អានតួអត្ថបទ

តំបន់​អាស៊ីមួយ​ភាគ​ធំ​កំពុង​រង​គ្រោះ​ទឹក​ជំនន់​រដូវ​វស្សា

ទឹក​ជំនន់​ផ្តាច់​ផ្លុវ​នៅ​ប្រទេស​ឥណ្ឌា
ទឹក​ជំនន់​ផ្តាច់​ផ្លុវ​នៅ​ប្រទេស​ឥណ្ឌា REUTERS/Indian Air Force

ឥណ្ឌា ប៉ាគីស្ថាន ឆ្លង​ដល់​ភូមា ធ្លាក់​ដល់​វៀតណាម កំពុង​រងគ្រោះ​ខ្លាំង​នឹង​ការ​គំរាម​កំហែង​ទឹក​ជំនន់​បណ្តាលមក​ពី​ ព្យុះ​ភ្លៀង​រដូវ​វស្សា ឬ​ភ្លៀង​ម៉ូសុង។ ជាង​១២០​នាក់​នៅ​ឥណ្ឌា ១១៦​នាក់​នៅ​ប៉ាគីស្ថាន មិន​តិច​ជាង​៤៦​នាក់​ទេ នៅ​ភូមា  បាន​បាត់​បង់​ជីវិត​! នេះ​បើ​តាម​តួលេខ​របស់​អាជ្ញាធរ។ នៅ​ថ្ងៃ​ចន្ទ​នេះ ស្ថានភាព​មិន​ធូរ​ស្រាល​ទេ ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ ជួយ​ជន​រង​គ្រោះ​ នៅ​តាម​តំបន់​ដែល​មាន​ការ​ជន់​លិច​។

ផ្សាយពាណិជ្ជកម្ម

ជា​រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​ខែ​វស្សា ខ្យល់​ម៉ូសុង ដែលបក់​​នាំ​ទឹក​ភ្លៀងមក​ជាមួយ​​ តែង​បង្ក​ជាទឹក​ជំនន់​ ការ​ហូរ​បាក់​ដី លិច​លង់​សម្លាប់​ជីវិតពលរដ្ឋ​នៅ​ឥណ្ឌា និង​ប៉ាគីស្ថាន។ ប្រទេស​ជិត​ខាង​គ្នា​ទាំង​ពីរ កំពុង​ប្រឈម​យ៉ាង​ត្រដាប​ត្រដួស​នឹង​គ្រោះ​ទឹក​ជំនន់ ក្នុង​ភូមិ​ជាង​៥៦០០​ ប្រជាជន​ជាង​១លាន​១សែន ត្រូវ​ធ្វើ​បំលាស់​ទី នៅ​ឥណ្ឌា និង​នៅ​ប៉ាគីស្ថាន​វិញ មាន​ជន​រងគ្រោះ​ជិត​១​សែននាក់។

ចំណែក​ភូមា​ក៏​រង​គ្រោះ​​ខ្លាំង ! ទឹក​ជំនន់ទឹក​ភ្លៀង​​រដូវ​វស្សា​ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ទន្លេ ទឹក​ស្ទឹង​បាន​ឡើង​លឿន​យ៉ាង​គំហុក​ បង្ក​ជា​ការ​បាក់​ដី​ ​ជន់​លិច​ផ្ទះ​សម្បែង​អស់​រាប់​សិប​ពាន់​ខ្នង លិច​ដី​ស្រែ​ចំការ​ បាក់​ស្ពាន​ ដាច់​ផ្លូវ​។

 
អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ទឹក​ជំនន់​នៅ​ប្រទេស​ភូមា ដែល​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​មាន​បង្ហាញ​ក្នុង​តុល្យការ​ដំបូង ៖ មាន​ស្លាប់​៤៦​នាក់ និង​ជាង​២​សែន​នាក់​រង​គ្រោះ​នៅ​ពេញ​ផ្ទៃ​ប្រទេស។ រដ្ឋាភិបាល​បាន​ប្រកាស​​ថាតំបន់​ភាគ​ខាង​កណ្តាល​និង​ខាង​លិច​រង​គ្រោះ​ខ្លាំង​ ព្រោះ​មធ្យោបាយ​ជម្លៀស​ពលរដ្ឋ​​​មាន​លក្ខណៈ​ខ្សត់ខ្សោយ។

ក្រុម​អង្គការ​មនុស្សធម៌​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​មាន​ទឹកជន់ និង​ព្រួយ​បារម្ភ​អំពី​ការ​មើល​ស្រាល​លើ​ទំហំ​នៃ​គ្រោះថ្នាក់។ សម្រាប់​អង្គការ​សហប្រជាជាតិ ថ្វី​បើ​ទឹក​ជំនន់​បាន​ស្រក​នៅ​កន្លែង​ខ្លះ​មែន ប៉ុន្តែ​ទឹក​ស្ទឹង​អាច​ជន់​លិច​តំបន់​ក្រោម​បន្តៗ​ទៀត។

ប្រធានាធិបតី​ភូមា លោក​ ថេនសេន បាន​សន្យា​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ភូមា។​ ប៉ុន្តែ​គេ​គ្មាន​ដំណឹងអ្វី​បន្តិច​បន្តួច​សោះ​ពី​រដ្ឋ​រ៉ាឃីន ដែល​​មាន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជ្រក​កោន​ក្នុង​ជំរំរខេករខាក​ស្រេច។ កាលពី​ឆ្នាំ​២០០៨ ខ្យល់​ព្យុះ​ណាហ្គី បាន​ផ្តាច់​ជីវិត​ប្រជាជន​ភូមា នៅ​តំបន់​ទំនាប​​អ៊ីរ៉ាវាឌី ​អស់​ជាង​១៤០០០០​នាក់​។

នៅ​ប្រទេស​វៀតណាម ក្រុម​អ្នក​សង្គ្រោះ​កំពុង​ទប់ទល់​នឹង​ការ​ហូរ​បាក់​ដី មាន​ជាតិ​ពុល​នៅ​ជុំ​វិញ​អណ្តូង​រ៉ែ ភាគ​ខាង​ជើង​ប្រទេស និង​ជិត​តំបន់​ទេសចរណ៍​ ហាឡុង។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ២៣​នាក់ ក្នុង​នោះ​ពីរ​គ្រួសារ​ត្រូវ​បានស្លាប់​ក្នុង​​ភក់​ដី​មាន​ជាតិ​ពុល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ