អានតួអត្ថបទ

យន្តហោះ​MH១៧ ៖ អ្នក​អង្កេត​កំពុង​រក​អត្តសញ្ញាណ​វត្ថុ​តាង​​​ដែល​អាច​ជា​របស់​មីស៊ីល​រុស្ស៊ី

បំណែក​មួយ​នៃ​យន្តហោះ​MH17
បំណែក​មួយ​នៃ​យន្តហោះ​MH17 REUTERS/Maxim Zmeyev

ក្រុម​អ្នក​ជំនាញ​ទទួល​បន្ទុក​អង្កេត​​ការ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ជើង​ហោះហើរ​លេខ​MH១៧ ធ្លាក់​នៅភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ត្រង់​តំបន់​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ១១ សីហានេះ ថា​​រក​ឃើញ​អត្តសញ្ញាណ​វត្ថុមួយ​​ដែល​អាច​ជា​របស់​មីស៊ីល​ Bukផលិត​នៅរុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

វត្ថុ​តាង​មួយ​ចំនួន​ដែលប្រមូល​បាន​ នា​ឱកាស​ចុះ​ទៅ​បំពេញ​បេសកកម្ម​ស្រាវជ្រាវ​ចុងក្រោយ ​ខ្លះ​ទំនង​ជា​មាន​ប្រភព​មក​ពី​ប្រព័ន្ធ​មីស៊ីល​sol-air ប្រភេទ​Buk។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមអង្កេត​ហូឡង់​ ដែល​បាន​ត្រឹម​គូស​បញ្ជាក់​ថា រើស​បាន​ពី​ភាគ​ខាង​កើត​អ៊ុយក្រែន នៅ​ពេល​អ្នក​កាសែត​សួរ​ថា​ វត្ថុ​តាង​នោះ​រើស​បាន​នៅ​កន្លែង​ធ្លាក់​យន្តហោះឬ?!

 

​ក្រុម​អ្នក​អង្កេត​ហូឡង់​ ​មិន​ទាន់​​អាច​ធ្វើ​សេចក្តី​សន្និដ្ឋាន​អ្វី​ទេ​នៅ​ពេល​នេះ ! តែ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​បញ្ជាក់​ថា វត្ថុតាង​រើស​បាន​មានសារៈ​សំខាន់​​ខ្លាំង​ណាស់ ក្នុង​​ដំណើរការ​​អង្កេត​ព្រហ្មទណ្ឌ វែក​រក​មុខ​អ្នក​​ទម្លាក់​យន្ត​ហោះ MH១៧ និង​​ស្នើ​សុំ​ជំនួយ​អន្តរជាតិ ពិសេស​ជំនួយ​ពី​អ្នក​​ឯកទេសអាវុធ។

សមាជិក​​ក្រុម​អង្កេត​ព្រហ្មទណ្ឌ​ ដែល​មាន​តំណាង​មក​ពី​ហូឡង់ អ៊ុយក្រែន ម៉ាឡេស៊ី អូស្រ្តាលី អង់គ្លេស សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី កំពុង​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ឡាអេ ដើម្បី​រៀបចំ​ចេញ​របាយការណ៍​ទី​មួយ ស្តី​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់។ របាយការណ៍​បញ្ចប់​នឹង​ប្រកាស​នៅ​ខែ​ខាង​មុខ។

អ៊ុយក្រែន​និង​សហរដ្ឋ​អាមេរិក បានអះអាង​តាំង​ពី​ដំបូង​ភ្លាម​ថា​យន្តហោះ​MH១៧ បាន​ធ្លាក់​ ដោយ​សារ​ពួក​ឧទ្ទាមប៉ះបោរ​នៅភាគ​ខាង​កើត​ប្រើ​​មីស៊ីលផលិត​នៅ​​រុស្ស៊ី បាញ់​ទម្លាក់។ ម៉ាឡេស៊ី អង់គ្លេស ហូឡង់ ... បាន​ស្នើ​សុំ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បង្កើត​​តុលាកា​ពិសេស​មួយ​សម្រាប់​កាត់​ទោស​ក្រុមឬ​ជន​ដៃដល់​​ តែ​ត្រូវ​បាន​រុស្ស៊ី​បោះឆ្នោត​វេតូ​ប្រឆាំង កាលពី​ថ្ងៃទី ២៩​កក្កដា។

យន្តហោះប៊ូអ៊ីន​៧៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ ជើងលេខ​MH១៧ ហោះ​ចេញ​ពី​ហូឡង់​ទៅ​ម៉ាឡេស៊ី បាន​ធ្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេសអ៊ុយក្រែន ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​មាន​ផ្ទុក​អ្នក​ដំណើរ​២៩៨​នាក់ ក្នុ​ង​នោះពីរ​ភាគ​បី​ជា​ជនជាតិ​ហូឡង់។ ហេតុដូច្នេះ​ហើយ​បាន​ជា​ហូឡង់​ ត្រូវ​ទទួល​បន្ទុក​សម្រប​សម្រួល​ការ​អង្កេត​រក​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់ និង​អង្កេត​ព្រហ្មទណ្ឌ​ ព្រមទាំង​មាន​បេសកកម្ម​ដឹក​ជញ្ជួន​សាក​សព។ ហូឡង់​ក៏​ដូច​ជា​ម៉ាឡេស៊ី កំពុង​សាក​ល្បង​​គ្រប់​មធ្យោបាយ​ប្តឹង​ផ្តល់​ ជន​ជាប់​សង្ស័យដែល​ពុំ​ទាន់​រក​ឃើញ​អត្តសញ្ញាណ​ ឬ​ចាប់​ខ្លួន​បាន​ផង៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ