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅមុខ​សភា ថ្ងៃ​ទី ២៨​ឧសភា ២០១០ © Shruti Shrestha/Reuters

វិបត្តិ​នយោបាយ​នៅ​នេប៉ាល់ ហាក់​បាន​គេច​ផុត​ពី​អន្លុង​ខ្មៅ​ងងឹត​បាន ដ្បិត​នៅ​យប់​ថ្ងៃ​សុក្រ​ ម្សិលមិញ គណបក្ស​នយោបាយ​ធំៗ​បី​បាន​សម្រេច​យល់​ព្រម​ពន្យារ​អណត្តិ​របស់​រដ្ឋសភា​ដែល​ នឹង​ចប់​នៅ​ម៉ោង​១២​អាធ្រាត្រ​ថ្ងៃ​ទី ២៨​ឧសភា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ចម្រុះ ដែល​ធ្វើ​ឡើង​ប៉ុន្មាន​នាទី​មុន​ការ​ផុត​អណត្តិ​សភា​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ភាព​តាន​តឹង នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៅ​ទីក្រុង​កាតម៉ង់ឌូ  បាន​បិទ​បញ្ចប់​ហើយ ព្រោះ​ក្នុង​ពេល​ដែល​បាតុករ​រាប់​ពាន់​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ នៅ​មុខ​សភា​ជាតិ គណបក្ស​កុម្មុយនីស្ត គណបក្ស​សមាជ និង​គណបក្ស​ម៉ៅ​និយម បាន​រក​ឃើញ​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ។

ជាកិច្ច​ព្រម​ព្រៀង​ដែល​សម្រេច​ពន្យារ​អណត្តិ​របស់​សភា​បណ្តោះ​អាសន្ន​បច្ចុប្បន្ន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ កាលពី​ពីរ​ឆ្នាំ​មុន។ សភា​នេះ មាន​តួនាទី​​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ឲ្យ​បាន​មុន​ថ្ងៃ​ទី ២៨​ឧសភា ២០១០។

ក៏​ប៉ុន្តែ​ដើម្បី​​ចុះ​ហត្ថលេខា​អនុម័ត​ធ្វើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី ពួក​ម៉ៅ​និយម ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត និង​ដែល​មាន​សំឡេង​៤០%​នៅ​ក្នុង​សភា បាន​ចេញ​​លក្ខខណ្ឌ​ជាច្រើន ដូច​ជា​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ក្នុង​រដ្ឋាភិបាល និង ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​លាលែង​ចេញ​ពី​តំណែង​សិន។

យុទ្ធសាស្ត្រ​របស់​គណបក្ស​ម៉ៅ​និយម​នេះ ទំនង​ជា​អាច​ទទួល​ផល។ ពួក​ម៉ៅ​និយម​បាន​អះអាង​ថា មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​កំពុង​កាន់​អំណាច ដើម្បី​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ថ្មី។ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក ​នាយក​រដ្ឋមន្ត្រី​នឹង​ត្រូវ​លាលែង​ចេញ​ពី​មុខ​តំណែង​ក្នុង​ពេល​ឆាប់ៗ​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ពុំ​មាន​ភាគី​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ