អានតួអត្ថបទ

ចិនគំរាមចំៗ ប្រធានាធិបតី​តៃវ៉ាន់ថ្មី​​មិន​ឱ្យ​​​រើ​ខ្លួន​ទារ​ឯករាជ្យ

លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង
លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង © Reuters

តៃវ៉ាន់ទើប​​មាន​ប្រធានាធិបតី​ថ្មី គឺ​លោកស្រី ត្សៃអ៊ីង វេន ដែលជា​អ្នកឯករាជនិយម។ គ្រាន់​តែ​​បាន​ស្បថចូល​កាន់​តំណែង​ នៅ​ថ្ងៃ​សុក្រ​ទី ២០ ឧសភានេះ ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ចិន​ប៉េកាំង បាន​ចេញសេចក្តី​ថ្លែងការណ៍​ផ្លូវការ គំរាម​ ថា​តៃវ៉ាន់ នឹង​គ្មាន​សន្តិភាព​ឡើយ ប្រសិន​បើ​ហ៊ាន​រើ​ខ្លួន​ ហាមាត់​ទាមទារ​ឯករាជភាព ​​តែ​បន្តិច​ ក៏​មិន​បាន​ដែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង លោកស្រី ត្សៃអ៊ីង វេន​ ប្រធានាធិបតី​ភេទ​ស្រ្តី​ដំបូង​របស់​តៃវ៉ាន់ បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ចរចា​ជា​វិជ្ជមាន​ជាមួយ​ចិន​ ក្នុង​អត្ថន័យ​នៃ​ការ​ផ្សះផ្សា​គ្នា។ ប៉ុន្តែ​ប្រតិកម្ម​តប​មក​វិញ មាន​តែ​ពាក្យ​ព្រមាន និង​គំរាម យ៉ាង​ច្បាស់​លាស់​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្លូវការ ៖

“ក្នុង​ករណី​មាន​ការ​រៀប​ចំទាមទារ​ឯករាជ្យ​ នោះមិន​អាច​មាន​ឡើយ​​សន្តិភាព​និង​ស្ថិរភាព​។ ឯករាជ្យ​ គឺ​ជា​មហន្តរាយ​នៃ​សន្តិភាព​និង​អភិវឌ្ឍន៍​​តៃវ៉ាន់ និង​ទំនាក់ទំនង​ចិន-តៃវ៉ាន់” !។

 

លោកស្រី ត្សៃអ៊ីង វេន ប្រសូត​ចេញ​​ពី​ចលនា​​​​​ប្រជាធិបតេយ្យដែល​មាន​ជំហរ​ជា​ប្រពៃណី ចង់​បាន​ឯករាជ្យ បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត មិន​ប្តូរ​លក្ខន្តិកៈ​នៃ​ទំនាក់ទំនង​ជា​មួយ​ចិន​ឡើយ។ សម្រាប់​លោកស្រី​ ចំណង​ទាក់ទង​ទ្វេ​ភាគី​ចិន​-តៃវ៉ាន់ គឺ​ជា​ចំណែក​មួយ​នៃការ​ស្ថាបនា​សន្តិភាព​តំបន់​និង​សន្តិសុខ​សមូហភាព។ តៃវ៉ាន់​នឹង​ធ្វើ​ជា​ឆ្មាំ​សន្តិភាពយ៉ាង​សកម្ម ហើយ​​មិន​ប្តូរ​ជំហរ​​នយោបាយ​នេះដាច់​ខាត។

 

ប៉ុន្តែពាក្យ​សំដី​នេះ​គ្រប់​គ្រាន់​សម្រាប់​ប៉េកាំង​ឡើយ។ តាំង​ពីលទ្ធផល​ឆ្នោត​បង្ហាញ​ថា​លោកស្រី ត្សៃជីន វេន បាន​ឈ្នះ​ ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​តៃវ៉ាន់មក ទំនាក់ទំនង​ទ្វេ​ភាគី​ បានធ្លាក់​ចុះ​ គ្មាន​ភាព​កក់​ក្តៅនឹង​គ្នា​ទេ​​ ! ចិន​បាន​ធ្វើ​គ្រប់​យ៉ាង សំឡុង​ផង គំរាម​ផង ព្រោះ​ចង់​ឱ្យ​លោកស្រី ទទួល​ស្គាល់​ការ​ត្រូវ​រ៉ូវ​គ្នា​ក្រៅផ្លូវការ​ រវាង​ប៉េកាំង​និង​តៃប៉ិ កាលពី​ឆ្នាំ​១៩៩២ ថា​​ចិនមាន​​តែ​មួយ ភាគី​ណា​បក​ព្រលាត់​យ៉ាង​ដូច​ម្តេច​ក៏​បាន។ គោលការណ៍​ចិន​តែ​មួយ ដែល​លោកស្រី​ប្រធានាធិបតី​ថ្មី ក៏​ដូច​ជា​បក្ស​ប្រជាធិបតេយ្យ​ទាំង​មូល មិន​ទទួល​ស្គាល់​ដាច់​ខាត។

 

ត្រឹម​តែសុន្ទរកថា​សម្របសម្រួល​ ចិន​ទំនង​ជា​មិន​អាចព្រម​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយតៃវ៉ាន់​។ ឯ​ចំណែក​លោកស្រី ត្សៃអ៊ីង វេន បើ​តាម​អ្នក​វិភាគក៏​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​​សម្រួល​​សម្ពាធ​ជាមួយ​ប៉េកាំង​ដែរ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថាគ្មាន​សំណើ​ជាក់ស្តែង និង​ភាព​មិន​ទុក​ចិត្ត​គ្នា​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ