អានតួអត្ថបទ

តើ​អ្វី​ជា​កម្មវត្ថុ​ចំបង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំងនៅ​ឥណ្ឌា ?

លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ ហូលង់ ពេល​អញ្ជើញ​ដល់​ក្រុង​ Chandigarh ភាគ​ខាង​ជើង​ឥណ្ឌា ថ្ងៃទី ២៤​មករា ២០១៦
លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ ហូលង់ ពេល​អញ្ជើញ​ដល់​ក្រុង​ Chandigarh ភាគ​ខាង​ជើង​ឥណ្ឌា ថ្ងៃទី ២៤​មករា ២០១៦ AFP PHOTO/STEPHANE DE SAKUTIN

លោក ប្រធានាធិបតី​បារាំង ​ហ្វ្រង់ស័រ​ ហូឡង់ បាន​​​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ ជា​លើក​ទីពីរ នៅ​ប្រទេស​ឥណ្ឌា ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ២៤ ដល់​ថ្ងៃ​អង្គារ​ទី ​២៦​មករា ២០១៦។ ជា​ទស្សនកិច្ចប្រកប​ដោយ​​​និមិត្តរូប​បំផុត និងប្រកប​ដោយ​​អត្ថន័យ​នៃ​ការ​ពង្រឹងភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​​បារាំង-ឥណ្ឌា។ សម្រាប់​លោក​ប្រធានាធិបតី​បារាំង ទស្សនកិច្ច​នេះ​ជា​ឱកាស​នៃ​ការ​បង្ហើយ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង និង​រឹត​ចំណង​សេដ្ឋកិច្ច។

ផ្សាយពាណិជ្ជកម្ម

ក្នុង​មួយ​អាណត្តិ​នេះ​ ប្រធានាធិបតី​បារាំង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេសឥណ្ឌា​ដល់​ទៅពីរ​លើក។ ហើយ​នៅ​លើក​នេះ បើ​តាម​ប្រភព​ស្និទ្ធ​នឹង​វិមាន​ប្រធានាធិបតី គឺ​ជា​ទស្សនកិច្ច​ដែល​ប្រកប​ដោយ​និមិត្តរូប​បំផុត។

ទស្សនកិច្ច​ជា​ប្រយោជន៍​​យោធា

លោក​ ហ្វ្រង់​ស័រ​ ហូឡង់ ត្រូវ​អញ្ជើញ​ទៅ​​បើក​សម្ពោធ​កម្មវិធី​បញ្ចុះ​សិលា សាងសង់​ទីស្នាក់ការ សម្ព័ន្ធ​ព្រះអាទិត្យអន្តរជាតិ ដែល​ជាសមិទ្ធិ​ដំបូង ប្រសូត​ចេញ​ពី​​​កិច្ចព្រមព្រៀង​​ស្តី​ពី​អាកាសធាតុ​ COP២១ ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស កាលពី​ខែ​ធ្នូ ២០១៥។ សម្ព័ន្ធ​ព្រះអាទិត្យ​៤៥​ប្រទេស​នេះ នឹង​អនុញ្ញាត​ឱ្យ​ឥណ្ឌា​អាច​វិនិយោគ​ថាមពលស្អាត​បាន។ ឥណ្ឌា​ដែល​ជាប់​ឈ្មោះ​ជា​អ្នក​បញ្ចេញ​ផ្សែង​ពុលខ្លាំង​ជាង​គេ និង​មិន​សូវ​អើពើ​សោះ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុនោះ បាន​ក្រលាស់​ចិត្ត​ដើរ​តួ​​ជា​អ្នក​ស្វែង​រក​យុត្តិធម៌​ឱ្យ​អាកាសធាតុ។

ចំណុច​សំខាន់​មួយ​ទៀត គឺ​នៅ​ថ្ងៃ​ទី​២៦​មករាRepublic day ថ្ងៃ​បុណ្យ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ដែល​បារាំងបាន​ទទួល​ការ​អញ្ជើញ​​ជា​ភ្ញៀវ​កិត្តិយស​។ ជា​លើក​ទីមួយ កង​ទ័ពថ្មើរ​ជើង​​បារាំង បាន​ចូល​រួម​ដង្ហែ​ក្បួន​ព្យុះហយាត្រ ក្បែរ​កង​ទ័ព​ឥណ្ឌា។ តើ​នេះ​មិន​​មែន​ជា​សញ្ញា​នៃ​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ក្នុង​វិស័យ​យោធា​ទេ​ឬ ?!
 

កិច្ចព្រមព្រៀង​​លក់​យន្តហោះ​ចម្បាំង ​ ៣៦​គ្រឿង គឺ​ជាប្រធាន​បទ​ដ៏​សំខាន់​បំផុត​​ ដែល​មិន​អាច​ប្រកែក​បាន និង​ដែល​ លោក ហ្វ្រង់ស័រ​​ ហូឡង់ សង្ឃឹម​ថា​នឹង​​អាច​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា។

 
គម្រោង​ ​​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ បាន​ចាប់​ផ្តើម តាំង​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិនដ្រា ម៉ូឌី អញ្ជើញ​មក​បំពេញ​ទស្សកិច្ច​នៅ​ក្រុង​ប៉ារីស កាលពី​ខែ​មេសា ២០១៥ ពិត​ជា​មិន​អាច​ត្រូវ​មើល​រំលង​បាន​ជា​ដាច់ខាត​ ក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋ។ នៅ​ក្នុង​បទ​សម្ភាសន៍​ទៅ​កាន់​ភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌា មុន​ពេល​ចាក​ចេញ​ទៅ​​ឥណ្ឌា​បន្តិច លោក​ហ្វ្រង់ស័រ ហូឡង់ បាន​បង្ហើប​ឱ្យ​ដឹង​ថា “​រក​ឃើញ​កិច្ច​ព្រមព្រៀង ស្តី​ពី​ទិដ្ឋភាព​បច្ចេកទេស ត្រូវ​ការ​ប្រើ​ពេល​វេលា​យូរ​បន្តិច​ហើយ ប៉ុន្តែ​យើង​កំពុង​ស្ថិត​នៅ​ទិសដៅ​ល្អ”។ ​នៅ​ពេល​អញ្ជើញ​ទៅក្រុង​ ភ្លាម លោក​ហូឡង់​បាន​អះអាង​បន្ថែម​ទៀត ថា បាន​ឆ្លង​រួច​មួយ​ដំណាក់​ទៀត​ហើយ ! គ្រប់​គ្នា​សង្ឃឹម​នឹង​អាច​​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ទិញ​លក់​នៅ​លើ​នេះ។ ​​រដ្ឋាភិបាលទាំង​ពីរ​​​កំពុង​ពិភាក្សា​គ្នា​ នៅ​ពេល​នេះ​តែ​ម្តង។

ឆន្ទៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច

ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​បារាំង​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ មាន​ជំនួប​តាម​បែប​ពិធីការ​ការទូត ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល នយោបាយ ក៏​មានថ្នាក់​ដឹកនាំ​​​ក្រុមហ៊ុន​បារាំង​ធំៗគ្រាក់ៗ ជាង​៥០​នាក់ បាន​អម​ដំណើរ​ជាមួយ​ដែរ។ ទស្សនកិច្ច​រដ្ឋ​ គឺ​ជា​ឱកាស​ និង​មធ្យោបាយ​ដ៏​ប្រពៃ​សម្រាប់​ភាព​រលូន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ គ្រាន់​តែ​ទៅ​ដល់​ឥណ្ឌា​ភ្លាម លោក​ហូឡង់ បាន​អញ្ជើញ​ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច CEO Forum ដើម្បីឱ្យ​ប្រយោជន៍ដល់​​ក្រុមហ៊ុន​បារាំង។

​ចូរ​កុំ​ភ្លេច​មួយ​​ថា ​សេដ្ឋកិច្ច​ឥណ្ឌា​មានសុខភាព​ល្អ និង​ភាព​ទាក់ទាញ​ណាស់ ! ឥណ្ឌា​អាច​នឹង​វ៉ារចិន​បាននា​អនាគត​ដ៏​ខ្លី​ខាង​មុខ ក្លាយ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក ​(១៣០០​លាន​នាក់)។ ខាង​ផ្នែកសន្ទុះ​​​សេដ្ឋកិច្ច​វិញ ឥណ្ឌា​មាន​កំណើនប្រចាំ​ឆ្នាំ​៧% បូក​នឹង​កំណើន​ពលរដ្ឋ​លឿន​ទៀត ពិត​ជា​អាច​ទាក់ទាញ​ទំនុកចិត្ត​អ្នក​វិនិយោគ​បាន​ណាស់។

រដ្ឋាភិបាល​ឥណ្ឌា​បាន​វាយ​តម្លៃ​សេចក្តី​ត្រូវ​ការ​វិនិយោគ​ ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ ថា​មាន​ដល់​ទៅ ៦៨០​ពាន់​លាន​​អឺរ៉ូ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​​ខាង​មុខ។ ថាមពល ដឹកជញ្ជូន អភិវឌ្ឍន៍​ក្រុង​-ជនបទ សុទ្ធ​សឹង​ជា​វិស័យ​ដែល​ក្រុម​ហ៊ុន​បារាំង​​មាន​ជំនាញ​ខ្លាំង​ទាំង​អស់។

គំរូ​ស្ថាបត្យកម្ម​បារាំង

ជាក់ស្តែង នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នេះ លោក​ហ្វ្រង់​ស័រ​ហូឡង់​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ខេត្ត​​Chandigarh​ ជើង​ភ្នំ​ហេមនព្វានHimalaya។ ខេត្ត​ដែល​សាង​សង់​និងគូស​​​ប្លង់​នគរូបនីយកម្ម​ក្រុង​ដោយ​ស្ថាបត្យករ​បារាំង នា​ទសវត្សរ៍​ឆ្នាំ​៥០ ក្រោយ​ឥណ្ឌា​បាន​ទទួល​ឯករាជ្យ។ ជា​ក្រុង​ដែល​មាន​សំណង់​ទាបៗ មិន​លើស​ពី​៥​ជាន់ និងកាលណោះ ​សង់​ឡើង​សម្រាប់​​ពលរដ្ឋ​ ១៥០០០០​នាក់ តែ​ទោះ​បី​មានកំណើន​ប្រជាជនលើស​​​១០​ដង​ហើយ ក៏​នៅ​តែ​គ្មាន​ការ​កកស្ទះ ឬ​ភាព​ចង្អៀត​ចង្អល់​ទេ ព្រមទាំង​អាច​ធ្វើ​ទំនើប​កម្ម​បាន​យ៉ាង​ស្រួល​ទៀត។

លោក​ប្រធានាធិបតី​បារាំង​ អម​ដំណើរ​ដោយ​ប្រតិភូ​ជា​ប្រធាន​ក្រុមហ៊ុន អញ្ជើញ​ទៅ​គោរព​វិញញ្ញាណក្ខន្ធ​​ស្ថាបត្យករ​បារាំង-ស្វ៊ីស លោក Le Corbusier ពិត​ជា​មាន​បង្កប់​អត្ថន័យណាស់​​សម្រាប់​នៃ​ចំណង​ទំនាក់ទំនង​បារាំង-ឥណ្ឌា៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ