អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដំណើររឿង​នៃ​ជម្លោះ​នៅ​តំបន់​កាស្មៀរ​រវាង​ប៉ាគីស្ថាន​និង​ឥណ្ឌា

សំឡេង ០៤:៣៤
ទាហាន​ឥណ្ឌា​ដែល​កំពុង​ល្បាត​តាម​បណ្តោយ​ព្រំដែន​រវាង​កាស្មៀរ​ឥណ្ឌា និង​កាស្មៀរ​ប៉ាគីស្ថាន (រូបថតឯកសារ)
ទាហាន​ឥណ្ឌា​ដែល​កំពុង​ល្បាត​តាម​បណ្តោយ​ព្រំដែន​រវាង​កាស្មៀរ​ឥណ្ឌា និង​កាស្មៀរ​ប៉ាគីស្ថាន (រូបថតឯកសារ) REUTERS/Mukesh Gupta/Files

ភាពតានតឹង រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន នៅ​ក្នុង​តំបន់​កាស្មៀរ​កំពុងតែកើតឡើង​យ៉ាង​ខ្លាំង ចាប់តាំង​ពី​សប្តាហ៍​មុន​មក ដោយ​ទាហាន​ទាំងពីរ​បាន​ប៉ះប្រយុទ្ធគ្នា ដោយ​មាន​ទាំង​ការ​បាញ់ផ្លោង​កាំភ្លើង​ធំ​ដាក់​គ្នា​ទៅវិញ​ទៅមកផង បណ្តាល​ឲ្យ​មាន​​ទាហាន​និង​ជនស៊ីវិល​ជាច្រើន​នាក់​ត្រូវ​បាត់បង់​ជីវិត ហើយ​អ្នក​ភូមិ​រាប់ពាន់នាក់​ត្រូវ​បង្ខំចិត្ត​រត់ភៀសខ្លួន​ចោល​ផ្ទះ​សម្បែង។ តើ​ជម្លោះ​ដ៏រ៉ាំរ៉ៃ​នៅ​តំបន់​កាស្មៀរ​នេះ​មាន​ដំណើរ​ដើមហេតុ​យ៉ាង​ដូចម្តេចខ្លះ?

ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាង ៦០ឆ្នាំ​មកហើយ ដែល​ប៉ាគីស្ថាន និង​ឥណ្ឌា​ឈ្លោះ​គ្នា​ដណ្តើម​តំបន់​កាស្មៀរ។ តាមពិតទៅ ​ជម្លោះ​នៅ​កាស្មៀរ​នេះ​កើតឡើង តាំងពី​​ពេល​​​ឥណ្ឌា និង​ប៉ាគីស្ថាន​ នៅ​ជា​ប្រទេស​តែមួយរួមគ្នា​ម៉្លេះ គឺ​នៅ​ពេល​ដែល​ឥណ្ឌា​កំពុង​ស្ថិត​ក្រោម​អាណានិគម​ចក្រភព​អង់គ្លេស​នៅឡើយ។ ពេលនោះ កាស្មៀរ​គឺ​ជា​រដ្ឋមួយ​នៅ​ក្នុង​រដ្ឋសហព័ន្ធ​ឥណ្ឌា។ កាស្មៀរ​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម ក៏ប៉ុន្តែ មាន​មេដឹកនាំ​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ។

នៅ​ឆ្នាំ​១៩៤៧ នៅ​ពេលដែល​អង់គ្លេស​ប្រគល់​ឯករាជ្យ​ ហើយ​ពុះចែក​ឥណ្ឌា​ជា​ពីរ​​ប្រទេស​ (ឥណ្ឌា និង​ប៉ាគីស្ថាន) នៅ​ក្នុង​កិច្ចព្រមព្រៀង​ប្រគល់​ឯករាជ្យ គេទុក​ឲ្យ​ប្រជាជន​នៅ​កាស្មៀរ​ជា​អ្នក​សម្រេច​​ជោគវាសនា​ដោយ​ខ្លួនឯង​ថា តើ​ចង់​ភ្ជាប់ខ្លួន​ទៅនឹង​ឥណ្ឌា ឬ​ទៅនឹង​ប៉ាគីស្ថាន ឬ​ក៏​ចង់​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​​?

ដោយសារ​តែ​កាស្មៀរ​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម ប៉ាគីស្ថាន​រំពឹង​ថា កាស្មៀរ​​ប្រាកដជា​នឹង​សម្រេច​ភ្ជាប់ខ្លួន​ជាមួយ​នឹង​ប៉ាគីស្ថាន។ ក៏ប៉ុន្តែ មហារាជ្យ​របស់​កាស្មៀរ​ ឈ្មោះ Hari Singh ដែល​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ​​ ចេះតែ​អល់អែកមិនហ៊ាន​សម្រេច​ចិត្តទៅខាងណា​ច្បាស់លាស់ ក៏​មាន​គំនិត​ចង់​ឲ្យ​កាស្មៀរ​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​ដោយ​មិន​ភ្ជាប់​ខ្លួន​ជាមួយ​ឥណ្ឌា ហើយ​ក៏​មិន​ភ្ជាប់​ខ្លួន​ជាមួយ​ប៉ាគីស្ថាន។ មើល​ឃើញ​បែបនេះ​​ក្រុម​បដិវត្តន៍​អ៊ីស្លាម​នៅ​កាស្មៀរ ដោយ​មាន​ជំនួយ​ពី​ក្រុមកុលសម្ព័ន្ធ​នៅ​ប៉ាគីស្ថាន ក៏​បាន​រៀបចំ​គម្រោងការណ៍​​ចង់​វាយដណ្តើម​អំណាច​នៅ​កាស្មៀរ។ ដឹង​ពី​គម្រោងការណ៍​នេះ មហារាជ្យ Hari Singh ក៏​បាន​សម្រេច​ភ្ជាប់ខ្លួន​ជាមួយ​ឥណ្ឌា ដើម្បី​ឲ្យ​ឥណ្ឌា​ជួយការពារ។

ឥណ្ឌា​​បាន​បញ្ជូន​ទាហាន​ចូល​មក​គ្រប់គ្រង​ដែនដីមួយ​ផ្នែកធំ​របស់​កាស្មៀរ (ប្រហែល​ជា ២ភាគ៣) ប៉ុន្តែ ប៉ាគីស្ថាន​មិន​សុខចិត្ត​ក៏​បញ្ជូន​ទ័ព​ចូល​មក​កាន់កាប់​ដែនដី​មួយផ្នែកដែរ​របស់​កាស្មៀរ គឺ​មួយផ្នែក​ដែលនៅ​សេសសល់​ពី​ការ​កាន់កាប់​របស់​ឥណ្ឌា។ ជម្លោះ​ដណ្តើម​តំបន់​កាស្មៀរ​​ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន ក៏​ចាប់ផ្តើម​ផ្ទុះឡើង​តាំងពីពេលនោះមក។
 
ជម្លោះកាស្មៀរ ត្រូវ​គេ​ចាត់បញ្ចូល​​​ក្នុង​ចំណោម​ជម្លោះ​ដែនដី​ដែល​មាន​សភាពធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​បំផុត​មួយ​នៅលើ​ពិភពលោក។ កន្លងមក គេឃើញ​ថា ជម្លោះ​នៅ​កាស្មៀរ​នេះ​ គឺ​ជា​ដើមហេតុ ដែល​នាំ​ឲ្យ​មាន​សង្រ្គាម​ដល់​ទៅពីរលើក រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន (​ឆ្នាំ​១៩៤៧-១៩៤៨ និង​ឆ្នាំ​១៩៦៥)។

អ្វីដែល​ជា​គ្រោះថ្នាក់​កាន់តែ​ធំ គឺ​នៅត្រង់ថា ឥណ្ឌា និង​ប៉ាគីស្ថាន សុទ្ធតែ​មាន​អាវុធ​នុយក្លេអ៊ែរដូចគ្នា។ ដូច្នេះ ជម្លោះ​ដែល​អាច​រាលដាល​ទៅ​ជា​សង្រ្គាម រវាង​មហាអំណាច​នុយក្លេអ៊ែរ​ពីរ គឺ​ជាជម្លោះ​ដ៏គ្រោះថ្នាក់​មួយ សម្រាប់​ឥណ្ឌា និង​ប៉ាគីស្ថាន ក៏ដូចជា សម្រាប់​សុខសន្តិភាព​អន្តរជាតិ។

ក៏ប៉ុន្តែ គេសង្កេតឃើញថា ចាប់តាំង​ពី​ឆ្នាំ​២០០០​មក ថ្វីដ្បិត​តែ​បញ្ហា​តានតឹង​នៅ​កាស្មៀរ​តែងតែ​កើតមាន​ជារឿយៗ ហើយ​ពេលខ្លះ​​រហូត​ដល់​មាន​ការ​ប៉ះទង្គិច​ដោយ​អាវុធ ក៏ប៉ុន្តែ ទំនាក់ទំនង​​ទូទៅ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ ហាក់​មាន​ភាពធូរស្រាល​ជាង​កាល​ពីមុន។

ប្រទេស​ទាំងពីរ​បាន​ចុះកិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​កាស្មៀរ នៅ​ឆ្នាំ​២០០៣ ហើយ​បន្ទាប់មកទៀត នៅ​ឆ្នាំ​២០០៦ ប៉ាគីស្ថាន​បាន​សន្យាបញ្ឈប់​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ក្រុម​បះបោរ​អ៊ីស្លាម នៅ​កាស្មៀរ។ ប៉ុន្តែ រហូតមកទល់ពេលនេះ ​ភាគី​ទាំងពីរ​នៅតែ​​មិន​អាច​រកដំណោះស្រាយណាមួយ​ ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​មួយនេះ​ឲ្យ​បាន​ជា​ស្ថាពរ​នៅឡើយ។
 
ប៉ាគីស្ថាន​នៅតែ​យល់ថា ឥណ្ឌា​បាន​ឈ្លានពាន​ដណ្តើម​កាន់កាប់​តំបន់​កាស្មៀរ​ដោយ​ប្រើ​កម្លាំង។ ក៏ប៉ុន្តែ ឥណ្ឌា​វិញ​អះអាង​ថា វត្តមាន​កងទ័ព​ឥណ្ឌា​នៅ​ក្នុង​ទឹកដី​កាស្មៀរ​ជា​រឿង​ស្របច្បាប់ ព្រោះ​​មេដឹកនាំ​កាស្មៀរ​បាន​សម្រេច​ភ្ជាប់ខ្លួន​ជាមួយ​នឹង​ឥណ្ឌា​រួចហើយ។

បច្ចុប្បន្ន​ ប៉ាគីស្ថាន​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ធ្វើការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ឲ្យ​ប្រជាជន​កាស្មៀរ​ជា​អ្នក​សម្រេច​ពីជោគវាសនា​ផ្ទាល់​ខ្លួន​គេ​ ថា​តើ​ចង់​ភ្ជាប់ខ្លួន​ជាមួយ​នឹងឥណ្ឌា ឬ​ភ្ជាប់ខ្លួន​ជាមួយ​ប៉ាគីស្ថាន ឬ​ចង់​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​ដាច់តែឯង? ប៉ាគីស្ថាន​អះអាង​ថា ការ​ធ្វើ​ប្រជាមតិ​នេះ វា​​ស្រប​ទៅនឹង​អ្វី​ដែលមានចែង​ក្នុង​ពេល​អង់គ្លេស​ប្រគល់​ឯករាជ្យ កាល​ពី​ឆ្នាំ​១៩៤៧​ផង និង​ស្រប​ទៅនឹង​សេចក្តីសម្រេច​របស់​អ.ស.ប​ផង ដែល​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​នៅ​កាស្មៀរ ដែលរៀបចំដោយ​អ.ស.ប។

ឥណ្ឌា​វិញ អះអាង​ថា​ គេ​មិន​ចាំបាច់​រៀបចំ​​​បោះឆ្នោត​ប្រជាមតិ​អ្វីទៀត​ទេ​ ព្រោះថា ​តាំងពីដើម​មក ប្រជាជន​កាស្មៀរ​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាច្រើន​លើក ​​ទាំងការ​​បោះឆ្នោត​ក្នុង​រដ្ឋ​កាស្មៀរផ្ទាល់ និង​ការបោះឆ្នោត​ជាតិឥណ្ឌា។ ដូច្នេះ​ មានន័យថា ប្រជាជន​កាស្មៀរ​បាន​ទទួលស្គាល់​រួចទៅហើយ​អំពី​ការភ្ជាប់ខ្លួន​ជាមួ​យ​នឹង​ប្រទេស​ឥណ្ឌា៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ