អានតួអត្ថបទ
កាហ្សាកស្តង់

លោក​ប្រធានាធិបតី​ Nazarbaiev​ ច្រានចោល ​សំណើ​ឲ្យ​ធ្វើ​ប្រជាមតិ​ ពន្យារ​អាណត្តិ​គាត់

លោកប្រធានាធិបតី Kazakstan  Nazarbaiev (រូបកណ្តាល) ឈរជាប់ជាមួយភរិយា(រូបស្តាំ)
លោកប្រធានាធិបតី Kazakstan Nazarbaiev (រូបកណ្តាល) ឈរជាប់ជាមួយភរិយា(រូបស្តាំ) © Reuters

ក្រិត្យសមស្រប​ ស្តីអំពី​ការច្រានចោលនេះ ទើបមានចុះផ្សាយថ្ងៃ៧មករានេះ​ លើទំព័រ​កាសែត​ផ្លូវការ​​របស់ កាហ្សាកស្តង់ ជាអតីត​សាធារណរដ្ឋ​សូវៀត​ធំជាងគេ ស្ថិតនៅតំបន់អាស៊ីកណ្តាល​។ លោក Nazarbaiev បច្ចុប្បន្នអាយុ​៧០ឆ្នាំ ដឹកនាំប្រទេសនេះ តាំង​ពី​ពេល​ដែលទឹកដីនេះ​បាន​ក្លាយ​​ ជារដ្ឋឯករាជ្យ ក្នុងឆ្នាំ​១៩៩០មក ពោល​គឺ​២០​ឆ្នាំ​ជាប់​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

អាណត្តិ​៧​ឆ្នាំ​ម្តង​របស់ លោក​ប្រធានាធិបតី Nazarbaiev លើក​នេះ ត្រូវ​ផុត​គឺ​ក្នុង​ឆ្នាំ​២០១២ ប៉ុន្តែ ដោយសារ​ឧបការគុណ​គាត់ ចេះ​ធានា​បាន​ស្ថិរភាព​និង​ការអភិវឌ្ឍន៍​​​ជាប់​ជានិរន្តរ សំរាប់​ប្រទេស​ជាតិ បានជាមានសំណើ​ឲ្យធ្វើ​ប្រជាមតិ​ ពន្យារអាណត្តិគាត់ រហូតដល់ឆ្នាំ ២០២០ ឯណោះ ដោយមិនបាច់​ ឆ្លងកាត់​​តាមការបោះឆ្នោតសាកល។

ស្របនឹង​ច្បាប់​ប្រទេស​កាហ្សាកស្តង់ គំនិតផ្តួចផ្តើម​ឲ្យធ្វើប្រជាមតិ អាចបំផុសមកឬ​មួយ​ដោយ​ប្រធានាធិបតី​ឬ​មួយដោយរដ្ឋសភាឬ​មួយដោយរដ្ឋាភិបាល ឬមួយ​ដោយ​ប្រជាពលរដ្ឋ​ តាម​រយៈ​​ការ​អង្គាស​ហត្ថលេខា​គាំទ្រ ឲ្យបានយ៉ាងហោចណាស់ ចំនួន២សែននាក់។

ចំណែក​ ​សំណើ​ឲ្យធ្វើ​ប្រជាមតិលើកនេះ គឺបានទទួល​ការចុះហត្ថលេខា​ដោយអ្នកស្រុក​ដល់​ទៅ​ ៣លាន​១សែននាក់ឯណោះ។ គំនិតផ្តួចផ្តើមនោះ បានត្រូវកត់ត្រា​ចុះបញ្ជី យកជាការ ដោយ​ គ.ជ.ប. ប្រទេស​កាលពី​ថ្ងៃ ២៧ធ្នូកន្លងទៅ។

ថ្ងៃ​ ៦មករាម្សិលមិញ គំនិតផ្តួចផ្តើមនោះ បានត្រូវលើកយកទៅពិនិត្យមើលដោយរដ្ឋសភានិង ព្រឹទ្ធសភា ដែលក្នុងសេចក្តីថ្លែងការណ៍ខ្លួន បាន​គូសបញ្ជាក់ថា ៖ លោកប្រធានាធិបតី Nazarbaiev ជានិមិត្តរូប នៃរាល់សមិទ្ធិផល របស់កាហ្សាកស្តង់​បច្ចុប្បន្នកាល។ កាហ្សាកស្តង់ តែក្នុងរយៈពេលដ៏ខ្លីសោះនៃប្រវត្តិសាស្ត្រ ចេះក្លាយ​ទៅជារដ្ឋសម្រេចបានជោគជ័យ ប្រកប ដោយ ​សេដ្ឋកិច្ចទីផ្សារ និងកិត្យានុភាព​ខ្ពស់​​លើឆាកអន្តរជាតិ។ ការពន្យារ​អំណាច​ដឹកនាំ​របស់​គាត់​ គឺត្រូវការ​ជាចាំបាច់​សំរាប់ ការ​លូតលាស់យ៉ាងឋិតឋេរ​របស់ប្រទេស ​ទៅអនាគត សំរាប់​ បង្កើន​​សមត្ថភាពប្រកួតប្រជែងរបស់កាហ្សាកស្តង់ ​នៅក្នុងលោក ​សំរាប់​សុខុមាលភាព និង​ភាពចម្រុងចម្រើន​របស់​ប្រទេស។

កាលពីខែមិថុនាឆ្នាំទៅមិញ រដ្ឋសភាកាហ្សាកស្តង់ បានបំពាក់ជូនលោក Nazarbaiev នូវ ឋានៈ ជា “បិតាប្រជាជាតិ” ទោះបី​រូបគាត់ផ្ទាល់​បានទទូចសុំ កុំឲ្យ​ពួកអ្នកតំណាងរាស្ត្រ បោះឆ្នោត​ គាំទ្រដល់​សេចក្តីសំរេចចិត្ត​នេះក្តី។ ពួក​អ្នកសង្កេតការណ៍បស្ចិមលោក មិនដែលបាន​ វាយ​តម្លៃ​​មួយលើកណាឡើយ ដល់ការបោះឆ្នោត​នៅកាហ្សាកស្តង់ ថា​ជាការបោះឆ្នោតសេរី និង​យុត្តិធម៌​ត្រឹមត្រូវ។

ប៉ុន្ទែ ការនេះមិន​រំខានឯណា ដល់ កាហ្សាកស្តង់ ក្រោមការដឹកនាំ​របស់ លោក Nazarbaiev ឲ្យក្នុងឆ្នាំ ២០១០កន្លងទៅ ធ្វើជាប្រធាន​ផ្លាស់វេន របស់ “ អង្គការ​ដើម្បីសន្តិសុខ និង សហប្រតិបត្តិការ នៅទ្វីប​អឺរ៉ុប​” ហៅកាត់ថា OSCE។ តំណែង​ជាប្រធាន​ផ្លាស់វេននេះ ក្នុងឆ្នាំ ២០១១នេះ គឺឆ្លងទៅ​ប្រទេស Lituanie។

ជាបញ្ចប់ គួរកត់សំគាល់ថា កាលពីខែកញ្ញាឆ្នាំមុន លោក Nazarbaiev បានប្រកាសថា គាត់​នឹង​​ចូលប្រឡូក ជាថ្មី ក្នុងការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១២ខាងមុខ។ នេះ​គឺក្រោយ​ពី រដ្ឋសភា ក្នុងឆ្នាំ ២០០៧ បានប្រគល់ជូនគាត់ នូវសិទ្ធិ អាចបញ្ឈរឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី​ ដោយ ឥតកម្រិត ចំនួនអាណត្តិរបស់គាត់ឡើយ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ