អានតួអត្ថបទ
ហ្វីលីពីន

ព្យុះ​មហា​កំណាច​ហៃយ៉ាន់​កំពុង​បោក​ពន្លិច​ហ្វីលីពីន

ព្យុះកំណាច​ហៃយ៉ាន់ បក់​លើ​ប្រទេស​ហ្វីលីពីន
ព្យុះកំណាច​ហៃយ៉ាន់ បក់​លើ​ប្រទេស​ហ្វីលីពីន ©REUTERS/NOAA/Handout via Reuters

ព្យុះ​ហៃយ៉ាន់ ដែល​គេ​ចាត់ទុក​ជា​ព្យុះមហាកំណាច ធំជាង​ក្នុង​ប្រវត្តិសាស្រ្ត​កំពុង​បោកបក់​ទៅលើ​កោះហ្វីលីពីន​នៅថ្ងៃ​សុក្រនេះ។ ក្នុង​ល្បឿន ជាង​៣០០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ព្យុះសង្ឃរា​ហៃយ៉ាន់​នឹង​បង្ក​ឲ្យ​មាន​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ និង​គ្រោះមហន្តរាយ​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាជន​ហ្វីលីពីន។ រហូត​មកដល់​ម៉ោងនេះ អាជ្ញាធរ​បានរាយការណ៍​ពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ហៃយ៉ាន់។

ផ្សាយពាណិជ្ជកម្ម

 

នៅព្រឹកថ្ងៃ​សុក្រនេះ នៅ​កោះសាម៉ា បណ្តាញ​សារទូរគមនាគមន៍​ត្រូវ​បាន​កាត់ផ្តាច់ នៅពេល​ខ្យល់ព្យុះហៃយ៉ាន់​បក់មកដល់។ កោះសាម៉ា ដែល​ស្ថិតនៅ​ប្រមាណ​៦០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន។ ទូរទស្សន៍ហ្វីលីពីន​បាន​បង្ហាញ​រូបភាព​​ផ្លូវលិចទឹក និង​ផ្ទះសម្បែង​ដែល​ដួលរលំ​លើ​ដី។ ប្រធាន​អង្គការ​កាកបាទ​ក្រហម​ជាតិ​ហ្វីលីពីន​បាន​រាយការណ៍​ពី​សន្ធឹក​ខ្យល់​បក់ ដើមឈើ​ដែល​ត្រូវ​ខ្យល់បក់​រំលើង​ទាំងឬស និង​ជញ្ជាំង ដំបូលផ្ទះ​របស់​ប្រជាជន​ដែល​ប៉ើង​ហោះ​ដូចជាសំឡី​នៅលើ​អាកាស។

តាំងពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី​ហ្វីលីពីន លោក​អាគីណូ បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ប្រុងប្រយ័ត្ន​ជាអតិបរមា ដើម្បី​ទប់ទល់​នឹង​ព្យុះយក្ស​ហៃយ៉ាន់​ដែល​នឹង​បង្ក​ឲ្យ​មាន​ទឹកជំនន់ ជាពិសេស​នៅ​ទីប្រជុំជន​តាម​ឆ្នេរ​ដែល​អាច​រង​ការវាយបោក​របស់​ទឹកសមុទ្រ មាន​កំពស់​រហូត​ជាង​៦ម៉ែត្រ។

តាមអាជ្ញាធរ​ហ្វីលីពីន មនុស្ស​ជាង​១សែននាក់ រស់នៅ​តំបន់ដែល​ព្យុះសង្ឃរា ត្រូវឆ្លងកាត់ ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះសម្បែង ចំណែក​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត ត្រូវ​សម្ងំ​ក្នុង​ផ្ទះ។ សាលារៀន និង​ស្ថាប័ន​រដ្ឋ រួម​ទាំង​ជើងហោះហើរ​ក្នុងស្រុក នៅ​ហ្វីលីពីន​ត្រូវ​បិទផ្អាក នៅ​អំឡុង​ពេល​ព្យុះ​បក់កាត់​ហ្វីលីពីន។

ព្យុះសង្ឃរា​ហៃយ៉ាន់ ដែល​រត់ក្នុង​ល្បឿន ៣១៥​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ត្រូវ​បាន​អ្នកឧតុនិយម​ចាត់ចូល​ក្នុង​ចំណាត់ថ្នាក់​លេខប្រាំ ជាខ្យល់ព្យុះ​ដ៏គ្រោះថ្នាក់ និង​ដែល​ធំជាងគេ ក្នុង​ប្រវត្តិ​ខ្យល់ព្យុះ ដែល​បាន​បក់​មក​ដល់​ដីគោក។ ខ្យល់ព្យុះ​ដែលសាហាវ​ជាងគេ​ធ្លាប់​កើតមាន​ម្តង នៅ​ឆ្នាំ ១៩៦៩ នៅពេល​ព្យុះ​កាមីយ​(Camille) បាន​បក់​ទៅលើ​រដ្ឋ​មីស៊ីស៊ីពី​របស់​អាមេរិក។

ហ្វីលីពីន​ដែល​ទើបរងគ្រោះ​ដោយសារ​ព្យុះ និង​គ្រោះរញ្ជួយដី កាលពី​ខែ​តុលា​មុន នឹង​ត្រូវ​ធ្លាក់ខ្លួន​រងគ្រោះ​ម្តងទៀត ដោយសារ​ខ្យល់ព្យុះ​ហៃយ៉ាន់។ ជារៀងរាល់ឆ្នាំ ហ្វីលីពីន​តែងតែ​ជួប​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​យ៉ាងតិច​២០​ដង ជាពិសេស ចាប់ពី​ខែ​មិថុនា ដល់​ខែ​តុលា។ អ្នកវិទ្យាសាស្រ្ត​បារម្ភថា បាតុភូត​នេះ​នឹង​មាន​កាន់តែច្រើន​ថែមទៀត ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

តាមការប៉ាន់ស្មាន មនុស្ស​ជាង​១៦លាននាក់​នឹង​ត្រូវរងប៉ះពាល់​ដោយ​ខ្យល់ព្យុះ​ហៃយ៉ាន់ ដែល​ក្នុងនោះ មាន​១២​លាន​នៅ​ហ្វីលីពីន។ តាម​ការព្យាករណ៍​ឧតុនិយម​របស់​ហ្វីលីពីន ព្យុះសង្ឃរា ហៃយ៉ាន់ នឹង​បក់​ទៅដល់​វៀតណាម និង​ឡាវ នៅ​ថ្ងៃ​អាទិត្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ