អានតួអត្ថបទ
បារាំង-អូស្ត្រាលី-ឥណ្ឌូណេស៊ី

បារាំង​និង​អូស្ត្រាលី​ចាប់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងការ​អនុវត្ត​ទោស​ប្រហារ​ជីវិត

ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី (ឆ្វេង) នៅ​វិមាន​ប្រធានាធិបតី ក្រុង​ប៉ារីស ថ្ងៃទី ២៧ មេសា ២០១៥
ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី (ឆ្វេង) នៅ​វិមាន​ប្រធានាធិបតី ក្រុង​ប៉ារីស ថ្ងៃទី ២៧ មេសា ២០១៥ © Reuters

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង នៅថ្ងៃ​ចន្ទ​ទី ២៧​មេសា​នេះ។ នា​ឱកាស​បំពេញជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតីលោក​ ហ្វ្រង់ស័រ​ហូឡង់ ​  ​បារាំង​​ និង​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយ​​រួម​គ្នា​ ប្រកាស​ប្រឆាំង​ដាច់​ខាត​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត គ្រប់​ទម្រង់ ខណៈ​ដែល​ពលរដ្ឋ​របស់​ខ្លួន (អូស្ត្រាលី​ បារាំង ព្រមទាំង​ពលរដ្ឋ​បរទេស​៨​រូប​ផ្សេង​) កំពុងត្រូវ​តុលាការ​ឥណ្ឌូណេស៊ី​​ត្រៀម​ប្រហារ​ជីវិត​​ពល​រដ្ឋ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​​បារាំងបាននិង​កំពុង​ខិត​ខំ​ធ្វើ​ គឺ​ក្នុង​ឆន្ទៈ​តែ​មួយ​ ​ប្រឆាំង​នឹង​ការ​ប្រហារ​ជីវិត។ ​បារាំង​ និង​អូស្ត្រាលី បាន​បញ្ជាក់​អំពី​​ជំហរ​រួម​​គ្នា ក្នុង​ការ​ប្រកាន់​ខ្ជាប់​ការ​គោរព​សិទ្ធិមនុស្ស​ និងថ្កោល​ទោស​ គ្រប់​ការ​កាត់​ទោស​ប្រហារ​ជីវិត មិន​នៅ​ថា​ទី​ណា ឬ​កាលៈទេសៈ​ណា​ទេ !

 
ការ​​ប្រហារ​ជីវិត​ ជា​ទោស​ដែល​មាន​អនុវត្តនៅ​ពាស​ពេញ​ពិភពលោក តាំង​ពី​សម័យ​ដើម រហូត​មក​ទល់​នឹង​សតវត្សរ៍​ទី ១៨។ ទើប​តែ​នៅសតវត្សរ៍​ទី ១៩​ប៉ុណ្ណោះ ដែល​ចរន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រហារ​ជីវិត​ បាន​កកើត​ឡើង។

​អូស្ត្រាលី​វិញ ក៏​ជា​ប្រទេស​ធ្លាប់​មាន​ច្បាប់​ប្រហារ​ជីវិត​ដែរ មុន​នឹង​ត្រូវ​បោះបង់​ចោល​បន្តិច​ម្តងៗ តាំង​ពី​ឆ្នាំ​១៩២២ រដ្ឋ​ខ្លះ​ទៀត​នៅ​ឆ្នាំ​១៩៨៥ និង​លែង​មាន​ទាំង​ស្រុង​នៅ​ឆ្នាំ​ ២០១០ បន្ទាប់​ពី​សភា​សហព័ន្ធ​​បាន​បោះឆ្នោត​ហាមឃាត់​លែង​ឱ្យ​មាន​ការ​បញ្ចូល​ទោស​ប្រហារជីវិត​នៅ​អូស្រ្តាលី។

បារាំង​បាន​តស៊ូ​យ៉ាង​ស្វិត​ស្វាញ និងអស់​ពីរ​សតវត្សរ៍​ទម្រាំ​អាច​លុប​បំបាត់​​ទាំង​ស្រុង​ទោស​ប្រហារ​ជីវិត​ ចេញ​ពី​ច្បាប់​បារាំង ពោល​គឺ​នៅ​ឆ្នាំ​១៩៨១ ក្នុង​សម័យ​បារាំង​ដឹកនាំ​ដោយ​អ្នក​សង្គម​និយម គឺ​លោក ហ្វ្រង់ស័រ មីតេរ៉ង់ ​ជា​ប្រធានាធិបតី។ ហេតុ​ដូច្នេះ​ហើយ​​បាន​ជា​បារាំង​​ពេល​នេះ ខិត​ខំ​ធ្វើ​គ្រប់​យ៉ាង ​ការពារ​ពលរដ្ឋ​​នៃ​ប្រទេស​គ្មាន​ទោស​ប្រហារ​ជីវិត​ ឱ្យ​ផុតពី​ការ​ប្រហារ​ជីវិត នៅ​បរទេស។

ការ​អនុវត្ត​ទោស​ប្រហារជីវិត​នៅ​លើ​ពិភពលោក
 
​មាន​ប្រទេស​ភាគ​ច្រើន និង​កាន់​ច្រើន​ឡើងៗ​ នៅ​លើ​ពិភពលោក​ បាន​បោះបង់​ចោល ឬ​ ​លែង​ប្រើ​​​ដាក់​ទោស​ប្រហារ​ជីវិត។ ១០៥​ប្រទេស បាន​លុបចោល​គ្រប់​ទម្រង់នៃ​ទោស​​ប្រហារជីវិត​ និង​ ​៦​ប្រទេស​នៅ​រក្សា​ទោស​ប្រហារជីវិត​​សម្រាប់​ឧក្រិដ្ឋកម្ម​យោធា។ ​ បច្ចុប្បន្ន​នេះ (២០១៥​) គេ​​រាប់​ឃើញ​មាន​ប្រទេស​តែ​ប្រមាណ​ ៣៨​ប៉ុណ្ណោះ ដែល​នៅ​ប្រើ​ច្បាប់​ប្រហារជីវិត ក្នុង​នោះ​គឺ​មាន​ឥណ្ឌូណេស៊ី​មួយ​ដែរ។

នៅ​ឥណ្ឌូណេស៊ី ទោស​ព្រហ្មទណ្ឌ​បាន​​​អនុញ្ញាត​ឱ្យ​មានដាក់​ទោស​​​ប្រហារ​ជីវិត​ឧក្រិដ្ឋ​ជន​សម្លាប់​មនុស្ស​ដោយ​ចេតនា​ ញយ​ដង និង​ឧក្រិដ្ឋ​ជន​ប្រព្រឹត្ត​ការ​ជួញ​ដូរ​​គ្រឿង​ញៀន។ ទោស​ប្រហារ​ជីវិត​​ នឹង​ត្រូវ​ធ្វើ​ឡើងនៅ​វេលា​ម៉ោង ១២​អាធ្រាត្រ ​ដោយ​ការ​បាញ់​​សម្លាប់នឹង​កាំភ្លើង ហើយ​អ្នក​ទោស​អាច​មាន​ជម្រើស​រវាង​ស្លាប់​ដោយ​បិទ​មុខ ឬ​បើក​មុខ ព្រម​ទាំងអាច​​ទទួល​ដឹង​​អំពី​ថ្ងៃ​ស្លាប់​ចំនួន​យ៉ាង​ហោច​៧២​ម៉ោង​មុន។

​តុលាការ​និង​​អំពើ​ពុក​រលួយ

ការ​ប្រហារជីវិត ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​មិន​មែន​ជាទណ្ឌកម្ម​​មាន​ប្រសិទ្ធិភាព ហើយ​ប្រសិន​បើ​មាន​កំហុស​តុលាការ​ដោយ​ប្រការ​ណា​មួយ​នោះ​ពិត​ជា​មិន​អាច​ស្តារ​អ្វី​បាន​ឡើយ ព្រោះ​មនុស្ស​ស្លាប់​បាន​ទៅ​ហើយ។ ហើយ​ប្រសិន​បើ​តុលាការ​មិនឯករាជ្យ​ នោះ​ពិត​ជា​គ្រោះ​ថ្នាក់​ធំ។ ទាំង​បារាំង​ ទាំង​អូស្រ្តាលី​ សុទ្ធ​តែ​មិន​ទុក​ចិត្ត​​លើ​តុលាកា​រ​ឥណ្ឌូណេស៊ីទាំង​អស់។

ជាក់​ស្តែង​នៅ​ខណៈ​ដែល​អ្នក​ទោស​ខ្លះ​កំពុង​រាប់​ម៉ោង​​មើល​ឃើញ​ថ្ងៃ​ស្លាប់​របស់​ខ្លួន ស្រាប់​តែ​ សារព័ត៌មាន​អូស្ត្រាលី​ Sydney Morning Herald ​ នៅ​ថ្ងៃចន្ទ​នេះ បាន​បង្ហើប​ថា ​មាន​អំពើ​ពុក​រលួយ​ស៊ី​សំណូក​ក្នុង​រង្វង់​​តុលាការ​ឥណ្ឌូណេស៊ី។ បើ​តាម​កាសែត​អូស្ត្រាលី ចៅក្រម​ការ​សម្រេច​​ដាក់​ធ្ងន់​បំផុត​ដល់​ប្រហារ​ជីវិត​ដោយ​ទំនង​​និយាយ​ថ្លៃ​គ្នា​មិន​ត្រូវ។ ជា​បឋម​ឡើង​តុលាការ​ទំនង​ជា​បាន​ទទួល​​ប្រាក់​សំណូក​ ១៣០ ០០០​ដុល្លារ​អូស្ត្រាលី ជា​ថ្នូរ​នឹង​ដាក់​បន្ធូរ​ទោស​​ពលរដ្ឋ​អូស្ត្រាលី​ពីរ​នាក់​មក​ត្រឹម​ក្រោម​​២០​ឆ្នាំ ជា​ថ្នូរ​នឹង​ទោស​ប្រហារ​ជីវិត​។ ប៉ុន្តែ​បែរ​ជា​ក្រលាស់ ​ទាម​ទារ​ដំឡើង​ទឹក​ប្រាក់​សំណូក​​ ​នៅ​ពេល​ចៅក្រមបាន​ជួប​ថ្នាក់​លើ​និង​មន្ត្រី​រដ្ឋាភិបាល​។

សម្រាប់​អូស្ត្រាលី​ នេះ​ជា​ភស្តុតាង​នៃ​ភាព​សង្ស័យ​មួយដែល​បញ្ជាក់​​ថា មាន​ការ​ជ្រៀត​ជ្រែក​​ក្នុង​អំណាច​តុលាការ​។ ក្រុង​ហ្សាការតា បាន​ទាមទារ​ភស្តុតាង​នៃ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​អះអាង​ ព័ត៌មាន​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កាលវិភាគ​នៃ​ការ​ប្រហារ​ជីវិត​​ជន​ជាប់​ទោស​ឡើយ។

​គំនាប​ការ​ទូត​របស់​ប្រទេស​ធំៗ និង​សហគមន៍អន្តរជាតិ​ មាន​កាន់​តែ​ច្រើនថែម​ទៀត​ នៅ​ថ្ងៃ​ចន្ទ​នេះ ​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ បាន​ គីមូន​ ​ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ដូច​គ្នា​ឱ្យ​ឥណ្ឌូណេស៊ី​ បោះបង់​ចោល​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត។ អាជ្ញាធរ​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើផ្សង​ព្រេង​ធ្វើ​អន្តរាគមន៍​ជា​លើក​ចុងក្រោយ​ ក្រែង​អាច​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្លួន​បាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ