អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្នុង​​ហេតុផល​សុខភាព​តាហ្ស៊ីគីស្ថាន​ហាម​​មង្គលការ​រវាង​សាច់ញាតិ

សំឡេង ០៥:២៦
គ្រួសារ​នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន
គ្រួសារ​នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន ©UNFPA

មួយសប្តាហ៍មុន គឺថ្ងៃ១៥មករា រដ្ឋសភា សាធារណរដ្ឋ តាហ្ស៊ីគីស្ថាន ប្រទេស កាន់សាសនា​អ៊ីស្លាម នៅ​តំបន់​អាស៊ី​កណ្តាល ក្នុង​លំហរ​អតីត​សហភាព​សូវៀត បាន​អនុម័ត ជា​ឯកច្ឆន្ទ​វិសោធនកម្ម ដែល​ហាម​មិន​ឲ្យ ចុះ​លិខិត​អាពាហ៍ពិពាហ៍ រវាង​កូនក្រមុំ និង​កូនកម្លោះ​ណា ដែលជា​​ញាតិ​សន្តាន​នឹង​គ្នា ព្រម​ទាំង​តម្រូវ ឲ្យអនាគត​គូស្វាមី​ភរិយា ទទួល​ការពិនិត្យ​មើល​សុខភាពខ្លួន ជាមុន​សិន ដោយ​គ្រូពេទ្យ ជា​ចាំបាច់​ខាន​មិនបាន។  

ផ្សាយពាណិជ្ជកម្ម

ស្របនឹង​វិសោធនកម្ម ចាប់ពីអំណើះ​តទៅ នៅតាហ្ស៊ីគីស្ថាន​ គឺហាមមិនឲ្យចង ចំណង អាពាហ៍ពិពាហ៍ ឧទាហរណ៍ រវាង​បងប្អូន​ជីដូនមួយ ប្រុសស្រី ព្រមទាំង រវាង ឳពុកមា​នឹងក្មួយស្រី រវាង ម្តាយមីង និងក្មួយប្រុស។ ត្រូវតែ​កត់សម្គាល់​ថា ការភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍ រវាង សាច់ញាតិ ដ៏ជំនិត​នឹងគ្នា ជា​បាតុភាព​រាយសាយ ជាទូទៅ នៅតាហ្ស៊ីគីស្ថាន ជាពិសេស នៅជនបទ នៅតាមភូមិ ឃុំ ក្នុងភ្នំ ដោយ​ដែនដី៩៣% នៃប្រទេស​នេះ គឺជា តំបន់​ភ្នំ​តែម្តង។

 
តាមទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ប្រទេសនេះ កុមារពិការ ក្នុងចំនួន​ដល់ទៅ៣០-៣៥% គឺកើត មក ពី ឪពុកម្តាយ​ដែលជា​សាច់ញាតិ​នឹងគ្នា ម៉្លោះ​ហើយបានជា ការនេះ​ញ៉ាំងឲ្យ​រដ្ឋអំណាច ព្រួយបារម្ភ មែនទែន។

ក្នុងសម្ភាសន៍​ទៅ​ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេស BBC លោកស្រី​តំណាងរាស្ត្រ តាហ្ស៊ីក Gulbakhor Ashurova ដែលគាំទ្រ​ពេញទី​ដល់​វិសោធនកម្ម ថ្លែងថា ៖ មានទាំង​ករណី កាល​ដែល​ក្នុងគ្រួសារ តែមួយ មានកូនដល់ទៅ ៤នាក់ ដែលមាន​កាយសម្បទា​មិនពេញ​លក្ខណៈ។ កុមារ​ទាំងនោះ កើត​មក​ពី គូស្វាមីភរិយា ជាសាច់ញាតិ​នឹងគ្នា។ ឪពុកម្តាយ​ទាំងពីរ សុទ្ធតែ​មានសុខភាព​ល្អសោះ ប៉ុន្តែ កូនដែល កើតមក បែរ​ទៅ គ-ថ្លង់ និង ខ្វាក់។ “យើងបាន​ធ្វើការ​ស្រាវជ្រាវ​ខ្នាតធំ នៅ ពេញ ទូទាំងប្រទេស ហើយ​លទ្ធផលដែល​ទទួលបាន ឆ្លុះឲ្យ​ឃើញ​ថា មូលហេតុ​នៃភាព​ពិការរបស់ កុមារ​បែបនេះ គឺពិតជា បណ្តាល​មកពី អាពាហ៍ពិពាហ៍ រវាង​សាច់​ញាតិ​តែម្តង”។

ទោះយ៉ាងណាក្តី ក៏ វិសោធនកម្មនោះ ដែលភ្ជាប់ទៅនឹង ”ច្បាប់ស្តី​អំពី​ការចុះអត្រានុកូលដ្ឋាន” នឹង​ចូលជា ធរមាន គឺលុះ​កន្លះឆ្នាំទៀត ចាប់ពីថ្ងៃ ទី១កក្កដា ឆ្នាំ២០១៦ទៅ។

ក្នុងដំណាក់ឥឡូវ រដ្ឋាភិបាល​តាហ្ស៊ីគីស្ថាន ដែលជា​អ្នកដាក់​ចេញនូវ វិសោធនកម្មនោះ កំណត់៖ -បញ្ជី​នៃរោគ​វិនិច្ឆ័យ ដែលកូនក្រមុំ និងកូនកម្លោះ ត្រូវឆ្លងកាត់ នៅពីមុខគ្រូពេទ្យ មុន​ដល់ ថ្ងៃ អាពាហ៍ពិពាហ៍ ។
-យន្តការ សម្រាប់ពិនិត្យ​មើលអំពីកម្រិត​ញាតិសន្តាន​នឹងគ្នា នៃ យុវគូស្រករថ្មី។
-ព្រមទាំង កម្រិត​នៃទណ្ឌកម្ម ក្នុងករណី បើអនាគត គូស្វាមីភរិយា មិនបំពេញ​តាម បទដ្ឋាន​ខាងលើ។

មន្ទីរ​ចុះអត្រានុកូលដ្ឋាន ក្រោយ​ពីទទួល​ពាក្យ ពីកូនក្រមុំ និងកូនកម្លោះ គឺស្នើសុំ​យោបល់ ពី “ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ” ដែលពិតជា​ស្គាល់ច្បាស់ តើនរណា ជា សាច់ញាតិ នឹងនរណា។ ដូច្នេះ​បញ្ហានេះ ស្ថិតនៅ​ទាំងស្រុង នៅក្រោម​ការត្រួតពិនិត្យពី​ខាងរដ្ឋ​មែនពិត។ 

ជាការកត់សម្គាល់ គំនិតផ្តួចផ្តើម ដែលហាម​មិនឲ្យមាន​មង្គលការ រវាង​សាច់ញាតិ និង ដែល​តម្រូវ ឲ្យមាន​ការពិនិត្យមើល ជាមុនសិន អការៈសុខភាព កូនក្រមុំ និងកូនកម្លោះ គឺ ត្រូវបាន​បំផុសមក​ដោយ ប្រធានាធិបតីប្រទេស លោក Emomali Rakhmon។

អស់ពេញ​មួយឆ្នាំ សំណើថ្មី បាន​ទទួល​ការពិភាក្សា​ក្នុងមជ្ឈដ្ឋាន បណ្តាជន ដ្បិត​នៅ​តាហ្ស៊ីគីស្ថាន បញ្ហា​ដែលលើកឡើង​នេះ គឺរសើប​ណាស់ សម្រាប់ អ្នកស្រុកណា ដែលជា សាច់ញាតិ នឹងគ្នា។

នៅដើម​ឡើយ តំណាងរាស្ត្រ ជាច្រើន នាំគ្នាថ្លែង​ជំទាស់ទល់​នឹង របៀរបប​ថ្មី គឺ បម្រាម ដែល ប៉ះពាល់​លើ​ប្រពៃណី ចាក់​ឫសជ្រៅ ទៅហើយ អស់ជាច្រើន សតវត្សរ៍។ 

តាមការពន្យល់​បំភ្លឺ​នៃ លោកស្រី​តំណាងរាស្ត្រ Gulbakhor Ashurova ៖ ក្នុងគ្រួសារ តាហ្ស៊ីក ជា ច្រើន គេយល់ថា ការរៀបការ​ជាមួយ​សាច់ញាតិខ្លួន គឺធានា​នូវសេចក្តីសុខ និង​សុភមង្គល សម្រាប់ ស្ត្រី។ អាពាហ៍ពិពាហ៍​បែបនេះ តាមមតិអ្នកស្រុក ជាទូទៅ គឺពង្រឹង​កាន់តែមាំ ទៅទៀត ចំណង​ញាតិវង្ស។ ប៉ុន្តែ ក្នុងការអនុវត្តន៍ ជាក់ស្តែង ក៏មាន​ទាំងការលែងលះ​គ្នាដែរ។ ខណៈនោះ ជម្លោះនិងការអាក់អន់ចិត្ត អាច​ឡើងកំដៅខ្លាំង ជាងឆ្ងាយរវាង ប្តីនិងប្រពន្ធ ដែល​មិនមែនជា សាច់ញាតិ​នឹងគ្នា លុះរហូត ដល់បងប្អូន ប្រុសស្រី ឈប់រាប់រកគ្នា ពេញ​មួយជីវិត​តែម្តង។

នៅតាហ្ស៊ីគីស្ថាន ចាប់ពីអំណើះតទៅ អនាគតប្តីប្រពន្ធ ត្រូវដាក់ពាក្យមិនគ្រាន់តែ ដើម្បីចុះ អេតាស៊ីវិល ប៉ុណ្ណោះ​ទេ​ តែក៏ទាំង ក្រដាស់​ស្នាមបញ្ជាក់​ពីសុខភាពខ្លួន ទៅកាន់ មន្ទីរចុះ អត្រានុកូលដ្ឋាន។

ការទាមទារ​ថ្មី គឺប្រកប​ដោយបច្ចុប្បន្នភាព ពិសេស សម្រាប់​ពលករផ្លាស់ទី តាហ្ស៊ីក ណា ដែល ក្រោយ​ពីធ្វើការ នៅប្រទេសក្រៅ ហើយត្រឡប់ ទៅស្រុក​កំណើតវិញ។  កូនកម្លោះ​ប្រភេទនេះ ត្រូវ​ឲ្យគ្រូពេទ្យ ពិនិត្យ​មើលសុខភាព គ្រប់ជ្រុងជ្រោយ គ្មានសល់​ចន្លោះណា​ទេ ទាក់ទង​នឹង រោគឆ្លង។ អាជ្ញាធរ​តម្រូវឲ្យ គិលានដ្ឋាន ពិនិត្យ​មើលយ៉ាង​ល្អិតល្អន់ សុខភាព​បុរស​បែបនេះ ក្រោយពី ក្នុងចំណោមស្ត្រី នៅតាហ្ស៊ីគីស្ថាន ស្រាប់តែ កើនឡើង​យ៉ាងខ្លាំង ចំនួន ស្ត្រីដែលឆ្លង ដោយ​មេរោគ AIDS ហើយពួកគេ​ភាគច្រើន គឺឆ្លងពី​បុរសតាហ្ស៊ីក ជា ពលករ​ផ្លាស់ទី នោះឯង។ យុវស្ត្រី​ទាំងនោះ ដឹងអំពី​ជម្ងឺប្តីខ្លួន លុះក្រោយ​ពីរៀបការ និង កើត​បានទារក​ទៅហើយ ពេល ដែល វេជ្ជបណ្ឌិតនៃ មន្ទីរពេទ្យ​សម្រាលកូន បាន​ប្រាប់គេ អំពី​ជម្ងឺ​របស់ប្តីគេ។

តាមតួលេខ​ផ្លូវការ មួយឆ្នាំៗនៅតាហ្ស៊ីគីស្ថាន មានកើតមក ទារកប្រមាណ ៣.០០០នាក់ ដែលឆ្លង​ទៅហើយ ដោយ​មេរោគជម្ងឺ​នេះ ឬ ជម្ងឺនោះ។

តាហ្ស៊ីគីស្ថានជាប្រទេស ស្ថិតនៅតំបន់​អាស៊ីកណ្តាល​មានព្រំដែន ជាប់នឹង មហាប្រទេសចិន ជាប់នឹង អាហ្វហ្កានីស្ថាន ជាប់នឹង អ៊ូសបេគីស្ថាន ជាប់នឹង កៀហ្ស៊ីស៊ីស្ថាន  មានបណ្តាជន កាន់​សាសនាអ៊ីស្លាម និកាយស៊ុននីត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ