អានតួអត្ថបទ

យន្តហោះ​MH១៧ ៖ ប៉ូលិសហូឡង់​ចេញ​​ឆែក​ឆេរ នៅ​អាល្លឺម៉ង់និងស្វ៊ីស​ ក្រោយការ​​​អង្កេត​ឯកជន

បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 ធ្លាក់​នៅ​ក្នុង​តំបន់​ដូណេត​ប្រទេស​អ៊ុយក្រែន ១៧​កក្កដា ២០១៤
បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 ធ្លាក់​នៅ​ក្នុង​តំបន់​ដូណេត​ប្រទេស​អ៊ុយក្រែន ១៧​កក្កដា ២០១៤ AFP/AFP/Archives

សំណុំ​រឿង​អង្កេត​​លើ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​MH១៧ ធ្លាក់​នៅ​ប្រទេស​អ៊ុយក្រែន កាលពី​ឆ្នាំ​២០១៤ បាន​កម្រើក​ឡើង​វិញ​បន្តិច​នៅ​ពេល​នេះ។ នៅសប្តាហ៍​នេះ ប៉ូលិស​បាន​ចេញ​​​ឆែកឆេរ​ នៅ​តាម​ទីតាំង​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ស្វ៊ីស ព្រមទាំង​ការ​រឹប​អូស​ឯកសារ​បាន​មួយ​ចំនួន​ធំ​ទៀត។ ការ​ឆែកឆែរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​បាន​ដឹង​ថា​​មាន​​ការ​ស៊ើបអង្កេត​ឯកជនមួយ​នៅ​អាល្លឺម៉ង់។ ​នេះ​បើ​ការ​គូស​បញ្ជាក់​របស់​អាជ្ញាធរ​និង​សារព័ត៌មាន​ហូឡង់ កាលពី​ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​វត្ថុតាង​ដែល​រឹប​អូស​បាន កាលពី​ថ្ងៃពុធ​មុន នៅ​អាល្លឺម៉ង់ មាន​ឯកសារ​ខ្លះ​សំខាន់​មែន​ទែន ដែល​អាច​ជួយក្រុម​​អង្កេត​ឱ្យ​ចូល​ជិត​អ្នក​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ីMH១៧។ នេះ​បើ​តាម​សារព័ត៌មាន​ហូឡង់​ដ៏​មាន​ប្រជាប្រិយភាព De Telegraaf ដែល​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ប៉ូលិស​ហូឡង់​អាច​ចេញ​ធ្វើ​ប្រតិបត្តិការ​ឆែកឆេរ​​បាន​ក៏​ព្រោះ​តែ​ការ​ងារ​របស់​អ្នក​ស៊ើប​អង្កេត​ឯកជន​ម្នាក់។

 
អ្នក​ស៊ើប​អង្កេត​ឯកជន ឈ្មោះ Josef R. ដែល​មិន​ដឹង​​សំងំ​លាក់​ខ្លួន​នៅទីណា​នា​ពេល​នេះ ត្រូវ​បាន​​ជួល​ដោយ​មហាសេដ្ឋី​មិន​ស្គាល់​មុខ​ម្នាក់​ ក្នុង​តម្លៃ​៣០​លាន​អឺរ៉ូ ឱ្យ​ទៅ​ស៊ើបរក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ។ ​ធ្វើ​ការ​បាន​​​ពីរ​ខែ អ្នក​ស៊ើបឯកជន បាន​ទទួល​ប្រាក់​១៧​លាន។ ដោយហេតុ​តែ​ប៉ូលិស​ហូឡង់​ក៏​កំពុង​ស្វែង​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​ដែរ ទើប​តុលាការ​ហូឡង់សម្រេច​ចុះ​ទៅ​ឆែកឆែរ​ផ្ទះ​ ឈ្លប​ឯកជន​នោះ នៅ​អាល្លឺម៉ង់ និង​រាល​ដល់​ស្វ៊ីស ព្រោះ​មាន​ហិប​សំងាត់​មួយ​លាក់​នៅ​ធនាគារ​ក្រុង​Zurich ដែល​តុលាការ​ស្វ៊ីស​ត្រូវ​សម្រេច​ថា​ត្រូវ​បញ្ជូន​មក​ឱ្យ​ហូឡង់​ឬអត់។

​ក្រសួង​យុត្តិធម៌​ហូឡង់ បាន​បង្ហើប​ថា​ ជា​ព័ត៌មាន​ដែល​បញ្ជាក់​ថា​ដៃគូ​អ្នកបាញ់​យន្តហោះ​MH១៧ បាន​ទាក់ទង​មក​ការិយាល័យ​ស៊ើប​អង្កេត​ឯកជន ប្រាប់​ថា​មាន​ “ព័ត៌មាន​ដែល​ឈ្លប​ចង់​ដឹង”។

ក្រុម​អង្កេត​អន្តរជាតិ​​ដឹកនាំ​ដោយហូឡង់ ធ្លាប់​បាន​អះអាង​យន្តហោះ​ម៉ាឡេស៊ី​MH១៧​ ធ្លាក់​ដោយ​សារ​មីស៊ីល​ប៊ូក​ផលិត​នៅ​រុស្ស៊ី និង​បាន​បាញ់​ចេញ​ពី​តំបន់​កាន់កាប់​ដោយ​ក្រុមផ្តាច់​ទឹក​ដី​អ៊ុយក្រែន​ស្និទ្ធ​នឹង​រុស្ស៊ី​។ លទ្ធផល​បឋម​នឹង​ត្រូវ​ដឹង​នៅ​រវាង​បី​បួន​ខែ​ទៀត ដោយ​អ្នក​ឯកទេស​កំពុង​រង់ចាំ​ព័ត៌មាន​មក​ពី​ខាង​រុស្ស៊ី។ ការ​អង្កេត​មាន​កម្មវត្ថុ​តាម​រក​អត្តសញ្ញាណ​​ជន​ដៃ និង​ប្រភព​នៃទីតាំង​​បាញ់​មីស៊ីល​ ប៉ុន្តែ​អ្នក​ជំនាញ​ជា​ច្រើន ​សង្ស័យថា​គ្មាន​ថ្ងៃ​ដែល​ជនដៃដល់​នឹង​ត្រូវ​​​ចាប់​ខ្លួន​និង​ផ្តន្ទា​ទោស​នោះ​ទេ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ