អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យន្តហោះMH១៧ ៖ ពីរ​ឆ្នាំ​ក្រោយ តើ​ការ​អង្កេត​​​ផ្តល់​ពន្លឺ​អ្វី​ខ្លះ ?

សំឡេង ០៤:៤៥
បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 ធ្លាក់​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន
បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 ធ្លាក់​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន REUTERS/Maxim Zmeyev

ពីរ​ឆ្នាំ​ក្រោយ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH 17 នាយក​រដ្ឋមន្ត្រី​ហូឡង់​ លោក Mark Rutte ​ បាន​ឆ្លៀត​​ជួប​ពិភាក្សា​ជាមួយ​មួយ​សមភាគី​រុស្ស៊ី លោក Dmitri Medvedev នា​ឱកាស​ជំនួប​​កំពូល​តំបន់​អាស៊ី-អឺរ៉ុប។ ជា​លទ្ធផល និង​​បើ​តាម​ប្រភព​ម៉ូស្គូ​ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​បាន​សម្រេច​​​ព្រមព្រៀង​ចង់​ឱ្យ​មាន​ការ​បើកអង្កេតមួយ​ដែល​មិន​លម្អៀង និង​បើក​ចំហ។ តែ​ក្នុង​ស្ថានភាព​ជាក់ស្តែង​ តើ​ការ​អង្កេត​រយៈ​ពេល​ពីរ​ឆ្នាំ​មក​នេះ​បាន​ផល​អ្វី​ខ្លះ ?

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ១៧ កក្កដា ២០១៤ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអែរឡាញ ជើង​លេខ​MH១៧ ផ្ទុក​​អ្នក​ដំណើរ​២៩៨​នាក់ ហោះភ្ជាប់​ពី​ទីក្រុង​អាំស្តែដាំ​ទៅ​ក្រុង​កូឡាឡាំពួរ បាន​ធ្លាក់​ នៅ​ភាគខាង​កើត​​នៃ​ប្រទេស​អ៊ុយក្រែន ​ ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាមទាមទារ​ផ្តាច់​ទឹក​ដី​​ស្និទ្ធ​នឹង​រុស្ស៊ី។ ពីរ​ឆ្នាំ​ក្រោយ​គ្រោះ​ថ្នាក់​នោះ​ ការ​អង្កេត​គ្មាន​ការ​ជឿនលឿន​អ្វី​សោះ។ អ៊ុយក្រែន​និង​រុស្ស៊ី នៅ​តែ​បន្ត​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណែក​សហភាព​អឺរ៉ុប​វិញ គិត​ប្រុង​នឹង​ព្យួរ​ទណ្ឌកម្ម​ដែល​ដាក់​ប្រឆាំង​នឹង​រុស្ស៊ី តាំង​ពី​ហេតុការណ៍​នោះកើត​ឡើង​ភ្លាម​ទៀត។

 
ក្រុមគ្រួសារ​ជន​រងគ្រោះ ដែល​ភាគច្រើន​ជា​ជនជាតិ​ហូឡង់ បានបង្កើន​ការ​​ដាក់​បណ្តឹង​ប្រឆាំង​​នឹង​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ផង ប្រឆាំង​នឹង​អ៊ុយក្រែន​ផង ឬ​ប្រឆាំង​នឹង​ពួក​បះបោរ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​ផង នៅ​ចំពោះ​មុខ​តុលារ​សិទ្ធិមនុស្ស​អឺរ៉ុប អាមេរិក។ រំលង​ផុត​ខួប​ពីរ​ឆ្នាំ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​ជាប់​បណ្តឹង​រួច​ជា​ស្រេច​នៅ​ក្នុង​ប្រទេស អាច​នឹង​ត្រូវ​ប្រឈម​មុខ​ការ​​ដាក់​ពាក្យ​​បណ្តឹងថ្មីៗ​ទៀត។ ព្រោះ​បើ​តាម​សន្ធិសញ្ញា​ក្រុង​ម៉ុងរ៉េអាល់​ឆ្នាំ​១៩៩៩ ថ្ងៃ​​ខួប​ពីរ​ឆ្នាំ​​នៃ​គ្រោះ​ថ្នាក់ធ្លាក់​​យន្តហោះ​ ជា​ថ្ងៃ​ចាប់​ផ្តើម​ប្តឹង​ផ្តល់​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​បាន។

តាម​រយៈ​សន្ធិសញ្ញា​ស្តីពី​ទំនួល​ខុស​ត្រូវ​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ ក្រុមហ៊ុន​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​សង​ជំងឺ​ចិត្ត ជា​ទឹក​ប្រាក់​ ​​ដល់​គ្រប់​អ្នក​ដំណើរ​ឬ​​គ្រួសារ​ ដែល​រងគ្រោះ​។ ក្រុមគ្រួសារ​ជនរងគ្រោះ​ហូឡង់​មួយ​ចំនួន​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​​ទារ​ជំងឺ​ចិត្ត​នេះ​រួច​ហើយ ប្រសិន​បើ​ការ​ចរចា​កន្លង​មក​គ្មាន​លទ្ធផល​ ឬ​មិន​ស្កប់​ចិត្ត។ តែ​ជា​សំណាង​ល្អ កិច្ចព្រមព្រៀង​រវាង​ក្រុមគ្រួសារ​អ្នក​ដំណើរ​និង​ម៉ាឡេស៊ីអ៊ែរឡាញ​ ត្រូវ​បាន​រក​ឃើញ​ កាលពី​ល្ងាច​ថ្ងៃ​១៧​កក្កដា ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី សុខចិត្ត​សង​ជំងឺ​ចិត្ត​​ដល់ទៅ​១៣ម៉ឺន​អឺរ៉ូ​ដល់​គ្រួសារ​ជន​រងគ្រោះ។

ចំពោះ​ការ​អង្កេត​អន្តរជាតិវិញ ដែល​ដឹកនាំ​សម្របសម្រួល​ដោយ​ការិយាល័យ​អង្កេត​ហូឡង់ ដើម្បី​សន្តិសុខ ​បាន​ចេញសេចក្តី​សន្និដ្ឋាន​ កាលពី​ថ្ងៃទី ១៣ តុលា ២០១៥ ថា យន្តហោះ​MH១៧ បាន​ធ្លាក់ ដោយ​ត្រូវ​គ្រាប់​មីស៊ីល​ប្រភេទ​ BUK ផលិត​នៅ​រុស្ស៊ី នៅ​ក្នុង​តំបន់​ដែល​កាន់​កាប់​ដោយ​ពួក​បះបោរ​ចង់​ផ្តាច់​ទឹក​ដី​អ៊ុយក្រែន ​ស្និទ្ធ​នឹង​រុស្ស៊ី។ ប៉ុន្តែ​របាយការណ៍​មិន​បាន​​បញ្ជាក់​ និង​បញ្ចេញ​អត្តសញ្ញាណក្រុម​អ្នក​បាញ់​មីស៊ីល​នោះ​ទេ។ ម៉ូស្គូ បាន​សម្តែង​ការប្រឆាំង​និង​បង្ហាញ​ភាព​​មិន​ទុក​ចិត្ត​លើ​របាយការណ៍​នោះ ដោយ​ថែម​ទាំង​បក​ស្រាយចោទ​​បញ្ច្រាស​ មួយ​ភ្លែត​មក​វិញថា​ ដាន​មីស៊ីល​អាកាស​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​យន្តហោះ​អ៊ុយក្រែន។

ក្នុង​ជំនួប​កាល​ពី​ពេល​ថ្មីៗ ជា​មួយ​សមភាគី​ហូឡង់​ អ្នក​ឯកទេសនៃ​គណៈកម្មការ​អង្កេត​ និង​ការិយាល័យ​រដ្ឋអាជ្ញា​​រុស្ស៊ី​ បាន​បន្ទោស​ក្រុង​ឡាអេ​ថា​មិន​ចេះ​ចែកចាយ​ទិន្នន័យ​​ជាមួយ​ម៉ូស្គូ​ ជាពិសេស​ព័ត៌មាន​ទាក់ទង​នឹង​វិទ្យុ​ដៅ​ទីតាំង។ ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី ទាំង​អម្បាលម៉ាន​នេះ មាន​បំណង​​តែ​មួយ​គត់ គឺ​សាប​ព្រោះ​ភាព​ច្របូល​ច្របល់។ នេះ​បើ​តាម​ការ​បរិហារ​របស់ប្រមុខ​ការទូត​ហូឡង់ កាលពី​ខែ​តុលា​មុន។ ទន្ទឹម​គ្នា​នោះ​ដែរ ការិយាល័យ​​ស្រាវជ្រាវ​របស់​អ្នក​កាសែត បាន​ចោទ​ប្រកាន់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ថា​បាន​បង្ហាញទិន្នន័យ​​​រូបភាព​ផ្កាយ​រណប​ក្លែងក្លាយ​ នៅ​មួយ​ថ្ងៃ​ក្រោយ​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ភ្លាម​ ដើម្បី​សម្រាល​កំហុស​របស់​ម៉ូស្គូ​ ដោយ​បាន​បង្ខូចគុណភាព​​រូបថត​​ដោយ​ចេតនា និង​ចុះ​ថ្ងៃ​ថត​រូបភាព​តាម​ក្រោយ។

បច្ចុប្បន្ន​នេះ អង្កេត​ព្រហ្មទណ្ឌ​ ហាក់​ដូច​​ជា​ត្រដរ​រស់​ទៅ​តាម​​ដង្ហើម​នយោបាយ។ កាលពី​ខែ​មេសា​កន្លង​ទៅ​នេះ នា​ឱកាស​ធ្វើ​ប្រជាមតិ​ដើម្បី​ពិគ្រោះ​ស្ទង់​យោបល់ ប្រជាពលរដ្ឋ​​ហូឡង់​ជាង​៦៦%​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​​សមាគម​រវាង​សហភាព​អឺរ៉ុប​និងអ៊ុយក្រែន។ លោក​នាយក​រដ្ឋមន្ត្រី​ហូឡង់ លោក ម៉ាក់ រ៉ូត បាន​ជួប​ជាមួយ​សមភាគី​រុស្ស៊ីលោក ឌីមីទ្រី មេតវេដេវ ​ កាលពី​ថ្ងៃទី ១៥ កក្កដា នៅ​ប្រទេស​ម៉ុងហ្កោលី នា​ឱកាស​ជំនួប​កំពូល​អឺរ៉ុប​អាស៊ី​ បាន​ព្រមព្រៀង​គ្នា បើ​តាម​ប្រភព​របស់​ម៉ូស្គូ ឱ្យ​មាន​អង្កេតមិន​លម្អៀង និង​ដោយ​ចំហ​។ ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ក៏​បាន​ជជែក​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី និង​អំពី​ការ​វិនិយោគ​ទុន​ផងទៀត។

ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​​តុលា​ឆ្នាំ​២០១៦​ខា​ង​មុខឯណោះ​ ទើប​ការ​អង្កេត​ព្រហ្មទណ្ឌ ត្រូវ​បិទ​បញ្ចប់​និង​​​បង្ហើប​ឱ្យ​ដឹង​លទ្ធផល ដោយ​​វែកចង្អុល​មុខ​​​ថា​នរណា​ជា​អ្នក​បាន​បាញ់​មីស៊ីល​BUK ទៅ​ប៉ះ​យន្តហោះ​ឱ្យធ្លាក់​ស្លាប់​មនុស្ស​អស់​ជិត​បី​រយ​នាក់។ កាលពី​សប្តាហ៍​មុន ក្រុមអ្នក​អង្កេត​បាន​​បាន​ទាមទារ​ជា​ថ្មី រូបភាព​ផ្កាយ​រណប​ពិត​ពី​​រុស្ស៊ី តែ​រុស្ស៊ី​នៅ​តែ​អួតអាង​ ដដែលជា​ដដែល​ថា​បាន​បញ្ចេញ​សកម្មភាព​ប្រកប​ដោយ​តម្លាភាព​យ៉ាង​ពេញ​ទំហឹង​ហើយ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ